ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​អ្នក​រិះគន់​ថា ការ​ស្ទុះ​ស្ទា​ទិញ​ស្រូវ​អង្ករ​​ពី​កសិករ​ភ្លាមៗ គ្រាន់​តែ​ជា​ការ​រំដោះ​គ្រោះ​មួយ​គ្រា​ប៉ុណ្ណោះ


រូបឯកសារ៖ នេះជាប្រភេទអង្ករដែលបានដាក់លក់នៅតូបមួយក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)

​នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន​អំពី​ការ​ទិញ​អង្ករ​នោះ​ អង្គភាព​ព័ត៌មាន​ដដែល​នោះ​​ មិន​បាន​លម្អិត​ថា​ តើ​ការ​ទិញ​អង្ករ​គឺ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​បន្ត​ ឬ​សម្រាប់​ជួយ​ផ្នែក​មនុស្ស​ធម៌​ ឬ​ក៏​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​នោះ​ទេ។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ បាន​ប្រកាស​ទិញ​អង្ករ​ពី​ប្រជា​កសិករ​ខ្មែរ​ ជា​ហូរហែកាល​ពី​ថ្ងៃ​អង្គារ​នេះ​ តាម​ការ​អំពាវ​នាវ​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ​នៅ​កម្ពុជា​ និង​ក្រោយ​ការ​អំពាវនាវរបស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​ពាណិជ្ជ​ករ​បញ្ចេញ​ទុន​ជួយ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ខ្មែរ។

ក្រុម​អ្នកវិភាគ​ និង​ក្រុម​អ្នក​ជំនាញ​កសិកម្ម​និយាយ​ថា​ ការ​ចេញ​មុខ​ចេញ​មាត់​របស់​ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច​នេះ​ នឹងអាច​កាត់​បន្ថយ​វិបត្តិ​នៃ​ការ​ទម្លាក់​ថ្លៃ​ស្រូវ​បាន​មួយ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ​ ហើយ​ថា​ រដ្ឋាភិបាល​ និង​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កសិកម្ម​ ត្រូវ​ដាក់​ចេញ​យន្តការ​ដោះស្រាយ​ចំណុច​សំខាន់ៗ​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​តម្លៃ​ស្រូវ​នេះ​ ដែល​ជា​បញ្ហា​ច្រំដែល​ និង​មិន​មែន​ជា​រឿង​ថ្មី​នោះ។​

លោក​ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​មាន​ការ​ចូលរួម​ចំណែក​ក្នុង​ការទិញ​ស្រូវ​ពី​កសិករ​ នៅ​ក្នុង​ពិធី​ចែកសញ្ញា​ប័ត្រ​មួយ​ រៀប​ចំឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖

«យើង​នៅ​តែ​ខិត​ខំ​ ខិតខំ​ ដើម្បី​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា​ ក្នុង​ហ្នឹង​ ពាណិជ្ជករ​ ធ្វើអាជីវកម្ម​ស្រូវ​អង្ករ​ ត្រូវ​បញ្ចេញ​ទុន ដើម្បី​នឹងជួយ​ទិញ​ ក្នុង​តម្លៃ​ស្រូវ​ ដែល​ស្រូវ​ក្រអូប​ ស្រូវ​ល្អ​ មិន​ទាបជាង​៨៤០រៀល»។

អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ ដែល​គេ​ដឹង​ថា​ ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ជួយ​ទិញ​អង្ករ​របស់​ប្រជារាស្ត្រ​ខ្មែរ​ ពី​ក្រុម​មន្ត្រី​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ដែល​រាប់​តាំង​ពី​ឋានៈរដ្ឋមន្ត្រី​ រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជ។

ពួក​គេ​បាន​ប្រកាស​ទិញ​ស្រូវ​ចាប់​ពី​ម៉ោង​ប្រមាណ​ជាង​ ១២​ថ្ងៃត្រង់​ បន្ត​រហូត​ដល់​រសៀល​ថ្ងៃ​អង្គារ។

​នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន​អំពី​ការ​ទិញ​អង្ករ​នោះ​ អង្គភាព​ព័ត៌មាន​ដដែល​នោះ មិន​បាន​លម្អិត​ថា​ តើ​ការ​ទិញ​អង្ករ​គឺ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​បន្ត​ ឬ​សម្រាប់​ជួយ​ផ្នែក​មនុស្ស​ធម៌​ ឬ​ក៏​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​នោះ​ទេ។​

លោក សម​ វិទូ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​ អង្គការ​CDAC​ ប្រាប់​ VOA​ ថា​ ការ​ស្វះស្វែង​ជួយ​ទិញ​អង្ករ​ពី​កសិករ​ខ្មែរ​នោះ គឺ​គ្រាន់​តែ​អាច​សម្រួល​ដល់​ផល​វិបាក​របស់​កសិករ​ក្នុង​រយៈពេល​ខ្លី​ និង​មិន​អាច​ដោះស្រាយ​វិបត្តិ​ថ្លៃ​ស្រូវ​នេះ​បាន​ទេ​ទាំង​នៅ​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ និង​ទៅ​អនាគត។​

«អា​ហ្នឹង​គេ​មិនមែន​ ហៅ​ចេតនា​នៅ​ក្នុង​ការជួយ​តែ​ម្ដង​ទេ​ បើ​ក្នុង​ការ​ជួយ​តែ​ម្ដង​ ចង់​និយាយ​ថា​ ចង់ធ្វើ​ម៉េច​កុំ​ឲ្យ​កសិករ​គាត់​ទទួល​ផល​ប៉ះពាល់​ អញ្ចឹង​រហូត​ ចង់​និយាយ​ថា ព្រោះ​នេះ​ដោះ​ករណី​មួយ​រឿងៗ​ ព្រោះ​យើង​កាលណា​ ចង់​ឲ្យ​គាត់​ កុំ​ឲ្យ​មាន​បញ្ហា​អញ្ចឹង​ ត្រូវ​រៀប​ចំ​ជាគោល​នយោបាយ​វិញ​បាទ»។

លោក​ថ្លែង​ថា ការ​កំណត់គោលនយោបាយ​ឲ្យ​ជាក់​លាក់​មួយ​ ជា​ការ​ចំា​បាច់​សម្រាប់​បញ្ចៀស​វិបត្តិ​ថ្លៃ​ស្រូវដែល​កសិករ​បាន​ទទួល​រង​ជា​យូរឆ្នាំ​មក​ហើយ។

លោក​ប្រាប់​ VOA​ បន្ថែម​ថា​ គោល​នយោបាយ​ដែល​រដ្ឋាភិបាល​កំណត់​ឡើង​ ត្រូវ​តែ​ជា​អ្វី​ដែល​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​កសិកម្មអាច​អនុវត្តន៍​ បាន​ដោយ​មាន​ភាព​ស៊ី​សង្វាក់​គ្នា និង​មានការ​ចូលរួម​ពី​ភាគី​ពាណិជ្ជករ​ និង​កសិករ​ជាដើម។​

លោក​បញ្ជាក់​ទៀត​ថា​ គោល​នយោបាយ​នាំ​ស្រូវ​អង្ក​ចេញ​ឲ្យ​បាន​ ១​លាន​តោននា​ឆ្នាំ​២០១៥​ បាន​ទទួល​បរាជ័យ​ ដោយសារ​រដ្ឋ​មាន​គោល​នយោបាយ​ តែ​ការ​អនុវត្ត​គោលនយោបាយ​នេះ​ដោយ​ក្រុម​មន្ត្រីមិន​បាន​ប្រព្រឹត្ត​ទៅ​ព្រម​គ្នា ​ខណៈ​ដែល​អ្នក​វិនិយោគ​នៅ​រារែក​មិន​ហ៊ាន​បោះ​ទុន​លើ​ការដំឡើងម៉ាស៊ីន​កិន​ស្រូវ​ ដោយ​ពួកគេ​យល់​ថា អាច​មាន​ហានិភ័យ​ខ្ពស់​ នៅ​គ្រា​ថ្លៃ​ដើមផលិត​រួម​មាន​អគ្គិសនី​ និង​ការ​ដឹកនាំ​ជញ្ជូន​នៅ​មាន​កម្រិត​ខ្ពស់​នៅឡើយ បើ​ធៀប​នឹង​ប្រទេស​ក្បែរ​ខាង​នោះ។​

