រាយការណ៍ដោយ Robert Carmichael
រាជធានីភ្នំពេញ៖ ពលរដ្ឋខ្មែរពីរនាក់បានស្លាប់ដោយសារជម្ងឺផ្តាសាយបក្សីក្នុងឆ្នាំ ២០១៣ ជាស្រេចទៅហើយ ដែលធ្វើឲ្យមានការព្រួយបារម្ភ ចាប់តាំងពីដើមឆ្នាំ។
ឥឡូវនេះ ក្មេងស្រីខ្មែរអាយុ ពីរឆ្នាំ កំពុងមានស្ថានភាពដុនដាបនៅក្នុងមន្ទីរពេទ្យនៃក្រុងភ្នំពេញបន្ទាប់ពីបានឆ្លងមេរោគ H5N1 ដែលគេស្គាល់ថាជាជម្ងឺផ្តាសាយបក្សី។ លោក Sonny Inbaraj Krishnan មន្រ្តីព័ត៌មាននៃអង្គការសុខភាពពិភពលោក World Health Organization ហៅកាត់ WHO នៅក្រុងភ្នំពេញ និយាយថា ព្រឹត្តិការណ៍នេះធ្វើឲ្យមន្រ្តីសុខាភិបាលមានសេចក្តីព្រួយបារម្ភ។
«នេះជាការចម្លងមេរោគ H5N1 ទៅមនុស្សបួននាក់នៅក្នុងខែនេះ។ កាលពីឆ្នាំមុនយើងមានបីករណី។ ដូច្នេះក្នុងរយៈពេលមួយខែក្នុងឆ្នាំថ្មីនេះ យើងមានមនុស្សបួននាក់ ដែលធ្វើឲ្យយើងមានការព្រួយបារម្ភជាខ្លាំង»។
គេបានរកឃើញមេរោគ H5N1 ឆ្លងពីបក្សីឈឺ ទៅមនុស្ស នៅក្នុងឆ្នាំ ១៩៩៧ នៅកោះ ហុងកុង។ មេរោគនេះអាចបណ្តាលឲ្យមនុស្សស្លាប់បាន។ មកទល់នឹងពេលនេះ មេរោគ H5N1 បានសម្លាប់មនុស្សជាង ៣៦០ នាក់ក្នុងពិភពលោក ហើយជាងពាក់កណ្តាលបានបញ្ជាក់ថាមានចម្លងមេរោគនេះមែន។
អ្នករងគ្រោះថ្មីជាងគេគឺនារីវ័យ ១៥ ឆ្នាំដែលបានស្លាប់កាលពីមួយសប្តាហ៍មុន និងបុរសវ័យ ៣៥ ឆ្នាំដែលបានស្លាប់កាលពីថ្ងៃពុធមុន។ ទារកម្នាក់ដែលបានធ្លាក់ឈឺកាលពីដើមខែនេះ បានជាឡើងវិញ។
ក្នុងដំណាច់សប្តាហ៍នេះ មន្រ្តីបានសម្លាប់និងដុតមាន់និងទាជាង ៤ ពាន់ក្បាលនៅក្នុងភូមិដែលនារីអាយុ ១៥ ឆ្នាំបានស្លាប់។
ក៏ប៉ុន្តែ ជម្ងឺដទៃទៀតដូចជាគ្រុនឈាមនិងគ្រុនចាញ់ បានសម្លាប់មនុស្សច្រើនជាងគ្រុនបក្សី។ ដូច្នេះទើបគេសួរលោក Krishnan ថា ហេតុអ្វីបានជាមានការព្រួយបារម្ភខ្លាំងម្ល៉េះ អំពីជម្ងឺផ្តាសាយបក្សី។
«ការព្រួយបារម្ភជាក់លាក់របស់យើងគឺខ្លាច មេរោគ H5N1 ឆ្លងកាត់អ្វីដែលយើងហៅថាការរួមបញ្ចូលនិងបែកពួកជាមួយមេរោគផ្តាសាយមួយទៀត ហើយបង្កើតឲ្យមានមេរោគថ្មីមួយដែលអាចចម្លងពីមនុស្សទៅមនុស្សបាន - គឺនេះហើយដែលជាការព្រួយបារម្ភចម្បងរបស់យើង»។
ប្រទេសកម្ពុជា ជាប្រទេសកសិកម្មមួយ ដូច្នេះភូមិនិមួយៗមានចិញ្ចឹមមាន់និងទា។ បុគ្គលិកក្រសួងសុខាភិបាល កំពុងតាមមើលមនុស្សដែលជាប់ទាក់ទងនឹងអ្នកជម្ងឺ ហើយបុគ្គលិកពីក្រសួងកសិកម្ម កំពុងធ្វើតេស្តបក្សីនៅក្នុងភូមិដែលមានជម្ងឺ និងបំផ្លាញបក្សីដែលឈឺទាំងអស់។
កាលពីថ្ងៃសុក្រមុន លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានអំពាវនាវសុំឪពុកម្តាយ ធានាកូនឲ្យលាងដៃជាញឹកញាប់ ហើយកុំឲ្យប៉ះពាល់សត្វឈឺឬសត្វងាប់។ លោកក៏បានទូន្មានទៀតថា បើមានកុមារណាដែលមានការលំបាកដកដង្ហើម សុំយកទៅមន្ទីរព្យាបាលរោគនៅជិតផ្ទះឲ្យបានឆាប់រហ័ស។
លោក Krishnan និយាយថា ទូរទស្សន៍និងវិទ្យុកំពុងធ្វើការផ្សព្វផ្សាយអំពីសារនេះឲ្យបានទូលំទូលាយ។
«ដូច្នេះ ចាប់ពីសប្តាហ៍នេះទៅ យើងនឹងដំឡើងការផ្សព្វផ្សាយព័ត៌មានតាមទូរទស្សន៍និងវិទ្យុ ប្រាប់មនុស្សអំពីវិធីការពារខ្លួននិងគ្រួសាររបស់គេ ទល់នឹងជម្ងឺផ្តាសាយបក្សី។ ជាពិសេសឲ្យពិនិត្យក្មេងដែលលេងជាមួយមាន់ - និងអំពីសារដ៏សំខាន់បំផុតមួយ គឺលាងដៃលោកអ្នក»។
ប្រទេសកម្ពុជាបានរាយការណ៍អំពីករណីមេរោគ H5N1 ដំបូងៗរបស់ខ្លួន ក្នុងឆ្នាំ ២០០៥ ដែលបានសម្លាប់មនុស្សបួននាក់។ មកទល់នឹងពេលនេះ ឆ្នាំអាក្រក់ជាងគេគឺ ២០១១ ដែលមានមនុស្ស ៨ នាក់ ឆ្លងមេរោគ ហើយបានស្លាប់ ទាំង ៨ នាក់។
វិស័យសុខាភិបាលទន់ខ្សោយរបស់ប្រទេសកម្ពុជា ជាឧបសគ្គមួយ ដែលអាចពន្យល់បានច្រើន ថាហេតុអ្វីបានជាអាត្រាមនុស្សស្លាប់ពីផ្តាសាយបក្សីមានដល់ ជិត ៩០% - គឺមានមនុស្សស្លាប់ ២១ នាក់ក្នុងចំណោមអ្នកចម្លងមេរោគ ២៤ នាក់ - គឺខ្ពស់ច្រើនពីអត្រាមនុស្សស្លាប់ក្នុងពិភពលោក ចំនួនប្រហែល ៦០%។
តែលោក Krishnan នៃអង្គការ WHO បានព្រមានកុំឲ្យធ្វើសេចក្តីសន្និដ្ឋានច្រើនពេក ពីចំនួននេះ ដោយលោកគូសបញ្ជាក់ថា ចំនួនតំណាងនេះជាចំនួនតិចតួចណាស់។ ក៏ប៉ុន្តែ លោកបាននិយាយថា មានកត្តាក្នុងស្រុក ដែលធ្វើឲ្យបញ្ហានេះមានរីកកាន់តែធំឡើង។ នៅពេលដែលមនុស្សធ្លាក់ខ្លួនឈឺ កន្លែងទីមួយដែលញាតិសន្តានរបស់គេនាំទៅគឺ ឱសថស្ថានក្នុងតំបន់ឬមន្ទីរព្យាបាលរោគឯកជន។ មេរោគ H5N1 អាចសម្លាប់មនុស្សក្នុងរយៈពេលជាងមួយសប្តាហ៍បន្តិច ក្រោយពីឆ្លងមេរោគ។ ដូច្នេះ ការព្យាបាលរោគមិនបានជោគជ័យក្នុងពេលតែប៉ុន្មានថ្ងៃ ឬការវិនិច្ឆ័យរោគខុស អាចបណ្តាលឲ្យអ្នកជម្ងឺស្លាប់។
«ដូច្នេះក្នុងខណៈដែលជម្ងឺមានភាពធ្ងន់ធ្ងរខ្លាំងឡើង និងនៅពេលដែលមន្ទីរព្យាបាលរោគឬឱសថដ្ឋានក្នុងតំបន់លែងមានថ្នាំសម្រាប់ព្យាបាលទៀត នោះទើបគេប្រាប់ឲ្យគ្រួសារនាំកុមារឬអ្នកជម្ងឺទៅមន្ទីរពេទ្យ។ រួចនៅពេលគេយកទៅដល់មន្ទីរពេទ្យ ភ័ព្វសំណាងមានតិចណាស់ដែលអ្នកទាំងនោះអាចទទួលការជួយសង្គ្រោះឲ្យបាននៅរស់ជីវិត»។
ផលវិបាកមួយនៅពេលខាងមុខ គឺបុណ្យចូលឆ្នាំចិន ដែលចាប់ផ្តើមនៅថ្ងៃទី ១០ ខែកុម្ភៈ។ នេះជាពេលវេលាដែលគេនាំយកបក្សីច្រើនទៅលក់ក្នុងទីផ្សារ ហើយដំឡើងគ្រោះថ្នាក់នៃការចម្លងមេរោគពីបក្សីឈឺ។ មន្រ្តីសុខាភិបាល សង្ឃឹមថា កិច្ចប្រឹងប្រែងដើម្បីផ្សព្វផ្សាយព័ត៌មាន ដែលគេកំពុងធ្វើសព្វថ្ងៃនេះ នឹងជួយបន្ថយគ្រោះថ្នាក់៕៚
ប្រែសម្រួលដោយ កែរ យ៉ាន