ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ផ្តាសាយ​បក្សី​ទី៧​បាន​សម្លាប់​កុមារី​អាយុ​បីឆ្នាំ​ម្នាក់


ជំងឺ​ផ្តាសាយ​បក្សី​នៅក្នុង​ដើម​ឆ្នាំនេះ​មាន​ការ​កើន​ឡើង​ខ្ពស់​បើធ្វើ​ការ​ប្រៀប​ធៀប​ក្នុង​រយៈ​ពេល​ដូចគ្នាកាល​ពីឆ្នាំ​២០១២។​
ជំងឺ​ផ្តាសាយ​បក្សី​នៅក្នុង​ដើម​ឆ្នាំនេះ​មាន​ការ​កើន​ឡើង​ខ្ពស់​បើធ្វើ​ការ​ប្រៀប​ធៀប​ក្នុង​រយៈ​ពេល​ដូចគ្នាកាល​ពីឆ្នាំ​២០១២។​
ភ្នំពេញ៖ ក្រសួង​សុខា​ភិបាល​និង​អង្គការ​សុខភាព​ពិភព​លោក​នៅ​ថ្ងៃ​ពុធ​នេះ​បាន​រក​ឃើញ​កុមារី​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី​ដែល​ធ្វើ​ឱ្យ​ចំនួន​នេះ​បាន​កើន​ឡើង​ដល់​៧​ករណី​ហើយ​នៅ​ក្នុង​ដើមឆ្នាំ​២០១៣។​នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​អង្គការ​សុខភាព​ពិភពលោក​និង​ក្រសួង​សុខាភិបាល។​

ករណីទី​៧​នេះ​បាន​កើតមាន​ឡើង​ទៅលើ​កុមារី​អាយុ​៣ឆ្នាំ​ដែល​មាន​ទីលំនៅ​ភូមិត្រពាំង​កំភ្លាញ​ ឃុំអង្គភ្នំតូច​ ស្រុក​អង្គរជ័យ​ខេត្តកំពត។ ​ជនរងគ្រោះ​ត្រូវ​បាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បញ្ជាក់​ថាមាន​ជំងឺ​ផ្តាសាយ​បក្សី​កាល​ពី​ថ្ងៃច័ន្ទ​ដើម​សប្តាហ៍​នេះ​ហើយទើប​តែបាន​ស្លាប់​នៅថ្ងៃ​ពុធនេះ​ក្រោយ​ពីបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​ក្រុង​ភ្នំពេញ។​

នៅ​ក្នុង​សេច​ក្តីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​ក្រសួង​សុខាភិបាល​និង​អង្គការ​សុខភាព​ពិភព​លោក​បាន​ឱ្យ​ដឹង​ថា​មាន​បក្សី​បាន​ឈឺងាប់​នៅក្នុង​ភូមិ​ហើយ​ជនរងគ្រោះ​បាន​ប៉ះពាល់​ជាមួយ​បសុបក្សី​មុន​ពេល​ដែលចាប់​ផ្តើម​ធ្លាក់​ខ្លួន​ឈឺ។​

កុមារី​រងគ្រោះ​បានធ្លាក់​ខ្លួន​ឈឺ​កាលពី​ថ្ងៃ​ទី​៦​ខែកុម្ភៈ​ដោយមាន​អាការៈ​ គ្រុនក្តៅ​ ឈឺពោះ​និង​សន្លឹម​រហូត​ដល់មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ពិបាក​ក្នុង​ការ​ដកដង្ហើម។​

លោក​ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​ធ្វើការ​ណែនាំ​ដល់​ឪពុក​ម្តាយ​និង​អ្នក​ថែទាំ​កុមារ​ទាំងអស់​ត្រូវដាក់​កុមារ​ឱ្យ​នៅឆ្ងាយ​ពី​សត្វបក្សីងាប់​និង​ព្យាយាម​ឱ្យ​កុមារ​លេង​នៅ​ឱ្យ​ឆ្ងាយ​ពី​សត្វ​បក្សី។​
លោក​បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ កុមារ​នៅតែមាន​ភាព​ងាយរងគ្រោះ​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី​H5N1។​

លោក​វេជ្ជបណ្ឌិត​ សុខ ទូច​ប្រធាន​នាយក​ដ្ឋាន​ទប់ស្កាត់​ជំងឺឆ្លង​របស់​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា​ក្រសួង​បាន​បញ្ជូន​បុគ្គលិក​ជំនាញ​ទៅ​សិក្សា​ស្រាវ​ជ្រាវ​និង​បូម​ឈាម​ប្រជាពលរដ្ឋ​ដែល​នៅជុំវិញ​កុមារ​រងគ្រោះ​ដើម្បី​យក​មកធ្វើ​វត្ថុ​វិភាគ។​

លោក​មាន​ប្រសាសន៍​ថា​ជំងឺ​ផ្តាសាយ​បក្សី​នៅក្នុង​ដើម​ឆ្នាំនេះ​មាន​ការ​កើន​ឡើង​ខ្ពស់​បើធ្វើ​ការ​ប្រៀប​ធៀប​ក្នុង​រយៈ​ពេល​ដូចគ្នាកាល​ពីឆ្នាំ​២០១២។​

«​យើង​ឃើញ​ការ​កើន​ឡើង​ច្រើន​ដូច្នេះ​យើង​កំពុង​ធ្វើការ​យ៉ាង​ជិតដិត​ជាមួយអង្គការ​សុខភាព​ពិភព​លោក​នៅ​ក្នុង​ការ​កំណត់​រក​មូលហេតុ​និង​ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​ការ​តាមដាន​និង​ទប់ស្កាត់​របស់​យើង។​ប៉ុន្តែ​ចំណុច​មួយ​ដែល​យើងត្រូវ​ចងចាំ​ផងដែរ​គឺការ​ចម្លង​ពីមនុស្ស​ទៅ​មនុស្ស​ដែល​យើង​ធ្វើ​យ៉ាង​ណា​កុំឱ្យ​មាន​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស»។​
ចាប់​តាំងពី​ជំងឺ​ផ្តាសាយ​បក្សី​H5N1​បាន​កើតមាន​ឡើង​តាំង​ពី​ឆ្នាំ២០០៣​។​នៅលើពិភព​លោក​មាន​ចំនួន​៦១៩​ករណី​ក្នុង​នោះ​មាន​៣៦៥​នាក់​បាន​ស្លាប់៕​
XS
SM
MD
LG