លោក​អះអាង​ ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក៏​អាច​ជា​ផ្នែក​រួមចំណែក​ដល់​ ធ្វើ​ឲ្យ​ការ​ដំឡើង​ និង​ទម្លាក់​ថ្លៃ​ស្រូវ​ តាម​តែ​មាត់​ឈ្មួញ​កណ្ដាល​ផង​ដែរ។

ការ​ធ្លាក់​តម្លៃ​ស្រូវ​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខឹង​សម្បារ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែរ។

ជាក់​ស្ដែង​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ​១០០០​ នាក់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​បាន​បិទ​កំណាត់​ផ្លូវជាតិ​លេខ​ប្រាំ​ ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ ដើម្បី​តវ៉ា​នឹង​ឈ្មួញ​កណ្ដាល​ ដែល​ឲ្យ​តម្លៃ​ស្រូវ​របស់​ពួក​ទាប​ហួស​ហេតុ​ខុស​ពី​ការ​កំណត់​របស់​រដ្ឋាភិបាល។​ ​

លោក​ ឆុង​ សុផល​ មន្ត្រី​សម្រប​សម្រួល​សហគមន៍​កសិកម្ម​នៃ​បណ្ដាញ​កសិករ​ និង​ធម្មជាតិ​ (FNN​)​ប្រាប់​ VOAថា​ ​ការ​ប្រកាស​ជួយ​ទិញ​ស្រូវ​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​នេះ​ មិន​អាច​ដោះស្រាយ​វិបត្តិ​ធ្លាក់​តម្លៃ​ស្រូវ​នេះ​បាន​ទេ​ វា​លែង​តែ​រដ្ឋាភិបាល​បង្កើត​យុទ្ធសាស្ត្រ​មួយ​ ផ្ដល់​ឲ្យ​សហគមន៍​កសិករ ជា​អ្នក​ទទួល​បន្ទុក​ទិញ​ស្រូវ​សម្រាប់​ស្តុក​ទុក​ ខណៈ​ដែលឈ្មួញ​កណ្ដាល​នា​ពេល​នេះ​ កំពុង​តែ​បញ្ចេញ​ស្រូវ​ដែល​ខ្លួន​មាន​ ដើម្បី​ត្រៀម​ចាំ​ការ​ប្រមូល​ទិញ​ស្រូវ​ម្ដង​ទៀត​នា​ខែ​វិច្ឆិកា​ខាងមុខ​នេះ។​

«បើ​និយាយ​មែន​ទែន​ទៅ​ ឈ្មួញ​មិន​អាច​ប្រមូល​ទិញ​ទៀត​ទេ​ គឺ​គាត់​ត្រូវ​បុក​ធ្វើ​ម៉េច​នាំ​អង្ករ​គាត់​ចេញ​ នាំ​អង្ករ​គាត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ឲ្យ​អស់ ដើម្បី​ដល់​ខែ​ ១១​ គាត់​ចាប់​ផ្ដើម​ប្រមូល​ទិញ​វិញ។​ អញ្ចឹង​បើ​រដ្ឋាភិបាល​ គាត់​ជួយ​ទិញ​អង្ករ​ពី​កសិករ​ពី​គ្រាន់​តែ​ជា​ការ​ដោះ​បញ្ហា​បាន​មួយ​ពេលៗ​ ហ្នឹង មិន​អាច​ទិញ​បាន​រហូត​ទេ។ បើ​រដ្ឋាភិបាល​អាច​ទិញ​បាន​រហូត​ រដ្ឋាភិបាលអាច​ប្រគល់​ ប្រគល់​អា​ការងារ​ហ្នឹងទៅ​ឲ្យ​សហគមន៍​កសិកម្ម​ ដែល​រដ្ឋាភិបាល​បាន​បង្កើត​ ទូទាំង​ប្រទេស​ហ្នឹង​ ​ដែល​មាន​ ១០០០​ សហគមន៍​កសិកម្ម។ អញ្ចឹង​បើ​យើង​អាច​ប្រគល់​តួនាទី​ហ្នឹង​ឲ្យ​គាត់​ ​ហើយ​ឲ្យ​គាត់​អ្នក​ប្រមូល​ទុក​ ហើយ​ឲ្យ​លុយ​គាត់​អ្នក​ប្រមូល​ទុក​ទៅ​ ហើយ​ដល់​ពេលរដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​ជួយ​រក​ទីផ្សារ​ឲ្យ​ពួកគាត់​ អា​ហ្នឹង​បាន​វា​និរន្តរភាព​សម្រាប់​កសិករ»។

