នាយករដ្ឋមន្ត្រី​ខ្មែរ​អះអាង​ថា​ កម្ពុជា​អាច​ផលិត​ស្រូវ​បាន​ជាង​ប្រាំ​លាន​តោន​នៅ​ឆ្នាំ​២០១៨

រូបឯកសារ៖ កសិករ​ខ្មែរ​នាំ​គ្នា​ទាញ​ក្រណាត់​តង់​ដែល​ពោរពេញ​ទៅ​ដោយ​កណ្តាប់​ស្រូវ​ចេញ​ពី​វាល​ស្រែ​លិច​ទឹក ដើម្បី​ហាល​ស្រូវ​ឲ្យ​ស្ងួត​ក្នុង​រដូវ​ច្រូត​ស្រូវ​នៅ​ភូមិ​ស្វាយ​ចេកនៃ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៤។ (AP/ហេង ស៊ីនិត)

លោក​ ហ៊ុន សែន​ ទើបតែ​បាន​ស្នើ​ឲ្យ​ប្រទេស​ឥណ្ឌា​ជួយ​ពង្រឹង​វិស័យ​កសិកម្ម​កម្ពុជា​ តាម​រយៈ​ប្រព័ន្ធ​​ព័ត៌មានវិទ្យា​របស់​ឥណ្ឌា​ ក្នុង​ការ​ពិនិត្យ​មើល​គុណភាព​ដី​ និង​បែងចែក​តំបន់​ដាំដុះ។

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​ថា​ ផលិតកម្ម​ស្រូវ​របស់​កម្ពុជា​ នៅ​ឆ្នាំ​ ២០១៨ ​នេះ​ អាច​កើន​លើស​ប្រាំ​លាន​តោន​ ខណៈ​ដែល​កសិករ​បាន​ធ្វើការ​ដាំដុះ​ស្រូវវស្សា​លើ​ផ្ទៃ​ជាង២លាន​៦សែន​ហិកតា​ និង​ស្រូវ​ប្រាំង​ជាង​កន្លះ​លាន​ហិកតា។

ថ្លែង​ទៅ​កាន់​ក្រុម​និសិ្សត​ និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ លោក​ ហ៊ុន សែន​បាន​អះអាង​យ៉ាង​ដូច្នេះ៖​

«យើង​ធ្វើចំនួន​២លាន​៦សែន​ហិកតា​ជាង​ សម្រាប់​ស្រូវវស្សា​ អា​ហ្នឹង​ជា​ស្រូវ​ ឯ​សម្រាប់​ស្រូវ​ប្រាំង​មាន​រហូត​ជាង​កន្លះ​លាន​ហិកតា​ ជាង​កន្លះ​លាន​ហិកតា​ ជាមួយ​ទិន្នផល​ជាងបួន​តោន​ ជាង​បួន​តោន។ ឆ្នាំ​នេះ​ តាម​ការ​ប៉ាន់​ស្មាន​ជា​បឋម​ អតិរេក​ស្រូវ​ដែល​យើង​អាច​សល់​ពី​ការ​ហូបចុក​ហើយ មិន​ជាង​៥លាន​៥សែន​តោន​ទេ។ នេះ​ជា​ការ​ប៉ាន់​ស្មាន​ ដែល​ខ្ញុំ​ធ្លាប់​ប៉ាន់​ស្មាន​ ឆ្លង​កាត់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ប៉ុន្មាន​ហើយ»។ ​

ទាក់ទិន​បញ្ហា​កសិកម្ម​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទើបតែ​បាន​ស្នើ​ឲ្យ​ប្រទេស​ឥណ្ឌា​ជួយ​ពង្រឹង​វិស័យ​កសិកម្ម​កម្ពុជា​ តាម​រយៈ​ប្រព័ន្ធព័ត៌មានវិទ្យា​របស់​ឥណ្ឌា​ ក្នុង​ការ​ពិនិត្យ​មើល​គុណភាព​ដី​ និង​បែងចែក​តំបន់​ដាំដុះ។​ ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការរបស់​លោក​ ទៅ​កាន់​ប្រទេស​ឥណ្ឌា​ ដែល​មាន​រយៈពេល​បី​ថ្ងៃ​ គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២៤​ ដល់​ថ្ងៃ​ទី​២៧​មករា​ ឆ្នាំ​ ២០១៨ នេះ។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​មជ្ឈមណ្ឌល​ឧត្ដមភាព​ប្រពល​វប្បកម្ម​កសិកម្ម​និរន្តរភាព​ ​និង​អាហារូបត្ថម្ភ​ ដែល​ទទួល​បាន​ការឧបត្ថម្ភ​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​(USAID)​ ​បាន​ឲ្យ​ដឹង​ថា​ ៨០​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ ​និង​ដោយ​ប្រយោល​ជា​មួយ​កសិកម្ម។​ ៦៥​ភាគរយ​ នៃ​មុខរបរ​របស់​ប្រជាជន​ គឺ​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ហើយ​វិស័យ​នេះ​បាន​ចូលរួម​ចំណែក​៣២​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​នៅ​ក្នុង​ឆ្នាំ​២០១៣។​ ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​ប្រមាណ​ ៣,៧​ លាន​ហិកតា​សម្រាប់​ការងារ​ដំាដុះ៕