លោក​ប្រាក់ សុខុន៖ កម្ពុជា​ដឹកនាំ​អាស៊ាន​ខណៈ​សម្ពាធ​«ចម្រុះជ្រុង»​និង​«ក្នុង​កម្រិត​មិន​ធ្លាប់មាន»

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ក្នុង​ជំនួប​​ជាមួយ​លោក​ Vivian Balakrishnan រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (ហ្វេសប៊ុក/ក្រសួង​ការបរទេស​កម្ពុជា)

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(អាស៊ាន)ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី​១៥​ដល់​ថ្ងៃទី​១៧​ខែកុម្ភៈ​ក្នុង​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន។ អាណត្តិ​ទី៣​របស់​កម្ពុជា​ចាប់ផ្តើម​ក្នុង​ពេល​ដែល​មានបរិយាកាស​តានតឹង​ផ្ទៃក្នុង​នៃ​សមាគម​តំបន់​នេះ​និង​សម្ពាធ​ពី​ខាងក្រៅ​កាន់តែ​ខ្លាំង។

មូលបទ​របស់​អាស៊ាន​ក្រោម​ការដឹកនាំ​របស់​កម្ពុជា​គឺ​«អាស៊ាន​រួមគ្នា​ធ្វើ៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា»។ វា​ជា​មូលបទ​មួយដែល​លោក​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ចាត់ទុក​ថា​ ស្របនឹង​បញ្ហា​ដែល​តំបន់​អាស៊ានកំពុងរងសម្ពាធ​ពី​«ចម្រុះជ្រុង​»និង​«ក្នុង​កម្រិត​មិនធ្លាប់​មាន»​ ចាប់តាំង​ពី​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​អង្គការ​នេះ​ជិត​២៣​ឆ្នាំ​មក។

តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​អ្នកស្រាវជ្រាវមើល​ឃើញ​កាន់​តែ​ខ្លាំង​ឡើង​ថា​ជា​ព្រំដែន​យុទ្ធសាស្ត្រ​សម្រាប់​ទាំង​ហេតុផល​នយោបាយ ​និង​សេដ្ឋកិច្ច​នៃ​មហា​អំណាច​សហរដ្ឋ​អាមេរិក​និង​ចិន។ ភាព​តានតឹង​រវាង​មហាអំណាច​ទាំងពីរ​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់តាំង​ពីរដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Donald Trump​ បន្ត​រហូត​ដល់​រដ្ឋបាលលោក​ប្រធានាធិបតី Joe Biden។ នេះ​បើ​តាម​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​«កម្ពុជា​ក្នុងនាម​ប្រធាន​ប្តូរវេន​អាស៊ាន៖ ការ​ឆ្លើយតប​នឹង​ទស្សនៈ​ប្រឈម​និង​ការពង្រឹង​ប្រសិទ្ធភាព​កិច្ចការ​តំបន់»​របស់​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព​សហការ​គ្នា​ជាមួយ​មូលនិធិ​អាស៊ី។ ​

លោក ​ប្រាក់ សុខុន​ បាន​ថ្លែង​ប្រាប់​គណៈកម្មការ​ការបរទេស​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ​ថា៖ «បន្ថែម​លើ​សម្ពាធ​និង​ការប្រឈម​បណ្តាល​មកពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩​ ការប្រកួត​ប្រជែង​ដ៏តាន​តឹង​បំផុត​បន្ទាប់​ពី​ការបញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​រវាង​មហាអំណាច​ធំ​ជាងគេ​នៃ​ពិភពលោក​និង​វិបត្តិ​តំបន់​កាន់តែ​ជ្រៅ​ទៅៗ​ដូចបាន​រៀបរាប់​ខាងលើ​នេះ​ អាស៊ាន​ក៏​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ផ្ទៃ​ក្នុង​និង​បញ្ហា​ស្ថាប័ន​ដ៏​លំបាក​ផងដែរ»។

រូប​ឯកសារ៖ ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ច្បារអំពៅ បាន​មក​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ ដូស​ទី ៣ នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

