ទំនាក់ទំនងកម្ពុជានិងបារាំងកាន់តែរឹងមាំ ខណៈបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅតែជាកង្វល់

នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​វេទិកា​ស្តី​ពី​ទំនាក់​ទំនង​រវាង​កម្ពូជា​និង​បារាំង នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ (Facebook/Samdech Thipadei Hun Manet, Prime Minister of Cambodia)

បារាំង​មាន​បំណង​នៅ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ការទូត​ជាមួយ​កម្ពុជា ​ខណៈ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិតេយ្យ​នៅ​តែ​ជា​ក្តី​បារម្ភ​សម្រាប់​បារាំង។ ​នេះ​បើ​តាម​លោក ​ហ្សាក់ ប៉ឺឡេ ​(Jacques Pellet)​ ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា។​

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន ម៉ាណែត ​នៅ​ប្រទេស​បារាំង​ នា​ព្រឹក​ថ្ងៃទី​ ១៥​ ខែ​មករា​ ឆ្នាំ​ ២០២៤ ​ដែល​ធ្វើ​ឡើង​នៅ​ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា។​

លោក​ឯកអគ្គ​រដ្ឋទូត​បារាំង​លើក​ឡើង​ថា ​ទំនាក់​ទំនង​កម្ពុជា ​និង​បារាំង​មាន​ភាព​ប្រសើរ​ឡើង ​ដោយ​សារ​តែ​ប្រទេស​ទាំង​ពីរ​នេះ​មាន​ប្រវត្តិ​សាស្ត្រ​រួម​គ្នា។ ​លោក​បន្ថែម​ថា ​ប្រទេស​ទាំង​ពីរ​បង្កើន​សន្ទនា​ផ្នែក​នយោបាយ​ តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​ទាំង​ពីរ​ជា​ច្រើន​លើក​ច្រើន​សា​ ដែល​បង្កើន​សន្ទុះ​ដល់​ទំនាក់​ទំនង​នេះ។​

បើ​តាម​ឯក​អគ្គរដ្ឋទូត​រូប​នេះ ​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​ហ៊ុន ម៉ាណែត ​ទៅ​កាន់​ប្រទេស​បារាំង​ បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ទំនាក់​ទនង​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​ថ្លែង​ជា​ភាសា​បារាំង​ហើយ​ត្រូវ​បាន​បក​ប្រែ​ជា​ខ្មែរ​ថា៖​ «កន្លង​មក​ហាក់​ដូច​ជា​មាន​ភាព​អាក់​ខាន​នៅ​ក្នុង​ការ​ផ្តល់​សន្ទុះ​នេះ។ ​មួយ​ទៀត​ដោយ​សារកូវីដ​១៩​ ផង​ដែរ​ ហើយ​យើង​បាន​ជ្រាប​ច្បាស់​ថា ​ប្រទេស​បារាំង​ជាមួយ​អាស៊ាន​វិញ ​គឺ​យើង​ហាក់​ដូច​ជា​មាន​ភាព​យឺត​យ៉ាវ​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​អាស៊ាន ​ហើយ​មួយ​ទៀត​ភូមិ​សាស្ត្រ​នយោបាយ ​ដោយ​សារ​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​ចិន ​និង​សហ​រដ្ឋ​អាមេរិក​ ហើយ​យើង​បាន​ក្រឡេក​មក​មើល​ខាង​អាស៊ាន ​យើង​មាន​ឆន្ទៈ​មួយ​ចង់​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​កម្ពុជា ​គឺ​យើង​មាន​ទំនាក់​ទំនង​ជា​យូរ​មក​ហើយ»។​

បើ​តាម​លោក ​ហ្សង់ ប៉ឺឡេ ​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នេះ​គឺ​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​រវាង​ប្រទេស​ទាំង​ពីរ។​

ពាក់ព័ន្ធ​នឹង​ផ្នែក​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ឯកអគ្គ​រដ្ឋទូត​រូប​នេះ​លើក​ឡើង​ថា​ បារាំង​នៅ​តែ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​ថា ​បញ្ហា​ទាំង​នេះ​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ផ្នែក​នៃ​ការ​ពិភាក្សា​គ្នា​រវាង​កម្ពុជា​ និង​បារាំង។​

ថ្លែង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយសហគមន៍​ខ្មែរ​រស់​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​កាល​ពី​ថ្ងៃ​ទី ១៤ ​ខែ​មករា ​ឆ្នាំ ​២០២៤​ លោក ​ហ៊ុន ម៉ាណែត ​លើក​ឡើង​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​ប្រទេស​បារាំង​នេះ ​គឺ​ដើម្បី​បញ្ជាក់​ពី​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា ​និង​បារាំង ​និង​ថា​ ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​ពិសេស។​

