កម្ពុជា​ឈាន​ទៅ​រក​បក្ស​នយោបាយ​តែ​ពីរ​ធំៗ

  • ​គង់ ​សុឋានរិទ្ធ

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ក​ម្ពុជា​មួយ​រូប​​បក់​ដៃ​នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​​ខែ​ឧសភា​ឆ្នាំ​២០១២។

ក្នុង​រយៈពេល​២០ឆ្នាំ​គឺ​រាប់​គិត​ចាប់តាំងពី​ការ​បោះឆ្នោត​ឆ្នាំ១៩៩៣​មក​ទល់​នឹង​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ ​ចំនួន​គណបក្ស​នយោបាយ​ដែល​សម្រេចចិត្ត​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​សំឡេង​ឆ្នោត​បាន​ធ្លាក់ចុះ​ពី​២០​គណបក្ស​មក​ត្រឹមតែ​ប្រាំបី​គណបក្ស​តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​កម្ពុជា​មើលឃើញ​ថា​កម្លាំង​នយោបាយ​កម្ពុជា​បានចាប់ផ្តើម​ប្រមូលផ្តុំ​ទៅរក​ការប្រកួត​ប្រជែង​យ៉ាង​មុត​ស្រួច​មួយ​ដែល​មាន​គោលដៅ​ច្បាស់លាស់។
លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​មាន​ប្រសាសន៍​ថា​នេះ​ជា​ការ​វិវត្ត​នយោបាយ​ដែល​ដើរ​ឆ្ពោះទៅរក​ការប្រកួត​កាន់តែ​ចង្អៀត។

«ឈានទៅរក​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​ដែល​មាន​គណបក្ស​ធំៗ​ពីរ ​គឺ​គណបក្ស​ដែល​ឈ្នះឆ្នោត​កាន់អំណាច ​និង​គណបក្ស​ប្រឆាំង»។

កាលពី​ការបោះឆ្នោត​នៅ​ឆ្នាំ១៩៩៣​ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ ​មាន​គណបក្ស​នយោបាយ​ចំនួន​៤បាន​ទទួល​ជ័យជម្នះ​និង​មាន​អសនៈ​ក្នុង​រដ្ឋសភា​ដែល​មាន​១២០​កៅអី​ ក្នុង​ចំណោម​គណបក្ស​ចូល​ប្រកួត​សរុប​ចំនួន២០។

ប៉ុន្តែ​ចរន្ត​នយោបាយ​បាន​ដើរ​ក្រឡាប់ចាក់ ​ហើយ​គណបក្ស​ដែល​ទន់ខ្សោយ​កាន់តែ​បាត់បង់​ពី​បញ្ជី​ប្រកួត​ប្រជែង​និង​បាត់បង់​ការ​គាំទ្រ​ជា​បន្តបន្ទាប់។

គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ដែល​ដណ្តើមបាន​អសនៈ​ដ៏​លើសលុប​ចំនួន​៥៨ ​ទល់នឹង​៥១​កៅអី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ជ្រុះ​របូត​កៅអី​អស់​នៅសល់​ត្រឹមតែ​ពីរ​ប៉ុណ្ណោះ​ក្នុងការ​បោះឆ្នោត​កាលពី​ប្រាំ​ឆ្នាំមុន ​បន្ទាប់ពី​គណបក្ស​នេះ​ត្រូវ​ពុះ​បំបែក​ដោយសារ​ជម្លោះផ្ទៃក្នុង​យ៉ាងធ្ងន់ធ្ងរ​រវាង​ក្រុម​ដែល​គាំទ្រ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ​និង​អ្នកគាំទ្រ​លោក​ញ៉ឹក ប៊ុនឆៃ ​ដែល​ត្រូវ​ព្រះអង្គ​ម្ចាស់​រណឫទ្ធិ​ចោទថា​បាន​ដណ្តើម​យក​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទៅ​កាន់​កាប់​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន។

ស្ត្រី​មួយ​រូប​កាន់​សង្គ្រោះជាតិ​នៅ​ក្នុង​អំឡុង​បាតុកម្ម​មួយក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣

ដោយឡែក​គណបក្ស​ដែលមាន​អសនៈ​ក្នុង​រដ្ឋសភា​កាលពី​២០​ឆ្នាំមុន​នោះ​ដូចជា​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ព្រះពុទ្ធ​សាសនា ​គណបក្ស​ម៉ូលីណាកា​និង​អ្នកតស៊ូ​ខ្មែរ​ដើម្បី​សេរីភាព ​បាន​បាត់​បង់​ពី​លាន​ប្រកួត ​ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​នៅ​លេខ​រៀង​ទី២​បាន​កើន​អសនៈ​រហូត​ដល់​៩០​ក្នុង​រដ្ឋសភា​ដែល​មាន​១២៣​អសនៈ។

មាន​គណបក្ស​នយោបាយ​ចំនួន​១១​បាន​ចូល​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ចុង​ក្រោយ​ហើយ​គណបក្ស​សម រង្ស៊ី ​របស់​លោក​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម សុខា ​បាន​ច្របាច់​បញ្ចូល​គ្នា​បង្កើតជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កូតា​នៃ​គណបក្ស​ទាំងពីរ​មាន​អសនៈ​សរុប​ក្នុង​រដ្ឋសភា​បច្ចុប្បន្ន​ចំនួន​២៩ គឺជា​បក្ស​ប្រជែង​ដែល​អាច​ជា​ការព្រួយ​បារម្ភ​សម្រាប់​គណបក្ស​កាន់​អំណាច​ហើយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​និង​គណបក្ស​នរោត្តម រណឫទ្ធិ​ដែលជា​គូ​ជម្លោះ​ក៏បាន​រួមបញ្ចូល​គ្នា​វិញ​ជា​គណបក្ស​តែមួយ​ដោយ​ព្រះអង្គម្ចាស់​រណឫទ្ធិ ​លាឈប់​ពី​នយោបាយ។

លោក​ឡៅ ម៉ុងហៃ ​និង​លោក​បណ្ឌិត ហង់ ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ​និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​ថា ​និកហ្វិក ​យល់​ថា​បញ្ហា​ថវិកា​ ការចុះ​ខ្សោយ​នៃ​គណបក្ស​ដទៃ​បានធ្វើ​ឲ្យ​ចំនួន​គណបក្ស​រួម​តូច​ហើយ​ប្រជាពលរដ្ឋ​មាន​និន្នាការ​គាំទ្រ​ឥស្សរជន​ដែល​ពួកគេ​ធ្លាប់បាន​ស្គាល់​និង​ឮ។
លោក​ហង់ ពុទ្ធា ​មាន​ប្រសាសន៍​ថា​ដំណើរការ​ប្រកួត​ប្រជែង​នៃ​បក្ស​នយោបាយ​នៅ​កម្ពុជា​អាច​ដូច​ប្រទេស​ជឿនលឿន​មួយ​ចំនួន​និង​សហរដ្ឋ​អាមេរិក។

«ខ្ញុំ​យល់ថា​កម្ពុជា​អាច​នឹង​ឈាន​ចូល​ដូច​ប្រទេស​ដទៃ​ គឺ​នៅសល់តែ​ពីរ​ភាគី​ទេ​ចំពោះ​ការប្រកួត​ប្រជែង។ ដោយសារ​តែមាន​គណបក្ស​ច្រើន​ហើយ​ដែល​បាន​ចុះឈ្មោះ ​ប៉ុន្តែ​លទ្ធផល​ដែល​បាន​ពី​ការគាំទ្រ​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​នៅតែ​ប្រកាន់​ជំហរ​លើ​គណបក្ស​ដែល ​មានកេរ្តិ៍ឈ្មោះ ​ឬ​គណបក្ស​ដែល​ធ្លាប់ធ្វើ​សកម្មភាព​ល្អៗ​ជាច្រើន ​អញ្ចឹង​ទស្សនៈ​របស់​ប្រជា​ពលរដ្ឋ​គឺ​លោក​មាន​ការ​បែងចែក​ច្បាស់​ហើយ»។

លោក​ហង់ ពុទ្ធា ​យល់ថា​ការ​ថយចុះ​នៃ​ចំនួន​គណបក្ស​នយោបាយ​ចូល​ប្រកួត​ប្រជែង​នៅពេលនេះ​ជា​សញ្ញាល្អ​សម្រាប់​ម្ចាស់ឆ្នោត​ដើម្បី​ធ្វើការ​សម្រេចចិត្ត។

