ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រកាស​កុំ​ឲ្យ​កសិករ​ប្រញាប់​លក់​ស្រូវ​ពេក ខណៈ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ


លោកយាយកសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​នៅ​រដូវ​ប្រមូល​ទិន្នផលស្រូវ នៅ​ភូមិត្រពាំងមាន នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)
លោកយាយកសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​នៅ​រដូវ​ប្រមូល​ទិន្នផលស្រូវ នៅ​ភូមិត្រពាំងមាន នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​លើក​ឡើង​អំពី​ការ​បង្អង់​លក់​ផលិតផល​ស្រូវ​នេះ​ នៅ​ក្នុង​ពេល​លោក​ចូលរួម​ក្នុង​ពិធី​សម្ភោជ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​មួយ​ខ្សែ​ ដែល​បាន​មក​ពី​ជំនួយ​របស់​ប្រទេស​ចិន និង​ការ​ចូលរួម​ថវិកា​​បដិភាគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ខេត្ត​រតនគីរី។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​ទទូច​ឲ្យ​កសិករ​ខ្មែរ​ បង្អង់​ការ​លក់​ស្រូវ​របស់​ពួកគេ នៅ​ពេល​ដែល​តម្លៃ​ស្រូវ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​បាន​បន្ត​ធ្លាក់​ចុះ។

​ប្រជា​កសិករ​ខ្មែរ​រាប់​រយ​នាក់​នៅ​ខេត្ត​បាត់​ដំបង​ កាលពី​ខែ​កញ្ញា​ បាន​លើក​គ្នា​តវ៉ា​ ប្រឆាំង​នឹង​ការ​ទម្លាក់​តម្លៃ​ស្រូវ​ពី​ឈ្មួញ​កណ្ដាល​ ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​របស់​លោក​ ហ៊ុន សែន​ កំណត់​តម្លៃ​ស្រូវ​ និង​ជំរុញ​ឲ្យ​មន្ត្រី​ ក៏​ដូច​ជា​អ្នក​ជំនួញ​ស្ទុះស្ទា​ទិញ​អង្ករ​ពី​ប្រជាកសិករ​ ដើម្បី​បន្ធូរ​បន្ថយ​ស្ថានភាព​តានតឹង​នា​ពេល​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​លើក​ឡើង​អំពី​ការ​បង្អង់​លក់​ផលិតផល​ស្រូវ​នេះ​ នៅ​ក្នុង​ពេល​លោក​ចូលរួម​ក្នុង​ពិធី​សម្ភោជ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​មួយ​ខ្សែ​ ដែល​បាន​មក​ពី​ជំនួយ​របស់​ប្រទេស​ចិន និង​ការ​ចូលរួម​ថវិកាបដិភាគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ខេត្ត​រតនគីរី។

«នៅ​ក្នុង​ពេល​ដែល​នៅ​លើ​ពិភពលោក​ និង​នៅ​ក្នុង​តំបន់​របស់​យើង​ កំពុង​មាន​វិបត្តិ​ អំពី​ការ​ធ្លាក់​ចុះ​នៃ​ថ្លៃ​ស្រូវ​ មិនមែន​គ្រាន់​តែ​នៅ​កម្ពុជា​ទេ​ នៅ​ប្រទេស​ថៃ ​ប្រទេស​វៀតណាម​ និង​ប្រទេស​ដទៃ​ទៀត​ សុទ្ធ​តែ​តម្លៃ​អង្ករ​ធ្លាក់​ចុះ​ទាំង​អស់។​ ដូច្នេះ​ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ អំពាវនាវ​ចំពោះ​ប្រជា​ពល​រដ្ឋ​មេត្តា​ខិត​ខំ​ហាល​ស្រូវ​ ថែទាំ​ស្រូវ​នេះ​ទុក​សិន។​ នៅ​ពេល​ដែល​តម្លៃ​ស្រូវ​ឡើង​ថ្លៃ ចាំ​ធ្វើការ​លក់​ កុំ​លក់​ទាំង​ទទឹក។ ស្រូវ​ទទឹក​ដែល​ធ្វើ​ឲ្យ​គេ​បង្អាប់​ថ្លៃ​ ដែល​ធ្វើ​ឲ្យ​ឈ្មួញ​បង្អាប់​ថ្លៃ»។

រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ធ្វើ​សេចក្ដី​ថ្លែងការណ៍អំពី​កំណើតគណបក្ស​ប្រជា​ជន​កម្ពុជាកំឡុង​ពេល​ការ​រំឭឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​។
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ធ្វើ​សេចក្ដី​ថ្លែងការណ៍អំពី​កំណើតគណបក្ស​ប្រជា​ជន​កម្ពុជាកំឡុង​ពេល​ការ​រំឭឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២៨ ​ខែ​មិថុនា​ឆ្នាំ​២០១៦​។

លោក ​ហ៊ុន សែន​ ដែល​បាន​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​នោះ​ ថ្លែង​បន្ត​ថា​កម្ពុជា​ នឹង​នៅ​សល់​ផល​ស្រូវ​ប្រមាណ​៥លាន​តោន​ ក្រោយ​ពី​ទូទាត់​ទៅ​លើ​ការ​ទទួលទាន​ និង​ការ​កាត់​ទុក​ពូជ​ស្រូវ។

លោក​បន្ត​ថា​ កម្ពុជា​នឹង​នាំ​អង្ករ​ទៅ​ប្រទេស​ចិន​ចំនួន​២០ម៉ឺន​តោន​ ប្រទេស​វៀតណាម​ ៣០​ម៉ឺន​តោន​ និង​មួយ​ចំនួន​ទៀត​ទៅកាន់​តំបន់​អឺរ៉ុប។

នៅ​ក្នុង​ស្ថានភាព​ធ្លាក់​ថ្លៃ​ស្រូវ​ដដែល​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ពិនិត្យ​លទ្ធភាព​ សម្រួល​ដល់​ទុក្ខ​លំបាក​របស់​កសិករ​ តែ​លោក​មិន​បាន​បញ្ជាក់​ថា​ តើ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ត្រូវ​ធ្វើ​របៀប​ណា​ ដើម្បី​ជួយ​ដល់​ប្រជាកសិករ​ខ្មែរ​នោះ​ឡើយ។

«ខ្ញុំ​ព្រះករុណា​ខ្ញុំ​ ក៏​សូម​អំពាវនាវ​ចំពោះ​មីក្រូ​ហិរញ្ញវត្ថុ​ ដែល​ឲ្យ​ប្រជា​ជន​ខ្ចី។ សូម​មេត្តា​យោគយល់​នូវ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ ដែល​កំពុង​មាន​ការ​លំបាក​អំពី​តម្លៃ​ស្រូវ​ចុះ។ ហើយ​តម្លៃ​ស្រូវ​ចុះ​នេះ​ វា​មិនមែន​ចុះ​តែ​ស្រុក​ខ្មែរ​ទេ​ ឥឡូវ​នេះ​ នៅ​ប្រទេស​គ្រប់​តែ​ប្រទេស​មាន​បញ្ហា​ទាំង​អស់»។

​ការ​តវ៉ា​ប្រឆាំង​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​នៅ​ខេត្ត​បាត់ដំបង​បាន​កើតឡើង ក្រោយ​ពី​មាន​ឈ្មួញ​កណ្ដាល​មក​ចរចា​ទិញ​ស្រូវ​ពី​កសិករ​ ក្នុង​តម្លៃ​៦០០​រៀល​ក្នុង​មួយ​គីឡូ​សម្រាប់​ស្រូវ​ប្រភេទ​លេខ​២​ និង​៦៥០​រៀល​សម្រាប់​ប្រភេទ​លេខ១។

