មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បណ្ដុះ​បណ្ដាល​គ្រូ​បង្រៀន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម

គ្រូ​បង្រៀន​មក​ពី​អនុវិទ្យាល័យ ​និង​វិទ្យាល័យ​នានា​សរុប​ចំនួន​៥០​នាក់​បាន​ចូល​រួម​វគ្គ​សិក្សា​រយៈ​ពេល​៦​ថ្ងៃ​នេះ។​

ក្នុង​គោលដៅ​ដើម្បី​បង្កើន​ចំណេះ​ដឹង​ដល់គ្រូ​បង្រៀន​ថ្នាក់​មូលដ្ឋាន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ ​អំពី​បច្ចេក​ទេស​ និង​វិធីសាស្ត្រ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ថ្មីមួយ​ទៀត​ដល់​គ្រូ​បង្រៀន​នៅ​ក្នុង​ខេត្ត​កោះកុង​កាល​ពី​សប្តាហ៍​មុន។​ (ចុច​មើល​កម្រង​រូបភាព)

គ្រូ​បង្រៀន​មក​ពី​អនុវិទ្យាល័យ ​និង​វិទ្យាល័យ​នានា​សរុប​ចំនួន​៥០​នាក់​បាន​ចូល​រួម​វគ្គ​សិក្សា​រយៈ​ពេល​៦​ថ្ងៃ​នេះ។​ ពួក​គាត់​គឺ​ជា​ក្រុម​គ្រូជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ​ ផ្នែក​សីលធម៌​ ភាសា​ខ្មែរ និង​ផ្នែក​ភូមិវិទ្យា។​

ក្នុង​ការ​សិក្សា​រយៈ​ពេល​ជិត​មួយ​សប្តាហ៍​នេះ​ បុគ្គលិក​សិក្សា​ទាំងអស់​ត្រូវ​រៀន​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ​(១៩៧៥-១៩៧៩)​ដើម្បី​ឲ្យ​ដឹង​បន្ថែម​ទៀត​លើ​បទ​ពិសោធន៍​ជាក់​ស្តែង​ដែល​គ្រូ​ភាគ​ច្រើន​បាន​ឆ្លង​កាត់​កាល​ពី​៤០​ឆ្នាំ​មុន។​ ក្រៅ​ពី​នោះ​ ក្រុម​គ្រូ​បង្រៀន​ទាំង​៥០​នាក់​ ដែល​ជា​យុវជន​ជំនាន់​ក្រោយ ហើយ​ដែល​មិន​ធ្លាប់​បាន​ឆ្លង​កាត់​ការ​រស់​នៅ​ក្នុងសម័យ​ខ្មែរក្រហម​នោះ​ ត្រូវ​សិក្សា​តាម​លំនាំ​ក្នុងសៀវភៅ​ណែនាំ​មួយ​ក្បាល​ទៀត។ ​ក្នុង​សៀវភៅ​នេះ​ក៏​មាន​ដាក់​បញ្ចូល​នូវ​វិធីសាស្ត្រ​ និង​ការ​ណែនាំ​ផ្សេងៗ​ដល់​គ្រូ​បង្រៀន​ឲ្យ​ដល់​ដឹង​ពី​របៀប​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។​

លោក ​ឌី​ ខាំបូលី​ គឺ​ជាអ្នក​និពន្ធ​សៀវភៅ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩) និង​ជា​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ជា​គ្រូ​បង្គោល​ម្នាក់​ដែរ។​

លោក​ថ្លែង​ថា​ ​ការ​បង្រៀន​គ្រូៗ​ថ្នាក់​មូលដ្ឋាន​អំពី​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​នៃ​សម័យ​ខ្មែរក្រហម​នេះ​មាន​សារៈសំខាន់​ដើម្បី​ឲ្យ​ក្រុមគ្រូ​ថ្នាក់​មូលដ្ឋាន​ទាំងនោះ​អាច​ពង្រីក​ចំណេះ​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម និង​យល់​ដឹង​ពី​របៀប​បង្រៀនសិស្សានុសិស្សនៅ​តាម​សាលា។​

«ធ្វើ​យ៉ាង​ណា​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បង្រៀន​នៅ​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ទទួល​បាន​នូវ​ចំណេះ​ដឹង​អំពី​ប្រវត្តិសាស្ត្រ និង​វិធី​សាស្ត្រ​ក្នុង​ការ​បង្រៀន​ ​បញ្ជៀប​ទៅ​ដល់​សិស្សានុ​សិស្ស​នៅ​ទូទាំង​ប្រទេស​ដើម្បី​ជា​យុទ្ធនាការទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​និង​រួម​ចំណែក​ទៅ​ដល់​ការ​ផ្សះផ្សារ​សង្គម​កម្ពុជា»។​