លោក​បន្ត​ថា​ ការ​បញ្ចេញ​សាច់​ប្រាក់​របស់​រដ្ឋាភិបាល​ឲ្យ​វិស័យ​ឯក​ជន​ក្នុង​ការ​ដើរ​ប្រមូល​ទិញស្រូវ​នេះ​ នឹង​បង្ក​ផល​ប៉ះពាល់​មក​លើ​កសិករ​វិញ​ គឺ​នៅ​ក្នុង​កាលៈទេសៈ​ ដែល​មានការ​ខ្វះខាត​ស្រូវ​នា​ខែ​វិច្ឆិកា​ ខាង​មុខ​ដែល​តម្លៃ​អង្ករ​នឹង​អាច​ឡើង​ថ្លៃ។

លោក ​ឆុង​ សុផល អះអាង​ថា​ វិធានការដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ​ កំពុង​ហុច​ប្រយោជន៍​ឲ្យ​ឈ្មួញ​មក​ពី​វិស័យ​ឯកជន​ និង​បន្សល់​ការ​រងគ្រោះ​ដល់​កសិករ​នា​ពេល​ក្រោយ។

ការ​តវ៉ា​ប្រឆាំង​ថ្លៃ​ស្រូវ​នៅ​ខេត្ត​បាត់​ដំបង​ បាន​កើតឡើង ក្រោយ​ពី​មាន​ឈ្មួញ​កណ្ដាល​ ​មក​ចរចា​ទិញ​ស្រូវ​ពី​កសិករ​ ក្នុង​តម្លៃ​ ៦០០​រៀល​ ក្នុង​មួយ​គីឡូ​សម្រាប់​ស្រូវ​ប្រភេទ​លេខ​២​ និង​ ៦៥០​ រៀល សម្រាប់​ប្រភេទ​លេខ១។

ក៏​ប៉ុន្តែ​ ពេល​កសិករ​យក​ស្រូវ​ទៅ​លក់​ ឈ្មួញ​កណ្តាល​បែរ​ជា​មិន​ទិញ ដែល​ជា​ហេតុធ្វើ​ឲ្យ​កសិករ​កើត​ក្ដី​ខឹង​សម្បារ​ជា​ខ្លាំង។​

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ថ្លែង​ថា​ ​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​បាន​ទិញ​អង្ករ​រាប់​តោន​នេះ​ គឺ​សម្រាប់​បម្រើ​គោលបំណង​សប្បុរស​ធម៌​ប៉ុណ្ណោះ។

លោក​ក៏​មិន​ប្រកែក​ថា​ ការ​ទិញ​អង្ករ​ចែក​ជូន​ប្រជារាស្ត្រ​នេះ​ មិនមែន​ជា​ការ​ស្វែង​រក​ការ​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​

«ទិញ​យក​ទៅ​ចែក​ប្រជា​ជន​ ទី​មួយ​ គឺ​យើង​រំដោះ​ដើម្បី​រក្សា​ថ្លៃ​អង្ករ​ហ្នឹង​ តាម​ការ​អំពាវនាវ​របស់​សមាគម​អង្ករ​របស់​រដ្ឋ​យើង ហើយ​និង​ទីពីរ​វា​បាន​ផល​ប្រយោជន៍​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​ជន​ ហើយ​ជាពិសេស​ទីបី​ ផល​ប្រយោជន៍​នៅ​ពេល​ភ្ជុំ​បិណ្ឌ​នេះ​ គេ​យក​ទៅ​ចែក​ពេល​ភ្ជុំ​បិណ្ឌ​ហ្នឹង​ នៅ​តាម​ទីវត្ត​អារាម បងប្អូន​ប្រជាពលរដ្ឋ​ដែល​ ទៅ​ធ្វើ​បុណ្យ​ហ្នឹង​ទទួល​អំណោយហ្នឹង​ហើយ»​។​