ក៏​ប៉ុន្តែ​ ពេល​កសិករ​យក​ស្រូវ​ទៅ​លក់​ ឈ្មួញ​កណ្ដាល​បែរ​ជា​មិន​ទិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​កើត​ក្ដី​ខឹង​សម្បារ​ជា​ខ្លាំង។

​លោក ឆុង ​សុផល​ មន្ត្រី​សម្រប​សម្រួល​សហគមន៍​កសិកម្ម​នៃ​បណ្ដាញ​កសិករ​ និង​ធម្មជាតិ​ (Farmer and Nature Net)​ ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តម្លៃ​ស្រូវ​ពិត​ជា​បាន​ធ្លាក់​ចុះ​នៅ​គ្រប់​ទីកន្លែង​ ប៉ុន្តែ​លោក​សម្តែង​ក្ដី​មន្ទិល​អំពី​តម្លៃ​អង្ករ​ ដែល​មិន​បាន​ធ្លាក់​ចុះ​ដូច​តម្លៃ​ស្រូវ​នោះ​ឡើយ។

លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​ត្រូវ​បើក​យុទ្ធនាការ​សិក្សា​ស្រាវជ្រាវ​ពី​ថ្លៃ​ផលិត​ និង​ថ្លៃ​លក់​ឲ្យ​បាន​ហ្មត់ចត់​ ដោយ​រដ្ឋាភិបាល​មិន​អាច​គ្រាន់​តែ​ប្រកាស​ឲ្យ​កសិករ​បង្អង់​ការ​លក់​ស្រូវ​របស់​ខ្លួន​ រង់ចាំ​តម្លៃ​ស្រូវ​ឡើង​មក​វិញ​នោះ​ឡើយ។

លោក​និយាយ​ថា​ ប្រជាកសិករ​អាច​នឹង​ធ្វើ​ការ​តវ៉ា​ ប្រសិន​បើ​តម្លៃ​ស្រូវ​របស់​ពួក​គេ​ បាន​តិច​ជាង​ថ្លៃ​ដើម​ដែល​ពួក​គេ​បាន​ចំណាយ​លើ​ការ​បង្កបង្កើន​ផល​ស្រូវ។

«ខ្ញុំ​ផលិត​ស្រូវ​អស់​៩០០[រៀល​] តែ​គេ​ទិញ​ខ្ញុំ​៨០០​[រៀល​] ខ្ញុំ​ខាត​១០០។ អញ្ចឹង​ក្នុង​មួយ​ហិកតា​ បើ​ខ្ញុំ​ផលិត​បាន​បី​តោន ខ្ញុំ​ត្រូវ​ខាត​៣០ម៉ឺន​[រៀល​]។ បើ​ខ្ញុំ​ធ្វើ​បី​ហិតា​ ខ្ញុំ​ខាត​៩០​ម៉ឺន​ បូក​មួយ​ការប្រាក់​ទៀត​ ខ្ញុំ​ខាត​ជាង​ជិត​២​លាន។​ អញ្ចឹង​ចង់​មិន​ចង់​ ស្រូវ​ខ្ញុំ​អត់​លក់​ អញ្ចឹង​វា​ត្រូវ​មាន​អឺ​ អាច​វា​មាន​ករណី​កើត​ឡើង​ ដូច​នៅ​បាត់​ដំបង​ កាលពី​ខែ​ប្រាំបួន»។​

លោក ​ឆុង​ សុផល​ បន្ត​ពី​លទ្ធភាព​ដែល​អាច​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ដូច្នេះ​ថា៖

