ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​រំលោភ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​តែ​ពិបាក​និយាយ​ការ​ពិត

អ្នកស្រី តាំង គីម នៅវាលស្រែក្នុងអំឡុងពេលដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានថតភាពយន្តឯកសារអំពីអ្នកស្រីនៅក្នុងឆ្នាំ២០0៥។ (រូបថតដោយ​មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam))

​ក្រុម​កម្មាភិបាល​ខ្មែរ​ក្រហម​បាន​ធ្វើ​បាប ​រំលោភ​អ្នក​ស្រី​​​ ហើយ​មាន​បំណង​សម្លាប់​អ្នក​ស្រី។​ ប៉ុន្តែ​អ្នកស្រី​បាន​រួច​​ខ្លួន​ ដោយ​ការ​អាណិត​របស់​កម្មាភិបាល​ម្នាក់​ ខណៈ​អ្នក​ឯ​ទៀត​កំពុង​សម្លាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ទៀត។ ​អ្នក​ស្រី​​​បាន​ចូល​ទៅ​ពួន​នៅ​ក្នុង​ត្រពាំង​ដែល​នៅ​ក្បែរ​កន្លែង​នោះ​អស់​រយៈ​ពេល​៣​ថ្ងៃ។​

នៅ​ពេល​ដែល​របប​ខ្មែរ​ក្រហម​បាន​ចូល​មក​ដល់​នៅ​ឆ្នាំ​១៩៧៥​ កង​ទ័ព​របស់​ខ្មែរ​ក្រហម​បាន​គ្រប់គ្រង​ពេញ​ប្រទេស​ ហើយ​បាន​ចូល​មក​ដល់​ស្រុក​របស់​អ្នកស្រី​ តាំង គីម​ នៅ​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់ឆ្នាំង។ ​

ពួក​គេ​បាន​ត្រួត​ពិនិត្យ​តាម​ផ្ទះ​នីមួយៗ​រហូត​ដល់​ផ្ទះ​អ្នកស្រី​តាំង គីម​ និង​ស្វាមី​ដែល​ធ្វើ​ជា​ទាហាន​លន់ នល់។ ប្តី​របស់​គាត់​ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​នៅ​ក្បែរ​វាល​ស្រែ។ អ្នកស្រី​តាំង គីម​ ដែល​ពេល​នោះ​មាន​អាយុ​២៣​ឆ្នាំ បាន​ដឹង​ថា ជោគ​វាសនា​ដ៏​គួរ​ឱ្យ​ខ្លាច​មួយ​បាន​កើត​ឡើង​មក​លើ​រូប​គាត់។​

ប្តី​របស់​អ្នក​ស្រី​ត្រូវ​បាន​គេ​សម្លាប់​នៅ​ចំពោះ​មុខ​អ្នក​ស្រី។ ​ក្រុម​កម្មាភិបាល​ខ្មែរ​ក្រហម​បាន​ធ្វើ​បាប ​រំលោភ​អ្នក​ស្រី​ ហើយ​មាន​បំណង​សម្លាប់​អ្នក​ស្រី។​ ប៉ុន្តែ​អ្នកស្រី​បាន​រួចខ្លួន​ ដោយ​ការ​អាណិត​របស់​កម្មាភិបាល​ម្នាក់​ ខណៈ​អ្នក​ឯ​ទៀត​កំពុង​សម្លាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ទៀត។ ​អ្នក​ស្រី​បាន​ចូល​ទៅ​ពួន​នៅ​ក្នុង​ត្រពាំង​ដែល​នៅ​ក្បែរ​កន្លែង​នោះ​អស់​រយៈ​ពេល​៣​ថ្ងៃ។​

សព្វ​ថ្ងៃ​នេះ ​អ្នកស្រី​តាំង គីម ​មាន​អាយុ​៦១​ឆ្នាំ​ ក៏​ប៉ុន្តែ​ការ​ចង​ចាំ​ដ៏​រន្ធត់​នៅ​តែ​ដក់​នៅ​ក្នុង​ចិត្ត​អ្នក​ស្រី​ជានិច្ច។ ​អ្នកស្រី​បាន​និយាយ​ប្រាប់​ថា៖​