លោក​ប្រាប់​ VOA​ ​បន្ថែមថា​ អន្តរាគមន៍​របស់​រដ្ឋាភិបាល​នេះ​ បាន​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​ធ្លាក់​តម្លៃ​ស្រូវ​នេះ​ភ្លាមៗ​ មិន​ដូច​ការ​រិះ​គន់​ពី​ក្រុម​ជំទាស់​នានា​ថា​ រដ្ឋាភិបាល​ខ្វះ​យន្ត​បង្ការ​ជាមុន​ចំពោះ​វិបត្តិ​ដែល​អាច​កើត​ជា​យ​ថា​ហេតុ​នៅ​ក្នុង​ផលិតកម្ម​ស្រូវ​ និង​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នេះ​ផង​ដែរ។​

ក្រុម​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ប្រកាស​ទិញ​អង្ករ​នោះ​ ត្រូវ​គេ​រាយការណ៍​ថា​ រួមមាន​លោក​ អង្គ​ វង្ស​វឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ប្រកាស​ទិញ​អង្ករ​១០​តោន លោក​អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ប្រកាស​ទិញ​អង្ករ​២០​តោន លោក ​ថោង​ ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ប្រកាស​ទិញ​អង្ករ​ ១០តោន និង​ លោក វេង សុខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ប្រកាស​ទិញ​ ១០​តោន និង​លោក ​លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ប្រកាស​ទិញ​ ១០​តោន។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​អង្គារ​ ក៏បាន​ចេញ​សារ​នយោបាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ថ្លែង​អំណរគុណ​ដល់​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ និង​ពាណិជ្ជករដែល​បាន​ចូលរួម​ទិញ​ស្រូវ​ពី​ប្រជាកសិករ បន្ទាប់​ពី​មាន​ការ​អំពាវនាវ​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ។

លោក​ស្នើ​ឲ្យ​មានការ​កើន​ឡើង​នៃ​ចលនា​ទិញ​ស្រូវ​ពី​ប្រជាកសិករ​នេះ​ ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នៅ​ទូទាំង​ប្រទេស។

ការ​បន្ត​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​នេះ​ មិន​ត្រឹម​តែ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ភ្លាមៗ​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​ដល់​កសិករ​នោះ​ទេ​ តែ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៨ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ក៏​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ផង​ដែរ​ អំពាវនាវ​ឲ្យ​ប្រជាកសិករ​ទាក់ទង​ទៅ​ប្រធាន​សហគមន៍​កសិកម្ម​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ប្រាប់​បញ្ហា​ប្រឈម​ដល់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​អាច​ជួយ​រក​ដំណោះស្រាយ​ ព្រម​ទាំង​ស្នើសុំ​ឲ្យ​សមាជិក​រោង​ម៉ាស៊ីន​ និង​ក្រុម​ហ៊ុន​នាំ​ចេញ​ ជួយ​ប្រមូល​ទិញ​ស្រូវ​ដោយ​ផ្ទាល់​ពី​សហគមន៍​កសិករ។

សេចក្ដី​ជូន​ដំណឹង​ដដែល​នោះ ​លើក​ឡើង​ពី​បញ្ហា​៥​សំខាន់ៗ​ដែល​នាំ​ឲ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ ដូច​ជា ការ​ធ្លាក់​ចុះ​ការ​កុម្ម៉ង់​អង្ករ​និង​ការ​ធ្លាក់​ចុះ​តម្លៃ​អង្ករ​ក្នុង​ទីផ្សារ​បរទេស ការ​ខ្វះខាត​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ទុក​ អាកាស​ធាតុ​មិន​អំណោយ​ផល​ និង​ម្ចាស់​រោង​ម៉ាស៊ីន​មិន​មាន​ទុន​គ្រប់​គ្រាន់​ដើម្បី​ទិញ​ស្រូវ​ជាដើម៕

XS
SM
MD
LG