«វា​អាច​អញ្ចឹង​ ដោយ​សារ​យើង​អត់​មាន​តុល្យភាព​រវាង​ការ​ផលិត ហើយ​និង​ការ​លក់។​ ដូច​ខ្ញុំ​បញ្ជាក់​ហើយ​ បញ្ជាក់​ទៀត​អញ្ចឹង​ បើ​សិន​ជា​ស្រូវ​នៅ​តែ​ថោក​ សុំ​ឲ្យ​អង្ករ​នៅ​លើ​ទីផ្សារ​ធ្លាក់​នៅ​សល់​តែ​២៣០០[រៀល​]​ ២០០០​អី​ទៅ​អង្ករ​ល្អ​ហ្នឹង​ ឲ្យ​វា​សមាមាត្រ​ទៅ​នឹង​ស្រូវ​ធ្លាក់​ថោក​ហ្នឹង។ បើ​សិន​ជា​អង្ករ​ នៅ​តែ​អញ្ចឹង​ អ្នក​ដែល​ទិញ​ស្តុក​ គាត់​នៅ​តែ​លក់​បាន​ថ្លៃ។ គាត់​ទិញ​ស្រូវ​បាន​ថោក​ គាត់​លក់​អង្ករ​បាន​ថ្លៃ។ អញ្ចឹង​អ្នក​ដែល​ចំណេញ​គឺ​ រោង​ម៉ាស៊ីន​ឯក​ជន​ទាំង​អស់​ តែ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ ដែល​រដ្ឋាភិបាល​បង្កើត​អត់​បាន​ចំណេញ​អី​ទេ​ គឺ​គាត់​លក់​ស្រូវ​ចេញ​អស់​ហើយ​ អស់​ហើយ។ ដល់ពេល​ណា​គាត់​ទិញ​អង្ករ​គេ​ហូប​ ថ្លៃ​ដដែល»។​

លោក​បាន​ពន្យល់​អំពី​ការ​ធ្លាក់​តម្លៃ​ស្រូវ​ថា​ កាល​ពី​ឆ្នាំ​មុន​ស្រូវ​ប្រភេទ​ល្អ​លក់​បាន​ពី​ ១១៥០​រៀល​ ទៅ​១២០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ រីឯ​ស្រូវ​ប្រភេទ​អន់​គឺ​លក់​បាន​ពី​ ៩៥០​រៀល​ ទៅ​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ ស្រូវ​ប្រភេទ​ល្អ​គឺ​លក់​បាន​តែ​ជាង​៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ស្រូវ​ប្រភេទ​អន់​គឺ​បានជាង​៨០០រៀល​ក្នុង​មួយ​គីឡូក្រាម។​ តម្លៃ​ស្រូវ​នេះ​គឺ​សំដៅ​លើ​ស្រូវ​ដែល​ច្រូត​បាន​ភ្លាមៗ​ពី​វាល​ស្រែ។

រូបឯកសារ៖ នេះជាប្រភេទអង្ករដែលបានដាក់លក់នៅតូបមួយក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)
រូបឯកសារ៖ នេះជាប្រភេទអង្ករដែលបានដាក់លក់នៅតូបមួយក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)

ក្រោយ​ផ្ទុះ​ការ​តវ៉ា​រឿង​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ខ្លាំង​នៅ​ខេត្ត​បាត់​ដំបង​ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ បាន​ប្រកាស​ទិញ​អង្ករ​ពី​ប្រជា​កសិករ​ខ្មែរ​ ជា​ហូរហែ​កាល​ពី​ខែ​កញ្ញា​ តាម​ការ​អំពាវ​នាវ​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ​នៅ​កម្ពុជា។​

ការ​ប្រកាស​ទិញ​អង្ករ​ ក៏បាន​កើត​ឡើង ក្រោយ​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ឲ្យ​ពាណិជ្ជករ​បញ្ចេញ​ទុន​ជួយ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ខ្មែរ។​

លោក​ ហ៊ុន​ សែន​ បាន​ស្នើ​ឲ្យ​ពាណិជ្ជករ​ ធ្វើ​អាជីវកម្ម​ ស្រូវ​អង្គរ ត្រូវ​បញ្ចេញ​ទុន​ ដើម្បី​ជួយ​ទិញ​ក្នុង​តម្លៃ​ស្រូវ ដែល​ស្រូវ​ក្រអូប​ ស្រូវ​ល្អ​ មិន​ទាប​ជាង​៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម។

