សេចក្តី​ព្រាងច្បាប់​ថ្មី​ដើម្បី​ឯករាជ្យភាព​តុលាការ​រង​ការ​រិះគន់

កូន​របស់​ស្ត្រី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ក្នុង​អំឡុង​ពេល​ត្រូវ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​នៅ​បឹងកក់។ (៣១ ឧសភា ២០១២)

ក្រសួង​យុត្តិធម៌​កំពុង​ធ្វើការ​តាក់តែង​ច្បាប់​ថ្មី ​ចំនួន​បី​ដែល​ជាផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​ឱ្យ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា​បម្រើ​សេវា​ផ្តល់​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​និង​អ្នកតាម​ដាន​ដំណើរការ​នេះ​មើល​ឃើញ​ថា​ច្បាប់​ដែល​បាន​ព្រាងរួច​ហើយ​នេះ​នៅ​មិន​ទាន់​ធានា​បាន​ឯករាជ្យភាព​របស់​តុលាការ​នៅឡើយ​ទេ។

ច្បាប់​ចំនួន​បី ​ដែល​ក្រុម​អ្នក​ច្បាប់​និង​សហគមន៍​អន្តរជាតិ​ទន្ទឹង​រង់ចាំ​អស់​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​គឺ​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ ​និង​អយ្យការ ​ច្បាប់​ស្តី​ពី​ការរៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជ​អាជ្ញា។ ​

ក្រោម​សម្ពាធ​នានា ​ជាពិសេស​អង្គការ​សង្គម​ស៊ីវិល​និង​ការិយាល័យ​សិទ្ធិ​មនុស្សរបស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ប្តេជ្ញា​ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​ប្រព័ន្ធយុត្តិធម៌​ និង​តុលាការ​នៅក្នុង​អណត្តិ​ទី​ប្រាំ​នេះ។

កាលពី​ថ្ងៃទី ៨​ខែមករា ​ឆ្នាំ ២០១៤​កន្លង​ទៅ​នេះ ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យមួយបង្កើតគណ:កម្មាធិការ​ដឹកនាំ​ការងារ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​តុលាការ​ដោយ​មាន​លោក​ អង្គវង្ឍ វឌ្ឍនា ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ​ជា​ប្រធាន ​និង​មាន​ការចូលរួម​ពី​ស្ដាប័ន ​និង​ក្រសួង​ជំនាញមួយចំនួនទៀតចូលរួមផង ​រួមទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផងដែរ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប្រភព​សិទ្ន​នឹង​ក្រសួង​យុត្តិធម៌។​

បើ​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ច្បាប់ទាំងបី​នេះ​នឹង​ត្រូវ​តែ​ទៅ​ដល់​សភា​ជាតិ​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៤​នេះ។

លោក​សំ ប្រជាមានិតុ ​នាយក​ខុទ្ធកាល័យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​សុក្រ​ថា​រហូត​មក​ដល់​ពេល​នេះ​ច្បាប់​ស្តី​ពី​ការរៀបចំ​អង្គការ​តុលាការ​និង​អយ្យ​ការ​បាន​ធ្វើ​រួច​រាល់​ដោយ​មានឆ្លង​កិច្ច​ប្រជុំ​អន្តរ​ក្រសួង។ លោក​បាន​បន្ថែម​ថា​ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​កំពុង​តែ​ពិនិត្យ​ច្បាប់​ទីពីរ​បន្ត​ទៀត។

«បាទ​ពីព្រោះ​មួយ​ទៀត​កំពុង​តែ​ពិភាក្សា​នៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ដែលឯកឧត្តម​រដ្ឋ​មន្ត្រី ​បាន​បញ្ជូន​ទៅ​ហើយ​ ហើយ​ឧត្តម​ក្រុម​ប្រឹក្សា​ចៅ​ក្រម​កំពុងតែ​ពិនិត្យ​គឺ​ច្បាប់​ស្តី​ពីការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម»។

លោកសំ ប្រជាមានិតុ​ ​មិន​បញ្ជាក់​ថា​តើ​ច្បាប់​នេះ​នឹង​ដាក់​ឱ្យ​មាន​ការពិភាក្សា​ផ្តល់​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល​ដែរ​ឬ​យ៉ាង​ណា​នោះទេ។

«ជានីតិ​វិធី​បន្ត​ក្រោយ​ពីការ​ប្រជុំ​អន្តរក្រសួង​ហើយ​គឺ​នឹង​បញ្ជូន​ទៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី»។

