ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​អន្តរជាតិ​ម្នាក់​លាលែង​ពី​សាលាក្តី​ខ្មែរក្រហម


សាលាក្តី​ខ្មែរ​ក្រហម​​
សាលាក្តី​ខ្មែរ​ក្រហម​​

ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​ជន​ជាតិ​ជប៉ុន​បាន​ដាក់​ពាក្យ​សុំ​លាឈប់​ពី​ការងារ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​ហើយ​បាន​នាំ​ឱ្យ​អ្នក​សង្កេតការណ៍​សាលាក្តី​ស្នើ​ឱ្យ​អង្គការ​សហ​ប្រជា​ជាតិ​ពិចារណា​រក​វិធី​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ការ​ឱ្យ​បាន​ស្រួល​បួលជា​ជាង​ការ​ដែល​គ្រាន់​តែ​តែង​តាំង​អ្នក​ថ្មី​មក​ជំនួស។

តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​សាលាក្តី​ខ្មែរ​ក្រហមបាន​ឱ្យ​ដឹង​ថា​លោក​ចៅក្រម​ម៉ូទូ ណូហ្គូជី​ ដែល​ជា​ចៅក្រម​មួយ​រូប​ក្នុង​តុលាការ​កំពូល​នៃ​សាលាក្តី​បាន​ដាក់លិខិត​លាលែង​ទៅលោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​នេះ​ ហើយ​នឹង​ត្រូវ​បញ្ចប់​ការងារ​នៅ​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​លោក​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​បាន​គីមូន​នឹង​ទទួល​យក​ការ​លា​ឈប់​នោះ​ហើយ​តែង​តាំង​អ្នក​ថ្មី​ទៀត​ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ​លោក​ស្រីយូកូ​ ម៉ៃដា​ អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជា​ជាតិ​បាន​ប្រាប់​វីអូអេ​ថា​លោក​ចៅក្រមត្រូវ​ត្រឡប់ទៅ​ធ្វើការ​នៅ​ក្រសួង​យុត្តិធម៌​របស់​ប្រទេស​ជប៉ុន​វិញ​ហើយ​មិន​អាច​បន្ត​នៅ​បាន​ទៀត​ទេ។​

លោក​ស្រី​បញ្ជាក់​ថា​៖

«នៅ​ពេល​ដែល​តុលាការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​គឺ​យើង​រំពឹង​ថា​នឹង​មាន​រយៈ​ពេល​តែ​បីឆ្នាំ​ទេ​នឹង​បញ្ចប់​អាណត្តិ​ហើយ ​ប៉ុន្តែ​ឥឡូវ​នេះ​វា​ឈាន​មក​ដល់​ឆ្នាំ​ទី៦​ហើយ​វា​នឹង​ត្រូវ​បន្ត​ពីបី​ឆ្នាំ​ទៀត​ដើម្បី​បញ្ចប់​សំណុំ​រឿង​បច្ចុប្បន្ន​និង​សំណុំ​រឿង​ដែលនៅ​សេស​សល់​ដទៃ​ទៀត។ នៅ​ពេល​នេះ​លោក​ចៅក្រម​មិន​អាច​នៅ​ទ្រាំ​ធ្វើ​ការ​បាន​ពីរ​បីឆ្នាំ​ទៀត​ទេ​ដូច្នេះ​ហើយ​លោក​គិត​ថា​វា​ពេល​វេលា​សម​ស្រប​សម្រាប់​លោក​ចុះ​ចេញ​ពេល​ដែ​ល​បញ្ចប់​សំណុំ​រឿង​លេខ​០០១»។ ​

ចៅក្រម​ណូហ្គូ​ជី​បាន​ធ្វើ​ការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ចាប់​តាំង​ពី​ពេល​ដំណើរ​ការ​ដំបូង​ក្នុង​ឆ្នាំ​២០០៦ហើយ​លោក​បាន​ធ្វើ​ជា​ចៅក្រមមួយ​រូប​ក្នុង​បណ្តឹង​ឧទ្ទរណ៍​នៃ​សំណុំ​រឿង​លេខ​០០១​ដែល​បាន​កាត់​ទោស​អតីត​មេគុក​ទួលស្លែង​កាំង​ហ្កេកអ៊ាវ​ហៅ​ឌុច។

ការលាលែង​របស់​លោក​ចៅក្រម​ណូហ្គូ​ជី​ជួន​គ្នា​ជាមួយ​នឹង​ការ​លាឈប់​ជា​បន្ត​បន្ទាប់​របស់​ចៅ​ក្រម​ស៊ើប​អង្កេតដែល​បាន​សម្តែង​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ខ្វះ​ការ​សហការ​ពី​ភាគី​កម្ពុជា​និង​មាន​ការ​ចូល​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។​

លោក​ឡាត់​ គី អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​សាលា​ក្តី ​ខ្មែរ​ក្រហម​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថានៅ​សល់​ផ្លូវ​វែងឆ្ងាយ​ទៀត​ដែល​សាលាក្តី ​ខ្មែរ​ក្រហម​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​ការ​ស្វែង​រក​យុត្តិ​ធម៌​សម្រាប់​ជន​រងគ្រោះ​ពី ​របប​ខ្មែរ​ក្រហម​ហើយ​លោក​ស្នើ​សុំ​ឱ្យ​អង្គការ​សហប្រជា​ជាតិត្រូវ​ហ៊ាន​វះកាត់​ដើម្បី​បង្ក​ឱ្យ​ចៅក្រម​របស់​ខ្លួន​អាច​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ។

លោក​បាន​បន្ថែម​ថា៖ ​

«ខ្ញុំ​យល់​ឃើញ​ថា​ការលា​ឈប់​របស់​ចៅក្រម​ម្នាក់​ទៅ​ចៅក្រម​ម្នាក់​ហើយ​ការ​តែងតាំង​ថ្មី​ម្នាក់​មក​ម្នាក់​ ដែល​មាន​ការតែង​តាំង​ការលាឈប់ ការតែង​តាំង​ការលាឈប់​អញ្ចឹង​មាន​ន័យ​ថា​ការតែងតាំង​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ។ ដំណោះ​ស្រាយ​គួរតែ​អង្គុយ​ចរចា​ហើយ​សម្រេច​ឱ្យ​ជាក់លាក់​ហើយ​បើសិន​ណា​ជា​សាលាក្តី ​នេះ​ឆ្ពោះ​ទៅមុខ​ប៉ុន្មាន​ទៀត​ឱ្យ​បាន​ច្បាស់​លាស់​គឺ​គួរ​តែ​បង្ហាញ​ព័ត៌មាន​ហ្នឹង​ជូន​សាធារណជន​ជា​ពិសេស​គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​សាច់​ញាតិ​នៃ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​អំឡុង​ពី​១លាន​៧​សែន​ទៅ ​ពីរ​លាន​នាក់​ឱ្យ​បាន​ដឹង​ជាក់​លាក់​ផង»។

សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ធ្វើ​ការ​កាត់​ទោស​សំណុំ​រឿង​លេខ​០០២​ដែល​មាន​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បី​រូប​គឺ​នួន ជា​ ខៀវ សំផន ​និង​អៀង​ សារី៕

XS
SM
MD
LG