លោក​ ភូ ពុយ​ ប្រធាន​ធនាគារ​ស្រូវ​នៅ​ខេត្ត​បាត់ដំបង​ ប្រាប់​ VOA ​ថា​ ការ​តវ៉ា​ណា​មួយ​ដែល​អាច​នឹង​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រជាកសិករ​ខ្មែរ​នោះ នឹង​មិន​អាច​កើត​មាន​បាន​នោះ​ទេ​ ដោយសារ​តម្លៃ​បាន​កំពុង​រើប​ឡើង​វិញ​ និង​មិន​ធ្លាក់​ចុះ​ទៀត​នោះ​ដែរ។

«បាទ​សភាពការណ៍​នេះ​ យើង​អត់​មាន​បញ្ហា​អី​ទេ។ ហើយ​យើង​ឃើញ​ថា​ ការ​ប្រមូល​ទោះ​បី​តម្លៃ​វាទាប​មែន​ពិត​ ប៉ុន្តែ​ធៀប​ទៅ​តាម​ទូទៅ​នៅ​ពិភពលោក​ មិនមែន​ទាប​តែ​យើង​ទេ។ អញ្ចឹង​ ជាក់​ស្ដែង​នៅ​កម្ពុជា​ យើង​កំពុង​តែ​ប្រមូល​តាំង​ពី​សប្ដាហ៍​ទី​ពីរ​ ខែ​១០​ មក​ដល់​ថ្ងៃ​នេះ។ អញ្ចឹង​បាន​ន័យ​ថា​ អ្នក​ប្រមូល​ទិញ​ ម៉ាស៊ីន​កិនស្រូវ​ ម៉ាស៊ីន​តូច​ ម៉ាស៊ីន​ធំ​ សព្វ​ថ្ងៃ​នេះ​ គ្រប់​ខេត្ត​នៅ​ទូទាំង​ប្រទេស​ កំពុង​តែ​ប្រមូល​ទាំង​អស់​គ្នា​ ដើម្បី​ចូល​ស្តុក​ទុក​ កិន​លក់​អង្ករ​ឲ្យ​ទៅ​កាន់​ក្រៅ​ប្រទេស។ អញ្ចឹង​មក​ដល់​ម៉ោង​នេះ​បាន​ន័យ​ថា​ យើង​ឃើញ​កាល​ពី​ដើម​រដូវ ​និង​មក​ដល់​ពេល​នេះ​ យើង​ឃើញ​ថា​ តម្លៃ​វា​អត់​មាន​ការ​ចុះ​បន្ត​ទៅ​ទៀត​ទេ។ វា​មាន​ការ​ឡើង​ ឡើង​ខ្លះ​ អញ្ចឹង​យើង​អាច​ថា​ វា​អត់​មាន​អី​ដែល​គួរ​ឲ្យ ​ដូច​មុន​ទៀត​ទេ​បាទ»។

នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ស្រូវ​ និង​អង្ករ​នេះ​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​បរាជ័យ​ ក្នុង​ការ​សម្រេច​គោល​នយោបាយ​នាំ​ស្រូវ​អង្ករ​ចេញ​ឲ្យ​បាន​១លាន​តោន​កាលពី​ឆ្នាំ​ ២០១៥ ​ដោយ​សារ​ក្រុម​មន្ត្រី​កសិកម្ម​ មិន​បាន​អនុវត្ត​គោលនយោបាយ​នាំ​ចេញ​អង្ករ​ព្រម​គ្នា ខណៈ​ដែល​អ្នក​វិនិយោគ​នៅ​រារែក​ មិន​ហ៊ាន​បោះ​ទុន​លើ​ការ​ដំឡើង​ម៉ាស៊ីន​កិន​ស្រូវ៕

XS
SM
MD
LG