កម្ពុជា និង​ប្រទេស​​​៣៦​ទៀត​ការពារ​នយោបាយ​សិទ្ធិ​មនុស្ស​របស់​ចិន​នៅ​អ.ស.ប.

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស នៅក្រសួងការបរទេស​ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ឯកអគ្គរដ្ឋ​ទូត​ចិន​បាន​ថ្លែង​អំណរ​គុណ​ប្រទេស​ចំនួន​៣៧​នៅ​ឯ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​របស់​អ.ស.ប.​ចំពោះ​ការចុះ​ហត្ថ​លេខា​លើ​លិខិត​គាំទ្រ​គោលនយោបាយ​របស់​ចិន​ផ្នែក​សិទ្ធិ​មនុស្ស។ នៅថ្ងៃពុធ​មន្រ្តី​ជាន់ខ្ពស់​កម្ពុជា​បាន​​ថា កម្ពុជា​ក៏​ស្ថិត​ក្នុង​ប្រទេស​ទាំង​៣៧​នោះ​ដែរ។

កម្ពុជា ​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៣៧ ដែល​បានសរសេរ​លិខិត​គាំទ្រ​ជំហរ​របស់​ប្រទេស​ចិន​ ក្នុង​ការ​បង្កើត​តំបន់​ស្វ័យត​ស៊ីនជាង ​ដើម្បី​ប្រមូល​ផ្តុំ​ជនជាតិ​ Uighur ​និង​ជនជាតិ​ម៉ូស្លីម​ដទៃ​ទៀត។​

ការ​បង្ហាញ​ជំហរ​របស់​ប្រទេស​កម្ពុជានេះ​កើត​មាន​ឡើង​ ​ស្រប​ពេល​ដែល​ប្រទេស​លោក​ខាង​លិច​យ៉ាង​តិច​ចំនួន​២២ប្រឆាំង​នឹង​ការ​បង្កើតតំបន់​ស្វ័យត ​ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​ «មជ្ឈ​មណ្ឌល​ហ្វឹក​ហាត់​វិជ្ជា​ជីវៈ»​ របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង។​ ក្រុម​តស៊ូ​មតិ ​និងក្រុម​ម៉ូស្លីម​ជនជាតិ​ភាគតិច​ជាង​មួយ​លាន​នាក់​កំពុង​ស្ថិតក្នុង​ជំរំ​ឃុំឃាំង​នោះ។​

ប្រទេស​ប្រជា​ធិបតេយ្យ​ទាំង​២២ បាន​ថ្កោល​ទោស​ប្រទេស​ចិន​ដោយចាត់​ទុក​ថា ការ​បង្ខាំង​ជនជាតិ​ Uighur ​និង​ជនជាតិ​ម៉ូស្លីម​ដទៃ​ទៀត​ក្នុង​ជំរំ​បែប​នេះ​គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

លោក​ កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ប្រាប់​ VOA តាម​រយៈ​សារ​អេឡិច​ត្រូនិច​តេឡេក្រាម​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រទេស​កម្ពុជា​ រួម​ជាមួយ​ប្រទេស​៣៦​ទៀត បាន​ពន្យល់​ទៅ​កាន់​ក្រុម​ប្រឹក្សា​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ថា «កុំ​យក​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ឧបករណ៍​ដើម្បី​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង»​ របស់ប្រទេស​ចិន។

​លោក​កេត សោផាន់​បន្ថែម​ថា​ ​ប្រទេស​ទាំង​៣៧​ក៏បាន​ស្នើ​ឲ្យក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស«អនុវត្ត​ទៅ​តាម​និយាម​ និង​ការ​ប្រតិបត្តិ​នានា​របស់​ក្រុម​ប្រឹក្សា​(Norms and Practuces)»ដែល​កំណត់​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​គឺ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​រដ្ឋ​សមាជិក​នីមួយៗ​ ​ទៅ​តាម​ស្ថានភាព​ផ្ទាល់​របស់​រដ្ឋ​ទាំង​នោះ។​

សារ​ព័ត៌មាន​ផ្លូវ​ការ​រដ្ឋចិន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ បញ្ជាក់​ថា ​ឯក​អគ្គ​រដ្ឋទូត​នៃ​ប្រទេស​ចំនួន​៣៧ រួម​មាន​ប៉ាគីស្ថាន ​អារ៉ាប៊ីសាអូឌីត​ អាល់ហ្សេរី ​រុស្ស៊ី​ និង​គុយបា​ជាដើម​បាន​ផ្ញើ​លិខិត​រួមគ្នា​មួយ​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​(អ.ស.ប.)​ និង​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទិ្ធ​មនុស្ស​របស់​អ.ស.ប.​នៅ​ទីក្រុង​ហ្សឺណែវ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ប្រទេស​ចិន ​ពាក់ព័ន្ធ​នឹងវិស័យ​សិទ្ធិ​មនុស្ស។​

ប្រទេស​ទាំង​នោះ​បាន​កោ​ត​សរសើរថា​ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន​ទទួល​បាន​«សមិទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់»​ ដោយ​កាន់​យក​ទស្សន​វិជ្ជា​ផ្តោត​លើ​ការ​អភិវឌ្ឍ​ប្រជាជន​ និង​ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ​អភិវឌ្ឍ។ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រដ្ឋ​ចិនស៊ីនហួរ។​

