ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជំងឺ​ផ្តាសាយបក្សី​បាន​សម្លាប់​កុមារ​តូចៗ​ក្នុង​ប្រទេស​កម្ពុជា​​

  • ហេង រស្មី

ការ​ស្លាប់​របស់​កុមារី​ទាំង​ពីរ​គឺជា​ករណី​ទី​២៦​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី។​
​ភ្នំពេញ​៖ ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភព​លោក​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ប្រកាស​ថា ​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មាន​កុមារី​កម្ពុជា​ពីរ​នាក់​បាន​ស្លាប់​ព្រមៗ​គ្នា ​ដោយ​សារ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ H5N1​នៅ​ដើម​ឆ្នាំ​២០១៣​នេះ។​
នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​រវាង​អង្គការ​សុខភាព​ពិភព​លោក​ និង​ក្រសួង​សុខាភិបាល​កម្ពុជា​ដែល​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​ជនរងគ្រោះ ​បាន​បញ្ជាក់​ឲ្យដឹង​ថា ​ករណី​លើក​ទី​៤​បាន​កើត​ឡើង​ទៅ​លើកុមារី​អាយុ​១៧​ខែ​រស់​នៅ​ភូមិព្រៃ​ញាតិ ​ឃុំព្រៃ​ញាតិ​ ស្រុក​គងពិសី​ ខេត្ត​កំពង់​ស្ពឺ។​ ចំណែក​ឯករណី​ទី៥​បាន​កើត​ឡើង​ទៅ​លើកុមារី​អាយុ​៩​ឆ្នាំ​នៅភូមិថ្មី ​ឃុំថ្មី​ ស្រុក​ទឹក​ឈូ​ ខេត្តកំពត។​
សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​និយាយ​ថា​ កុមារី​អាយុ​១៧​ខែ​បាន​ចាប់​ផ្តើម​ឈឺ​កាលពី​ថ្ងៃទី​១៣​ដោយ​មាន​គ្រុនក្តៅ ​ក្អក​ ហូរ​សំបោរ​ និង​ក្អួត។​
ជនរងគ្រោះ​បាន​ទទួល​ការ​ព្យាបាល​ដំបូង​នៅ​មន្ទីរ​ពេទ្យ​ឯកជន​ បន្ទាប់​មក​ត្រូវគេ​យក​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​ ហើយ​ក៏បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ។​
រីឯកុមារី​អាយុ​៩ឆ្នាំ​បាន​ចាប់​ផ្តើម​ឈឺ​កាល​ពីថ្ងៃទី​១៩​ ដោយ​មាន​រោគ​សញ្ញា​គ្រុន​ក្តៅ​ និង​ក្អក។ ​ករណី​កុមារី​ទាំង​ពីរ​ត្រូវបាន​វិទ្យាស្ថាន​ប៉ាស្ទ័របញ្ជាក់​ថា​ មាន​ជំងឺ​ផ្តាសាយ​បក្សី ​H5N1។​
ករណី​ដែល​បណ្តាល​ឲ្យកុមារី​ទាំង​ពីរ​ឈឺ​រហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត​គឺ​ដោយសារ​តែ​ពួក​គេ​សុទ្ធតែ​បាន​ប៉ះពាល់​សត្វមាន់​ ដែល​ឈឺ​ងាប់​ និង​ចំអិនសត្វមាន់​ឈឺ​ងាប់​ធ្វើ​ជា​អាហារ​មុន​នឹង​ធ្លាក់​ខ្លួន​ឈឺ។​
លោក​ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ​ជំងឺ​ផ្តាសាយ ​H5N1​នៅ​តែ​បន្ត​គំរាម​កំហែង​សុខភាព​ពលរដ្ឋ​កម្ពុជា។​
លោក​បាន​បញ្ជាក់​ថា​ នេះ​ជាករណី​ទី​៤​ និង​ទី៥​ដែល​កើតមាន​ឡើង​ទៅ​លើ​មនុស្ស​ក្នុង​ឆ្នាំ​នេះ​ ហើយ​កុមារ​នៅតែជា​អ្នក​ងាយ​រងគ្រោះ​ភាគ​ច្រើន។​
លោក​វេជ្ជបណ្ឌិត​លី សុវណ្ណ​ អនុប្រធាន​នាយកដ្ឋាន​ទប់​ស្កាត់​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល ​បាន​និយាយ​ថា​ ក្រសួង​សុខាភិបាល​បាន​ធ្វើតេស្ត​ឈាម​មនុស្ស​ចំនួន​៤០​នាក់​នៅ​ជុំវិញ​តំបន់​កន្លែង​កើត​ហេតុ​ តែ​ពុំបាន​រក​ឃើញ​ថា​ ករណី​ចុង​ក្រោយនេះ​បាន​ឆ្លង​ពីមនុស្ស​ទៅ​មនុស្ស​ទេ។​
«ឆ្នាំនេះ​ចំឡែក​ត្រង់​ថា​ ក្នុង​អាទិត្យ​ជាមួយ​គ្នា​ វាកើត​ព្រម​គ្នា​ រក​ឃើញទាំង​៥​ករណី។ ​ហើយ​យើង​បាន​ចុះ​ទៅ​អង្កេត​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង។​ យើង​ឃើញ​មាន​មាន់​ទា​ងាប់​ច្រើន​ ហើយ​ជាប្រភព​ដែល​ចម្លង​មក​មនុស្ស។​ ដូច្នេះ​សូម​ឲ្យប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត»។​
ជំងឺ​ផ្តាសាយ​បក្សី​ H5N1​គឺ​ជា​ជំងឺផ្តាសាយ​មួយ​ដែល​ជា​ធម្មតា​ចម្លង​ពីសត្វ​បក្សី​ឈឺ​ទៅ​បក្សី​ផ្សេង​ទៀត ​ក៏ប៉ុន្តែ​ជួន​កាល​វាអាច​ចម្លង​ពីបក្សី​ទៅ​មនុស្ស។​
ជំងឺ​ផ្តាសាយ​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ទោះបីវា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ក៏ដោយ។​ នេះ​បើយោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​និង​អង្គការ​សុខភាព​ពិភព​លោក។​
ការ​ស្លាប់​របស់​កុមារី​ទាំង​ពីរ​គឺជា​ករណី​ទី​២៦​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី។​ ក្នុង​នោះ​មាន​១៧​ករណី​បាន​កើត​ឡើង​ទៅលើ​កុមារ​ក្រោម​អាយុ​១៤​ឆ្នាំ​ដែល​ភាគ​ច្រើន​ជាក្មេងស្រី។​
ចាប់​តាំង​ពីជំងឺ​ផ្តាសាយ​បក្សី​ H5N1​បាន​កើត​កាលពី​ឆ្នាំ​២០០៣​មក នៅលើ​ពិភព​លោក​ទាំង​មូល​មាន​ករណី​ជំងឺ​ផ្តាសាយ​បក្សី​ H5N1​ចំនួន​៦១៥​ករណី​ ហើយ​ក្នុង​នោះ​មាន​៣៦៤​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ បាន​ស្លាប់​បាត់​បង់ជីវិត៕​
XS
SM
MD
LG