​នេះ​គឺ​ជា​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​១៥​ហើយ​ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។​ គិតពី​ឆ្នាំ​២០០៩​មក​ទល់​បច្ចុប្បន្ន​នេះ​មាន​គ្រូអនុវិទ្យាល័យ​ និង​វិទ្យាល័យ​ថ្នាក់​មូលដ្ឋាន​សរុប​ជាង​៣​ពាន់​នាក់​ហើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​អំពី​វិធីសាស្ត្របង្រៀន​ប្រវត្តិ​សាស្ត្រ​នៃ​កម្ពុជា​ប្រជាធិបតេយ្យនៃ​ពួក​ខ្មែរ​ក្រហម។​

លោក​គ្រូ​អ្នក​គ្រូមក​ពី​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​នានា​ក្នុង​ខេត្ត​ ត្រូវ​បាន​បំបែក​ជា​ក្រុម​តូច​ចំនួន​៣​ដើម្បី​ទទួល​បាន​ការ​បង្រៀន​ពី​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ និង​ក្រុម​គ្រូ​បង្គោល​ថ្នាក់​ជាតិ​ និង​ខេត្ត។​

ថ្លែង​ក្នុង​ឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​មូលដ្ឋាន​កាល​ពី​ថ្ងៃ​អាទិត្យ​ លោកស្រី ទន់​ សាអ៊ីម​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ឲ្យ​ដឹង​ថា​ កម្ពុជា​មាន​កម្មវិធី​បង្រៀន​ប្រវត្តិ​សាស្ត្រ​នៅ​តាម​សាលារៀន​រួច​មក​ហើយ។ ​ក៏​ប៉ុន្តែការ​បង្រៀន​កន្លងហាក់​មាន​លក្ខណៈ​ទូទៅ​ពេក​ ខ្វះខាត​ភាព​ស៊ី​ជម្រៅ និង​លម្អិតពី​ប្រវត្តិ​សាស្ត្រ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។ ​លោកស្រី​បន្ត​ថា​ ការយល់​ដឹង​ពី​ប្រវត្តិ​សាស្ត្រ​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម​ជា​រឿង​មួយ​ដ៏​សំខាន់។

«កម្ម​វិធី​សិក្សា​របស់​យើង​ក៏​មាន​ផ្នែក​ប្រវត្តិសាស្រ្ត​ តែ​ប្រវត្តិ​សាស្រ្ត​យើង​មិនមែន​រៀន​តែ​មួយ​មុខ​ យើង​រៀន​ច្រើន។​ ​ដូច្នេះ​ហើយ​ការ​តាក់​តែង​ក៏​មិន​បាន​លម្អិត​ដែរ​អញ្ចឹង​ហើយ​ជាការ​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​បង្រៀន​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ»។ ​

អ្នក​ស្រី ​ប៉ុន​ ស្រី​អុល​ គ្រូ​បង្រៀន​ផ្នែក​ភាសា​ខ្មែរ​នៅ​អនុវិទ្យាល័យ​ជី​ខ​ក្រោមថ្លែង​ថា ​ការ​សិក្សា​នេះ​បាន​ជួយ​ពង្រីក​ចំណេះ​ដឹង​របស់​អ្នកស្រី​បាន​មួយ​កម្រិត។

«អាច​ជួយ​ឲ្យ​យើង​ដឹង​ពី​វិធី​សាស្ត្រ​ក្នុង​ការបង្រៀន​ និង​មាន​ចំណុច​សំខាន់​ផ្សេងៗ​ទៀត​ ដែល​យើង​អាច​និយាយ​ប្រាប់​ដល់​កូន​សិស្ស​តាម​សាលា​ ពេល​ខ្ញុំ​ត្រឡប់​ទៅវិញ។​ ខ្ញុំ​បាន​ដឹង​ច្បាប់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម»។

លោករឿន​ មករាគឺ​ជា​គ្រូ​បង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ និង​ភូមិវិទ្យា​នៅ​វិទ្យាល័យ​ថ្ម​ស​ក្នុង​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង។​

លោក​បញ្ជាក់​ថា លោក​ជួប​ការ​លំបាក​ក្នុង​ការ​បង្រៀន​សិស្សដោយសារ​តែ​មួយ​ផ្នែក​លោក​មិន​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ក្នុង​ការ​រស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ ក៏ប៉ុន្តែ​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ធ្វើ​បាន​ជួយ​រូប​លោក​ច្រើន។​

«តើ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ក្មេង​យល់​ ឲ្យ​ក្មេង​ដឹង​ ឲ្យ​ក្មេង​ជឿ​ថា ​មាន​របប​ហ្នឹង​កើត​មាន​ឡើង​មែន​ ពីព្រោះ​ថា​ ក្មេង​ឥឡូវ​ភាគច្រើន​អត់​សូវ​គិត​ទេ។ គេ​គិត​ថា ​វា​មិន​ដែល​ខ្មែរ​ណា​ទៅ​សម្លាប់​ខ្មែរ​ទេ។​ មិន​អញ្ចឹង​ ប៉ុន្តែ​ជា​ការណ៍​ពិត​សម័យ​នោះ​វា​ពិត​ជា​កើត​ឡើង​មែន»។​

