ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធាន​តុលាការ​ខេត្ត​ប៉ៃលិន​ត្រូវដកចេញ​ពី​តំណែង

  • សុខ ខេមរា

វត្ត​នៅ​ប៉ៃលិន​ តាម​ផ្លូវ​ទៅ​ព្រំដែន​ជាមួយ​ថៃ។​
ប្រធាន​តុលាការ​ខេត្ត​ប៉ៃលិន ​លោក​ជុំ ស​ត្រូវដក​ហូត​មុខ​តំណែង​ដែល​ក្រុមមន្ត្រី​បាន​អះអាង​ថា​ មានការ​ប៉ះពាល់​ជាមួយ​នឹង​អ្នកមាន​អំណាច​ក្នុង​តំបន់​អតីត​ខ្មែរក្រហម​ផ្តាច់ខ្លួន​នេះ។​

ក្រុមមន្ត្រី​ក្រសួង​យុត្តិធម៌​ និង​មន្ត្រី​តុលាការ​បាន​អះអាង​ថា​ លោក ​ជុំ ស ​ប្រធាន តុលាការ​ខេត្ត​ប៉ៃលិន​ត្រូវ​ក្រុមប្រឹក្សា​វិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម​ សម្រេច​ដកហូត​ពីមុខ​តំណែង​ហើយ​កាលពី​ថ្ងៃទី​២៤​ខែ​ធ្នូនេះ​ ក្រោយពី​លោក​ត្រូវ​ គេ​រាយ​ការណ៍​មក​ថា​ ខកខាន​មិន​បាន​អនុញ្ញាត​ឲ្យមន្ត្រី​តុលាការ​របស់​លោក​ទៅ បំភ្លឺ​ចំពោះ​រឿង​ក្តី​មួយ​ ដែល​មាន​ការ​ចង់​ដឹង​ពី​លោកស្រី​បាន ​ស្រីមុំ ​តំណាង​រាស្ត្រ​ខេត្ត​ប៉ៃលិន ​និង​ជា​ភរិយា​អភិបាល​ខេត្ត​ប៉ៃលិន​លោក​អ៊ី ឈាន។​

ក្រុមមន្ត្រី​ដដែល​បាន​អះអាង​ថា​ លោក​ ជុំ ស​បានហាម​ចៅក្រម​ម្នាក់​មិន​ឲ្យ​ចូល​ ខ្លួនបំភ្លឺ​តាមការ​កោះហៅ​ជា​ឯកជន​របស់​អ្នក​តំណាង​រាស្ត្រ​នោះ​ដោយ​យល់ថា​ ជា​រឿងខុស​ច្បាប់។​ ក្រុមមន្ត្រី​ដដែល​នោះ​បាន​អះអាង​ថា​ ការ​កោះ​ហៅ​ចៅក្រម​ ស៊ើប​សួរ​អាច​ធ្វើ​ទៅ​បាន​គឺតំណាង​រាស្ត្រ​ត្រូវ​ធ្វើ​លិខិត​ទៅ​កាន់​ប្រធាន​សភា​ និង​ ក្រសួង​យុត្តិធម៌​ ឬឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។​ អ្នក​តំណាង​រាស្ត្រ​មិន​អាច​ កោះ​ហៅ​មន្ត្រី​តុលាការ​ទៅសួរ​ដោយ​ផ្ទាល់ខ្លួន​បាន​ទេ។​ នោះ​គឺ​ជារឿង​ខុស​ច្បាប់។​

មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ក្នុង​ខេត្ត​ប៉ៃលិន​ ប្រាក់​ ភីម៉ាគ្រាន់តែ​បាន​ បញ្ជាក់​ប្រាប់​វីអូអេ​យ៉ាងខ្លី​ថា ​មាន​ដំណឹង​អំពីការ​កោះ​ហៅ​ចៅក្រម​ទៅ​សួរ​មែន ​តែ​មិនដឹង​ពីមូល​ហេតុអ្វី​ច្បាស់​លាស់។​

