ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍អង្គការសិទ្ធិមនុស្សអន្តរជាតិ៖ លោក ហ៊ុន ម៉ាណែត មិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សល្អប្រសើរឡើយ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

អង្គការ​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ នៅ​តែ​រក​ឃើញ​ថា​ ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​គណ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ សកម្មជន​ដី​ធ្លី មេ​ដឹក​នាំ​សង្គម​ស៊ីវិល ​មេ​ដឹក​នាំ​សហជីព ខណៈ​រិះគន់​ថា​ស្ថាន​ភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​កាន់​តែ​មាន​ភាព​ «យ៉ាប់​យ៉ឺន​បន្ថែម​ទៀត»ក្នុង​ឆ្នាំ​ ២០២៣។ អង្គការ​មួយ​នេះ​អះអាង​ថា ​នាយក​រដ្ឋមន្រ្តី​ថ្មី លោក ហ៊ុន ម៉ាណែត ដែល​កាន់​អំណាច​បាន​ជាង​៤​ខែ​ មិន​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​ឡើយ។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សិទ្ធិ​មនុស្ស (HRW) ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១២ ខែ​មករា ឆ្នាំ​ ២០២៤ បង្ហាញ​ថា​ កំណត់​ត្រា​សិទ្ធិ​នៅ​កម្ពុជា​កាន់​តែ​អាក្រក់​ទៅៗ​ក្នុង​ឆ្នាំ​ ២០២៣ ដោយ​សារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បាន​រឹត​បន្តឹង​ការ​គ្រប់​គ្រង​លើ​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត ដោយ​បាន​រារាំង​គណ​បក្ស​ប្រឆាំង​ធំ​មួយ​មិន​ឱ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០២៣ ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​សំខាន់ៗ និង​កំណត់​គោល​ដៅ​អ្នក​រិះគន់​រដ្ឋាភិបាល​ដោយ​តាម​រយៈ​ការ​យាយី ការ​ឃុំ​ខ្លួន និងការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​រាង​កាយ។

របាយ​ការណ៍បន្ថែម​ថា​នៅ​ថ្ងៃ​ទី ​២២ ខែ​សីហា ឆ្នាំ ​២០២៣ អតីត​នាយក​រដ្ឋ​មន្ត្រី​លោក ហ៊ុន សែន ដែល​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ជា​នាយករដ្ឋ​មន្ត្រី​តាំង​ពី​ឆ្នាំ​ ១៩៨៥ បាន​ប្រគល់​តំណែង​ឱ្យ​កូន​ប្រុស​លោក គឺ​លោក ហ៊ុន ម៉ាណែត ដោយ​លោក ហ៊ុន សែន នៅ​តែ​ជា​ប្រធាន​គណបក្ស​កាន់​អំណាច និង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​ថា៖ «ការ​ផ្លាស់​ប្តូរ​នយោបាយ​ទៅ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត គឺ​គ្រាន់​តែ​ជា​ការ​ដាក់ «ស្រា​ចាស់​នៅ​ក្នុង​ដប​ថ្មី» នៅ​ពេល​និយាយ​អំពី​សិទ្ធិ​មនុស្ស និង​សេរីភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​។ ដៃគូ​ពាណិជ្ជ​កម្ម​ និង​ជំនួយ​របស់​កម្ពុជា​គួរ​តែ​ផ្ញើ​សារ​ច្បាស់​លាស់​ថា​ការ​ចូលរួម​ជាមួយ​រដ្ឋា​ភិបាល​នា​ពេល​អនាគត​នឹង​ឆ្លុះ​បញ្ចាំង​ថា ​តើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពិត​ប្រាកដ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ឬ​អត់»។

