ទោះបីជាធ្លាប់បានឆ្លងកាត់សង្រ្គាមអស់ជាច្រើនជំនាន់ក៏ដោយ ក៏លោកសឿង សារ៉ាត់មិនដែលរងគ្រោះរហូតដល់ពិការអវយវៈណាមួយឡើយ។ ទើបតែមកដល់ពេលស្រុកអស់សង្គ្រាម លោកបែរជាក្លាយខ្លួនជាជនពិការដោយសារគ្រាប់កាំភ្លើងទៅវិញ។
បុរសជនជាតិទំពួន ដែលបច្ចុប្បន្នរស់នៅក្នុងតំបន់ព្រៃនៃស្រុកអណ្តូងមាស ខេត្តរតនគីរីរូបនេះ អះអាងថា លោកដាច់ជើងម្ខាងនេះនៅឆ្នាំ២០០៩ ដោយសារជម្លោះដីធ្លីជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយនៅក្នុងខេត្តនេះ។
«មូលហេតុគឺដោយសារអាជ្ញាធរខេត្ត អភិបាលស្រុក ភូមិឃុំហ្នឹង គាត់ប្រមូលអត្តសញ្ញាណបណ្ណ ចុះឈ្មោះសៀវភៅគ្រួសារ ប្រមូលទៅឲ្យក្រុមហ៊ុន ហើយថា ប្រជាពលរដ្ឋហ្នឹងព្រមព្រៀងអស់ហើយ។ តាមពិតទៅ ចំពោះរូបខ្ញុំ ខ្ញុំអត់ដឹងទេ អត់ដឹងថា គេលក់ដីដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃទេ។ អត់ដឹងទេ។ ខ្ញុំយល់ថា ខ្ញុំជាប្រជាពលរដ្ឋនៅក្រោមរដ្ឋាភិបាលដែលដឹកនាំ។ ផ្ទុយទៅវិញ រដ្ឋាភិបាលមិនស្មោះត្រង់ជាមួយប្រជាពលរដ្ឋ យកតែឈ្មោះ ហើយលក់ដីទៅ យកលុយទៅអស់។ អ្នកខ្លះទិញឡាន អ្នកខ្លះទិញស្អីៗទៅ ចំណែកប្រជាពលរដ្ឋមានស្អី! រហាមរហូតដល់ខ្ញុំឡើងតវ៉ា គេថា គេប្រគល់ឲ្យក្រុមហ៊ុនហើយ។ ពូឯងធ្វើអីធ្វើទៅ! អញ្ចឹងបានក្រុមហ៊ុនបញ្ជាទាហានឲ្យបាញ់ខ្ញុំ»។
លោកសឿង សារ៉ាត់ក្នុងចំណោមអ្នកភូមិជនជាតិដើមភាគតិចមួយចំនួនទៀតដែលក្រាញននៀល មិនព្រមចាកចេញពីដីចម្ការរបស់ខ្លួន ដោយសារពួកគេអះអាងថា ពួកគេបានរស់នៅនិងធ្វើចម្ការស្វាយចន្ទីនៅលើដីនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ មុនពេលដែលក្រុមហ៊ុនបានចូលមកដល់។
ប៉ុន្តែការតស៊ូដើម្បីការពារផ្ទះសម្បែង និងដីធ្លីរបស់បុរសជាឪពុកនៃកូន៥នាក់រូបនេះ មិនត្រឹមតែមិនអាចរក្សាដីធ្លីរបស់ខ្លួនបានទេគឺថែមទាំងធ្វើឲ្យរូបលោកត្រូវបាត់បង់ជើងម្ខាងថែមទៀត។
«មានតែរឿងស្លាប់អត់បាយ មិនមែនស្លាប់ដោយសារកើតជំងឺទេ គឺស្លាប់អត់បាយ។ ដូចរូបខ្ញុំពិការអញ្ចឹង ទៅសុំទាននរណាឲ្យ? គេមិនឲ្យទេ! ជាមនុស្សអត់បញ្ជី។ គេល្បីថា ខ្ញុំហ្នឹងបះបោរ ប្រឆាំងជាមួយអំណាច ប្រឆាំងជាមួយរដ្ឋាភិបាល។ ខ្ញុំមិនប្រឆាំងជាមួយនរណាទេ ហើយខ្ញុំសូមស្នើដល់រដ្ឋាភិបាលថាកុំធ្វើដូចរបប៣ឆ្នាំ ដូចរបបប៉ុល ពតទៀត»។
លោកសឿង សារ៉ាត់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការខេត្ត និងបានស្វះស្វែងរកជំនួយពីមជ្ឈដ្ឋាននានាដើម្បីទាមទារយុត្តិធម៌សម្រាប់រូបលោក ប៉ុន្តែលោកអះអាងថា បណ្តឹងរបស់លោកពុំត្រូវបានគេចាត់ការឡើយ។
ដោយគ្មានដីធ្លី និងផ្ទះសម្បែងរបស់ខ្លួនតទៅទៀត បច្ចុប្បន្នលោកសឿង សារ៉ាត់និងក្រុមគ្រួសារបានមកសុំស្នាក់អាស្រ័យជាបណ្តោះអាសន្នលើដីធ្លីជនជាតិដើមភាគតិចផ្សេងទៀតនៅទីនេះ។
លោកស្រីភ្ញើញ ថែមគឺជាប្រពន្ធរបស់លោកសឿង សារ៉ាត់។
«អានេះដូចគេដេញ គេប្លន់យកដី ហើយបាញ់ម្ចាស់គេទៀត។ ហើយម្ចាស់ក្រីក្រទៀត គ្នាក្រហើយ ឲ្យក្រថែមទៀត។ វាអាម៉េចអាហ្នឹង? ខ្ញុំឆ្ងល់ដែរ!»
