វ៉ាស៊ីនតោន៖ ក្រុមអ្នកតាក់តែងច្បាប់ មន្ត្រីសង្គមស៊ីវិលនិយាយថាការបង្កើតស្ថាប័នត្រួតពិនិត្យតុលាការថ្មីមួយ មិនអាចជួយស្តារទំនុកចិត្តប្រជាពលរដ្ឋចំពោះប្រព័ន្ធតុលាការទេ។
តាមអនុក្រិត្យ រដ្ឋាភិបាលបានបង្កើតអធិការកិច្ចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកាលពីសប្តាហ៍មុនក្នុងគោលបំណងត្រួតពិនិត្យកិច្ចការតុលាការនៅទូទាំងប្រទេសឲ្យដំណើរការមានប្រសិទ្ធិភាព។ ក៏ប៉ុន្តែក្រុមអ្នកតាក់តែងច្បាប់ ក្រុមមន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគឯករាជ្យខ្លះយល់ថា ស្ថាប័នថ្មីនេះមិនអាចជួយដល់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌បានទេ តែនឹងទទួលរងសម្ពាធឥទ្ធិពលនយោបាយ។
គេថ្លែងយ៉ាងដូច្នេះ ដោយសារថា សមាជិក១៦រូបនៃអធិការកិច្ចនេះមានលោកជីវ កេង ជាប្រធាន។ លោកជីវ កេងជាប្រធានតុលាការក្រុងភ្នំពេញ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ លោកមានជាប់ទាក់ទាក់ទងនឹងនយោបាយ ព្រោះជាសមាជិកគណបក្សនយោបាយ។ មួយវិញទៀតស្ថាប័នឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគ្មានច្បាប់គ្រប់គ្រងខ្លួនឯង ហើយចៅក្រម និងព្រះរាជអាជ្ញាក៏មិនទាន់មានសហលក្ខន្តិកៈខ្លួនឯងទៀត ដូច្នេះស្ថាប័នអធិការកិច្ចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមួយនេះ ងាយនឹងរងឥទ្ធិពលនយោបាយពីរដ្ឋាភិបាល។
លោកបណ្ឌិត ឡៅម៉ុង ហៃ អ្នកវិភាគឯករាជ្យបានថ្លែងថា៖
«ដូចខ្ញុំថា អញ្ចឹងគឺមានការបើកចំហសម្រាប់ការប្រើប្រាស់ឥទ្ធិពលនយោបាយពី អ្នកនយោបាយ ពីអំណាចនីតិប្រតិបត្តិទៅលើចៅក្រម ព្រះរាជអាជ្ញា។ ដូច្នេះគឺវាប៉ះពាល់ដល់គោលការណ៍ឯករាជ្យភាពរបស់តុលាការ និងការបែងចែកអំណាចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
លោកបណ្ឌិតឡៅ ម៉ុងហៃបានអះអាងថា រដ្ឋាភិបាលគួររៀបចំឲ្យចេញច្បាប់ សហលក្ខខន្តិកៈចៅក្រម ព្រះរាជអាជ្ញា ច្បាប់ចាត់តាំងតុលាការ ច្បាប់ប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាមុន សម្រាប់ឲ្យចៅក្រម ព្រះរាជអាជ្ញាផ្ទៀងផ្ទាត់ ប្រសិនបើត្រូវដាក់ទោសទណ្ឌ ហើយគួរបង្កើតយន្តការជាក់លាក់ដែលពលរដ្ឋអាចប្តឹងផ្តល់ ប្រសិនបើមន្ត្រីតុលាការប្រព្រឹត្តខុសច្បាប់ នីតិវិធីតុលាការ ដោយមិនគួរផ្តល់អំណាចឲ្យស្ថាប័នអធិការកិច្ចថ្មីនេះសម្រេចដោយអត្តនោម័តបាន។
បើតាមការបញ្ជាក់ឲ្យដឹងរបស់មន្ត្រីរដ្ឋាភិបាល អនុក្រិត្យនោះបានរៀបចំឡើង ដោយលោកឌិត មន្ទី ប្រធានតុលាការកំពូលនិងជាប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយនិងលោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី។ លោកទាំងពីរជាសហប្រធានក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ។ អនុក្រិត្យដាក់ស្នើជូនទៅរដ្ឋាភិបាលនេះមានគោលបំណងកែទម្រង់ប្រព័ន្ធតុលាការនិងការស៊ើបអង្កេត ដាក់ពិន័យ ទប់ស្កាត់មិនឲ្យមានភាពមិនប្រក្រតីកើតឡើងក្នុងប្រព័ន្ធតុលាការជាដើម។
លោកសុន ឆៃ សមាជិកសភាគណបក្សសម រង្ស៉ី បានបង្ហាញពីការមិនយល់ ស្របទៅនឹងគំនិតបង្កើតអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។លោកយល់ថា វាអាចបម្រើផលប្រយោជន៍គណបក្សកាន់អំណាច។