ប្រព័ន្ធ​តុលាការ​កម្ពុជា​ទទួល​រងការ​រិះគន់​យ៉ាង​ខ្លាំង​លើ​បញ្ហា​ប្រព្រឹត្ត​អំពើ​ពុករលួយ​និង​មិន​មាន​ឯករាជ្យ​ភាព​ ​ដែល​កាត់​ក្តី​ លម្អៀង​ទៅអ្នក​មាន​ទ្រព្យ​សម្បត្តិ​និង​ទទួល​រងសម្ពាធ​នយោបាយ​ ហើយ​ក្រុម​អ្នក​ច្បាប់​មើល​ឃើញ​ថា​បើ​សិន​ជា​មាន​ច្បាប់​ទាំងបី​ចេញ​មក​ហើយ​តាក់​តែង​បាន​ល្អ​នឹង​អាចជួយ​ធានា​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​បាន។

រហូត​មក​ដល់​ពេល​នេះ​ច្បាប់​លក្ខន្តិកៈ​ចៅក្រម​និង​ព្រះ​រាជអាជ្ញា​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​ហើយការរៀបចំច្បាប់នេះទៀតសោតត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​លាក់​លៀម​និង​ប្រយ័ត្ន​ប្រយែង។

យ៉ាង​ណា​ក៏​ដោយ​ក្រុម​អ្នកច្បាប់​បាន​សម្តែង​ការ​ព្រួយ​បារម្ភរួច​ទៅ​ហើយ​លើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម ​ដែល​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ។

យោង​តាម​មាត្រា​១៨​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការរៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម ​ដែល​វីអូអេ​ទទួល​បាន​ពី​ គឺ​បាន​ផ្តល់​សិទ្ធិ​យ៉ាង​ធំ​ធេង​ដល់​រដ្ឋមន្ត្រី ​ក្រសួង​យុត្តិធម៌​ក្នុង​ការ​ស្នើ​ឡើង​ឱ្យ​មាន​ការ​តែងតាំង​និង​បញ្ឈប់​ការងារ​របស់​ចៅក្រម។ អ្នក​ដែល​តាមដាន​ច្បាប់​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ហេតុផល​នៃ​ការ​បញ្ឈប់​ការងារ​របស់​ចៅ​ក្រម​អាច​នឹង​ងាយ​ស្រួល​បើ​សិន​ជា​ពួកគេ​មិន​ធ្វើ​តាម​អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​រដ្ឋ​មន្ត្រី​ដែល​ជា​តំណែង​មាន​កូតា​នយោបាយ​របស់​គណបក្ស។

លោក​ សួន ប៊ុនស័ក្តិ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​( CHRAC)​បាន​បញ្ជាក់​ថា៖ «ឧត្តម​នៃ​ក្រុម​ប្រឹក្សា​អង្គចៅក្រម​គឺ​គាត់​មាន​អំណាច​ពេញ​ទី​ក្នុង​ការ​តែងតាំង​ដក​ ដំឡើង​ឋានន្តរៈសក្តិ​ ទម្លាក់​សក្តិ​ ឬ​ក៏​បណ្តេញ​ចេញ​គឺ​ថា​យើង​ត្រូវ​ផ្តល់អំណាច​ពេញ​លេញ ​ទៅ ​ដល់​ឧត្តម​ក្រុម​ប្រឹក្សា​ចៅក្រម​ យើ​ង​មិន​គួរ​ធ្វើ​តាម​យន្តការ​ក្រសួង​យុត្តិធម៌​ដែល​ជា​យន្តការ​របស់​រាជរដ្ឋាភិបាល​ទេ»។

ក្រុម​អ្នក​តស៊ូមតិ​បាន​លើក​ឡើង​ថា​សមាសភាព​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​គួរ​តែ​ដាក់​អ្នក​ដែល​មាន​ជំនាញ​ខាងច្បាប់​ដូច​ជា​ចៅក្រម​និង​ព្រះរាជអាជ្ញា​ដែល​ចូល​និវត្តន៍ ​និង​មេធាវី​ជាដើម​ដើម្បី​ធានា​ថា​ពួកគាត់​គ្មាន​ទំនាស់​ផល​ប្រយោជន៍។

លោក​សុខ សំអឿន ​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​បញ្ជាក់​ថា​ ក្រម​សីលធម៌និង​ការ​កំណត់​ពី​ទណ្ឌកម្ម​លើ​ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​ដែល​ធ្វើ​ខុស​ជា​ការ​សំខាន់​ណាស់ដែរ​ព្រោះ​ដើម្បី​ឱ្យ​មាន​ការ​គោរព​តាម​ក្រម​សីលធម៌​នោះ​ដោយ​ពិតប្រាកដ។