គាត់​និយាយថា៖ «បើ​ចៅក្រម​មាន​កំហុស​គួរ​តែ​ប្តឹង​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃអង្គ​ចៅក្រម។​ ប៉ុន្តែ​ដល់​ ហៅ​មក​ឆៅ​អញ្ចឹង​ ខ្ញុំមិន​ដឹងថា ​យ៉ាង​ម៉េច​ដែរ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ បើតាម​របាយ​ការណ៍​ពី​ប្រភព​ស្និទ្ធ​នឹង​មន្ត្រី​តុលាការ​ ខេត្ត​ប៉ៃលិនដែល​ថ្លែងក្នុង​លក្ខខណ្ឌ​មិនឲ្យ​ប្រាប់​ឈ្មោះ​ដោយ​បារម្ភ​ពីការ​ធ្វើ​ទុក្ខ បុកម្នេញ​ បាន​ឲ្យ​ដឹង​ថា ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​មួយ​បាន​សម្រប​សម្រួល​ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែល​មាន​ន័យ​ថា​ ​ជនជាប់​ចោទ​បាន​ព្រម​ព្រៀង​បង់ប្រាក់​ជា​សំណង​ចំនួន​១​ម៉ឺន​៣​ពាន់​ដុល្លារ។​ តែជន​ជាប់​ចោទ​ជាភាគី​សំណង ​ក្រោយ​មក បាន​ចោទ​ប្រកាន់​បក​ទៅ​វិញ​ថា ​ចៅក្រម​តុលាការ​និង​ដើម​បណ្តឹង​បាន​ជម្រិត​ទារ ប្រាក់។​ ជនជាប់​ចោទ​បាន​ប្តឹង​ទៅ​សមាជិកសភា​ខេត្ត​ប៉ៃលិន​ឲ្យ​មាន​អន្តរា គមន៍។​

ដោយគេ​បាន​ដឹង​ថា ​មាន​ស្នាម​មេដៃ​ប្តឹង​តុលាការ​ពី​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ផង​ នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ត្រូវគេ​ដឹង​ថា​ បាន​ចូលរួម​ធ្វើ​ចំណារ​ផ្តល់​ភ្លើងខៀវ​គាំទ្រ​ដល់​មន្ត្រី​ខេត្ត​ប៉ៃលិន​របស់​លោក​អ៊ី ឈាន​ ដើម្បី​ដក​ប្រធាន​ តុលាការ​ ដែលមន្ត្រី​ក្រសួង​យុត្តិធម៌​ខ្លះ​បាន​អះអាង​ថា ​មិនទាន់​បាន​ចុះ​ធ្វើ​ អធិការកិច្ច​នៅ​ឡើយ​នោះ។​

វីអូអេ​បានព្យាយាម​ទាក់​ទង​សុំ​អត្ថាធិប្បាយ​ពី​លោក​អភិបាល​ខេត្ត ​អ៊ី ឈាន​ និង​លោក​ស្រី ​បាន ស្រីមុំ​ ជា​អ្នក​តំណាងរាស្ត្រ​ តែ​មិន​អាច​ទាក់ទង។​

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរុមនាថ​នរោត្តម​សីហ មុនី​បានឡាយ​ព្រហស្ថ ​លេខា​កាលពី​ថ្ងៃទី​២៦​ ខែ​ធ្នូ​តាម​សំណើ​របស់​មន្ត្រី​យុត្តិធម៌​ និង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដើម្បី​ផ្ទេរលោកជុំ សមក​បម្រើការងារ​ក្នុង ក្រសួង​យុត្តិធម៌​វិញ។ ​នេះបើ​តាម​ព្រះ​រាជក្រិត​ដែល​គេ​បាន​អាន​ជូន​វីអូអេ។​ លោក​លាង ​សួគ៌ ​មន្ត្រី​តុលាការ​ខេត្ត​ស្វាយរៀង​ ត្រូវតែង​តាំង​ជា​ប្រធាន​តុលាការ​ខេត្ត​ ប៉ៃលិន​ថ្មី​ ជំនួស​តំណែង​លោក​ ជុំ ស ។

ពីធី​ប្រកាស​ការ​ផ្ទេរ​តំណែង​នេះ​ត្រូវ​គេ​គ្រោង​នឹង​ធ្វើនៅ​ថ្ងៃទី​៦​ខែ​មករា​ឆ្នាំ២០១៤​សប្តាហ៍​ខាង​មុខ។​

