អាជ្ញាធរក្នុងខេត្តកោះកុងបានរារាំងមិនអនុញ្ញាតឲ្យក្រុមនិស្សិតច្បាប់មួយក្រុម បើកវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរយៈពេលពីរថ្ងៃ ដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំអណ្តូងទឹក ស្រុកបទុមសាគរ ដោយអាជ្ញាធរអះអាងថា និស្សិតមួយក្រុមនោះពុំបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ។
ការរារាំងនេះ កើតឡើងចំពេលដែលប្រជាពលរដ្ឋខ្មែរកំពុងប្រារព្ធពិធីខួប២៤ឆ្នាំនៃការចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសកាលពីថ្ងៃទី២៣តុលា ឆ្នាំ១៩៩១ ដែលបាននាំលទ្ធិប្រជាធិបតេយ្យមកក្នុងប្រទេសកម្ពុជា។
លោក កញ្ញារិទ្ធ តំណាងនិស្សិតផ្នែកច្បាប់មួយក្រុមនេះ ដែលសុំមិនបញ្ចេញឈ្មោះពេញ ព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និយាយប្រាប់ VOA ថា អាជ្ញាធរបានហាមឃាត់ក្រុមលោក បើទោះជាក្រុមលោកបានដាក់លិខិតប្រាប់ពីគោលបំណងនៃការបណ្តុះបណ្តាលជម្រាបទៅកាន់លោក ហ៊ី តាន់មេឃុំអណ្តូងទឹកក្នុងស្រុកបទុមសាគរក៏ដោយ។ លោកនិយាយដោយសំដៅទៅលើលោកហ៊ី តាន់មេឃុំអណ្តូងទឹកយ៉ាងដូចេ្នះថា៖
«គាត់ថាធ្វើហ្នឹង ការជូនដំណឹងហ្នឹងអត់មានចេញត្រាខាងណា ខាងស្ថាប័នអីណា ខាងអញ្ចឹងទៅណ៎ា។ ហើយខ្ញុំក៏បាននិយាយជាមួយគាត់ទៅវិញដែរថា ដោយសារតែពួកខ្ញុំមកនេះ មិនមែនមកធ្វើដូចថា ខុសច្បាប់អ្វីទេខ្ញុំក៏មានសិទ្ធិ ក្នុងការដើម្បីចែករំលែកចំណេះដឹងជូនទៅដល់សហគមន៍អញ្ចឹងទៅណ៎ា ហើយខ្ញុំក៏ប្រាប់ខ្ញុំជាយុវជនស្ម័គ្រចិត្តអញ្ចឹង ហើយពេលអញ្ចឹងទៅគាត់ក៏ថា ដាច់អហង្ការ គាត់អត់ឲ្យពួកខ្ញុំបើក»។
នៅក្នុងការរារាំងនេះ ត្រូវក្រុមអ្នកតាមដានសិទ្ធិមនុស្សមើលឃើញថា អាជ្ញាធរអាចប្រើច្បាប់ស្តីពីសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ក្នុងការរារាំងក្រុមនិស្សិតនេះ បើទោះជាពួកគេមិនបានចងក្រងជាក្រុមបណ្ដាញជាក់លាក់ក៏ដោយ។
មាត្រា៩នៃច្បាប់ដ៏ចម្រូងចម្រាសនេះ បានចែងថា៖ «សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមិនបានចុះបញ្ជី មិនត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ»។
ប៉ុន្តែលោក កញ្ញារិទ្ធ មិនអាចបញ្ជាក់ថា អាជ្ញាធរប្រើច្បាប់ដ៏រិតត្បិតសិទ្ធិសេរីភាពនេះឬយ៉ាងណានោះទេ ដោយលោកបានពន្យល់ថា៖
«ខ្ញុំមិនដឹងថា គាត់យកអាច្បាប់ហ្នឹង គាត់អត់និយាយទេ ប៉ុន្តែនៅពេលដែលខ្ញុំនិយាយពន្យល់ពី រដ្ឋធម្មនុញ្ញ ឬអីក៏ដោយ គឺគាត់ គឺគាត់អត់ស្តាប់ហេតុផល»។
លោកហ៊ី តាន់ មេឃុំអណ្តូងទឹក ថ្លែងប្រាប់ VOA ថា លោកពិតជាបានឃើញលិខិតចុះថ្ងៃទី២០ខែតុលាឆ្នាំ២០១៥របស់ក្រុមនិសិ្សតនោះប្រាកដមែន តែលោកនៅមិនអនុញ្ញាតឲ្យក្រុមនិស្សិតនេះ បើកវគ្គបណ្តុះបណ្តាលទេ ពីព្រោះលិខិតនោះមិនមានបញ្ជាក់ពីប្រភពច្បាស់លាស់ ដោយមានតែឈ្មោះនិងលេខទូរស័ព្ទទំនាក់ទំនងនៅលើលិខិតនោះប៉ុណ្ណោះ។
«អ្ហេបើលិខិតផ្លូវការ ជូនដំណឹងក្តីអីក្តី វាមានលេខ បើថាមិនមានលេខទេ ក៏វាមានហេតុផលដែរ ហត្ថលេខា អ្នកណា ទទួលខុសត្រូវ ផ្នែកអីមកពីខាងណា?»។
នៅពេល VOA សួរថា តើលោកមេឃុំប្រើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាក់ទិនករណីនេះឬទេ? លោកមេឃុំមានប្រសាសន៍ថា៖
