សាលាខេត្តកោះកុងបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការតវ៉ារបស់ប្រជាពលរដ្ឋមកពីសហគមន៍ចំនួន៥ ដែលបានធ្វើកន្លងមកដើម្បីស្វែងរកអន្តរាគមន៍ពីអាជ្ញាធរខេត្តឱ្យដោះលែងសកម្មជនបរិស្ថាន គឺជាការធ្វើបាតុកម្ម និងជាការបង្កសកម្មភាពអនាធិបតេយ្យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្ត។
សេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាខេត្តកោះកុងក៏បានបន្ថែមទៀតថា៖
«មិនតែប៉ុណ្ណោះក្រុមបាតុករមួយក្រុមតូចនេះ បានដាក់ញ្ញតិ ឲ្យអាជ្ញាធរខេត្តអន្តរាគមន៍ទៅតុលាការ ដើម្បីទម្លាក់ការចោទប្រកាន់ និងដោះលែងជនសង្ស័យខាងលើ ដែលករណីនេះហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្ត និងម្យ៉ាងទៀតក្រុមបាតុករ ស្នើសុំអន្តរាគមន៍ឲ្យអាជ្ញាធរខេត្តមានចំណាត់ការចំពោះក្រុមហ៊ុនបូមខ្សាច់»។
ចាប់តាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ ពលរដ្ឋបានតវ៉ាទាមទារឲ្យដោះលែងសកម្មជនបរិស្ថានបីនាក់នៃចលនាមាតាធម្មជាតិ ដែលត្រូវបានតុលាការសាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួនតាំងពីខែសីហាកន្លងទៅនេះពាក់ព័ន្ធនឹងការប្រឆាំងនឹងការបូមខ្សាច់របស់ក្រុមហ៊ុនឯកជនចំនួនពីរ។
ការតវ៉ារបស់ពួកគេរងការបង្រ្កាបពីអាជ្ញាធរមានសមត្ថកិច្ចរហូតដល់មានការឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងអ្នកតវ៉ាចំនួន១៧នាក់ មុននឹងត្រូវបានដោះលែង។
សកម្មជនសិទ្ធិមនុស្ស និយាយថា ការថ្លែងការពារនេះ ជារឿងដែលមិនអាចទទួលយកបានទេ ព្រោះអាជ្ញាធរមានសមត្ថកិច្ចខេត្តកោះកុង បានរំលោភបំពានលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងការប្រមូលផ្តុំតវ៉ា និងបញ្ចេញមតិដោយសន្តិវិធី។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលតវ៉ាឲ្យដោះលែងសកម្មជនបរិស្ថាន មិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរខេត្តនោះទេ ព្រោះការតវ៉ារបស់ពួកគេ គឺធ្វើឡើងដោយអហិង្សានិងសន្តិវិធី។
«យើងឃើញថា សេចក្តីប្រកាសព័ត៌មានរបស់សាលខេត្តកោះកុង វាគ្រាន់តែជា លេសមួយដើម្បីគេចពីការទទួលខុសត្រូវ ក្នុងការបំបែកនូវអ្នកតវ៉ាកាលពីព្រឹកថ្ងៃពុធហ្នឹង ក៏ដូចជា យកលេសគេចពីការទទួលខុសត្រូវ នៅក្នុងការចាប់ទៅលើបុគ្គលិក អ្នកការពារសិទ្ធិមនុស្ស ក៏ដូចជាយើងឃើញថា ប្រជាពលរដ្ឋមួយចំនួនដែលសរុបទៅ ទាំងបុគ្គលិកសិទ្ធិមនុស្ស ទាំងប្រជាពលរដ្ឋទាំងអ្នកកាសែត១៧នាក់»។
ទោះបីជាយ៉ាងណាក៏ដោយ លោកថ្លែងថា ប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍នឹងការជូនដំណឹង ឬសុំការអនុញ្ញាតនោះឡើយ ដោយសារពួកគេយល់ថា ការចាប់សកម្មជនណាមួយដោយអាជ្ញាធរមានសមត្ថកិច្ច គឺជារឿងមិនត្រឹមត្រូវ។
លោក អំ សំអាត សង្កត់ធ្ងន់ថា អាជ្ញាធរមានសមត្ថកិច្ចបានរំលោភបំពានលើសិទ្ធិរបស់អ្នកតវ៉ាក្នុងការប្រមូលផ្តុំ និងបញ្ចេញមតិ។ លោកឲ្យដឹងទៀតថា សកម្មភាពបំបែករបស់សមត្ថកិច្ចទៅលើក្រុមអ្នកតវ៉ាគឺទង្វើខុសច្បាប់ទាំងស្រុង។
ការសម្រចឃុំខ្លួនសកម្មជននៃចលនាមាតាធម្មជាតិទាំងបីនាក់បានកើតមានឡើង បន្ទាប់ពីពួកគេបើកយុទ្ធនាការកាលពីខែកក្កដា ដើម្បីបណេ្តញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនពីរ គឺក្រុមហ៊ុន Direct Access និង International Rainbow Company ដែលបានដំណើរការជាច្រើនខែមកហើយ នៅក្នុងតំបន់ជីផាត់ និងព្រែកអណ្តូងទឹក ដែលស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង។
សកម្មជនទាំងបីនាក់នោះ រួមមានលោក សាន់ ម៉ាឡា អាយុ២៣ឆ្នាំ ជាសហស្ថាបនិកនៃចលនាមាតាធម្មជាតិ លោក ទ្រី សុវិគា អាយុ២៤ឆ្នាំ និងលោក ស៊ីម សំណាង អាយុ២៦ឆ្នាំ។ ថ្មីៗនេះ តុលាការសាលាដំបូងខេត្តកោះកុងក៏បានច្រានចោលបណ្តឹងសុំឲ្យនៅក្រៅឃុំរបស់សកម្មជនទាំងបីនាក់នេះដែរ។
អាជ្ញាធរខេត្តកោះកុងក៏បានថ្លែងការពារ ក្រុមហ៊ុនបូមខ្សាច់ Direct Access Co., LTD ថា បានទទួលអាជ្ញាបណ្ណត្រឹមត្រូវស្របច្បាប់ពីក្រសួងរ៉ែ និងថាមពល។ ប៉ុន្តែ លោកឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ប្រាប់វីអូអេថា អាជ្ញាបណ្ណរបស់ក្រុមហ៊ុន Direct Access បានផុតសុពលភាពកាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅនេះ។
«អាជ្ញាបណ្ណរបស់គាត់ផុតសុពលភាព តាំងពីថ្ងៃទី១៩មក ប៉ុន្តែបញ្ហាដែលកើតមាន គឺមុនថ្ងៃ១៩ខែសីហា។ អញ្ចឹងរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដាក់ស្នើសុំ បន្តអាជ្ញាបណ្ណ ក៏ប៉ុន្តែក្រុមហ៊ុននៅមិនទាន់ផ្តល់ឯកសារគ្រប់គ្រាន់សម្រាប់ឲ្យយើងវាយតម្លៃបន្ត ឬមិនបន្តអាជ្ញាបណ្ណឡើយ។ អញ្ចឹងរហូតមកដល់ពេលនេះ ឯកសារត្រូវក្រុមហ៊ុនបំពេញបន្ថែមសិន យើងអត់ទាន់បន្តឲ្យទេ»។
លោកឲ្យដឹងដែរថា សុពលភាពបូមខ្សាច់របស់ក្រុមហ៊ុនInternational Rainbow Company នឹងផុតទៅនៅចុងឆ្នាំនេះ៕