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​បាន​ពិនិត្យ​មើល​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ជាង​ ១០០​ នៅ​ក្នុង​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ពិភព​លោក​ឆ្នាំ​ ២០២៤ ដែល​មាន​កម្រាស​ ៧៤០​ ទំព័រ​នេះ។ របាយការណ៍​ដដែល​បាន​សរសេរ​ថា​ ការ​បង្ហាញ​ចរិត​លក្ខណៈ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ថា​ ជា​រដ្ឋាភិបាល​ប្រជា​ធិបតេយ្យ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ទេ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា​៖ «ប្រទេស​កម្ពុជា​ជា​រដ្ឋ​ឯកបក្ស​ពិត​ប្រាកដ​ជាមួយ​នឹង​ការ​បោះឆ្នោត​ដែល​មិន​មាន​ការ​ប្រកួត​ប្រជែង​ កង្វះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ការ​ជ្រៀត​ជ្រែក​របស់​បក្ស​កាន់​អំណាច និង​ការ​គ្រប់​គ្រង​ស្ថាប័ន​រដ្ឋ​ទាំង​អស់​រួម​ទាំង​ប្រព័ន្ធ​តុលាការ និង​ការ​បៀត​បៀន​ជា​ប្រព័ន្ធ​ជាមួយ​ការ​កំណត់​គោល​ដៅ​លើ​អ្នក​រិះគន់​ក្នុង​បក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល»។

រូបឯកសារ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍ក្រុមអ្នកសារព័ត៌មាន ខណៈលោកចាកចេញពីគេហដ្ឋានរបស់លោក មុនសេចក្តីប្រកាសសាលក្រមកាត់ក្តីរូបលោកពីបទក្បត់ជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍ក្រុមអ្នកសារព័ត៌មាន ខណៈលោកចាកចេញពីគេហដ្ឋានរបស់លោក មុនសេចក្តីប្រកាសសាលក្រមកាត់ក្តីរូបលោកពីបទក្បត់ជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។

របាយការណ៍​មួយ​នេះ​ក៏​បាន​កត់​ត្រា​ការ​ផ្តន្ទា​ទោស​អតីត​មេ​ដឹក​នាំ​គណបក្ស​ជំទាស់ លោក ​កឹម សុខា ​ឱ្យ​ជាប់​ឃុំ​រយៈ​ពេល​ ២៧ ​ឆ្នាំ ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​ឃុប​ឃិត​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស កាល​ពី​ខែ​មីនា ឆ្នាំ​មុន។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក​ កឹម សុខា ​ធ្វើ​នយោបាយ ​មិន​ឱ្យ​ចេញ​ពី​ផ្ទះ ​និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជន​បរទេស​ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

បើ​តាម​ការ​កត់​ត្រា​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស កាល​ពី​ខែ​ឧសភា ឆ្នាំ ​២០២៣ សហ​ភាព​អឺរ៉ុប​បាន​ថ្កោល​ទោស​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូល​រួម​ការ​បោះ​ឆ្នោត ហើយ​ពួក​គេ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​រិះ​គន់​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ និង​សង្គម​ស៊ីវិល​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ។