មានជនជាតិដើមភាគតិចយ៉ាងតិច៧ក្រុមកំពុងរស់នៅក្នុងខេត្តរតនគីរីនេះ រួមមានជនជាតិទំពួន គ្រឹង ចារាយ កាចក់ លន់ កាវែត និងព្រៅ។ ជនជាតិដើមភាគតិចទាំងនេះពឹងអាស្រ័យជាសំខាន់ទៅលើដីស្រែចម្ការ និងអនុផលព្រៃឈើដើម្បីទ្រទ្រង់ជីវភាពរស់នៅតាមបែបប្រពៃណីរបស់ពួកគេ។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅក្នុងខេត្តនេះលើកឡើងថា ដូចគ្រួសាររបស់លោកសឿង សារ៉ាត់ដែរ អ្នកភូមិជនជាតិដើមភាគតិចជាច្រើនទៀតដែលនៅទីនេះ បាននិងកំពុងប្រឈមនឹងការបាត់បង់ដីស្រែចម្ការ និងជីវភាពរស់នៅតាមបែបប្រពៃណីរបស់ពួកគេ ដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជន។
លោកញ៉ាន់ នាគឺជាមន្ត្រីកម្មវិធីនៃអង្គការសមាគមខ្មែរលើដែលមានមូលដ្ឋាននៅក្នុងខេត្តរតនគីរីនេះ។
«ទៅអនាគត គាត់នឹងអស់ហើយ។ នេះបើតាមការមើលឃើញរបស់យើង ព្រោះបច្ចុប្បន្ន វាប៉ុណ្ណឹងទៅហើយ ចុះទម្រាំពេលអនាគតទៀត?»
មន្ត្រីសិទ្ធិមនុស្សដែលបានតាមដានការវិវត្តនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តនេះបានលើកឡើងថា គោលនយោបាយសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនេះមិនត្រឹមតែមិនបានជួយធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់អ្នកភូមិជនជាតិដើមភាគតិចប៉ុណ្ណោះទេ តែផ្ទុយទៅវិញ វារឹតតែធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពួកគេទៅវិញ។
លោកឆាយ ធីគឺជាអ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរីនេះ។
«ក្រុមហ៊ុនសម្បទានដែលផ្តល់មកខេត្តរតនៈគីរីនេះយើងឃើញថា ទី១ពាក់ព័ន្ធបញ្ហាប្រពៃណី វប្បធម៌ជនជាតិដើមភាគតិច ហើយនឹងចំណេះដឹងរបស់គាត់គឺគាត់មិនងាកទៅធ្វើការឲ្យក្រុមហ៊ុនទេ ដោយសារគាត់មិនមានចំណេះដឹង មិនមានទម្លាប់ដើរស៊ីឈ្នួលគេទេ។ ហើយមួយទៀត យើងឃើញហើយថា ក្រុមហ៊ុនមកវិនិយោគឃើញថា មានតែជម្លោះជាមួយប្រជាពលរដ្ឋ។ អញ្ចឹងហើយធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើក្រុមហ៊ុន។ ហើយប្រជាពលរដ្ឋគ្មានទឹកចិត្តណាមួយត្រេកអរនឹងក្រុមហ៊ុនមកអភិវឌ្ឍទេ»។
គិតមកត្រឹមចុងឆ្នាំ២០១៣ ផ្ទៃដីចំនួន២,៦លានហិកតា ឬស្មើនឹងប្រមាណជាង៧០ភាគរយនៃផ្ទៃដីដែលអាចដាំដុះបាននៅក្នុងប្រទេសកម្ពុជា ត្រូវបានជួលទៅឲ្យក្រុមហ៊ុនឯកជនចំនួន២៧២ ក្នុងរូបភាពជាដីសម្បទានសេដ្ឋកិច្ចដើម្បីដាំដំណាំកសិឧស្សាហកម្ម ជាពិសេសដំណាំកៅស៊ូ។ នេះបើយោងតាមអង្គការGlobal Witness ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចុងក្រោយមួយរបស់ខ្លួនថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់តំបន់ព្រៃដែលជនជាតិដើមភាគតិចរស់នៅជាលក្ខណៈប្រពៃណី។
