តុលាការ​យក​វីដេអូ​ខុស​អង្គហេតុ​​ក្នុង​សវនាការ​លោក​វន់ ពៅ

អ្នក​គាំទ្រ​ឈរ​នៅ​មុខ​ផ្លូវ​មួយ​ដែល​ត្រូវ​បិទ​ ​ខណៈ​ដែល​ក្រុម​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​យាម​នៅ​​កន្លែង​នោះ​ជិត​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​ពេល​មាន​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ កាល​ពី​ថ្ងៃ​អង្គារ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៤។ (AP Photo/Heng Sinith)

លោក​វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ទាត់​ចោល​ភស្តុតាង​របស់​លោក​កែវ មុន្នី​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះដែល​បាន​លើក​យក​មក​បង្ហាញ​ក្នុង​អង្គ​សវនាការ។​

លោក​ កែវ មុន្នី​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះតុលាការ​ក្រុង​ភ្នំពេញ​ បាន​លើក​យក​សម្តី​ និង​វីដេអូ​ចំនួន​បី​ដើម្បី​ផ្ទៀង​ផ្ទាត់​សម្តី​របស់​លោក​វន់​ ពៅ​និយាយ​ក្នុង​ពេល​ធ្វើ​បាតុកម្ម។​

វីដេអូ​ទាំង​បី​នេះ​ត្រូវ​បាន​លោក​វន់ ពៅ​បាន​ទាត់​ចោល ​និង​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ វីដេអូ​ទាំង​នេះ​ត្រូវ​បាន​គេ​ថត​នៅ​ពេល​ដែល​លោក​ចូល​រួម​បាតុកម្ម​ជាមួយ​និងក្រុម​កម្មករ​នៅ​មុខ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៣​ដ ដែល​ខុស​ពី​អង្គហេតុ​ដែល​បាន​កើត​ឡើង​នៅ​រោងចក្រ​យ៉ាកជីង​ កាល​ពី​ថ្ងៃទី​២​ ខែមករា​ឆ្នាំ​២០១៤។​

លោក​វន់ ពៅ​បាន​បញ្ជាក់​ដោយ​សំឡេងច្បាស់ៗ​ថា៖ ​«ថ្ងៃ​នេះ​ខ្ញុំ​សូម​ជម្រាបលោក​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា​ថា​ ខ្ញុំ​ឆ្លើយ​តែ​នៅ​ក្នុង​អង្គហេតុ​ និង​សំណុំ​រឿង​ដែល​បាន​កើត​មាន​ឡើង​នៅ​រោង​ចក្រ​យ៉ាកជីង​តែ​ប៉ុណ្ណោះ។​ លោក​ចៅ​ក្រម​យក​អង្គ​ហេតុ​ផ្សេង​មក​ដាក់​បន្ទុក​នេះ​មិន​យុត្តិធម៌​ទេ»។​

លោក​វន់ ពៅ​បានដាក់​ជា​សំណួរទៅ​លោក​ចៅ​ក្រម​ ថា​តើ​លោក​ចៅ​ក្រម​មាន​បំណង​អ្វី​បាន​ជាយក​រឿង​ផ្សេង​មក​ដាក់​បន្ទុក​មក​លើ​រូប​លោក។

លោក​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះកែវ មុន្នី​បាន​ឆ្លើយ​ប្រាប់​ថា​ តាម​មាត្រា​ទី​៣២៥​នៃ​ក្រម​និតិ​វិធី​ព្រហ្ម​ទណ្ឌ​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះអាចលើក​យក​ភស្តុតាង​មក​ដាក់​ និង​ដក​បន្ទុក​ជនជាប់​ចោទ​បាន។ ក៏ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​ នេះ​មិន​មែន​ជា​អង្គហេតុ​ដែល​បាន​កើត​ឡើង​នៅ​រោង​ចក្រ​យ៉ាកជីង​ទេ​ តែ​លោក​គ្រាន់​តែ​ចង​បញ្ជាក់​ថា​ លោក​វន់ ពៅ​ពិត​ជា​បាន​និយាយ​មែន​ឬ​មិន​មែន។​

វីដេអូ​ដែល​លោក​ចៅ​ក្រម​យក​មក​បង្ហាញ​នេះ​បាន​បញ្ជាក់​ពី​សកម្មភាព​របស់​លោក​វន់ ពៅ​ឈរ​ស្រែក​តាម​ឧឃ្ឃោសនសព្ទ​អំពាវ​នាវ​ឲ្យកងកម្លាំងប្រដាប់​អាវុធ​ទាំង​អស់​ដាក់​អាវុធ​ចុះ​ដើម្បី​ចាប់​យក​ធម៌អហិង្សា ​និង​មាន​ពាក្យ​ពេជន៍ខ្លះ​លោក​បានឲ្យកង​កម្លាំងមាន​សមត្ថ​កិច្ច​កុំ​ស្តាប់​បញ្ជា ​និង​ចូល​រួម​ប្រឆាំង​ដើម្បី​រក​យុត្តិធម៌។​

សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​ក​ពាក់​ព័ន្ធ​នឹង​ភស្តុតាង​វីដេអូចំនួន​បី​នេះ។ ​លោក​លី សុផាន់​ណា​ តំណាង​អយ្យការ​មិន​បាន​ឆ្លើយ​ការពារ​វីដេអូ​ទាំង​នេះ​ទេ ​ដោយ​លោក​ឆ្លើយ​ដោះ​សារ​ថា ​វីដេអូ​នេះ​ជា​របស់​តុលាការ​តែ​ប៉ុណ្ណោះ។​

លោក​សម សុខគង់​ មេធាវី​ការពារ​ក្តីលោក​វន់​ ពៅ​ បាន​អះអាង​ថា​ តុលាការ​មិន​អាច​លើក​យក​សម្តី​កូន​ក្តី​របស់​លោក​ដែលនិយាយ​នៅកន្លែង​ផ្សេង​មក​ដាក់​ក្នុង​អង្គ​សវនាការ​នេះ​បាន​ទេ។ ​លោក​បាន​បញ្ជាក់​ថា​ តុលាការ​គួរតែ​លើក​យក​តែ​សម្តី​កូនក្តី​របស់​លោកដែល​និយាយ​នៅ​រោង​ចក្រ​យ៉ាកជីង​មក​ធ្វើ​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ​បាន​ហើយ។​

Your browser doesn’t support HTML5

តុលាការ​បន្ត​សវនាការ​លោក​​ វន់ ពៅ​និង​កម្មករ​តវ៉ា​នៅ​រោងចក្រ​យ៉ាកជីង


បន្ទាប់ពី​បញ្ចប់​សវនាការ​ លោក​សម សុខគង់​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ តុលាការ​មាន​ភាព​លម្អៀង​ក្នុង​ការ​រក​ភស្តុតាង​ដើម្បី​មក​ចោទ​ប្រកាន់​ទៅ​លើ​ជនជាប់​ចោទ ​ជាជាង​រក​យុត្តិ​ធម៌​ដល់​ពួកគេ។​

លោក​និយាយ​ថា៖​ «ទាក់​ទង​នឹង​ការ​បង្ហាញ​ភស្តុតាង​ខុស​ពី​អង្គ​ហេតុ​នេះ​គឺ​មើល​ទៅ​វា​ប៉ះពាល់​ដល់​ការ​ទទួល​បាន​នូវ​យុត្តិធម៌​របស់​ជន​ជាប់​ចោទ​ ដោយ​សារ​វា​ជា​ការ​សន្មត​ទុក​ជា​មុន។ វាខុស​នឹង​គោល​ការណ៍​សន្មត​ទុក​ជាមុន។​ ហើយ​មើល​ទៅ​យើង​ឃើញ​មាន​ភាព​លម្អៀង​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ជាប់​ចោទ»។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​មាន​ប្រសាសន៍​ថា ​លោក​ចៅ​ក្រម​បាន​ព្យាយាម​រក​ភស្តុតាង​ញុះញង់​ដើម្បី​ចោទ​ប្រកាន់​លោក​វន់​ ពៅ​ទៅ​នឹង​ព្រឹត្តិ​ការណ៍​នៅ​រោង​ចក្រ​យ៉ាកជីង។​

ក៏​ប៉ុន្តែ​ទង្វើ​របស់​លោក​ចៅ​ក្រម​បាន​ដើរ​តួនាទី​ជាព្រះ​រាជ​អាជ្ញា​ ​ជាជាង​ក្នុង​នាម​លោក​ជា​ចៅ​ក្រម។​

លោក​និយាយ​ថា៖ ​«អ្វី​ដែល​ជាការ​បង្ហាញ​ភស្តុតាង​ជា​បន្ទុក​របស់​ព្រះ​រាជ​អាជ្ញា។​ ​ហើយ​ព្រឹក​មិញ​យើង​ឃើញ​ហើយ​ថា​ ព្រះ​រាជ​អាជ្ញា​បាន​បដិសេធ​ថារូប​ទាំង​អស់​ហ្នឹង​មិន​មែន​ជារបស់​គាត់​ទេ។ ហើយ​គាត់​ថា​ ជា​របស់​ចៅ​ក្រម។​ ចៅ​ក្រម​គាត់​ថា ​មិន​មែន​របស់​គាត់​ទេ​គឺ​ជា​របស់​តុលាការ។​ ​អញ្ចឹង​យើង​ឃើញ​ថា​ តើ​រូប​ភាព​ហ្នឹង​មក​ពី​ណា​ ហើយ​ក្នុង​គោល​បំណង​អ្វី?»។

សវនាការ​នៅ​ថ្ងៃ​ពុធ​នេះបាន​បញ្ចប់​ត្រឹម​ពាក់​កណ្តាល​ ដោយ​សារ​តែ​លោក​ វន់ ពៅ​បាន​ស្នើ​សុំ​ពន្យារ​ពេល​សវនាការ​ដោយ​សារ​តែ​លោក​មាន​សុខភាព​ទ្រុឌ​ទ្រោម​ ថប់​ដង្ហើម​ និង​វិល​មុខ​ ​មិន​អាច​ឆ្លើយ​ទៅ​នឹង​សំណួររបស់​មេធាវី​ការពារ​ក្តី​បាន​ទេ។​

លោក​កែវ មុន្នី​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះក៏​បាន​ប្រកាស​ផ្អាក​សវនាការ​ហើយ​នឹង​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ទៀត៕