«ការថយចុះ​នៃ​ចំនួន​គណបក្ស​ប្រកួតប្រជែង​នេះ​អាចជា​សញ្ញា​វិជ្ជមាន​ដោយសារ​ប្រជាពលរដ្ឋ​លោក​មិន​ផ្តោត​គំនិត​ទៅ​លើ​គណបក្ស​ច្រើនពេក​ទេ គឺ​គណបក្ស​ចំនួន​តិច​ងាយ​ឲ្យ​ប្រជាពលរដ្ឋ​ស្វែងយល់​អំពី​គោលនយោបាយ​និង​សកម្មភាព​របស់​គណបក្ស​នីមួយៗ»។
ក្នុងចំណោម​គណបក្ស​នយោបាយ​ទាំង​ប្រាំបី​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រួមមាន​គណបក្ស​ខ្មែរ​ឈប់​ក្រ ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ​របស់​លោក​ញ៉ឹក ប៊ុនឆៃ ​គណបក្ស​សញ្ជាតិ​កម្ពុជា ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា។

លោក​ទេព នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បា​នព​ន្យល់​តាម​ទិដ្ឋភាព​ជាក់ស្តែង​ដែល​លោក​បាន​កត់សម្គាល់។

«ការ​ថយចុះ​ហ្នឹង ​គឺ​ដោយសារ​គណបក្ស​បាន​បញ្ចូល​គ្នា។ យើង​ឃើញ​ថា​គណបក្ស​បួន​បាន​បញ្ចូល​គ្នា​នៅតែ​ពីរ​ទេ ​ក៏ប៉ុន្តែ​មាន​បញ្ហា​ខ្លះ​ដែរ ​ទាក់ទង​ទៅនឹង​ស្ថានភាព​សង្គម ​សេដ្ឋកិច្ច ​និង​នយោបាយ​ហើយ​ក៏​ដូចជា​ស្ថានភាព​ផ្ទាល់​របស់​គណបក្ស​នីមួយៗ​ដែរ ​ព្រោះ​ថា​ការ​ចុះបញ្ជី​ចុះឈ្មោះ​បោះឆ្នោត​នៅ​ការបោះឆ្នោត​ជាតិ​នេះ ​វា​ត្រូ​ចំណាយ​ទាំង​ធនធាន​មនុស្ស​និង​ថវិកា ​អញ្ចឹ​ង​ទាមទារ​ឲ្យ​មានការ​ត្រៀម​លក្ខណៈ​បានល្អ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង»។

មាន​គណបក្ស​យ៉ាង​ហោចណាស់​ចំនួន​៤២​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​មហាផ្ទៃ​ក៏​ប៉ុន្តែ​គណបក្ស​ជាច្រើន​មិនបាន​សម្រេចចិត្ត​ចូល​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​នោះទេ។
ប្រទេស​កម្ពុជា​នឹងធ្វើ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃទី២៨​ខែ​កក្កដា​ឆ្នាំ២០១៣​នេះ។

គណបក្ស​ភាគច្រើន​ដែល​ត្រូវបាន​ទទួល​ស្គាល់​ត្រូវ​គេ​ឮ​ឈ្មោះ​ជា​ពិសេស​តែ​ក្នុង​ឱកាស​មុនពេល​បោះឆ្នោត​តែប៉ុណ្ណោះ។

ក្រុម​អ្នក​វិភាគ​ហាក់បី​ដូចជា​កំពុង​ចោល​ភ្នែក​តាមដាន​លើ​កម្លាំង​នយោបាយ​នៃ​គណបក្ស​គូប្រកួត​សំខាន់​ចំនួន​ពីរ​សម្រាប់​ការបោះឆ្នោត​ខាងមុខ​នេះ​ នោះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​អះអាង​ថា​ជា​ចលនា​នយោបាយ​សេរី​និង​ប្រជាធិបតេយ្យ​និយម​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ក្តោប​ក្តាប់​អំណាច​ក្នុង​ដៃ​អស់​រយៈពេល​ជាង៣០ឆ្នាំ​មកហើយ៕