លោក​ សុក​ សំអឿន​បាន​បន្ថែម​ទៀត​ថាចំពោះ​អ្នក​ដែល​ជ្រៀតជ្រែក​អំណាច​តុលាការ​ក៏​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​ដែរ​៖ «គួរតែ​មាន​ទណ្ឌកម្ម​ឱ្យ​បាន​ច្បាស់លាស់​ពី​អ្នក​ដែល​ជ្រៀតជ្រែក​អំណាច​របស់​ចៅក្រម​។ ឧទាហរណ៍​ថា ​មាន​អ្នក​ធំ​ឬ​ក៏​នាយក​រដ្ឋ​មន្ត្រី ​ក៏ដោយ​បើ​ទូរស័ព្ទ​ឬ​ក៏​ហៅ​ជួប​ឬ​ក៏​និយាយ​អ្វីមួយ​ពាក់​ព័ន្ធទៅលើ​រឿង​លូកដៃ​ទៅលើ​រឿង​ចៅក្រម​នោះ​ត្រូវ​តែ​កំណត់​មាន​ទណ្ឌកម្ម​បែបណា​មួយ»។

ចៅក្រម​មួយ​ចំនួន​ដែល​វីអូអេ​បាន​ទាក់​ទង​ប៉ុន្តែ​សុំ​ឆ្លើយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​សម្តែង​ការព្រួយ​បារម្ភ​ថា​ពួកគាត់​និង​អង្គការ​សង្គម​ស៊ីវិល​គួរតែ​មាន​សិទ្ធិ​ចូលរួម​ពិភាក្សា​ពី​លក្ខន្តិកៈចៅក្រម​ដើម្បី​ច្បាប់​នោះ​នឹង​អាចបម្រើ​ឲ្យ​ផលប្រយោជន៍​ចៅក្រម​បាន​ហើយ​អាច​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាជន​បាន​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​សម្ពាធ​ពី​ខាង​ផ្នែក​នយោបាយ​ទេ។

ពួកគាត់​បាន​សម្តែង​ការព្រួយ​បារម្ភ​ថា​ចៅក្រម​និង​ព្រះរាជអាជ្ញា​មិន​ត្រូវ​បាន​គេ​ផ្តល់​ការ​ការពារ​សម្រាប់​ពួកគាត់​ពេល​បំពេញ​ការងារ​ទេ​ដែល​ក្នុង​ករណី​កន្លង​មក​មាន​ការ​ដក​តំណែង​ប្រធាន​តុលាការ​ខេត្ត​ប៉ៃលិន​យ៉ាង​ងាយ​ស្រួល​ធ្វើ​ឱ្យ​ចៅក្រម​និង​ព្រះ​រាជអាជ្ញា​នៅ​បណ្តា​ខេត្ត​ដទៃ​ទៀត​សំឡឹង​មើល​ដោយ​អារម្មណ៍​មិន​នឹង​នរ​ហើយ​ត្រូវ​តែ​ធ្វើ​តាម​អ្វី​ដែល​ថ្នាក់​លើ​បាន​បង្គាប់​បញ្ជា។

ក្នុង​ខណៈ​ពេល​ដែល​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ត្រូវបាន​គេ​បិទ​ជិត​ឈឹង​ធ្វើ​ឱ្យ​ពួកគេ​ព្រួ​យបារម្ភ​កាន់​តែ​ខ្លាំង។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើ​ការ​តស៊ូ​មតិរាប់​ឆ្នាំ​មក​ហើយទាមទារ​ឱ្យ​ច្បាប់​កំណត់​ថា​ចៅ​ក្រម​មិន​ស្ថិត​នៅ​ជា​សមាជិក​របស់​គណបក្ស​នយោបាយ​ណាមួយ​ដែល​តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​ធ្វើ​ការ​ឃោសនា​នយោបាយ​ឱ្យ​គណបក្ស​នោះ​និង​កុំ​ឱ្យ​មាន​ការតែងតាំង​តាម​កូតា​នយោបាយ​ដូច​ក្នុង​ពេល​កន្លងមក។

លោក​សុក សំអឿន​ ប្រធានអង្គការ​ក្រុម​អ្នក​ច្បាប់​ការពារសិទ្ធិ​កម្ពុជា​បាន​បន្ថែម​ទៀត​ថា៖
«គោល​បំណង​ដែល​យើង​ថា​មិន​ចង់​ឱ្យ​គណបក្ស​នយោបាយ​លូកដៃ​ក្នុង​ការ​តែងតាំង​ចៅក្រម​គឺ​ដោយ​សារ​យើង​ចង់​ឱ្យ​ស្ថាប័ន​ហ្នឹង​ឯករាជ្យ​ កុំ​ឱ្យ​បញ្ហា​និន្នាការ​នយោបាយ​ចូល​ព្រោះ ​ធម្មតា​បើ​កាលណា​យើង​យក​បក្ស​មក​លូក​លាន់​គេ​ត្រូវ​បំភ្លេច​ពីរឿង​ច្បាប់​ហើយ​គេ​ត្រូវ​និយាយ​ពី​រឿង​នយោបាយ​ម្តង»។​

