រដ្ឋាភិបាល​បង្ហាញ​មុខ​រដ្ឋមន្ត្រី​ចូល​និវត្តន៍​និង​ប្តូរ​ក្រសួង​

Thousands of people take part in a candlelight vigil to mark the 29th anniversary of the crackdown of pro-democracy movement at Beijing's Tiananmen Square in 1989, at Victoria Park in Hong Kong, China.

​លោក​ ប្រាក់​ សុខុន​ នឹង​ត្រូវប្តូរ​មកកាន់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក​ ហោ ណាំហុង​ ដែល​សុំ​លាឈប់​ពី​តំណែង​​ តែ​នៅ​ជា​ឧបនាយក​រដ្ឋមន្ត្រី។

មន្ត្រី​រដ្ឋាភិបាល​ចំនួន​ ២៤​រូប​ ក្នុង​នោះ​រដ្ឋមន្ត្រី​៨រូប​ នឹង​ត្រូវ​ធ្វើ​ការផ្លាស់​ប្តូរ​ភារកិច្ច​ និង​បញ្ចប់​ការងារ​របស់​ខ្លួន​ នៅ​ក្នុង​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រី​ដែល​នឹង​ត្រូវ​ធ្វើ​ឡើងនៅ​ខែ​មេសា​ខាងមុខនេះ។​ នេះ​បើ​យោង​ទៅ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ ផ្ញើ​ជូន​លោក​ ហេង​ សំរិន ប្រធាន​រដ្ឋសភា​ជាតិ​ និង​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​នៃ​រដ្ឋសភា។​

ការរុះ​រើ​គណៈ​រដ្ឋមន្ត្រី​នេះ​ ត្រូវ​ក្រុម​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើ​ផ្នែកគណនេយ្យ​ភាព​ មើល​ឃើញ​ថា​ វា​ជ្រុល​ពេល​ និង​មិន​មាន​ប្រយោជន៍​ច្រើន​ដល់​សាធារណជន​នោះ​ទេ ដោយ​សារ​តែ​រដ្ឋមន្ត្រី​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ចំនួន​៨​រូប​នោះ​ គឺភាគ​ច្រើន​ជា​មន្ត្រី​ដដែលៗ​ហើយគ្រាន់​តែ​ផ្លាស់​ប្តូរ​ក្រសួង​តែប៉ុណ្ណោះ។​ ​

យោង​ទៅ​តាម​លិខិត​ស្នើ​សុំ​ឲ្យ​មាន​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​ចុះ​ហត្ថលេខា​ដោយ​លោក​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ពី​ ១៦​ ខែ​មិនា​ ដែល​ VOA​ ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​បាន​បង្ហាញ​ថា​ លោក​ ស៊ុន ចាន់ថុល​ អតីត​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ហើយបច្ចុប្បន្នជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ នឹង​ត្រូវ​ប្តូរ​ឲ្យ​ទៅ​គ្រប់​គ្រង​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​លោក​ ត្រំា​ អ៊ីវតឹក។​ លោក​ ត្រាំ​ អ៊ីវតឹក​ នឹង​ត្រូវ​ផ្លាស់​ឲ្យ​ទៅ​គ្រប់​គ្រង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គម​នាគមន៍​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដោយ​លោក ប្រាក់​ សុខុន។​

លិខិត​នោះ​បន្ត​ឲ្យ​ដឹង​ថា​ លោក​ ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ នឹង​ត្រូវ​ប្តូរ​ឲ្យ​មក​គ្រប់​គ្រង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី ​អ៊ឹម ឈុន​លឹម ​ចូល​និវត្តន៍។​ លោក ជា សុផារ៉ា​ ​ជា អតីត​រដ្ឋលេខាធិការ​ក្រសួង​នេះ។​ ​លោក ​អ៊ុក រ៉ាប៊ុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ នឹង​ត្រូវ​ប្តូរ​មក​គ្រប់​គ្រង​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ ហើយ​លោក​ ប្រាក់​ សុខុន​ នឹង​ត្រូវប្តូរ​មកកាន់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក​ ហោ ណាំហុង​ ដែល​សុំ​លាឈប់​ពី​តំណែង តែ​នៅ​ជា​ឧបនាយក​រដ្ឋមន្ត្រី។​ លោក ហ៊ឹម ឆែម ​អតីត​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ នឹង​ត្រូវ​តែង​តាំង​ជា​រដ្ឋមន្ត្រី​ ក្រសួង​ធម្មការ​ និង​សាសនា​ ជំនួស​ លោក​ មិន ឃិន​ដែល​នឹង​ក្លាយ​ជា​ទេសរដ្ឋ​មន្ត្រីទទួល​បន្ទុក​បេសកកម្ម​ពិសេស។​