សារ​ព័ត៌មាន​ដដែលបញ្ជាក់​ថា​ ​ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​អ.ស.ប.បានថ្លែង​អំណរ​គុណ​ប្រទេស​ទាំង​៣៧​នៅ​ឯ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​របស់​អ.ស.ប.កាល​ពី​ថ្ងៃ​សុក្រ​ចំពោះ​ការ​ចុះ​ហត្ថលេខា​លើ​លិខិត​គាំទ្រ​គោល​នយោបាយ​របស់​ខ្លួន។​

ប៉ុន្មាន​ថ្ងៃ​មុន​លិខិត​របស់​ប្រទេស​ចំនួន​៣៧​ត្រូវ​បាន​ផ្ញើ​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​អ.ស.ប. គេ​ឃើញ​ប្រទេស​ប្រជា​ធិបតេយ្យ​ចំនួន​២២​រួម​មាន​អូស្រ្តាលី​ កាណាដា ​បារាំង ​អាល្លឺម៉ង់ ​ជប៉ុន​ និង​អង់គ្លេស​ជាដើមបាន​ចុះ​ហត្ថលេខា​លើ​លិខិតសម្តែង​ការ​ព្រួយ​បារម្ភ​អំពី​«របាយ​ការណ៍​គួរឱ្យ​ទុក​ចិត្ត​នៃ​ការ​ឃុំ​ឃាំង​ដោយ​បំពាន»​នៅ​ស៊ីនជាង​ និង​«ការ​ឃ្លាំ​មើល​ និង​ការ​រឹត​បន្តឹង»ជា​ពិសេស​ផ្តោត​លើ​ជន​ជាតិ​ Uighur​ និង​ជនជាតិ​ភាគ​តិច​ដទៃ​ទៀត​នៅ​ប្រទេស​ចិន។​

ប្រទេស​ទាំង​២២​នោះ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​ជាតិ​របស់​ខ្លួន​ និង​ការ​ប្តេជ្ញា​ចិត្ត​អន្តរជាតិ​ ​រួម​ទាំង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ។​

លោក​បណ្ឌិត​អៀ សុផល ​សាស្រា្ត​ចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ​ Occidental ​ទីក្រុង​ Los Angeles ​រដ្ឋ ​California ​សហ​រដ្ឋ​អាមេរិក​ យល់​ឃើញ​ថា​ ​ការ​ចូលរួម​គាំទ្រ​ទង្វើ​របស់​ចិន​ទាក់ទងបញ្ហា​រំលោភ​សិទ្ធិជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ស៊ីន​ជាង​បាន​«ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែឃ្លាត​ឆ្ងាយ​ពី​គន្លង​សិទ្ធិ​មនុស្ស​ និងប្រជាធិបតេយ្យ»។​

ឆ្លើយ​តប​នឹង​វីអូអេ​តាម​សារ​អេឡិកត្រូនិក​ ឬ​អ៊ីម៉ែល​ ​លោក​បណ្ឌិតអៀ សុផល​ចាត់​ទុក​ថា​ ​ជំហរ​របស់​ប្រទេស​កម្ពុជា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដែល​អាច​នាំ​ឲ្យ​មាន«ការ​បាត់បង់​ EBA ​ការ​បាត់​បង់ GSP»សំម្រាប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ បាន​ចេញ​របាយ​ការណ៍​មួយ​បង្ហាញ​ថា​ ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦​មក ​រដ្ឋាភិបាល​ចិន​បាន​ធ្វើ​ឲ្យជនជាតិ​ដើម​ភាគតិច​ Uyghur​ និង​អ្នក​កាន់​សាសនា​ឥស្លាម​ ប្រមាណ​ជា​១៣​លាន​នាក់​ក្នុង​តំបន់​ស៊ីន​ជាង ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ដោយ​បំពាន ​ការ​បង្ខំ​ឲ្យ​ចូលរួម​ផ្នែក​នយោបាយ ​ការ​ដាក់​កំហិត​ក្នុង​ការ​ផ្លាស់ទី​ និង​ការ​គាប​សង្កត់​ផ្នែក​សាសនា​ ហើយ​«មនុស្ស​ជាង​មួយ​លាន​នាក់​ត្រូវ​បាន​ដាក់​ឃុំ​ឃាំង​ក្នុង​ជំរំដែល​ផ្តល់​ការ​អប់រំ​ផ្នែក​នយោបាយ»។​

លោក​អំ សំអាត​ មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លើក​ឡើង​ថា​ ការ​បង្ហាញ​ជំហរ​គាំទ្រ​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ជនជាតិ​ដើម​ភាគ​តិច​ Uighur​ និង​ជនជាតិ​ម៉ូស្លីម​ផ្សេង​ទៀត​ ​បង្ហាញ​ថា៖​ ​«កម្ពុជាហាក់​បី​ដូចជា​មិន​មាន​ឆន្ទៈ​ប្រាកដ​ប្រជា​ក្នុងការ​កែ​លម្អរលទ្ធិ​ប្រជា​ធិបតេយ្យ ឬ​ក៏​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាទេ»។

កាល​ពី​ចុង​ឆ្នាំ​២០០៩​ ​ជនជាតិ​ដើម​ភាគ​តិច​ Uighur​ មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​ជា​២០​នាក់ ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាប់​បញ្ជូន​ទាំង​បង្ខំទៅ​កាន់​ប្រទេស​ចិន​វិញ​ មុន​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវការ​របស់​លោក​ Xi Jinping ​មក​កាន់​ប្រទេស​កម្ពុជា។​ កាល​ណោះ​ ​ លោក​ Xi Jinping ​ជាអនុ​ប្រធានាធិបតី​ចិន៕