គួរ​រំឭក​ថា​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​កម្ពុជា​បាន​សម្រេច​ដាក់​សៀវភៅ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​កម្ពុជា​ (១៩៧៥-១៩៧៩) ទៅ​ក្នុង​កម្មវិធី​អប់រំកាល​ពី​ឆ្នាំ​២០១១។ ​

សៀវភៅ​ប្រវត្តិសាស្ត្រ​នេះមាន​១១​ជំពូករៀប​រាប់​ចាប់​តាំង​ការ​កកើត​ដំបូង​នៃ​ក្រុម​ខ្មែរ​ក្រហម​ ការ​ឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរ​ក្រហម និង​មេដឹកនាំ​ខ្មែរ​ក្រហម​សំខាន់ៗ។​

បន្ថែម​ពី​នោះ​ទៀត ​សៀវភៅ​កម្រាស់៩០​ទំព័រ​នេះក៏​បាន​បង្ហាញការ​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ​មន្ទីរ​សន្តិសុខ​ ស២១​ ឬ​គុក​ទួល​ស្លែង ការ​ដួល​រលំ​របស់​ពួក​ខ្មែរ​ក្រហម​ និង​ផល​ប៉ះពាល់​ដែល​បន្សល់​ទុក​ពីរបប​ដ៏​មហា​ប្រល័យ​មួយ​នេះ​ក្នុង​សង្គមកម្ពុជា។​

លោក​ជូ​ សេរីយា​ អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ ខេត្ត​កោះ​កុង​ ថ្លែងគាំទ្រ​ដល់​ការ​បណ្តុះ​បណ្តាល​ខាង​លើ​នេះ។​

«ការ​ចុះ​មក​បណ្ដុះបណ្ដាល​គ្រូ​ថ្នាក់​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​កោះកុង ខ្ញុំ​សូម​ស្វាគមន៍​ជា​ខ្លាំង​ ហើយ​សង្ឃឹម​ថា​ គ្រូៗ​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ ជំនាញ​ថ្មី​ក្នុង​ការ​បង្រៀន​សិស្ស​នៅ​ពេល​ត្រឡប់​ទៅ​សាលា​រៀង​ខ្លួន។​ ខេត្ត​កោះកុង​ជា​ខេត្ត​មួយ​ដែល​មាន​ការ​លំបាក​ចំពោះ​ការ​បណ្ដុះ​បណ្ដាល​សិស្សឲ្យ​យល់​ដឹង​ពី​ប្រវត្តិ​សាស្ត្រ​របស់​ខ្មែរក្រហម»។​ ​

ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​១លាន​៧​សែន​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិតក្នុង​អំឡុង​ពេល​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ពី​ឆ្នាំ​ពីឆ្នាំ​១៩៧៥​ដល់​១៩៧៩។​

ប៉ុល​ ពត​មេ​ដឹកធំ​ផុត​លេខ​របស់​ពួក​ខ្មែរ​ក្រហម​បាន​ស្លាប់កាល​ពី​ឆ្នាំ​១៩៩៨​នៅ​ក្នុង​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្ដរមានជ័យ។ រីឯ​មេ​ដឹកនាំ​វ័យ​ចំណាស់ៗ​ដ៏​ទៃ​ទៀត​ មាន​ដូច​ជា​នួន​ ជា​ អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ​លោក​ខៀវ​ សំផន​ អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​កាំង​ ហ្គិកអ៊ាវ​ ហៅ​ឌុច​ អតីត​មេ​មន្ទីរ​ឃុំឃាំង​ស​២១​ ឬគុក​ទួល​ស្លែងដ៏​មហា​ប្រល័យ។​ អ្នក​ទាំង​៣​ត្រូវ​បាន​សាលា​ក្ដី​ខ្មែរ​ក្រហម​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

​អៀង​ សារី ​អតីត​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ក្នុង​សម័យ​ខ្មែរ​ក្រហម​ បាន​ស្លាប់​មុន​ការ​កាត់​ក្ដី​កាលពី​ឆ្នាំ​២០១៣​ រីឯ​ប្រពន្ធ​របស់​គាត់​អៀង​ធីរិទ្ធ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ ​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​ ដោយ​រក​ឃើញ​ថា ​មាន​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់ធ្ងរ។​

វគ្គ​បណ្ដុះបណ្ដាល​នៅ​ក្នុង​ខេត្ត​កោះកុង​នេះ​នឹង​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​សុក្រ​ទី​១២​ខែ​កញ្ញា​ ​ហើយ​នេះ​គឺជា​វគ្គ​បណ្ដុះ​បណ្ដាល​ចុង​ក្រោយសម្រាប់​ឆ្នាំ​២០១៤​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) ហើយ​គម្រោង​បណ្តុះ​បណ្តាល​ថ្មី​នឹង​បន្ត​នៅ​ឆ្នាំ​២០១៥៕