ដោយឡែក​លោក ប៉ាន សូរស័ក្តិ​ បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ នឹង​ឡើង​ជា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នេះ​តែម្តង។ លោក វេង សាខុន​ នឹង​ត្រូវ​តែង​តាំង​ជា​រដ្ឋមន្ត្រី​ ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ។​ ​

លោក ​ឡេង ​ប៉េងឡុង​ អ្នកនាំពាក្យ​នៃ​រដ្ឋសភា​ជាតិ​ ថ្លែង​បញ្ជាក់​ប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ ថា សមាសភាព​នៃ​រដ្ឋ​មន្ត្រីដែល​ត្រូវ​ដោះដូរ​នេះ​ គឺ​ដូចគ្នា​ទៅ​នឹង​សំណើ​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ដែល​បាន​ផ្ញើ​ជូន​រដ្ឋ​សភា​កាល​ពីថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​។​ លោក​ ថា​ គណៈ​កម្មការធិការ​អចិន្ត្រៃយ៍​ នៃ​រដ្ឋសភា គ្រោង​នឹង​ប្រជុំ​លើ​សំណើ​នេះ​ នៅ​ថ្ងៃ​ទី​ ៣០​ ខែ​មិនា​ ខាង​មុខ​នេះ។​ លោក​ថ្លែង​ថា៖​

«ក្នុង​គម្រោង​ថ្ងៃ​៣០ គម្រោង​ណា៎​ ក្រែង​លោ​ថា​មាន​រឿង​អ្វី​រវល់​អ្វី​ទៀត​ ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ព្រោះ​ថា​ អាច​ប្រែប្រួល​បាន​។​ ប៉ុន្តែ​តាម​ក្នុង​គម្រោង​គឺ​ថា​ ថ្ងៃ​៣០»។​ ​

លោក​ សន​ ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ថ្លែង​ថា​ ការ​រុះរើ​គណៈ​រដ្ឋ​មន្ត្រី​នេះ​ នឹង​មិន​ធ្វើ​ឲ្យ​មាន​អ្វី​ប្រែប្រួល​ជា​វិជ្ជមាន​ខ្លាំង​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា។​ លោក​ថា​ ការណ៍​នេះ​គ្រាន់​តែ​ជា​ការ​បង្វែរ​ចំណាប់​អារម្មណ៍​មតិ​សាធារណជន​ ដែលកំពុង​រិះគន់​ខ្លាំង​ទៅ​លើ​ការ​ផ្តល់​សេវា​សាធារណៈ​ទន់ខ្សោយរបស់​ក្រសួង​មួយ​ចំនួន។

«អ្វី​ដែល​យើង​មើល​ឃើញ​ពី​ផែនការ​ រុះរើ​គណៈ​រដ្ឋមន្ត្រី​នេះ​ ឥឡូវនេះ​យើង​មើល​ឃើញ​ហើយ​លទ្ធ​ផល​ ចេញ​មក​ហើយ​ បាន​ន័យ​ថា​ឡាន​ចាស់​ ហើយ​តៃកុង​ហ្នឹង​ក៏​ចាស់​ដែរ​ បាន​ន័យ​ថា​ អត់មាន​អ្វី​ដែល​ថ្មី​ទេ​ គ្រាន់​តែ​ដូរ​ ពី​លិច​ទៅ​កើត​ ពី​កើត​ទៅ​លិច​តែ​ប៉ុណ្ណឹង​ ហើយ​យើង​នឹង​មិន​មាន​ជំនឿ​ថា​ ប្រសិទ្ធ​ភាព​ការងារ​ ការងារ​នឹង​ល្អ​ប្រសើរ​ជាង​មុន​នោះ​ទេ»។

លោក​បន្ថែម​ថា​ រដ្ឋាភិបាលមាន​ភាព​យឺតយ៉ាវ​ខ្លាំង​នៅ​ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នេះ​ដែល​នឹង​មិន​ផ្តល់​អំណោយ​ផល​ដល់​ការ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ។ ​

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ថ្លែង​ថា​ ការ​រុះ​រើគណៈរដ្ឋមន្ត្រី​នេះ​ គឺ​មិន​ជ្រុល​ពេល​នោះ​ទេ​ ហើយ​សកម្មភាព​រុះរើ​នេះ​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​អាច​កំណត់​យុទ្ធសាស្ត្រនយោបាយ​ថ្មី​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​សង្គម​នានា។​ លោក​ បញ្ជាក់​ថា៖​

«អ្វី​ដែល​ប្រែ​ប្រួល​គឺ​ការ​រុះរើ​ និង​រៀបចំសម្រួល​សមាសភាព​គណៈ​រដ្ឋមន្ត្រី​នៅ​ពាក់​កណ្តាល​អាណត្តិ​អាហ្នឹង​ជា​ការ​ប្រែប្រួល​មួយ​។ ហើយ​ការ​ប្រែ​ប្រួល​ទីពីរ​ គឺ​យើង​មានឃើញជា​ការ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​ អាហ្នឹង​គឺ​សារៈសំខាន់​ដែល​យើង​នាំ​គ្នា​និយាយ​ថា​ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ប្រឆាំង​នឹង​អ្វី​ទៅ​ដែល​ជា​បក្ស​ពួក​និយម។​ អាហ្នឹង​ជា​ការ​ចាប់​ផ្តើម​របស់​យើង​។​ ការ​រុះ​រើ​ហ្នឹង​គឺ​ធ្វើ​ដើម្បីយ៉ាង​ដូច​ម្តេច​ ដើម្បី​ប្រសិទ្ធភាព​ការងារ​ ក្នុង​ការ​ផ្តល់​សេវា​កម្ម​ដល់​ប្រជាពលរដ្ឋ​។​ មិនមែន​បាន​សេចក្តី​ថា​ការ​រុះរើ​ហ្នឹង​តែ​ម្តង​ចប់​ហ្នឹងទេ​ គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម»។​

ការ​បញ្ចេញ​ឲ្យ​ដឹង​ពី​សមាសភាព​នៃ​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​នេះ​ កើតមាន​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​រិះគន់​ខ្លាំងៗ​ទៅ​លើ​ភាព​យឺតយ៉ាវ​ និង​កម្សោយ​ការងារ​របស់​ ក្រសួង​ចំនួន​ពីរ​គឺ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ និង​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ។ ​ លោក​ថ្លែង​នៅ​ពេល​នោះ​ផង​ដែរ​ថា​ ​ពេល​វេលា​សម្រាប់​ «ការ​មុជ​ទឹក​ ឆ្លុះ​កញ្ចក់​ ដុះ​ក្អែល»​ ​របស់​ថ្នាក់​ដឹកនាំ​ ឬ​មន្ត្រី​នៃ​ក្រសួង​នីមួយៗ​ ដែល​លោក​បាន​ទុក​ឲ្យ​ គឺ​ផុត​កំណត់​បាត់​ទៅ​ហើយ។​ លោក​ក៏បាន​ផ្តល់​ចំណាត់​ថ្នាក់​ F ​ជា​ចំណាត់​ថ្នាក់អន់​បំផុត​ដល់​ក្រសួង​ទាំង​ពីរ។​

ការសម្រេច​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ក៏​ត្រូវ​គេ​ដឹង​ថា​បាន​ធ្វើ​ឡើង​ នៅ​ចំ​ពេល​ដែលរដ្ឋបាល​សាធារណៈរង​ការ​រិៈ​គន់​ថា​មានអំពើ​ពុករលួយ ​និង​បក្សពួក​និយម​ ហើយ​នឹងបញ្ហា​សង្គម​ ​ជាច្រើន​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​រួច​ ឬនៅ​ជាប់​គាំង​ ដូច​ជា​វិបត្តិ​ដីធ្លីជាដើម។​ ​ថ្មីៗ​នេះ​ ក៏​មាន​លេចឡើង​នូវ​មតិ​រិះគន់​ ចំពោះ​ការ​ផ្តល់​សេវា​សាធារណៈ​ដែល​មាន​ភាព​មិន​ប្រាកដ​ប្រជា​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ទាក់​ទិន​នឹង​ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត ​និង​ការ​ខូចខាត​ផ្លូវ​ថ្នល់​។

អ្នក​វិភាគ​សង្គម ​ធ្លាប់​លើក​ឡើង​កាលពី​ពេល​កន្លង​មក​ថា​ ប្រសិន​បើ​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រី​ ធ្វើ​ឡើង​ដោយ​មិន​មាន​ដាក់​មន្ត្រី​វ័យ​ក្មេង​ឲ្យ​ដឹកនាំ​ស្ថាប័ន​ក្រសួង​រដ្ឋ​នោះ​ទេ​ កំណែទម្រង់​របស់​រដ្ឋាភិបាល​នឹង​នៅ​តែ​មាន​ល្បឿន​យឺត​ ដែល​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ម្ចាស់​ឆ្នោត៕