ផ្តាសាយបក្សី​H5N1​សម្លាប់​មនុស្ស​ប្រាំពីរ​នាក់​ហើយ​នៅ​កម្ពុជា​ឆ្នាំនេះ

នៅ​ដើមឆ្នាំ​នេះ​ចំនួន​ជន​រងគ្រោះ​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី​H5N1​មាន​ចំនួន​ច្រើន​ជាង​ចំនួន​ជន​រងគ្រោះ​ពេញ​មួយ​ឆ្នាំ​នា​ពេលកន្លងមក។

ភ្នំពេញ៖ រយៈពេល​ជិត​ពីរខែ​ដើមឆ្នាំ​នេះ មាន​មនុស្ស​ចំនួន​ប្រាំពីរ​នាក់​បាន​ស្លាប់​ដោយសារ​ផ្តាសាយ​បក្សី H5N1 ដែល​ទំនង​ជា​សញ្ញា​ប្រកាសអាសន្ន​មួយ​នៃ​ការផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​នៅ​កម្ពុជា​។
ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម​កម្ពុជា និងអង្គការសុខភាព​ពិភពលោក WHO​បាន​និង​កំពុង​បង្កើន​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺនេះ។
កុមារា​អាយុ​២០​ខែ​ម្នាក់​នៅ​ខេត្ត​កំពត​បាន​ស្លាប់​ដោយសារ​ផ្តាសាយ​បក្សី​កាលពី​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ​នេះ។​កុមារ​នេះ​ជា​មនុស្ស​ទី​៧​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។
​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ដើម្បីទ​ប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ក្រសួង​សុខាភិបាល​បាន​កំពុង​បង្កើន​ការអង្កេត​តាមដាន ព្យាបាល ផ្សព្វផ្សាយ និង​អប់រំ​អំពី​ជំងឺ​នេះ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។​
លោក​បាន​បញ្ជាក់ថា ការចូលរួម​ទប់​ស្តា​ត់របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​គឺជា​ចំណុច​សំខាន់​បំផុត​ដើម្បី​ជៀសវាង​ការឆ្លង​ជំងឺ​នេះ។
«យើង​បាន​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​បន្តទៀត ឡើង​វិញ​ដល់​សាធារណៈជន​តាម​វិទ្យុ និងទូរទស្សន៍​ហើយ​យើង​ធ្វើ​ការបណ្តុះបណ្តាល​ឡើង​វិញ​ដល់​គ្រូពេទ្យ​អំពី​ការ​រុករក​ករណី​សង្ស័យ និង ការ​ព្យាបាល​ជាបន្ទាន់។ យើង​មាន​មន្ត្រី​របស់​យើង​ទូទាំង​ប្រទេស​មាន​ចំនួន​១.៥០០​នាក់ គឺ​យើង​រាយ​គ្រប់​ទាំងអស់​ឲ្យ​តែ​មាន​កន្លែង​ណា​ផ្ទុះ​គឺ​ថា មន្ត្រី​នឹង​ចុះ​ទៅ​ធ្វើ​ការ​ឆ្លើយ​តប​ភ្លាមៗ​នៅ​ទីតាំង​នោះ។
​ហេតុដូច្នេះ​ហើយ​យើង​ពុំ​ឃើញ​មាន​ករណីក្រៅពី​មួយ​ករណី​នៅ​ភូមិ​នោះ​មាន​ករណី​ផ្សេងទៀត​ដែល បាន​ឆ្លង​នោះ​ទេ»។
កម្ពុជា​បាន​រកឃើញ​អ្នក​កើត​ជំងឺ​ផ្តាសាយ​បក្សី H5N1 ជា​លើកដំបូង​នៅ​ឆ្នាំ ២០០៥។ រហូត​មក​ដល់​ពេលនេះ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន​២៩​ករណី ដោយ​នៅ​ក្នុង​នោះ​២៦​ករណី​បាន​ស្លាប់​បាត់បង់​ជីវិត។​នៅក្នុង​ចំណោម​អ្នក​កើត​ជំងឺ​ផ្តាសាយ​បក្សី H5N1ភាគច្រើន​ជា​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ។ លោក សូនី គ្រីស្សណាន់ (Sonny Krishnan) មន្ត្រី​ទំនាក់ទំនង​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក ក្រសួង​កសិកម្ម និង​ក្រ​សូង​សុខាភិបាល បាន​និង​កំពុង​សហការ​គ្នា​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ផ្តាសាយ​បក្សី H5N1​នៅកម្ពុជា​នៅ​ពេល​នេះ។
«មន្ត្រី​មក​ពី​ក្រសួង​កសិកម្ម​បាន​កំពុង​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ដើម្បី​បង្កើត​ក្រុមការងារ​ប្រតិកម្ម​រហ័ស​មួយ​នៅតាម​បណ្តាល​ភូមិ​នានា ហើយ​មន្ត្រី​បសុសត្វ​ក៏​កំពុង​ធ្វើការ​នៅ​កន្លែង​មាន​ករណី​គ្រុនផ្តាសាយ​បក្សី​ដើម្បី​ស៊ើបអង្កេត​អំពី​ករណី​ទាំង​នោះ។ អ្វី​ដែល​យើង (WHO) កំពុង​ធ្វើ​គឺ​បង្កើន​ការ​ឃ្លាំមើល​ជំងឺ​នេះ​ដល់​មនុស្ស។ យើង​កំពុង​តែ​ណែនាំ​មាតាបិតា​កុំឱ្យ​បណ្តោយ​កូន​លេង​ជាមួយ​បក្សី និង​ទុក​កូន​ឱ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​បក្សី​ងាប់។ យើង​ណែនាំ​ពួកគាត់​កុំឱ្យ​បរិភោគ​បក្សី​ដែល​ឈឺ​ឬ​ងាប់»។​
វីអូអេ​ សំឡេង​សហរដ្ឋ​អា​មេ​រិច​មិន​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​មន្ត្រី​នៃ​ក្រសួងកសិកម្ម​បាន​ដោយ​ទូរស័ព្ទ​រោទិ៍​ពុំ​មាន​អ្នកទទួល។​
​នៅ​ដើមឆ្នាំ​នេះ​ចំនួន​ជន​រងគ្រោះ​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី​H5N1​មាន​ចំនួន​ច្រើន​ជាង​ចំនួន​ជន​រងគ្រោះ​ពេញ​មួយ​ឆ្នាំ​នា​ពេលកន្លងមក។
ស្របពេល​ជាមួយគ្នា​នេះ​ដែរ​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​ជាមួយ​អង្គការ​សុខភាព​ពិភព​ដោយ​ព្រមាន​ថា ផ្តាសាយ​បក្សី​H5N1 នៅ​តែ​បន្ត​គំរាម​គំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា។​
ផ្តាសាយ​បក្សី​H5N1​គឺ​ជា​ជំងឺ​ផ្តាសាយ​មួយ ដែល​ជា​ធម្មតា​ចម្លង​ពី​សត្វ​បក្សី​ឈឺ​ទៅ​បក្សី​ផ្សេងទៀត។ ប៉ុន្តែ​ជួន​កាល​វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស។ ផ្តាសាយបក្សី​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យមាន​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ។