រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ គឺលោក ប្រាក់ សុខុន ដែលជាអ្នកតំណាងកម្ពុជានៅឆ្នាំនេះ បានយកវេទិកាពិភពលោកមួយ គឺមហាសន្និបាតអ.ស.ប លើកទី៧២ ដើម្បីវាយបកទៅលើប្រទេសមហាអំណាចមួយចំនួន ដែលបានរិះគន់បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជាចុងក្រោយនេះ។
នៅឯកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំ ក្នុងបុរីញូវយ៉ក លោក ប្រាក់ សុខុន បានថ្លែងថា ការរិះគន់ពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលតម្រង់លើកម្ពុជានេះ គឺឈរលើផលប្រយោជន៍របស់មហាអំណាចភ្នាក់ងារអ.ស.ប ក៏ដូចជាអង្គការមួយចំនួនតែប៉ុណ្ណោះ។
Your browser doesn’t support HTML5
លោក ប្រាក់ សុខុន បានអះអាងថា ការវាយតម្លៃអំពីស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺប្រែប្រួលទៅតាមការញុះញុងរបស់មហាអំណាចខ្លះ ក៏ដូចជាអង្គការអន្តរជាតិធំៗ ដែលកម្មវិធីរបស់ខ្លួនមិនមានអព្យាក្រឹត្យភាពនយោបាយ។ លោកបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«គេលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងបញ្ហាប្រជាធិបតេយ្យតែនៅពេលណាដែលវាបម្រើឲ្យផលប្រយោជន៍ជាក់ស្តែងរបស់មហាអំណាចធំៗមួយចំនួន ដោយយោងតាមកាលានុវត្តភាពនៃពេលវេលា។ បើគ្មានផលប្រយោជន៍ទេ គេរក្សាភាពស្ងាត់ស្ងៀម។ ជាញឹកញាប់ភាពស្ងប់ស្ងាត់ គឺជាការឃុបឃិតគ្នា»។
Your browser doesn’t support HTML5
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ VOA លោកបានស្នើសុំឲ្យបណ្តាប្រទេសនានាវាយតម្លៃស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឲ្យបានគ្រប់ជ្រុងជ្រោយ៖
«ការវាយតម្លៃឲ្យគ្រប់ជ្រុងជ្រោយគឺមិនត្រូវវាយតម្លៃតែពីម្ខាងតែប៉ុណ្ណោះទេ គឺដូចជានៅក្នុងឱកាសដែលមានបញ្ហាកើតឡើងនៅក្នុងប្រទេសកម្ពុជាថ្មីៗនេះ ដូចបានជ្រាបស្រាប់ហើយករណីចាប់ខ្លួនលោក កឹម សុខា ករណីបញ្ឈប់សកម្មភាពអង្គការ NDI (វិទ្យាស្ថានជាតិប្រជាធិបតេយ្យ) ករណីបិទកាសែត The Cambodia Daily ហើយនឹងករណីបិទវិទ្យុមួយចំនួនគឺពាក់ព័ន្ធយ៉ាងខ្ជាប់ខ្ជួនជាមួយនឹងការអនុវត្តន៍ច្បាប់»។
រដ្ឋាភិបាលកម្ពុជាបានទទួលរងនូវការរិះគន់ពីសំណាក់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហើយនឹងបណ្តាប្រទេសមហាអំណាចនិងប្រទេសផ្តល់ជំនួយធំៗសម្រាប់កម្ពុជាមួយចំនួនទៀត ក្រោយពេលដែលមានការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ បិទសារព័ត៌មាន និងអង្គការសង្គមស៊ីវិលឯករាជ្យ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ ជាពិសេសការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំក្រុមជំទាស់ពី បទ«ក្បត់ជាតិ» ហើយចោទប្រកាន់ស.រ.អា ថានៅពីក្រោយមេដឹកនាំក្រុមប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំនោះ។
តែនៅឯមហាសន្និបាតអ.ស.ប ក្រោមប្រធានបទ«ផ្តោតលើការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ គឺការព្យាយាមធ្វើឲ្យមានសន្តិភាព និងជីវភាពគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់រូបនៅលើផែនដីប្រកបដោយនិរន្តរភាព»នោះ លោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានការពាររដ្ឋាភិបាលរបស់លោក និងស្វះស្វែងរកការជឿជាក់ពីអ.ស.ប និងមហាសន្និបាតអ.ស.ប ចំពោះស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជា។
