ក្រុមហ៊ុនចិនឈ្មោះ Shanghai Construction Group (SCG) បានដាក់គ្រឿងចក្រតៀមសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ក្រោមឥណទានសម្បទានរបស់ប្រទេសចិន ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក។ បើទោះមានការដាក់គ្រឿងចក្ររួចទៅហើយ ប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់ទាំង២នោះប្រាប់វីអូអេថាពួកគេព្រួយបារម្ភអំពីផលប៉ះពាល់ ដោយសារអាជ្ញាធរមិនទាន់ផ្តល់ដំណឹងជាក់លាក់អ្វីនៅឡើយពាក់ព័ន្ធនឹងផលប៉ះពាល់។ ពលរដ្ឋទាំងនោះស្នើឱ្យរដ្ឋផ្តល់សំណងសមរម្យតាមតម្លៃទីផ្សារ។
អ្នកស្រី ប៉ែន សាវ៉ន អាយុ៦៤ឆ្នាំ រស់នៅភូមិតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានវីអូអេថាអ្នកស្រីទើបតែទទួលបានដំណឹងក្រៅផ្លូវការ កាលពីចុងខែតុលាថាផ្ទះរបស់អ្នកស្រីនឹងរងផលប៉ះពាល់ដោយសារការសាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ថ្មីមួយនេះ។
ប្រសិនផ្ទះរបស់អ្នកស្រីពិតជារងផលប៉ះពាល់ អ្នកស្រីស្នើឱ្យរដ្ឋផ្តល់សំណងឱ្យបានសមរម្យ ទៅតាមតម្លៃទីផ្សារ ដើម្បីអាចឱ្យអ្នកស្រីយកលុយទាំងនោះទៅទិញដីនិងសាងសង់ផ្ទះបានសមរម្យ និងដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារបន្ថែមទៀត។
កំពុងអង្គុយយោលអង្រឹង បំពេរក្មេងតូច និងមើលក្មេងប្រមាណជិត១០នាក់ ដែលអ្នកជិតខាងយកមកឱ្យជួយមើលថែ អ្នកស្រី ប៉ែន សាវ៉ន ប្រាប់អ្នកសារព័ត៌មានវីអូអេថា៖ «ពេលថ្ងៃប្លង់ចេញមក គេឱ្យយើងទៅវត្តយើងហ្នឹង [ចាក់អង្រែ] គេបិទឈ្មោះយើងធ្លាក់ប្លង់មកនោះ ដល់ពេលប្លង់ចំនៀរ[ប៉ែក] ពួកអ៊ំខាងនេះ វាមានសញ្ញាសូន្យ។ ដល់ហើយយើងសួរថាអ៊ំចង់ផ្តិតមេដាយ ដល់ហើយគេប្រាប់ ម្តុំហ្នឹងចំផ្លូវមួយជួរហ្នឹង អ៊ីចឹងអត់បាច់ផ្តិតមេដៃទេ ហើយគេថាចុះមកវាស់ម្តងទៀត»។
ចំណែកពលរដ្ឋម្នាក់ទៀត អ្នកស្រី ប៉ែន សាវី អាយុ៦០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់អ្នកស្រី ប៉ែន សាវ៉ន ដែលមានផ្ទះជាប់គ្នា នៅក្នុងភូមិតាឡុង២ សង្កាត់ចាក់អង្រែក្រោមនោះ ក៏បញ្ជាក់ដូចអ្នកស្រីសាវ៉ន អំពីការព្រួយបារម្ភ ប្រសិនបើផ្ទះរបស់អ្នកស្រីពិតជាប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានឆ្លងទន្លេមួយនេះ។
អ្នកស្រីក៏ស្នើដល់រដ្ឋាភិបាលផ្តល់សំណងដល់ពលរដ្ឋឱ្យបានសមរម្យ ដែលស្មើតម្លៃទីផ្សារបច្ចុប្បន្ន ដើម្បីងាយស្រួលដោះដូរទៅរស់នៅកន្លែងថ្មី។