«អាចនឹងជួយបានខ្លះដែរ មិនថា អាក្រក់ទាំងស្រុងទេ ព្រោះអាចថា បើការងារណាដែលជារឿងអាក្រក់ពេកទៅ គេអាចពិន័យ។ តែបើអ្នកនោះនៅបម្រើបក្ស នៅទាញយកផលប្រយោជន៍នៃការងារតុលាការមកជាផលប្រយោជន៍បក្សទេ គឺថា គេនឹងត្រូវឲ្យក្រុមនេះការពារទៅវិញទេ ហើយវាអាចនឹងបង្កឲ្យមានអំពើពុករលួយធ្ងន់ធ្ងរទៅទៀត»។
លោកសុន ឆៃបានអះអាងថា ការបង្កើតក្រុមអធិការកិច្ចច្រើន ដោយមិនពង្រឹងស្ថាប័នឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមានរួចជាស្រេច ដូចជាការធ្វើច្បាប់នានា ដែលចាំបាច់សម្រាប់ចៅក្រម ព្រះរាជអាជ្ញា និងស្ថាប័នឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអនុវត្តន៍នោះ នឹងបង្កឲ្យមានបញ្ហាកាន់តែខ្លាំងឡើង។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានយល់ស្របនឹងលោកសុន ឆៃដោយលោកនិយាយបន្ថែមថា ការយកសមាភាពចេញពីគណបក្សកាន់អំណាចមកដឹកនាំស្ថាប័នហ្នឹងអាចមានយុត្តិធម៌ខ្លះ។ តែសម្រាប់រឿងរ៉ាវដែលទាក់ទងនឹង អ្នកមានអំណាច មិនអាចមានយុត្តិធម៌ទេ។
«ខ្ញុំថាសំខាន់បំផុតត្រូវមានឆន្ទៈនយោបាយពិតដើម្បីធ្វើការកែទម្រង់ហ្នឹង»។
វីអូអេបានព្យាយាមទាក់ទងសុំអត្ថាធិប្បាយពីលោកជីវ កេង ប្រធានក្រុមអធិការកិច្ចតែពុំអាចទាក់ទងបានទេ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកប៊ុនយ៉ៃ ណារិនបដិសេធមិនព្រមផ្តល់អត្ថាធិប្បាយទេ។ ក៏ប៉ុន្តែលោកស៊ុយ ម៉ុងលាង អគ្គលេខាធិការនៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការនៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយការពារថា ការដែលរដ្ឋាភិបាលបង្កើតក្រុមអធិការកិច្ចនេះគឺដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចការរបស់តុលាការដែលតែងត្រូវរិះគន់កន្លងមក។
«យើងបង្កើតនេះគឺដើម្បីឲ្យមានសកម្មភាពច្រើនជាងមុន ធ្វើឲ្យប្រព័ន្ធតុលាការ ហ្នឹងមានកេរ្តិ៍ឈ្មោះ»។
លោកស៊ុយ ម៉ុងលាងបានអះអាងថា ស្ថាប័ននេះនឹងធ្វើឲ្យមានប្រសិទ្ធិភាពការងារជាងពេលមុនៗ។ លោកថ្លែងយ៉ាងដូច្នេះដោយយោងទៅលើការស៊ើបអង្កេត ការដាក់ពិន័យ ការបង្ការមិនឲ្យមានបញ្ហាក្នុងតុលាការកើតឡើង ជាដើម។
លោកស៊ួន ប៊ុនស័ក្កិ ប្រធានលេខាធិការដ្ឋាននៃអង្គការប្រព្រឹត្តិកម្មដែលមាន អង្គការ២០ជាសមាជិក បានអះអាងថា លោកស្វាគមន៍ការរកវិធានការជួយដោះស្រាយប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ តែលោកអះអាងថា រដ្ឋាភិបាលគួរខិតខំពង្រឹងយន្តការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានស្រាប់ ដូចជាក្រុមប្រឹក្សាវិន័យដែលមានតួនាទីរួចជាស្រេចទៅហើយក្នុងការដាក់ពិន័យមន្ត្រីតុលាការ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានលុបចោលស្ថាប័នស្រដៀងគ្នានេះ ជាច្រើនលើកមកហើយ។ ហើយក៏មានស្ថាប័នស្រដៀងគ្នានេះកើតឡើងជាច្រើនដែរ ដែលក្រុមមន្ត្រីសង្គមស៊ីវិលធ្លាប់ចាត់ទុកថា ហាក់ដូចជាការប្រទាញយកអំណាចរៀងៗខ្លួនក្នុងចំណោមអ្នកដឹកនាំ។
ស្ថាប័នក្រុមមប្រឹក្សាអង្គចៅក្រមមានសមាជិក៩រូបមកពីតុលាការទាំងបីថ្នាក់ និងជាមន្ត្រីកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ហើយព្រះមហាក្សត្រទ្រង់ជាព្រះរាជប្រធាននៃស្ថាប័នច្បាប់កំពូលនេះ៕