«អាហ្នឹងទាល់តែ អាហ្នឹងតែប្រើច្បាប់ ពីសមាគមឬក៏អង្គការក្រៅរដ្ឋាភិបាលអីហ្នឹង»។
ក្រៅពីការបញ្ជាក់ពីការប្រើច្បាប់នេះ លោកមេឃុំហ៊ី តាន់ បន្ថែមទៀតថា ការមិនឲ្យក្រុមនិស្សិតនេះ បើកវគ្គបណ្តុះបណ្តាល គឺដោយសារលោកបារម្ភថា និស្សិតមួយក្រុមនេះញុះញង់ប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកឲ្យធ្វើសកម្មភាពអ្វីមួយប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់ភូមិឃុំ។
«អាការញុះញង់បំផុសបំផុល ធ្វើឲ្យមានអាចលាចលនៅក្នុងមូលដ្ឋាន គឺអ៊ុំខ្លាចបំផុត ហើយមូលដ្ឋានរបស់អ៊ុំអត់ទាន់មានស្អី អត់ដែលមានស្អីផង អត់មានផលរបស់ អត់មានដល់សត្វ ឧប្បត្តិហេតុស្អីផង ស្រាប់តែដល់ពេលមាននិស្សិតអីមកតាំងខ្លួនជា ឯករាជ្យ ឬក៏តាំងជាសិទ្ធិ ចង់មកធ្វើអ្វីក៏បាននៅមូលដ្ឋាន ទាល់តែ ទាល់តែមានការទំនាក់ទំនងដែរក្មួយ បើសិនជា សិទ្ធិវាធំធេងពេក។ សិទ្ធិវាលោភលន់ពេកទៅអ៊ុំមិនអាចយកបានទេដឹង»។
ក្រោយការអនុម័តច្បាប់នេះដោយរដ្ឋសភា ព្រឹទ្ធសភា និងការទទួលស្គាល់ច្បាប់នេះដោយក្រុមប្រឹក្សា ធម្មនុញ្ញកម្ពុជា ព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់នេះកាលពីពាក់កណ្តាលខែសីហាកន្លងទៅ។ ច្បាប់នេះ ទទួលការរិៈគន់យ៉ាងធ្ងន់ធ្ងរពីក្រុមសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិតាំងពីការចាប់ផ្តើមតាក់តែងរហូតដល់បានក្លាយជាច្បាប់។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងថា ជាការមិនអាចទទួលយកបានទេ នៅគ្រាដែលអាជ្ញាធរខេត្តកោះកុងប្រើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ មកបង្អាក់សកម្មភាពចែករំលែកចំណេះដឹងរបស់និស្សិតច្បាប់មួយក្រុមនោះ។
«ខ្ញុំគិតថា ការប្រើប្រាស់នូវច្បាប់អង្គការហ្នឹង ក៏វាអត់ត្រូវទេ ពីព្រោះអានេះ គឺជាការបណ្តុះបណ្តាល។ អាផ្នែកហ្នឹងបើយើងមើលក្នុងច្បាប់បាតុកម្ម ក៏គេអត់ចែងដែរ អាវគ្គបណ្តុះបណ្តាលហ្នឹង មានកន្លែងណាមួយតម្រូវឲ្យមានការសុំច្បាប់ទេ លុះត្រាតែប្រើប្រាស់កន្លែងសាធារណៈ បានត្រូវជូនដំណឹងទៅអាជ្ញាធរ ប៉ុន្តែបើសិនជាប្រើប្រាស់ទីតាំងឯកជននៅក្នុងភូមិឬក៏ឯកជនទេមិនមានការណាមួយតម្រូវឲ្យជូនដំណឹងទេ ព្រោះអាហ្នឹងគឺជាវគ្គបណ្តុះបណ្តាល ហើយបើសិនជាអាជ្ញាធរចាប់ផ្តើមធ្វើការរារាំងមិនឲ្យគេ មានបើកវគ្គបណ្តុះបណ្តាលទេ អាហ្នឹងវាជាការរំលោភទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមទទួលបានចំណេះដឹងផ្សេងៗ»។
ស្ថានភាពសិទ្ធិមនុស្សនៅក្នុងខេត្តកោះកុងត្រូវបានអ្នកការពារសិទ្ធិប្រចាំនៅខេត្តជាប់ប្រទេសថៃមួយនេះ មើលឃើញថា បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារអាជ្ញាធរកាន់តែរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការជួបជុំតវ៉ា និងសម្តែងមតិ។ ច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលដាក់ឲ្យប្រើប្រាស់នេះ នឹងអាចបង្កភាពស្មុគស្មាញកាន់តែខ្លាំងថែមទៀតដល់សហគមន៍តូចៗ ដែលកំពុងធ្វើការតស៊ូមតិក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយចំនួននៅក្នុងខេត្តនេះផងដែរ៕