តាម​ច្បាប់​ មន្ត្រី​តុលាការ​ត្រូវផ្ទេរ​ភារកិច្ច​រាល់​៤​ឆ្នាំ​ម្តង​ តែ​លោក​ជុំ ស ​ទើប​បំពេញ ការងារ​របស់​លោក​ប្រមាណ​៣​ឆ្នាំ​ប៉ុណ្ណោះ។​

អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ និង​មន្ត្រី​មាន​អំណាច​ថ្នាក់ខេត្ត​នេះ​បានធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពីក្រុម​អ្នកច្បាប់​និងមន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួនថា​ ជា​ការលូក​ដៃជ្រៀត​ជ្រែក​ប្រព័ន្ធ​តុលាការ​ដ៏ក្មេង​ខ្ចី​ក្នុង​ខេត្ត​ប៉ៃលិននេះ​ ហើយ​វា​ធ្វើ​ឲ្យប្តេជ្ញា​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​របស់​រដ្ឋាភិបាល​ ដើរថយ​ក្រោយ។​

លោក​ ជុំ ស ​ពេលនេះ​មិនអាច​ទាក់ទង​បាន​ដើម្បី​ធ្វើការ​ពន្យល់​អំពី​ដំណើរ​រឿង​ នោះ​ទេ ​ តែ​ការ​បញ្ឈប់​មុខនាទី​ ដោយ​មាន​សំណើ​ ​និង​ចំណា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ ​ត្រូវ​គេ​ដឹង​ថា​ មិន​អាច​ធ្វើ​ឲ្យ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ និង​មន្ត្រី​យុត្តិធម៌ប្រកែក​បាន​ទេ។​ នេះបើតាម​លិខិត​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃអង្គ​ចៅក្រម​ ដែល​គេ​បាន​អាន។​ លោក​ជុំ ស ​និង​មន្ត្រី​គយ​មួយ​ចំនួន​ត្រូវ​គេ​ដឹងថា ​ជា​ឧបសគ្គ​នៃ​ការ​រត់ពន្ធ​ប្រេង​គេច​ពន្ធ​តាម​ច្រក​ប៉ៃលិន​ផង​ដែរ។​

ខេត្ត​ប៉ៃលិន​ស្ថិត​នៅ​ជាប់នឹង​ព្រំដែន​ថៃ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា។​ ខេត្តនេះ​ ត្រូវ​គេ​ស្គាល់​ថា​ ជា​តំបន់​អតីត​ខ្មែរក្រហម​ដ៏សំខាន់​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ ឲ្យ​អតីត​មន្ត្រី​ខ្មែរក្រហម​កាន់កាប់​ ដែល​គេ​មើល​ឃើញ​ថា​ របៀប​ស្វ័យ​យ័ត។ ហើយ​ខេត្តនេះ​ក៏ត្រូវគេ​ដឹង​ថា​ ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​អភិបាល​ខេត្ត​អ៊ី ឈាន ​ដែលជា​អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​ដែរ​ ក្រោយពី​បាន​ផ្តាច់ខ្លួន​ចុះ ​ចូល​ជាមួយ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​១៥ ​ខែ​សីហា​ឆ្នាំ​១៩៩៦។

​តុលាការ​ក្នុង​ខេត្ត​នេះ​បាន​ចាប់ផ្តើម​កើត​ឡើង​ជាលើក​ដំបូង​កាលពី​ប្រមាណ​បីឆ្នាំ​មុន​នេះ។ ​រដ្ឋាភិបាល​បាន​ប្រកាស​ជារឿយៗ​អំពី​ការ​បែងចែក​អំណាច​ឲ្យ​ដាច់​ពី​គ្នានិង​ការតាំង​ចិត្ត​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ បញ្ចប់​ភាព​រួចទោស​ពៃរ៍ ​អភិបាល​កិច្ចល្អ​ និង​បំបាត់​អំពើ​ពុករលួយ​ជាដើម៕
XS
SM
MD
LG