«ខ្ញុំ​យល់​សប្ដិ​ឃើញ​ពួក​ខ្មែរ​ក្រហម​ ខ្ញុំ​ភ័យ​អឺយ​ភ័យ។​ ខ្ញុំ​រត់ ​……..គ្នា​វា​មាន​បី​នាក់​ ​ប្រុស​ម្នាក់​ ស្រីពីរ​នាក់។​ ប្រុស​ហ្នឹង​លី​កាំ​ភ្លើង​ ស្រាប់​តែ​មាន​ភ្លើង​មក​លើ​ខ្ញុំ។ ​ខ្ញុំ​ភ្ញាក់​ឡើង​ ទើប​ដឹង​ថា ​ជា​យល់សប្ដិ​»។

ទោះ​បី​ជា​អ្នកស្រី​តាំង គីម​ មាន​សំណាង​រស់​រាន​មាន​ជីវិតបន្ទាប់​ពី​របប​ប្រល័យ​ពូជ​សាសន៍​នេះ​បានដួល​រលំក៏​ដោយ​ ក៏​អ្នក​ស្រី​ស្ថិត​នៅ​ក្នុង​ចំណោម​ស្ត្រី​រាប់​ពាន់​នាក់​ដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវ​ភេទ។ ​ពួក​គេ​ភាគ​ច្រើន​ទទួល​រង​នូវ​ភាព​ឈឺ​ចាប់​ ដោយ​លាក់​បាំង​រឿង​អាម៉ាស់ ​ខណៈ​សង្គម​ខ្មែរ​មាន​ការ​អាណិត​អាសូរ ​ឬ​យល់​ដឹង​តិច​តួច​ចំពោះ​ជន​រង​គ្រោះ​ដោយ​ការ​ចាប់​រំលោភ។

លោកស្រី​ Kasumi Nakagawa​ ជា​សាស្ត្រាចារ្យ​ជន​ជាតិ​ជប៉ុន​ផ្នែក​សិក្សា​យេនឌ័រ​នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​ បាន​ប្រាប់ ​VOA​ ​តាមសារ​អេឡិចត្រូនិក​ថា៖​

«វប្បធម៌​ខ្មែរ​បន្ទោស​ទៅ​លើ​ស្ត្រី​ ដោយ​រិះគន់​ទៅ​លើ​ស្ត្រី​រងគ្រោះ​ថា​ ពួក​គេ​ជា​អ្នក​បង្ក​ឲ្យ​កើត​មាន​បទ​ឧក្រិដ្ឋ​រំលោភ​ទៅ​វិញ។​ ដូច្នេះ​ប្រសិន​បើ​ស្ត្រី​ណា​រង​ការ​រំលោភបំពាន​ ឬ​រង​ការ​ធ្វើ​បាប​ វា​ពិបាក​ណាស់​ក្នុង​ការ​ឲ្យ​ពួក​គេ​និយាយ​ការ​ពិត»។​

ករណី​ដែល​បង្ហាញ​អំពី​ឥរិយាបថ​នេះ​នៅ​តែ​កើត​មាន​ ជាក់ស្តែងកាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ ពិធីករ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ បាន​បន្ទោស​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​រំលោភ​ថា ​ជា​អ្នក​ដែល​ជំរុញ​ឲ្យ​មាន​ការ​រំលោភ​នេះ​កើត​ឡើង។ ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សកម្ម​ជន​ស្ត្រី។

និយាយ​អំពី​ការ​រំលោភ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​ជា​ស្ថាប័ន​ចងក្រង ​និង​កត់ត្រា​ឯកសារទាក់ទង​នឹង​របប​ខ្មែរ​ក្រហម​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០០៣​ ​ ពួក​គេ​បាន​កត់​ត្រា​ឯកសារ​អំពី​ស្រ្តីចំនួន​១៩០​នាក់​ ដែល​ត្រូវ​បាន​គេ​ចាប់​រំលោភ​កាល​ពី​សម័យ​ខ្មែរ​ក្រហម។