លោកបានធ្វើការរិះគន់ក្រុមប្រឆាំងថា បានធ្វើការអុចអាលពលរដ្ឋឲ្យដកបង្គោលព្រំដែនជាមួយប្រទេសជិតខាង បញ្ឆេះកំហឹងពលរដ្ឋឲ្យមានការរើសអើងជាតិសាសន៍ ការផ្សព្វផ្សាយសន្ធិសញ្ញានិងផែនទីក្លែងក្លាយ។
អ្នកតំណាងកម្ពុជា ដែលរិះគន់អ្នករាយការណ៍ពិសេសអ.ស.ប ផ្នែកសិទ្ធិមនុស្សផងនោះ បានដាក់សំណួរថា តើប្រទេសណាគាំទ្រទង្វើដូច្នេះ នៅជិតចុងបញ្ចប់នៃសន្ទរកថារបស់លោក ក្នុងនាមជាអ្នកតំណាងកម្ពុជា នៅក្នុងកិច្ចប្រជុំមហាសន្និបាតអ.ស.ប ដែលមានប្រទេសយ៉ាងតិច១៩៣ ចូលរួមនេះ។
ទោះជាយ៉ាងណាក៏ដោយនៅថ្ងៃដែលតំណាងកម្ពុជាគឺ លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងសន្ទរកថានៅឯកិច្ចប្រជុំមហាសន្និបាតអ.ស.បគឺថ្ងៃទី២២ ខែកញ្ញា នោះ ក្រុមពលរដ្ឋខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋនានាក្នុងប្រទេសអាមេរិកនិងប្រទេសកាណាដាខ្លះផង បានប្រមូលផ្តុំតវ៉ានៅមុខការិយាល័យកណ្តាលរបស់អ.ស.បនោះ ដោយអះអាងថា ការចាប់ខ្លួនលោក កឹម សុខា ជារឿងមិនត្រឹមត្រូវ ផ្ទុយពីច្បាប់ និងរំលោភអភ័យឯកសិទ្ធសភាលោកកឹម សុខា។ ពលរដ្ឋទាំងនោះបានស្រែកតវ៉ាខ្លាំងៗប្រឆាំងនឹងការចាប់ខ្លួន ហើយក្រុមអ្នកតវ៉ាដែលបានដាក់ញត្តិជាផ្លូវការទៅមន្ត្រីអ.ស.ប.នោះក៏ ស្នើសុំឲ្យលោកអគ្គលេខាធិការអ.ស.បនិងប្រទេសផ្តល់ជំនួយនានាអន្តរាគមន៍ ឲ្យមានការដោះលែងលោក កឹម សុខា និងឲ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ត្រឹមត្រូវ និងស្មើភាព ក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខ ហើយនឹងស្នើសុំឲ្យប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសដែលបានជួយដល់កម្ពុជាកន្លងមកនោះ បន្តជួយដល់បញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជាផងដែរ។
លោក ស្ទីវិន រាជ ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងទីក្រុងញូវយ៉ក ដែលជាអ្នករៀបចំសុំច្បាប់បាតុកម្មម្នាក់បានថ្លែងថាលោក មកតវ៉ានោះគឺមិនសុខចិត្តនឹងចំណាត់ការរបស់អាជ្ញាធរកម្ពុជាដែលបានចាប់ខ្លួនលោក កឹម សុខា។
«នេះគ្រាន់តែជាការចោទប្រកាន់ដោយគ្មានមូលហេតុ ហើយខ្ញុំសង្ឃឹមថានៅថ្ងៃអនាគត លោកហ៊ុន សែននិងរាជរដ្ឋាភិបាលនឹងដោះលែងគាត់។នេះជានយោបាយមួយដែលគេធ្វើឲ្យបងប្អូនខ្មែរយើងអស់សង្ឃឹម ហើយមិនបានទៅចុះឈ្មោះបោះឆ្នោត»។
លោកថា អ.ស.បមានឥទ្ធិពលអាចដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាលើរឿងនយោបាយកម្ពុជា សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
«យើងសង្ឃឹមថាអ.ស.បនឹងយករឿងខ្មែរមកពិចារណាពីព្រោះយើងរស់នៅសព្វថ្ងៃក្រោមសន្និសីទទីក្រុងប៉ារីសដែលអ.ស.ប ហើយមានប្រទេសទាំង១៩ជួយចុះហត្ថលេខាទទួលស្គាល់កម្ពុជា»។
អេនី វ៉ាន ជាពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋម៉ាស្សាជូសេដ្ឋន៍ បានសម្តែងការកើតទុក្ខមិនសុខចិត្តចំពោះការធ្វើទុក្ខបុកម្នេញក្រុមជំទាស់នៅកម្ពុជាមុនការបោះឆ្នោត។
«នាងខ្ញុំហើយនឹងក្រុមការងារទាំងអស់គ្នាមកទីនេះដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងលោកប្រធានកឹម សុខាដែលជាប្រធានគណបក្សសង្គ្រោះជាតិ ហើយក៏ដូចជាដោះលែងអ្នកទោសមនសិការជាតិទាំងអស់របស់គណបក្សប្រឆាំង»។
លោក ដេវីដ ណាំ ពលរដ្ឋមកពីរដ្ឋភេស៊ីលវីននៀ បានថ្លែងថាលោក កឹម សុខាគួរត្រូវបានដោះលែង ហើយលោក ជឿជាក់លើសហគមន៍អន្តរជាតិ ជាពិសេសអ.ស.ប និងស.រ.អា។
«ខ្ញុំមកនេះខ្ញុំចង់បញ្ចេញមតិ ដើម្បីចង់បានសម្ពាធពីអ.ស.បនិងរដ្ឋាភិបាលអាមេរិកាំងដែលមានលោកដូណាល់ ត្រាំ ជួយដាក់សម្ពាធទៅលើរដ្ឋាភិបាលខ្មែរកាន់អំណាចដែលចេះតែប្រើអំពើឃោរឃៅអសុរោះចោទប្រកាន់ចាប់លោកប្រធាន កឹម សុខាយកទៅដាក់ពន្ធនាគារ ចោទថារដ្ឋាភិបាលអាមេរិកាំងនៅពីក្រោយខ្នង។ ដូច្នេះក្នុងនាមខ្ញុំជាកូនខ្មែរអាមេរិកាំងខ្ញុំមិនគាំទ្រ។ ដើម្បីឲ្យមានការផ្លាស់ប្តូរស្រុកខ្មែរលុះត្រាតែអ.ស.ប ស.រ.អា.គឺលោក ដូណាល់ ត្រាំជួយដាក់សម្ពាធឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ត្រឹមត្រូវនៅក្នុងឆ្នាំ២០១៨»។
ទោះជាយ៉ាងណាក៏ដោយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ VOA អ្នកតំណាងប្រទេសកម្ពុជាគឺលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានថ្លែងការណ៍នៅឯមហាសន្និបាតអ.ស.បនោះ បានអះអាងថាលោកគោរពសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋខ្មែរអាមេរិកាំង។ លោកក៏បានបន្ថែមថាសំណុំរឿងរបស់លោក កឹម សុខា ស្ថិតនៅក្នុងដៃតុលាការជាអ្នកសម្រេចថាតើលោកកឹម សុខាអាចចូលរួមការបោះឆ្នោតបានឬយ៉ាងណា។
«បើតាមខ្ញុំយល់គឺមានជម្រើសតែមួយទេសម្រាប់គណបក្សសង្គ្រោះជាតិគឺការឲ្យគាត់ហ្នឹងលាលែងចេញពីប្រធានគណបក្ស ហើយនឹងជ្រើសរើសប្រធានគណបក្សថ្មីដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិហ្នឹងឈានឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលឆ្នាំ២០១៨ខាងមុខនេះ»។
នៅឯខាងក្រៅកិច្ចប្រជុំមហាសន្និបាតអ.ស.ប រដ្ឋមន្រ្តីការបរទេសកម្ពុជាក៏បានជួបប្រជុំជាមួយដៃគូសំខាន់ជាច្រើន រាប់ទាំងតំណាងប្រទេសនានា និងមន្ត្រីអ.ស.ប ហើយនឹងមន្ត្រីក្រសួងការបរទេសអាមេរិកាំងផងដែរចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែកញ្ញានោះ ទន្ទឹមនឹងលោក បានថ្លែងបិទបញ្ចប់សន្ទរកថារបស់លោកជាមួយនឹងការអរគុណដល់បណ្តាប្រទេសជាច្រើនដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានិងសន្តិភាព ហើយបានស្នើសុំដល់បណ្តាប្រទេសដែលកម្ពុជាមិនពេញចិត្តចំពោះការវាយតម្លៃសិទ្ធិមនុស្សនិងប្រជាធិបតេយ្យថា៖
«ខ្ញុំសូមបញ្ចប់ដោយបញ្ជាក់អះអាងថាទ្រឹស្តីរបស់រដ្ឋាភិបាលមួយចំនួនស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នឹងមានលក្ខណៈសមហេតុផលព្រមទាំងគួឲ្យជឿទុកចិត្តបានលុះត្រាតែប្រទេសទាំងនេះអនុវត្តទ្រឹស្តីនោះចំពោះប្រទេសខ្លួនព្រមទាំងធ្វើការវាយតម្លៃ រិះគន់ និងថ្កោលទោសដោយស្មើគ្នាចំពោះអ្នកដ៏ទៃ»។
លោក ប្រាក់ សុខុន បានបន្ថែមថាប្រទេសកម្ពុជាបានរងគ្រោះដោយសារការប្រើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាឧបករណ៍នយោបាយអស់រយៈពេល១២ឆ្នាំ ដែលក្នុងអំឡុងពេលនោះអត្ថិភាពនៃឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតនៃការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហមត្រូវបានបដិសេធដោយសហគមន៍អន្តរជាតិ៕