អ្នកស្រីប្រាប់អ្នកសារព័ត៌មានវីអូអេថា៖ «ចង់ឱ្យធ្វើតាមទីផ្សារទៅ ហើយបានសមរម្យ យើងទៅធ្វើផ្ទះ អ៊ីចឹងទៅណា ទិញដីទីញអី អ៊ីចឹងទៅ។ ហើយដីហ្នឹង[ស្នាក់នៅរាល់ថ្ងៃ] លូកមិនចុះទេ ដីអស់ហ្នឹង»។
មិនខុសគ្នាប៉ុន្មាននោះទេ ពលរដ្ឋដែលរស់នៅជិតវត្តព្រែកប្រាក៏ មិនទាន់ដឹងព័ត៌មានច្បាស់លាស់អំពីផលប៉ះពាល់ នៃការសាងសង់ស្ពានឆ្លងទន្លេបាសាក់ថ្មីនេះនៅឡើយ ដោយពួកគេគ្រាន់តែដឹងថាទីតាំងណាខ្លះ ដែលអាចនឹងរងផលប៉ះពាល់។
បើតាមពលរដ្ឋទាំងនោះ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែ-ព្រែកប្រា នឹងតភ្ជាប់ពីផ្សារទំនើបAEON៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្ជាប់ទៅកាន់បុរីប៉េងហួតបឹងស្នោ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពលរដ្ឋម្នាក់ទៀតដែលរស់នៅក្នុងភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ លោក អឿ សុខា អាយុ៣៦ឆ្នាំ មិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយទេអំពីផលប៉ះពាល់ ដោយត្រឹមតែទទួលបានព័ត៌មានក្រៅផ្លូវការថា ផ្ទះថ្មរបស់លោកអាចនឹងត្រូវប៉ះចំផ្លូវនៃគម្រោងសាងសង់ស្ពានឆ្លងទន្លេនេះ។ ប្រសិនបើផ្ទះរបស់លោកប៉ះពាល់មែន ពលរដ្ឋរូបនោះស្នើឱ្យមានការផ្តល់សំណងសមរម្យតាមតម្លៃទីផ្សារ។
លោកបន្ថែមថា៖ «យើងមើលដែរ មើលតាមទីផ្សារដែរ ឱ្យវាបានសមរម្យ យើងមកនៅក្នុងភ្នំពេញ អ៊ីចឹងវិញទៅ កុំឱ្យយើងទៅក្រោមៗ[ឆ្ងាយៗ]ទៀត ព្រោះខ្ញុំវាអត់ចង់ទៅនៅក្រោមទៀតទេ ព្រោះនៅទីនេះកៀកបង កៀកប្អូន ហើយម៉ែ គាត់ចេះតែចេញចូលជាមួយកូនចៅអ៊ីចឹង»។
បើតាមលោក អឿ សុខា ទាំងតម្លៃផ្ទះនិងតម្លៃដីដែលលោកកំពុងកាន់កាប់បច្ចុប្បន្ន មានតម្លៃមិនក្រោម១០ម៉ឺនដុល្លារអាមេរិកនោះទេ។ ពលរដ្ឋរូបនោះឱ្យដឹងថាលោកត្រូវរងបន្ទុកបង់សងធនាគារជារៀងរាល់ខែ ដោយសារលោកបានខ្ចីលុយយកមកសាងសង់ផ្ទះថ្ម ដើម្បីអាចរស់នៅសមរម្យជាមួយក្រុមគ្រួសារ។
លោកបញ្ជាក់ថាប្រសិនបើការសងសំណងទាបជាងតម្លៃទីផ្សារ នោះវានឹងប៉ះពាល់ជីវភាពក្រុមគ្រួសាររបស់លោកបន្ថែមទៀត។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ប្រហែលចាប់ផ្តើមការដ្ឋានសាងសង់ ដោយបុកគ្រឹះនៅក្នុងឆ្នាំ២០២៣នេះ។
លោកថ្លែងថា៖ «ឥឡូវយើងមាន[ស្ពាន]៨ខ្សែ រាប់តាំងពីព្រែកព្នៅ រហូតដល់ស្ពានព្រែកសំរោង។ ឥឡូវគ្រោង៣ខ្សែទៀត ខ្សែធំ គឺស្ពានអរិយក្សត្រ ទៅផ្សាររាត្រី ផ្សារចាស់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលកំពុងរៀបចំគ្រោង ស្ពានព្រែកប្រាដែលចរចារួចហើយប្រហែលជាបុកគ្រឹះក្នុងឆ្នាំនេះ ហើយនិងស្ពានមេគង្គក្រោមចាក់អង្រែលើមួយទៀត។ អ៊ីចឹងយើងសង្ឃឹមថា ស្ពានទាំងអស់នេះ ភ្ជាប់បន្ថែមទៀត វានឹងជំរុញសេដ្ឋកិច្ចទៅទិសខាងកើត បន្ថែមទៅលើផ្លូវជាតិលេខ៦A តែសំខាន់បណ្តោយផ្លូវជាតិលេខ១នេះ នឹងបន្តថែមទៀត ថែមទាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតថែមទៀត»។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថាមិនទាន់មានការកំណត់ថ្ងៃជាក់លាក់នៃការបើកការដ្ឋានសាងសង់ស្ពាននេះនៅឡើយទេ។ ចំពោះផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋវិញ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះបញ្ជាក់ថាក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះពិនិត្យវាស់វែង វាយតម្លៃនាពេលខាងមុខ ហើយពេលនេះ ក្រសួងមិនទាន់មានទិន្នន័យជាក់លាក់នៃចំនួនគ្រួសារដែលត្រូវរងផលប៉ះពាល់នោះទេ។
លោកបន្ថែមថា៖ «ការដោះស្រាយ គឺអនុវត្តតាមនីតិវិធី និងគោលការណ៍ដោះស្រាយផលប៉ះពាល់ ដែលមានការសម្រេចពីរាជរដ្ឋាភិបាល»។
កាលពីខែកញ្ញា កម្ពុជា-ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់នេះ ក្នុងទំហំទឹកប្រាក់ប្រមាណ៦០លានដុល្លារអាមេរិក។ ការចុះហត្ថាលេខានោះធ្វើឡើងក្នុងទីក្រុងប៉េកាំងប្រទេសចិន នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅទីនោះ។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់វីអូអេថាការកសាងស្ពាននេះឡើង ក៏ជាផ្នែកមួយក្នុងការអភិវឌ្ឍប្រទេស។ លោកបន្ថែមថាប្រសិនបើការសាងសង់ស្ពាននេះ ប៉ះពាល់លំនៅឋាន ឬដីរបស់ប្រជាពលរដ្ឋក្នុងកម្រិតតិចតួចក្តី រដ្ឋាភិបាលគួរសិក្សាពីផលប៉ះតាមនីតិវិធីច្បាប់ ហើយផ្តល់ដំណោះស្រាយ និងសំណងដែលអាចទទួលយកបានពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
លោក វណ្ណ សុផាត ថ្លែងថា៖ «អ៊ីចឹងមានន័យថា មួយម៉ែត្រការ៉េប៉ុន្មាននៅម្តុំដែលគាត់រងផលប៉ះពាល់ហ្នឹង អាហ្នឹងយើងគិតតម្លៃតាមទីផ្សាររបស់នៅតំបន់នោះទៅ ហើយប្រសិនបើត្រូវឱ្យគាត់ផ្លាស់ប្ដូរទីលំនៅអី ក៏ទីលំនៅថ្មីហ្នឹងក៏ត្រូវតែជាតំបន់មួយដែលប្រហាក់ប្រហែល ឬប្រសើរជាងតំបន់ដែលគាត់រស់នៅចាស់នោះឯង»។
លោកកត់សម្គាល់ថាប្រសិនបើការដោះស្រាយដោយមានតម្លាភាព និងសងសំណង ដូចករណីអគារប៊ូឌីញស ដែលក្រុមហ៊ុនជប៉ុនវិនិយោគនៅពេលនោះ ពលរដ្ឋនឹងមានភាពងាយស្រួលក្នុងការចាកចេញ ដោយមិនមានការតវ៉ា៕