រូប​ឯកសារ៖ ឆ្មាំ​ល្បាត​សមុទ្រ​របស់​ប្រទេស​ហ្វីលីពីន​ជិះ​លើ​ទូក​តូច​មួយ ខណៈ​ដែល​ពួកគេ​បើក​ទៅ​ជិត​នាវា​របស់​ចិន​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Whitsun Reef នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី​១៣ ឬទី១៤ ខែមេសា ឆ្នាំ២០២១។

ប្រធាន​អាស៊ាន​ចាត់ទុក​ថា​ការប្រឈម​ទាំង​នេះ​ បាន​បង្ក​សម្ពាធ​មកលើ​បណ្តា​ប្រទេស​ក្នុង​តំបន់​និងនាំ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​សហគមន៍​ ប៉ះពាល់​ដល់​ការរក្សា​និង​ពង្រឹង​មជ្ឈភាព​របស់​អាស៊ាន​ ពិសេស​ក្នុង​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន។

លោក ប្រាក់ សុខុន​ បាន​បន្ថែម​ថា៖ «វា​ក៏​ប៉ះពាល់​ដល់​ឯកភាព​ សាមគ្គីភាព​ ភាព​ធន់​របស់​អាស៊ាន​ ក៏​ដូច​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​សមាហរណកម្ម​និង​ការពង្រីក​ដៃគូ​ខាងក្រៅ​ជាដើម»។

ការប្រជុំ​របស់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​នេះមិន​មាន​តំណាង​មកពី​ប្រទេស​មីយ៉ាន់ម៉ា​ចូលរួម​ទេ​ដោយសារតែ​របប​យោធា​បាន​បដិសេធ​មិន​បញ្ជូន​តំណាង​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឱ្យ​ទៅ​ចូលរួមពីព្រោះ​សមាជិក​អាស៊ាន​មួយ​ចំនួន​ដែល​មាន​ដូច​ជា​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​ប្រកាន់​ខ្ជាប់​តាម​ការ​សម្រេច​របស់​ព្រុយណេ ​អតីត​ប្រធាន​អាស៊ាន​កាលពី​អាណត្តិ​មុន​ដែល​មិន​ឲ្យ​តំណាង​នយោបាយ​ចូលរួម។ ពួកគេអនុញ្ញាត​ឲ្យតែ​តំណាង​មិនមែន​នយោបាយ​ប៉ុណ្ណោះ។ ក្រសួង​ការបរទេស​របប​សឹក​មីយ៉ាន់ម៉ា​ចាត់​ទុកការ​សម្រេច​នោះ​ថា​ «ផ្ទុយ​នឹង​គោលការណ៍​និង​ការ​អនុវត្ត​នៃ​តំណាង​ស្មើភាព​គ្នា​ក្នុង​អាស៊ាន»។

ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​កិច្ចប្រជុំ​មួយ​ដែល​មាន​តំណាង​អាស៊ាន​ទាំង១០​ចូលរួម​រហូតដល់​បាន​ធ្វើ​ឲ្យ​ខកខាន​កិច្ចប្រជុំ​ដ៏សំខាន់​នេះ​ដែល​បាន​គ្រោង​ធ្វើ​ជា​លើក​ដំបូង​កាលពី​ខែ​មករា។

វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​កើត​មាន​ឡើង​តាំងពី​ខែកុម្ភៈ​ឆ្នាំ​មុន​ក្រោយ​ពី​ពួក​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ស្របច្បាប់។ ការ​ព្យាយាម​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​វិបត្តិ​នេះ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​ដោយផ្ទាល់​កាលពី​ដើមខែ​មករា​បាន​នាំ​ឲ្យ​មាន​ការរិះគន់​ជាច្រើន។ ​អ្នកជំនាញ​ព្រមាន​ថា​វិបត្តិ​នេះអាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​របស់​កម្ពុជា។

លោក Charles Dunst​ អ្នកស្រាវជ្រាវ​កម្មវិធី​អាស៊ី​អាគ្នេយ៍នៃ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​អន្តរជាតិ​និង​យុទ្ធសាស្រ្ត​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ចាត់ទុក​ថា​វិធីសាស្រ្ត​របស់​លោក​ ហ៊ុន សែន​ ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា​នឹង​មិន​នាំមក​នូវ​សន្តិភាព​ដល់​ប្រទេស​នោះ​ទេ។

រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ពិធី​ត្រួត​ពលជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា​លោក Wunna Maung Lwin បន្ទាប់ពីលោកបានទៅដល់រដ្ឋធានីណៃពិដោ កាល​ពី​ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។

លោក Charles Dunst ​បាន​បញ្ជាក់​បន្ថែម​ក្នុង​ខ្ទង់​អត្ថាធិប្បាយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៤​ខែ​កុម្ភៈ​ថា៖​ «ផ្ទុយទៅវិញ ​វា​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាន់តែ​អាក្រក់​ឡើង​ បង្កើន​ភាព​តានតឹង​ក្នុង​អាស៊ាន ​និង​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​ជា​ក្រុម​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​ទីបំផុត​ធ្វើឱ្យ​ការ​អះអាង​របស់​អាស៊ាន​ចំពោះ​មជ្ឈភាព​ក្នុង​តំបន់​ចុះ​ខ្សោយ»។

ក្នុង​ខណៈ​ការដឹកនាំ​បាន​ចេញ​ដំណើរ​ដោយ​មាន​ឧបសគ្គ​ខ្លះ​ ក៏​កម្ពុជា​សម្តែង​ក្តី​សង្ឃឹម​ថា​តំបន់​នេះ​អាច​ជម្នះ​ការប្រឈម​នានា​បាន​ក្រោម​មូលបទ​ដែល​បាន​បង្ហាញ​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា​នេះ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​រួម។

លោក​ ប្រាក់​ សុខុន​ បាន​បន្ថែម​ថា​អាស៊ាន​ត្រូវ​សង្កត់​ធ្ងន់​លើ​មជ្ឈភាព​អាស៊ាន​ ការឯកភាព​ និង​សាមគ្គីភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​អង្គការ​តំបន់​នេះ​នឹង​រួម​ចំណែក​ចំពោះ​សន្តិភាព​ ស្ថិរភាព​ សន្តិសុខ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់​និង​ពិភពលោក។

អ្នកស្រាវជ្រាវ​មើល​ឃើញ​ថា​នេះ​ក៏ជា​ពេល​ដែល​កម្ពុជា​ត្រូវ​ប្រារព្ធ​ខួប​លើកទី២០​នៃ​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ស្ដីពី​ការប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០១២​ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជាប្រធាន​ប្តូរវេន​អាស៊ាន។ សេចក្តី​ប្រកាស​នោះ​បាន​ជួយ​បន្ធូរ​ភាពតានតឹង​រវាង​ភាគី​ជម្លោះ​ដែល​មាន​ចិន​ជាមួយ​នឹង​សមាជិក​អាស៊ាន​ខ្លះ​ក្នុង​ខណៈ​ការចរចា​លើ​ក្រមប្រតិបត្តិ​នៅ​បន្ត។

ការប្រជុំ​របស់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​នេះ​ធ្វើ​ឡើង​ដោយ​លក្ខណៈ​ចម្រុះ​គឺ​មាន​ប្រទេស​ដែល​ចូលរួម​ដោយផ្ទាល់​ផង​ខណៈ​ប្រទេស​ខ្លះ​ទៀត​ដូចជា​ប្រទេស​ព្រុយណេ​និង​ថៃ​វិញ​ចូលរួម​តាម​អនឡាញ​ប៉ុណ្ណោះ។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេស​កម្ពុជា។

ក្រសួង​ការបរទេស​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រុមរដ្ឋមន្ត្រី​ក៏ផ្តោត​ការពិភាក្សាលើ​តម្រូវការ​ក្នុង​ការ​ពន្លឿន​ការអនុវត្ត​ក្របខណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុង​ជ្រោយ​របស់​អាស៊ាន​(ACRF)​និង​ប្រតិបត្តិការ​ក្របខណ្ឌ​ការរៀបចំ​ច្រក​របៀង​ធ្វើដំណើរ​ក្នុង​តំបន់​អាស៊ាន​(ATCAF)។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃចន្ទ៕