ភ្នំពេញ៖ កំណើនការងារនៅកម្ពុជាទំនងជាមានចំនួនច្រើនជាងតម្រូវការការងារ។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ របាយការណ៍ដែលចេញផ្សាយនៅឆ្នាំ២០១២នេះបង្ហាញថា ការបង្កើតការងារថ្មីប្រមាណ ៤,៣%គឺច្រើនជាងកំណើនពលកម្មចំនួន០,៧ភាគរយ។
លោក ពេជ សោភ័ណ រដ្ឋលេខាធិការនៃក្រសួងការងារ បាននិយាយក្នុងឱកាសបើកពិព័រណ៍ការងារប្រចាំឆ្នាំលើទី២ ដែលត្រូវបានរៀបចំដោយទីភា្នក់ងារជាតិមុខរបរ និងការងារ កាលពីដើមខែកន្លងទៅនេះថា ដោយសារតែកំណើននៃវិនិយោគពីបរទេស។
«សព្វថ្ងៃនេះវិនិយោគទន់បរទេសមានការចូលមកយ៉ាងច្រើន ដែលធ្វើឲ្យមានការចាប់រអារម្មណ៍ជាពិសេសមកពីប្រទេសជប៉ុន។ នៅពេលដែលយើងចូលពិភាក្សាជាមួយគេៗតែងនិយាយប្រាប់ឲ្យយើងធ្វើផ្តល់កម្លាំងពលកម្មឲ្យគេ។ ដូច្នោះហើយខ្ញុំតែនិយាយប្រាប់ទៅវិញថាអ្នកណាថា ប្រាប់ថាស្រុកខ្មែរយើងអត់មានការងារធ្វើ»។លោក ពេជ សោភ័ណ
វិទ្យាស្ថានជាតិសេដ្ឋកិច្ចកម្ពុជាបានឲ្យដឹងថា នៅឆ្នាំ២០១០ ចំនួនអ្នកមានការងារធ្វើក្នុងគ្រប់វិស័យទាំងអស់ បានកើនដល់ជិតដល់៨លាននាក់។
វិស័យកសិកម្ម វិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ ទេសចរណ៍ និងសំណង់ត្រូវគេដឹងថា បានស្រូបយកការងារច្រើនជាងគេក្នុងចំណោមទីផ្សារការងារ។
យោងតាមការស្រាវជ្រាវនានាបង្ហាញថា យុវជនកម្ពុជាយ៉ាងតិចចំនួន៣សែននាក់ត្រូវការការងារជារៀងរាល់ឆ្នាំ។ ប៉ុន្តែការស្រាវជ្រាវដែលចេញផ្សាយដោយធនាគារពិភពលោកឆ្នាំ២០១២នេះ បង្ហាញថា ទោះពីជាមានការអះអាងថា កំណើនការងារសម្រាប់អ្នកមានកម្រិតអប់រំក្រោមឧត្តមសិក្សាតែប៉ុណ្ណោះ។ ហើយការបង្កើតការងារថ្មីៗត្រឹមតែ២ម៉ឺន ទៅ៣ម៉ឺនការងារប៉ុណ្ណោះក្នុងមួយឆ្នាំ។
របាយការណ៍ដដែលបង្ហាញបន្ថែមថាក្នុងរយៈពេលប្រាំមួយឆ្នាំគឹគិតពី២០០៩ ដល់ឆ្នាំ២០១៤ ចំនួនអ្នកដែលត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអាចកើនឡើងទៅដល់ជាង២សែននាក់ ខណៈដែលទីផ្សារការងារអាចស្រូបយកត្រឹមតែប្រហែលជាង៨ម៉ឺននាក់ប៉ុណ្ណោះ។
លោក នុន សុភ័ន ជាមន្ត្រីសម្របសម្រួលថា្នក់ជាតិនៃអង្គការពលកម្មអន្តរជាតិប្រចាំកម្ពុជា។ លោក មានប្រសាសន៍ថា ការបណ្តុះបណ្តាលនៅក្នុងស្រុកមិនឆ្លើយតបទៅនឹងត្រូវការទីផ្សារការងារ។
«ប៉ុន្តែបញ្ហាចម្បងដែលយើងកំពុងជួបនៅក្នុងទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាគឺ វាមិនស៊ីសង្វាក់ទៅនឹងឱកាសការងារដែលផ្តល់ឲ្យដោយក្រុមហ៊ុនវិនិយោគ។ ដោយសារតែប្រព័ន្ធនៃការបណ្តុះបណ្តាល អប់រំហ្នឹងមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ មានន័យថាចេះតែបន្តរៀនទៅ ហើយតម្រូវការអ្នកជំនាញចឹងយើងមិនទាន់បានស៊ី(សង្វាក់)គ្នាទេ»។
ការស្រាវជ្រាវរបស់ធនាគារពិភពលលោក បង្ហាញទៀតដែរថា ភាគច្រើននៃតម្រូវការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនអភិវឌ្ឍន៍ភាគច្រើនត្រូវការបុគ្គលិកដែលមានជំនាញផ្នែកវិស្វកម្ម គ្រឿងអេឡិចត្រូនិក និងវិទ្យាសាស្ត្រជាដើម។ ផ្ទុយទៅវិញការសិក្សាលើមុខវិជ្ជាគណនេយ្យ ហរិញ្ញវត្ថុ ធនាគារ និងច្បាប់មានរហូតដល់៤៦ភាគរយដែលធើ្វឲ្យការផ្គត់ផ្គង់កម្លាំងពលកម្មបញ្រ្ចាស់គ្នាទៅនឹងតម្រូវការនៃបុគ្គលិករបស់ក្រុមហ៊ុនអភិវឌ្ឍន៍។
លោក នុន សោភ័ណ បន្ថែមថាមកទល់ពេលបច្ចុប្បន្ននេះតម្រូវការការកម្មករជំនាញនៅកម្ពុជា មានការខ្វះខាត់ ខណៈដែលតម្រូវការអ្នកមានជំនាញខ្ពស់នៅមានតិចនៅឡើយ។
«តំបន់សេដ្ឋកិច្ចពិសេសហ្នឹង ឥឡូវហឹ្នងកំពុងត្រូវការបុគ្គលិកមិនតិចជាង១ម៉ឺននាក់។ យើងមិនទាន់បំពេញបានផង។ ពេលដែលគាត់ទៅគាត់ថា អត់មានជំនាញផង។ វិស្វករហ្នឹងមិនអាចទៅធ្វើការជាកម្មករធម្មតាចឹងបានទេ គាត់ក៏ទៅរកការងារខ្ពស់ជាងហ្នឹង។ចឹងហើយទីផ្សារការងារនៅកម្ពុជាយើងនឹងតម្រូវការកម្មករហ្នឹងវាច្រើន ហេតុអ្វីបានជានៅតែមានអ្នកនិយាយថាអត់មានការងារធ្វើ។
លោក ហៃ ហ៊ុនឡេង ទីប្រឹក្សាដែលធ្វើការក្នុងទីភ្នាក់ងារជាតិមុខរបប និងការងារ ប្រាប់ឲ្យដឹងដែរថា ប្រភេទការងារដែលសិស្សនិស្សិតពេលបច្ចុប្បន្ននិយមចុះឈ្មោះចូលរៀនគឺ មានដូចជា ធនាគារ ហិរញ្ញវត្ថុ និងគណនេយ្យ។ លោកនិយាយថាមុខវិជ្ជាសង្គមទាំងនោះហាក់មិនស្របគ្នាទៅនឹង តម្រូវការនៃទីផ្សារការងារដែលត្រូវការអ្នកបច្ចេកទេស។
លោក ហ៊ុនឡេង និយាយថាភាគច្រើននៃអ្នកស្វែងរកការងារធ្វើជាអ្នកសិក្សាលើផ្នែកសង្គម ដែលនៅមានតម្រូវការទីផ្សារការងារតិច។
«ផ្ទុយទៅវិញទីផ្សារការងារគេចង់បានអ្នកបច្ចេកទេស។ ហេតុអ្វីបានបានជាត្រូវការបែបហ្នឹង គឺពីព្រោះការអភិវឌ្ឍផ្នែកឧស្សាហ៍កម្ម។ បើគេចង់បានអ្នកបច្ចេកទេស យើងបែរជាមានអ្នកសង្គមទៅវិញ ឃើញថាវាអត់សូវស៊ីគ្នាទៅហើយ។ ចំនួនសិស្សជិត១ម៉ឺននាក់ហ្នឹងបើប្រៀបធៀបនឹងឱកាសការងារដែលមានជាង៩ម៉ឺនទៅហើយហ្នឹងក៏អត់សូវស៊ីគ្នាដែរ»។
លោក បណ្ឌិត កង ចាន់តារារ័ត្ន នាយកវិទ្យាស្ថ្រានអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា យល់ស្របថា នៅកម្ពុជាពលរដ្ឋដែលមានចំណេះដឹងតិចទទួលបានឱកាសការងារច្រើនជាងអ្នកទទួលបានការអប់រំខ្ពស់ប៉ុន្តែលោកពន្យល់ថា ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាតម្រូវការអ្នកដែលមានជំនាញទាបមានសារៈសំខាន់។ ប៉ុន្តែដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែជឿនលឿនទៅមុខ កម្ពុជាចាំបាច់ជំរុញកំណើនការងារក្នុងចំណោមអ្នកដែលទទួលបានការអប់រំកម្រិតខ្ពស់៕