កម្ពុជា​នៅ​តែ​ជា​អ្នក​ទទួល​ផល​នា​ពេល​បច្ចុប្បន្ន​ពី​សហភាព​អឺរ៉ុប​ដែល​ហៅ​ថា Everything But Arms ដែល​ជា​គម្រោង​ពាណិជ្ជកម្ម​ដែល​ផ្តល់​សិទ្ធិ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​មិន​គិត​ពន្ធ ដោយ​ផ្អែក​លើ​ការ​គោរព​ស្តង់​ដារ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​មួយ​ចំនួន​របស់​ពួកគេ​ ដែល​កម្ពុជា​ត្រូវ​បាន​សហ​ភាព​អឺរ៉ុប​ដក​ហូត​មួយ​ផ្នែក​នៃ​អត្ថ​ប្រយោជន៍​ពាណិជ្ជកម្ម​របស់​ខ្លួន។ ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០២០ បន្ទាប់​ពី​ការ​បដិសេធ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​លើ​ការ​បង្រ្កាប​ផ្នែក​នយោបាយ លើ​ការ​រំលោភ​សិទ្ធិ​ការងារ និង​ដីធ្លី ទោះ​បីជា​មាន​ការ​ពង្រឹង​ការ​ចូលរួម​ជា​ច្រើន​ឆ្នាំ​រវាង​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ។ នេះ​បើ​តាម​ការ​កត់​ត្រា​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (HRW)។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន ប៉ូណា ប្រាប់​វីអូអេ​ថា​ ការ​គោរព​សិទ្ធិ​មនុស្ស​តែង​តែ​ត្រូវ​បាន​គោរព​យ៉ាង​ពេញ​លេញ និង​លើក​កម្ពស់​ដោយ​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្ថែម​ថា​ នាយក​រដ្ឋ​មន្រ្តី​ថ្មីលោក ហ៊ុន ម៉ាណែត ដែល​បាន​ឡើង​កាន់​តំណែង​បាន​ជាង​៤​ខែ​មក​នេះ​បាន​បង្កើត​សមិទ្ធផល​ជា​ច្រើន ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច និង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស។ លោក​ក៏​បាន​លើក​ឡើង​ពី​កំណែ​ទម្រង់​យុត្តិធម៌​ ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នា​ពេល​ថ្មីៗ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «សរុប​មក​វិញ​ រាជ​រដ្ឋាភិបាល​តាំង​ពី​ជំនាន់​សម្តេច​តេជោ​ រហូត​ដល់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត គឺ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ លើក​កម្ពស់​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជា​ពលរដ្ឋ​ និយាយ​សរុប​គឺ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នេះ​ឯង»។

លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​វីអូអេ​ថា​ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​បាន​ចេញ​របាយ​ការណ៍​ដែល​បង្ហាញ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​ថា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ពេញ​លេញ និង​ធានា​ដោយ​ច្បាប់។

លោក​ថ្លែង​ថា៖ «យើង​បាន​ឃើញ​ថា ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ​គឺ​មួយ​ជំពូក​ពេញ​តែ​ម្តង​ មាន​សិទ្ធិ​គ្រប់​ជាពិសេស​គឺ​យើង​មិន​មាន​ទោស​ប្រហារ​ជីវិត​ទេ ដែល​គឺ​ជា​ការ​ធានា​បាន​នូវ​សិទ្ធិ​រស់​រាន​មាន​ជីវិត​មួយ​ដ៏​សំខាន់​។ បើ​យើង​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត​ផង​តើ​យើង​ទៅ​និយាយ​ពី​សិទ្ធិ​អី​បាន​ទៀត»។

កាល​ថ្ងៃ​ទី ​១៣ ខែ​ធ្នូ ឆ្នាំ ​២០២៣ ​នេះ អង្គការ​ថ្នាក់​តំបន់​ដែល​ធ្វើ​ការ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ប្រជា​ធិបតេយ្យ រួម​មានសមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ​(APHR) បណ្តាញ​ប្រជា​ធិបតេយ្យ​អាស៊ី ​(ADN) វេទិកា​អាស៊ី​សម្រាប់​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស (FORUM-ASIA) បណ្តាញ​អាស៊ី​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី (ANFREL) សម្ព័ន្ធ​ពិភព​លោក​សម្រាប់​ការ​ចូលរួម​របស់​ពលរដ្ឋ ​(CIVICUS) និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch)​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ច្បាប់​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស ព្រម​ទាំង​ការ​បើក​លំហ​នយោ​បាយ​ពេញ​លេញ​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ក្នុង​ឆ្នាំ​២ ០២៤ ខាង​មុខ ក៏​ដូច​ជា​ទទូច​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ឱ្យ​បញ្ចប់​រាល់​ទម្រង់​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោ​បាយ ហើយ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​នៅ​ការ​លើក​ឡើង​របស់​អង្គការ​ថ្នាក់​តំបន់​នេះ ហើយ​ថា​អង្គការ​ទាំង​នេះ​គឺ​គ្រាន់​តែ​បម្រើ​របៀប​វារៈ​នយោបាយ​តែ​ប៉ុណ្ណោះ ដោយ​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ពេញ​លេញ​ធានា​ដោយ​ច្បាប់៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG