ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥ នាថ្ងៃពុធ ទី២២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញារក្សាទំនាក់ទំនងស្អិតរមួតរវាងគ្នា ស្របពេលខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីនោះថាផ្លូវជាតិលេខ៥ចាប់ពីព្រែកក្តាម ដល់ខេត្តបាត់ដំបង និងពីខេត្តបាត់ដំបង ដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺជាឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់សរុប៦៩១លានដុល្លារអាមេរិក។ លោកចាត់ទុកផ្លូវនេះជា«និមិត្តរូបរឹងមាំ»នៃទំនាក់ទំនងកម្ពុជា-ជប៉ុន។
លោកថ្លែងថា៖ «ជាពិសេសថ្ងៃនេះ គឺនិមិត្តរូបនៃការបន្តនូវទំនាក់ទំនងកម្ពុជាជប៉ុនដែលកាន់តែរឹងមាំ ហើយយើងនឹងបន្តតទៅទៀត»។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រគ្រប់បែបយ៉ាង ទាំងធនធានមនុស្ស ចំណេះដឹង បច្ចេកទេស និងធនធានហិរញ្ញវត្ថុដល់កម្ពុជា។
លោកថ្លែងថា៖ «ការគាំទ្រទាំងនេះសបញ្ជាក់ថាជប៉ុន គឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយគម្រោងអភិវឌ្ឍន៍ជាច្រើន នឹងមិនអាចសម្រេចបានឡើយ បើសិនគ្មានការចូលរួមរបស់ភាគីជប៉ុន»។
ទំនាក់ទំនងការទូតជាផ្លូវការដំបូង រវាងកម្ពុជានិងជប៉ុន ត្រូវបានបង្កើតក្នុងឆ្នាំ១៩៥៣។ ជាមួយគ្នានេះ ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជា-ជប៉ុន បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីដល់កម្រិត«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ី។ នេះបើតាមលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃពុធនេះ ក៏បានប្រកាសបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីក្រុងសិរីសោភ័ណទៅដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលជាប់ព្រំដែនប្រទេសថៃ ដែលគ្រោងចំណាយថវិកាប្រមាណ៥៣លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន និងបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។
ក្រៅពីឥណទានសម្បទាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថារដ្ឋាភិបាលជប៉ុនក៏តែងតែផ្តល់ហិរញ្ញប្បទានឥតសំណង ព្រមទាំងជំនួយបច្ចេកទេសអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជា។
លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចជានាយករដ្ឋមន្រ្តីកម្ពុជាបានរយៈពេល៣ខែ សង្ឃឹមថា រដ្ឋាភិបាលកម្ពុជានិងជប៉ុន នឹងមានជំនួបទ្វេភាគីរវាងគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នាខែធ្នូខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកថ្លែងថា៖ «នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានជប៉ុន នៅប្រទេសជប៉ុន នៅខែធ្នូខាងមុខ ខ្ញុំសង្ឃឹមថាយើងនឹងមានជួបពិភាក្សាទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែជោគជ័យផងដែរ»។
លោក Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥នោះថា គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ដែលចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៨ គឺជាគម្រោងឥណទានសម្បទានធំបំផុតមួយរបស់រដ្ឋាភិបាលជប៉ុន ក្នុងចំណោមគម្រោងដទៃទៀតដែលធ្លាប់បានអនុវត្តនៅកម្ពុជា។ លោកបន្តថាជប៉ុនមានបំណងធ្វើឱ្យទំនាក់ទំនងជាមួយកម្ពុជាកាន់តែស៊ីជម្រៅលើគ្រប់វិស័យ និងមានគោលបំណងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតជប៉ុនថ្លែងដោយមានការប្រែសម្រួលដោយអ្នកបកប្រែថា៖ «ក្នុងនាមរាជរដ្ឋាភិបាលជប៉ុន យើងមានបំណងធ្វើឱ្យទំនាក់ទំនងរបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជាកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រួមទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ស្របពេលដែលមានការសហការជាមួយក្រុមហ៊ុន និងអង្គការឯកជនរបស់ប្រទេសជប៉ុនផងដែរ»។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា យល់ឃើញថា ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ល្អសម្រាប់កម្ពុជា ហើយជាពិសេសបានជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោត និងការអភិវឌ្ឍនានា។
លោកថ្លែងថា៖ «ប្រទេសជប៉ុនជាប្រទេសមួយដែលប្រកាន់យករបបប្រជាធិបតេយ្យ ហើយប្រទេសជប៉ុន ក៏ជួយជំរុញកម្ពុជាអភិវឌ្ឍតាមបែបប្រជាធិបតេយ្យហ្នឹងច្រើន មិនដូចប្រទេសចិន។ គ្រាន់ថាកម្ពុជាមានភាពជិតស្និទ្ធជាមួយប្រទេសចិន ច្រើនជាងប្រទេសនានាក្នុងពិភពលោក»។
លោកបន្ថែមថា ការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរបស់ជប៉ុនតែងតែគិតអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលខុសគ្នាពីកម្ចីរបស់ចិន ដែលលោកថាមិនបានគិតគូរអំពីបញ្ហាទាំងនេះឡើយ។ លោកបន្ថែមថាទាំងការផ្តល់ជំនួយ និងការសាងសង់ហេដ្ឋារចនាសម្ពន្ធនៅកម្ពុជាដោយភាគីជប៉ុន តែងតែត្រូវបានប្រជាពលរដ្ឋកម្ពុជាសាទរច្រើន ដោយហេតុថាពលរដ្ឋមើលឃើញពីគុណភាព និងតម្លាភាពនៃជំនួយ និងការសាងសង់។
បើតាមគេហទំព័ររបស់ក្រសួងការបរទេសជប៉ុន គិតចាប់ពីឆ្នាំ១៩៩២ ដល់២០២០ ជប៉ុនបានផ្តល់កម្ចីសម្បទានដល់កម្ពុជាប្រមាណ១៤០០លានដុល្លារអាមេរិក និងជំនួយឥតសំណងប្រមាណ ១៥០០លានដុល្លារអាមេរិក៕