ភ្នំពេញ —
ប្រទេសកម្ពុជាបានបើកប្រតិបត្តិការជួយស្វែងរកយន្តហោះបាត់ខ្លួននៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស្យា អ៊ែឡាញ (Malaysia Airlines) រយៈពេលមួយថ្ងៃកាលពីថ្ងៃអង្គារម្សិលមិញនេះ។ ក៏ប៉ុន្តែមិនបានប្រទះឃើញស្លាកស្នាមណាមួយរបស់យន្តហោះនោះទេ។ (មើលក្រាហ្វិកប្រទេសចូលរួមប្រតិបត្តិការពហុជាតិ)
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកាលពីថ្ងៃអង្គារឲ្យដឹងថា ប្រតិបត្តិការនេះប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួនបួនគ្រឿងធុនZ-9និងនាវាល្បាតសមុទ្រធុន P46 ចំនួនពីរគ្រឿង។ ឧទ្ធម្ភាគចក្រទាំងបួនគ្រឿងនិងនាវាល្បាតទាំងនេះត្រូវបានដាក់ឲ្យប្រើប្រាស់ដើម្បីរុករកនៅតាមកោះនានាក្នុងផ្ទៃសមុទ្រកម្ពុជា និងនៅដែនសមុទ្រជាប់ព្រំដែនជាមួយប្រទេសវៀតណាម។
មធ្យោបាយប្រតិបត្តិការទាំងនេះសុទ្ធសឹងជាជំនួយរបស់ប្រទេសចិន ដែលមានជនជាតិរបស់ខ្លួនចំនួនពីរភាគបីនៃចំនួនអ្នកដំណើរសរុប២៣៩នាក់នៅក្នុងយន្តហោះធុនប៊ូអ៊ីង៧៧៧ ជើងហោះហើរ MH៣៧០។ យន្តហោះនេះបានបាត់ពីប្រព័ន្ធរ៉ាដាក្នុងពេលកំពុងហោះហើរចេញពីទីក្រុងគួឡាឡាំពួទៅកាន់ទីក្រុងប៉េកាំងថ្ងៃទី៨ខែមិនា មកទល់នឹងថ្ងៃពុធនេះមានរយៈពេល១១ថ្ងៃហើយ នៅតែមិនមានដំណឹងអំពីយន្តហោះនេះនៅឡើយ។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកទៀ សុខា ក្មួយប្រុសបង្កើតរបស់លោកដែលជាមេបញ្ជាការរងកងទ័ពជើងទឹក តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
យោងតាមគេហទំព័ររបស់ក្រសួងការពារជាតិ នៅថ្ងៃពុធនេះឲ្យដឹងថា ក្នុងឧទ្ធម្ភាគចក្រទាំង៤គ្រឿងនោះមានកងទ័ពជើងអាកាសចំនួន៣២នាក់និងកម្លាំងបម្រើការលើផ្ទៃដីចំនួន៥៨នាក់។
វីអូអេក៏បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោកឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស តែមិនអាចស្វែងរកទំនាក់ទំនងបានទេនៅថ្ងៃនេះ។ ក៏ប៉ុន្តែលោកត្រូវស្រង់សម្តីក្នុងគេហទំព័រក្រសួងការពារជាតិថា យន្តហោះទាំងបួនគ្រឿងបានចេញប្រតិបត្តិការហោះហើររុករកនៅតាមតំបន់ភ្នំក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តពោធិសាត់កាលពីម្សិលមិញនេះ។ ក៏ប៉ុន្តែប្រតិបត្តិការរយៈពេលបីម៉ោងនោះមិនបានរកឃើញអ្វីនោះទេ។
គេហទំព័រដដែលបង្ហាញថា កងទ័ពម៉ារីនកម្ពុជាដែលបានចេញដំណើររុករកក្នុងដែនសមុទ្រកាលពីថ្ងៃអង្គារក៏មិនបានរកឃើញដានដែលទាក់ទងនឹងយន្តហោះបាត់ខ្លួននោះដែរ។
កាលពីសប្តាហ៍មុន ប្រទេសកម្ពុជាបានបើកផ្លូវឲ្យប្រទេសវៀតណាមប្រើប្រាស់ដែនអាកាសរបស់ខ្លួនក្រោយពីមានការផ្តល់សញ្ញាសង្ស័យពីផ្កាយរណបពីប្រទេសចិន។ វៀតណាមបានប្រើប្រាស់ពេលវេលាចំនួនបីម៉ោងក្នុងការរុករកស្រាវជ្រាវនោះ ហើយក៏មិនបានរកឃើញយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនោះដែរ។
ទីប្រឹក្សាអមស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងភ្នំពេញមិនធ្វើអត្ថាធិប្បាយណាមួយទេចំពោះការព្យាយាមរបស់កម្ពុជាចូលរួមសហប្រតិបតិ្តការរុករកយន្តហោះនៃក្រុមហ៊ុនរបស់ប្រទេសខ្លួននោះ។ លេខារបស់លោកឲ្យដឹងថា លោកសុំមិនធ្វើអត្ថាធិប្បាយ។
ដោយឡែកលោកចេង ហុងបូ អ្នកនាំពាក្យស្ថានទូតចិនអបអរសាទរការសម្រេចចិត្តរបស់ក្រសួងការពារជាតិកម្ពុជា។
«យើងមានការសប្បាយរីករាយជាខ្លាំងដោយឮដំណឹងថា ប្រទេសកម្ពុជាបញ្ជូនកងទ័ព និងឧទ្ធម្ភាគចក្ររបស់ខ្លួន ក៏ដូចជាកងទ័ពអាកាស ដើម្បីស្វែងរកយន្តហោះ ដែលបានបាត់នោះ។ ខ្ញុំសូមកើតសរសើរប្រទេសកម្ពុជាចំពោះការជួយនេះ»។
រហូតមកទល់ពេលនេះមានប្រទេសចំនួន២៦បានចូលរួមប្រតិបត្តិការស្វែងរកយន្តហោះដែលបាត់នេះ។
លោក កែវ ស៊ីវន អគ្គនាយកអាកាសចរណ៍ស៊ីវិលទទួលបន្ទុកការងារបច្ចេកទេស មានប្រសាសន៍ថា កម្ពុជានៅតែតាមដាន និងសហការផ្នែកព័ត៌មានជាមួយបណ្តាប្រទេសសមាជិកអាស៊ានក្នុងការស្វែងរកយន្តហោះប៊ូអ៊ីង៧៧៧របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនេះ។
«តួនាទីនិងភារកិច្ចរបស់យើងជាសមាជិកអាស៊ានហើយក៏ដូចជាអាកាសចរណ៍ស៊ីវិល យើងនៅតែមានកិច្ចសហប្រតិបត្តិការបន្តការងារនេះរហូត។កាលណាមានព័ត៌មានអី្វ យើងនឹងធ្វើការផ្លាស់ប្តូរព័ត៌មាននេះរហូត»។
ទោះជាយ៉ាងណា ប្រទេសកម្ពុជាត្រូវគេមើលឃើញថា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ផ្នែកសម្ភារៈសម្រាប់ការធានាដល់ការរួមចំណែកស្វែងរកយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនេះ ឲ្យបានទូលំទូលាយនោះទេ៕
ក្រាហ្វិក៖ ប្រតិបត្តិការចម្រុះជាតិស្វែងរកនិងសង្គ្រោះ Search and Rescue (SAR) ដើម្បីស្វែងរកយន្តហោះម៉ាឡេស៊ី MH 370