ប្រទេសកម្ពុជាបានប្រកាសថា ខ្លួនបានរកឃើញការឆ្លងវីរុសកូរ៉ូណាថ្មី២ ករណីទៀតកាលពីចុងសប្តាហ៍ ដោយធ្វើឲ្យចំនួនអ្នកឆ្លងមេរោគនេះសរុបក្នុងប្រទេសកើនដល់១៤១ នាក់ គិតត្រឹមថ្ងៃច័ន្ទនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា អ្នកឆ្លងថ្មីចុងក្រោយបំផុតទាំងពីរនាក់ គឺជាបុរសជនជាតិខ្មែរអាយុ២៣ ឆ្នាំ និង១៥ ឆ្នាំ។
បុរសទាំងពីរ ដែលម្នាក់រស់នៅស្រុកក្រូចឆ្មារខេត្តកំពង់ចាម និងម្នាក់ទៀតរស់នៅក្នុងឃុំដើមមាន ខេត្តកណ្តាល ត្រូវបានពិនិត្យរកឃើញថា ឆ្លងជំងឺកូវីដ១៩នេះ ពេលដែលអ្នកទាំងពីរ បានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែមិថុនា។
បច្ចុប្បន្ន អ្នកទាំងពីរត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី២៥ ខែមិថុនា អ្នកធ្វើដំណើរ៩ នាក់ទៀត ដែលមានជនជាតិខ្មែរ៨ នាក់និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកវីរុសកូរ៉ូណា ក្រោយពីពួកគេធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី។ អ្នកឆ្លងជំងឺកូវីដទាំង៩នាក់នោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងក្រុងភ្នំពេញ។
ក្រៅពីអ្នកឆ្លងថ្មីទាំង១១ នាក់រួមទាំងពីរនាក់ចុងក្រោយបំផុតផង អ្នកជំងឺកូវីដ១៩នៅកម្ពុជាចំនួន១៣០ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញហើយ។ នេះបើយោងតាមក្រសួងសុខាភិបាលដដែល៕