រូបឯកសារ៖ ស្រ្តី​មួយ​ចំនួន​បាន​មក​ដល់​ទ្វារ​ចូល​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ ហៅ​កាត់​ថា ECCC ដើម្បី​ស្តាប់ការជុំនុំ​ជម្រះ​រឿង​ក្តី​បង្ខំ​ឲ្យ​រៀបការ និង​ការរំលោភ​ផ្លូវភេទ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​សាលាក្តី​នេះ ស្ថិត​នៅ​ជាយ​ក្រុងភ្នំពេញ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦។

ប៉ុន្តែ​មាន​តែ​អ្នកស្រី​ តាំង គីមម្នាក់​ប៉ុណ្ណោះ​ ដែល​ហ៊ាន​និយាយការពិត​អំពី​បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់​ទាំង​នោះ​ជា​សាធារណៈ​ ហើយ​ត្រូវ​បាន​លើក​យក​មក​បង្ហាញ​នៅ​ក្នុង​ភាពយន្ត​ឯកសារ​មួយ​ក្នុង​ឆ្នាំ​២០០៥។​

នៅ​ក្នុង​ឆ្នាំ​២០០៧​ អ្នកស្រី​តាំង គីម​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ខណៈ​ពេល​ដែល​តុលាការ​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​កំណត់​វិសាលភាព​នៃ​ច្បាប់។ ​ប៉ុន្តែ​បណ្ដឹង​របស់​គាត់​ត្រូវ​បាន​តុលាការ​ច្រាន​ចោល។​

អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ជា​ទូទៅ​មាន​ឱកាស​តិច​តួច​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ប្រឆាំង​នឹង​ជន​ល្មើស​ ដោយ​សារ​តែ​តុលាការ​កូន​កាត់​មួយ​នេះ​ កាត់​ទោស​តែ​មេ​ដឹក​នាំ​កំពូល​ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ប៉ុណ្ណោះ។​

អ្នកស្រី ​តាំង គីម​ និយាយ​ថា​ គាត់​មាន​ការខក​ចិត្ត​ចំពោះ​ដំណើរ​ការ​របស់​តុលាការ។ ​គាត់​មាន​ស្ថានភាព​សុខភាព ​និង​ការ​រស់​នៅ​មិន​សូវ​ល្អ។​ គាត់​យល់​ថា ​ការ​ទៅ​តុលាការ​មាន​ការ​លំបាកដោយសារ​ផ្ទះ​របស់​គាត់​នៅ​ឆ្ងាយ​ពី​តុលាការ​ខ្មែរ​ក្រហម​ ហើយ​គាត់​ខ្វះ​ខាត​ថវិកា​សម្រាប់​ការ​ធ្វើ​ដំណើរ​ ហើយ​គាត់​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សក្ខីកម្ម​ដែរ។​

អ្នកស្រី​ តាំង គីម​បាន​និយាយ​ថា៖​

«ប្រហែល​ជា​គេ​គិត​ថា​ រឿង​នឹង​វា​សាមញ្ញ។​ ការ​ទៅ​តុលាការ​ក៏​មាន​ការ​លំបាក ​ត្រូវ​ដាំ​បាយ​ខ្ចប់​ផង​ និង​អស់​លុយ​ថ្លៃ​ជិះ​ឡាន​ផង​ ពិបាក​សព្វ​គ្រប់។​ សូម្បី​តែ​អ្នក​ជាប់​គុក​ក៏​រស់​នៅ​ប្រសើរ​ជាង​ខ្ញុំ​ផង។​ គេ​មាន​បាយ​ មាន​ពេទ្យ​មើល​ ពេល​ឈឺ​ ​ជា។​ ខ្ញុំ​អស់​លុយ​ខ្លួន​ឯង»។

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ជាច្រើន​នាក់​បន្ត​ការ​រស់​នៅ​ដោយ​មិន​មាន​ការ​ផ្តន្ទាទោស​នោះ​ទេ។​ មាន​អ្នក​ខ្លះ​រស់​នៅ​ជិត​ជន​រងគ្រោះ​ទៀត​ផង។​ អ្នកស្រី​ តាំង គីម​ បាន​និយាយ​ថា​ អ្នកស្រី​ស្គាល់​អតីត​កម្មាភិបាល​ចាស់ៗ​ជាច្រើន​ដែល​រស់នៅ​ជិត​ផ្ទះ​របស់​អ្នកស្រី​នៅ​ខេត្ត​កំពង់ឆ្នាំង។

រូបឯកសារ៖ លោក ​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ថតរូប​ក្រោយពី​លោក​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មានReuters នៅក្នុង​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៥។

លោក​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​និយាយ​ថា​ វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​ស្ត្រី​ដែល​ហ៊ាន​បង្ហាញ​ការពិត​ ពី​ព្រោះ​នៅ​ពេល​គាត់​ត្រូវ​បាន​គេ​រំលោភ​ វា​គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួល​យក​បាន។​ ​ហើយ​ប្រសិន​បើ​គាត់​មក​និយាយ​ការពិត​ ​ សង្គម​របស់​យើង​មិន​អាណិត​គាត់​ទេ។ ​ប៉ុន្តែ​ថែម​ទាំង​មាក់​ងាយ​គាត់​ទៀត​ផង។​ ដូច្នេះ​គាត់​ទទួល​សម្ពាធ​កាន់​តែ​ខ្លាំង។​

ជា​រឿយៗ​ជន​រងគ្រោះ​នៃ​ការ​រំលោភ​ផ្លូវភេទ​នៅតែ​ពិបាក​ទទួល​បានយុត្តិធម៌​ព្រហ្មទណ្ឌ​ និងការ​ទទួល​យក​ពី​សង្គម។​

អ្នកស្រី​តាំង គីម​បាន​ទទួល​រង​ការ​ឈឺចាប់​ខ្លាំង​ឡើង​ថែម​ទៀត ​នៅ​ពេល​ដែល​ប្ដី​ទី​២​របស់​អ្នកស្រី​ដែល​រៀប​ការ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨០​បាន​សុំ​អ្នកស្រី​លែង​លះ​គ្នា ​នៅ​ពេល​គាត់​ដឹង​ថា​ អ្នក​ស្រី​ត្រូវ​បាន​គេ​ចាប់​រំលោភ។​ ការ​ផ្ដាច់​សង្វាស​នេះ​បាន​បន្សល់​ទុកកូន​៣នាក់​ឲ្យ​អ្នកស្រីចិញ្ចឹម។

ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ចង​ចាំ​ដ៏​តក់​ស្លុត​នោះ​ អ្នកស្រី​តាំង គីម​ បាន​ងាក​ទៅ​រក​ព្រះ​ពុទ្ធ​សាសនា​ ដោយបួស​ជា​ដូន​ជី។ កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ​នេះ​ អ្នកស្រីបាន​ធ្វើ​ការ​ចែក​រំលែក​បទ​ពិសោធន៍​នោះ​ នៅ​ឯ​មជ្ឈមណ្ឌល​សិក្សា​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ទីក្រុង​ Cape​ Town​ និង​ Johannesburg ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

រូបឯកសារ៖ អ្នកស្រី តាំង គីម ជា​អ្នក​រស់​រាន​មាន​ជីវិតម្នាក់​ពី​របប​ប្រល័យ​ពូជ​សាសន៍ ថតរូប​នៅ​ពេល​អ្នកស្រី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អាហ្រ្វិក​ខាងត្បូង​នៅ​ថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។ (ហ៊ីង សុជាតា/VOA)

សាស្ត្រាចារ្យ​ Kasumi Nakagawa​ និយាយ​ថា​ បទ​ពិសោធន៍​របស់​អ្នកស្រី​ តាំង គីម​ ក្នុង​ការ​ពិភាក្សា​ជា​សាធារណៈអំពី​រឿង​អាម៉ាស់​ផ្ទាល់​ខ្លួន ​បាន​បង្ហាញ​បញ្ហា​របស់​ជន​រងគ្រោះ​ពី​ការ​ចាប់​រំលោភ​ ហើយ​វា​ពិត​ជា​ពិបាក​សម្រាប់​ជនរងគ្រោះ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ដោយ​ចំហ។​

«ការ​ដែល​អ្នកស្រី​ [តាំង​ គីម​] សម្រេច​ចិត្ត​បួស​ជា​ដូនជី​ ក៏​បាន​បង្ហាញ​ដែរ​ថា​ អ្នកស្រី​ដឹង​ថា ​វា​ពិត​ជា​មិន​អាច​ទៅ​រួច​ ក្នុង​ការ​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត​ បើ​គាត់​បន្ត​រស់​នៅ​ក្នុង​សង្គមមនុស្ស​ធម្មតា។ ​ដោយ​ក្លាយ​ជា​ដូន​ជី​ អ្នកស្រីបាន​បោះ​បង់​ការ​ស្វែង​រក​យុត្តិធម៌​ ប៉ុន្តែ​សុខ​ចិត្ត​ស្វែង​រក​សេចក្ដី​សុខ​ស្ងប់​ចិត្ត​នៅ​ក្នុង​ផ្លូវ​ធម៌»។​

យុត្តិធម៌​ព្រហ្មទណ្ឌ​ និង​ការ​ទទួល​យក​របស់​សង្គម​ នៅ​តែ​ជា​ការ​លំបាក​សម្រាប់​ជន​រង​គ្រោះ​ពី​ការ​រំលោភ​នៅ​ក្នុងសង្គម​បច្ចុប្បន្ន ដែល​មិន​ត្រឹម​តែ​ប្រឈម​នឹង​សង្គម​អភិរក្ស​និយម​នោះ​ទេ​ ​ប៉ុន្តែ​ក៏​ជា​សង្គម​ដែល​មាន​ប្រព័ន្ធ​តុលាការ​ពុក​រលួយ​ និង​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ធូរ​រលុង។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ​លីកាដូ​ បាន​សិក្សា​លើ​ករណី​រំលោភ​លើ​រាង​កាយ​ចំនួន​ ៧៦២​ករណី​ពី​ឆ្នាំ​ ២០១២​ ដល់​ឆ្នាំ​ ​២០១៤​ ហើយ​បាន​រក​ឃើញ​ថា​ ពាក់​កណ្ដាល​នៃ​ជន​រង​គ្រោះ​បាន​ដោះ​ស្រាយបញ្ហាក្រៅ​តុលាការ ​ដោយ​ទទួល​យក​ប្រាក់​សំណង​ពី​ជន​ល្មើស។​

ការ​កាត់​ទោស​ករណី​រំលោភ​នៅ​ក្នុង​ការ​រៀបការ​ទាំង​បង្ខំ​

សាលាក្តី​បាន​កំណត់​ថា​ ការ​រំលោភក្នុង​សម័យ​ខ្មែរ​ក្រហម​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​ខ្លួន​ ដោយ​សារ​ការ​រំលោភ​នេះ​មិន​មាន​នៅ​ក្នុង​គោល​នយោបាយ​របស់​ខ្មែរ​ក្រហម​ឡើយ។​ ប៉ុន្តែ​សំណុំ​រឿង ០០២/០២ ​បាន​បញ្ចូល​ការ​រំលោភ​ក្នុង​ការ​រៀប​ការ​ដោយ​បង្ខំ​ ទៅ​ក្នុង​ការ​ចោទ​ប្រកាន់។ ​ឆ្នាំ​មុន​ តុលាការ​បាន​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ដំបូង​បង្អស់​នៅ​ក្នុង​បទ​ចោទ​ប្រកាន់​នេះ។​

លោក​ នេត​ ភក្ត្រា ​អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម​ ​បាន​ប្រាប់​ ​VOA ​ថា សំណុំ​រឿង​ ០០២/០២ ​នេះ​មាន​ជន​រង​គ្រោះ​នៃ​ករណី​បង្ខំ​ឲ្យ​រៀប​ការ ​និង​ចាប់​រំលោភ​ចំនួន​៦៦៤​នាក់។

លោកបាន​បន្ត​ទៀត​ថា​ បើ​ទោះ​បី​ជា​តុលាការ​មិន​អាច​កាត់​ទោស​ជន​ល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ផ្ទាល់​ក៏ដោយ​ ​ក៏​អង្គការ​ផ្សេង​ទៀត​កំពុង​ពិចារណា​ការរៀបចំ​ពិធី​រំឭក​ការ​ចង​ចាំ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​ជា​សាធារណៈ​ និង​ទទួល​ស្គាល់​ការ​ឈឺចាប់​របស់​ជន​រង​គ្រោះ​ទាំង​នេះ។

«ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​ មាន​គម្រោង​មួយ​ចំនួន​ដែល​អនុវត្ត​ដោយ​អង្គការ។​ ដូចជា​អង្គការ​ក្តី​ករុណា​ធ្វើ​គម្រោង​មួយ​ឈ្មោះ​«ខាន់​ស្លា​ក្រោម​អង្គការ» ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​អាពាហ៍​ពិពាហ៍​ឡើង​វិញ។​ ពិធី​រំឭក​នូវ​អនុស្សាវ​រីឋយ៍​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ក៏​មាន​ការ​សម្ដែង​សិល្បៈ​និង​រឿង​រ៉ាវ​ផ្សេងៗ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​របប​នោះ​ដែរ»។​

លោក​ ឆាំង យុ​ បាន​និយាយ​ថា​ ជន​រង​គ្រោះ​ពី​ការ​ចាប់​រំលោភ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ និង​ជន​រង​គ្រោះ​ផ្សេង​ទៀត​ដែល​ស្ថិត​ក្រោម​របប​នេះ នៅ​តែមានការ​លំបាក ​និង​មានការ​ឈឺ​ចាប់​ ក្នុង​ការ​ទទួល​យក​ការ​កាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម។​

«ការ​ពិត នៅ​ក្នុង​ផ្លូវ​ច្បាប់​ខុស​ពី​ការពិត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ​មាន​បទ​ឧក្រិដ្ឋ​ជា​ច្រើន​ដែល​ខ្មែរ​ក្រហម​បាន​ធ្វើ។ ​ដោយ​សារ​តែ​បទ​ឧក្រិដ្ឋ​មាន​ច្រើន​ តុលាការ​ត្រូវ​តែ​សម្រេច​ចិត្ត​ថា​ បទ​ឧក្រិដ្ឋ​មួយ​ណា​ដែល​ត្រូវ​លើក​យក​មក​ពិចារណា​ ​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​ ​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​ ​ត្រូវ​ការ​ថវិកា​ប៉ុន្មាន។​ ​តុលាការ​មិន​អាច​កាត់​ទោស​បទ​ឧក្រិដ្ឋ​ទាំង​អស់​ដែល​មាន​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទេ»។

លោក​ឆាង យុ ​បាន​បន្ថែម​ថា​ អ្នកស្រី​តាំង គីម​ បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យស្ត្រី​កម្ពុជា​ទាំង​ឡាយ​ ដែល​បាន​ឆ្លង​កាត់​សម័យ​ខ្មែរ​ក្រហម​ក្តី​ ឬ​មិន​បាន​ឆ្លង​ក្តី​ ហ៊ាន​បញ្ចេញ​ការពិត​ប្រាប់ពិភពលោក៕