លោកឆាយ ធីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកមានប្រសាសន៍បន្ថែមថាអ្នកដែលទទួលផលចំណេញគឺក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំងនោះ ជាពិសេសគឺក្រុមហ៊ុនវៀតណាមដែលលោកអះអាងថា បានទទួលដីសម្បទានច្រើនជាងគេនៅក្នុងខេត្តរតនគីរីនេះ។
ប៉ុន្តែលោកឡេ ថេនឡាំ នាយកគ្រប់គ្រងសាខាមួយក្នុងចំណោមសាខាជាច្រើនរបស់ក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតាពីរដ្ឋាភិបាលកម្ពុជា បានបដិសេធថា ក្រុមហ៊ុនរបស់លោកមិនបានឈូសឆាយរំលោភលើដីធ្លីរបស់អ្នកភូមិជនជាតិដើមភាគតិចណាមួយទេ។
«ចម្ការខ្លះនៅក្នុងផែនទីអត់មានដីចម្ការរបស់អ្នកភូមិទេ តែដល់យើងចុះធ្វើជាក់ស្តែងក៏វាមានដីចម្ការរបស់អ្នកភូមិ ហើយខ្ញុំក៏ជម្រាបខាងឃុំខាងអី បើដីអ្នកភូមិ ពួកខ្ញុំទុកឲ្យវិញដូចគ្នា»។
មន្ត្រីសាលាខេត្តរតនគីរីមិនបានឆ្លើយតបទៅនឹងការស្នើសុំបទសម្ភាសន៍ជាមួយអភិបាលខេត្តទាក់ទងនឹងរឿងនេះទេ។
ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយដែលលោកបានស្នើកុំឲ្យថតជាវីអេដូ លោកជូ សុភក្រ្ត ប្រធានមន្ទីរបរិស្ថានខេត្តនេះ បានថ្លែងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនទាំងនេះនឹងមិនធ្វើឲ្យបាត់បង់ដីធ្លីជនជាតិដើមភាគតិចអស់នោះទេ។
«ជាទូទៅ គោលការណ៍រដ្ឋាភិបាលខ្ញុំថា មិនអាចឈានដល់ថ្នាក់ថា ជនជាតិយើងអត់មានដីទេ មិនអាចដល់អញ្ចឹងបានទេ។ ប៉ុន្តែលើកលែងតែខ្លួនឯងលក់ឲ្យគេទេ។ បើលក់ឲ្យគេ ដីប៉ុន្មានក៏មិនចេះគ្រប់ដែរ។ ប៉ុន្តែបើគោលការណ៍របស់រដ្ឋាភិបាលបច្ចុប្បន្នគឺអញ្ចឹងគឺដីរបស់អ្នកឯង កាត់ឲ្យអ្នកឯងវិញទាំងអស់»។
រដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេលចុងក្រោយនេះ បាននិងកំពុងសម្រេចលុបចោល និងដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជនមួយចំនួន ហើយបានអះអាងថា ខ្លួននឹងបន្តពិនិត្យមើលឡើងវិញនូវកិច្ចសន្យាជួលដីជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបន្ថែមទៀត ដែលប៉ះពាល់ជាមួយដីធ្លីប្រជាពលរដ្ឋ។
តែទោះជាយ៉ាងនេះក្តី សម្រាប់លោកសឿង សារ៉ាត់វិញ លោករំពឹងតិចតួចណាស់ថា លោកនឹងអាចទទួលបានដីចម្ការរបស់លោកមកវិញ។
«បើរាជរដ្ឋាភិបាលគាត់ចង់កែទម្រង់នយោបាយ កុំឲ្យប្រជាពលរដ្ឋអត់បាយ កែទម្រង់ក្រសួងថា កុំឲ្យបាត់សាសនាជនជាតិដើមភាគតិច ទាល់តែគាត់បែងចែកដីឲ្យក្រុមហ៊ុនក៏មាន ឲ្យប្រជាពលរដ្ឋក៏មាន។ តែបើគាត់ថា មិនឲ្យប្រជាពលរដ្ឋមានទេ មានតែអត់រហូតហ្នឹងហើយ»។
លោកបន្ថែមថា ក្តីសង្ឃឹមដែលថា លោកក៏នឹងអាចទទួលបានយុត្តិធម៌មួយចំពោះការធ្លាក់ខ្លួនពិការដោយសារជម្លោះដីធ្លីនេះក៏នៅឆ្ងាយសន្លឹមនៅឡើយដែរ៕