លោក​ថ្លែង​ថា៖​ «សំដៅ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ​បារាំង​បាន​វាយ​តម្លៃ​ និង​ផ្តល់​តម្លៃ​ចំពោះ​ទំនាក់​ទំនង​ការ​ទូត ​នយោបាយ​ ទាំង​សេដ្ឋកិច្ច​រវាង​កម្ពុជា ​និង​បារាំង​ ហើយ​នេះ​គឺ​ជា​មោទន​ភាព​របស់​យើង ​ហើយ​យើង​ក៏​ផ្តល់​នូវ​ការ​ឆ្លើយ​តប​ស្មើភាព​គ្នា​ ទំនាក់​ទំនង​កម្ពុជា-បារាំង ​ដែល​មាន​ជា​យូរ​មក​ហើយ​ ហើយ​ជា​ទំនាក់​ទំនង​ប្រវត្តិ​សាស្ត្រ​ដែល​យើង​ត្រូវ​បន្ត​ពូនជ្រំ»។​

បើ​តាម​ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ឆ្នាំ ​២០២៣ ​ទីភ្នាក់​ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ (AFD) ​បាន​ផ្តល់​ហិរញ្ញប្បទាន​ជាង ​២០០​លាន​អឺរ៉ូ​ សម្រាប់​គម្រោង​នានា​នៅ​កម្ពុជា ​ជាពិសេស​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក​ស្អាត​ ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​ថាមពល។​

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ លោក ​សេង វណ្ណលី​ ប្រាប់​វីអូអេ​ថា​ ​ទំនាក់​ទំនង​កម្ពុជា ​និង​បារាំង​មាន​លក្ខណៈ​ពិសេស​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​សារ​តែ​មាន​ប្រវត្តិ​សាស្ត្រ​រួមគ្នា។ ​លោក​បន្ថែម​ថា​ ​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​ហ៊ុន ម៉ាណែត ​បង្ហាញ​ពី​សារៈ​សំខាន់​របស់​បារាំង​នៅ​ក្នុង​ការ​អភិវឌ្ឍវិស័យ​សេដ្ឋកិច្ច ​និង​សង្គម​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​ប្រហែល​ជា​មិន​ឃ្លាត​ឆ្ងាយ​ចេញ​ពី​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ សង្គម​ ហើយ​នឹង​វប្បធម៌​ ក៏​ដូច​ជា​ទាក់​ទាញ​បន្ថែម​នូវ​ក្រុមហ៊ុន​វិនិយោគ​បន្ថែម​របស់​បារាំង​ឱ្យ​មក​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូច​ជា​ក្នុង​វិស័យ​ឧស្សាហ​កម្ម។ ​ហើយ​ខ្ញុំ​គិត​ថា​ បារាំង​គាត់​មើល​ឃើញ​ពី​សារៈ​សំខាន់​របស់​កម្ពុជា​ដែរ។​ យើង​ដឹង​ថា ​បារាំង​គាត់​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ស្ទើរ​តែ​គ្រប់​ផ្នែក​ហើយ»។​

ទោះ​ជា​យ៉ាងណា ​លោក​ថា​ បារាំង​ក៏​សកម្ម​ដែរ​លើ​ការ​អភិវឌ្ឍ​វិស័យ​នយោបាយ​នៅ​កម្ពុជា ​ដោយ​តែង​តែ​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​

កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ ស្ថានទូត​បារាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ការ​សោក​ស្តាយ​ និង​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ក្រោយ​កម្ពុជា​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​ ដោយ​អវត្តមាន​គណបក្ស​ជំទាស់ ​គឺ​គណ​បក្ស​ភ្លើងទៀន។ ​បារាំង​បាន​ជំរុញ​ឱ្យ​កម្ពុជា​ស្តារ​ស្ថាន​ការណ៍​ឡើង​វិញ ​ឱ្យ​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ​១៩៩១ ​និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

ស្ថានទូត​បារាំង​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​នោះ​ថា៖​ «យើង​អំពាវនាវ​ឱ្យ​មាន​ការ​ដោះ​លែង​សមាជិក​គណបក្ស​ជំទាស់​ដែល​ឃុំ​ខ្លួន ​និង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ចាំបាច់​ដើម្បី​ស្តារ​ប្រជា​ធិបតេយ្យ ​ស្រប​តាម​គោល​ការណ៍​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ​និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​សីហា ​ឆ្នាំ​ ២០២០ ​សហ​ភាព​អឺរ៉ុប​ដែល​បារាំង​ជា​សមាជិក​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​(Everything But Arms)​ ចំនួន ​២០% ​ពី​កម្ពុជា​ដោយ​សារ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ការ​ដក​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​ជា​ដើម៕​