លោក អ៊ិត រ៉ាឌី ​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃគណ:កម្មាធិការ​ការងារ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​និង​តុលាការ​មិន​អាចទាក់​ទង​បាន​ទេ​នៅ ថ្ងៃ​អាទិត្យ​នេះ។

នៅ​ពេល​ដែល​វីអូអេ​ទាក់​ទង​ទៅ​លោក​រដ្ឋ​មន្ត្រី​អង្គវង្ស វឌ្ឍនា​បញ្ជាក់​ថា​លោក​កំពុង​ជាប់​រវល់​ហាត់​ប្រាណ​ហើយ​មិន​លើក​ទូរស័ព្ទ​នៅ​ពេល​ដែល​វីអូអេ​បាន​ព្យាយាម​ទាក់​ទង​នៅ​ពេល​ក្រោយ​ទៀត។

នៅ​ក្នុង​ពេល​ប្រកាស​បើក​ឆាក​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ដំបូង​កាល​ពីចុងខែ​កញ្ញា​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​ប្រកាស​ធ្វើ​ការ​កែទម្រង់​ជាច្រើន​ដើម្បី​នាំ​យក​សេវា​ជូន​ប្រជាពលរដ្ឋ​ដែល​ជាការ​លួង​លោម​អ្នក​បោះឆ្នោត​ក្រោយ​ពី ​គណបក្សប្រជាជន​កម្ពុជា​របស់​លោកបាន​បាត់​បង់​ប្រជាប្រិយ៍​ភាព​យ៉ាង​ខ្លាំង។ នៅ​ក្នុ​ងនោះ​មាន​ការ​ប្រគល់​អំណាច​មក​ដល់​រដ្ឋ​មន្ត្រី​តាម​ក្រសួង​នីមួយៗ​ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​រដ្ឋសភាជាតិ​លើ​ការតាក់តែងច្បាប់​សំខាន់ៗ។

«ឧត្តម​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ​នេះ​គឺ​លែង​ចាំបាច់​ទៀត​ហើយ​មិន​ត្រឹមតែ​មិន​ចាំ​បាច់​គឺ​វាស្ទះ​ការងារ​បណ្តោយ​អញ្ចឹង​ត្រូវ​តែ​លុប​ចោល​ទៅ​ហើយ​ផ្នែក​ដែល​នៅ ​សេសសល់​ដូច​ជាផ្នែក​តុលាការ​នោះ​រដ្ឋមន្ត្រី ​យុត្តិធម៌​ធ្វើ​ទៅ​ រៀបចំ​តែងតាំង​ចៅក្រម​គឺ​ទម្លាប់​ធម្មតា​សម្រាប់​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​ ឧត្តម​ក្រុម​ប្រឹក្សា​ចៅក្រម​ទៅ​តាម​ហ្នឹង​ទៅ​ នេះ​គឺ​ជា​វិធី​លឿន​ ល្បឿន​លឿន ហើយ​ទទួល​ខុសត្រូវ​ចំពោះ​រដ្ឋ​សភា​ទាំងស្រុង»។

យ៉ាង​ណាក៏​ដោយ ​នៅ​ក្រោម​ច្បាប់​ស្តី​ពី​ការរៀបចំ​អង្គការ​តុលាការ​និង​អយ្យការ​ដែល​បាន​ព្រាងថ្មី​ នេះ​គឺ​មាន​ការ​បែង​ចែក​ដែន​សមត្ថកិច្ច​ច្បាស់​លាស់​រវាង​សភា​ដែល​កាត់​សំណុំ​រឿង​រដ្ឋ​ប្បវេណី ​ព្រហ្មទណ្ឌ ​រដ្ឋបាល ​ពាណិជ្ជកម្ម​ ការងារ​និង​សន្តិសុខ​សង្គម​ និង​ការងារ​អនិតិជន។ នេះ​បើ​តាម​សេចក្តី​ព្រាង​ដែល​វីអូអេ​ទទួល​បាន។

ចំណុច​ដែលនៅ​ខ្វះខាត​គឺ​សាលា​ឧទ្ធរណ៍​ដោយ​មិន​ទាន់​កំណត់​ថា​នឹង​មាន​ការ​បែង​ចែក​សាលា​ឧទ្ធរណ៍​តាម​តំបន់​ដូច​ការ​ស្នើ​សុំ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ​បើ​ទោះ​បី​ជា​ច្បាប់​នេះ​បាន​បញ្ជាក់​យ៉ាង​ខ្លី ​ពីការ​បែង​ចែក​សមត្ថកិច្ច​ឱ្យ​សាលាឧទ្ធរណ៍​នៅ​តាម​តំបន់​ជាអ្នក​សម្រេច​បើ​សិន​ជា​ពេល​មាន​ការបង្កើត​សាលា​ឧទ្ធរណ៍​នៅតាម​តំបន់​រួចហើយ៕