គ.ជ.ប​ការពារ​ខ្លួន​ទល់​នឹង​ការ​រិះគន់​របស់​អង្គការ​សង្គម​ស៊ីវិល

មន្ត្រី​ការិយាល័យ​បោះឆ្នោត​បង្ហាញ​សន្លឹក​ឆ្នោត​ក្នុង​អំឡុង​ពេល​រាប់​សន្លឹក​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​របាយការណ៍​របស់​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត​ដោយ​ហៅ​ថា​ក្រុមនេះ​ចង់​ឱ្យ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​ កម្ពុជា​ទៅ ​«តាម​ការ​យល់​ឃើញ​របស់​ខ្លួន»​ ក្នុង​ខណៈ​ពេល​ដែល​គ.ជ.ប​បាន​ធ្វើ​កិច្ចការ​បោះឆ្នោតចប់​សព្វ​គ្រប់​និង​ផ្អែក​ទៅ​តាម​ផ្លូវ​ច្បាប់។

កាល​ពី​សប្តាហ៍​មុន​ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដែល​មាន​អង្គការ​ក្នុង​ស្រុក​និង​អន្តរជាតិ​មួយ​ចំនួន​បាន​ចេញ​នូវ​របាយការណ៍​ស្រាវជ្រាវ​មួយ​ដែល​រកឃើញ​ថា​ បញ្ហា​ដែល​កើត​មាន​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ «គឺ​វា​ល្មម​គ្រប់​គ្រាន់​ធ្វើ​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​ឬ​ជំនឿ​ទៅ​លើ​ការ​បោះឆ្នោត»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ​ គ.ជ.ប​បាន​បញ្ជាក់​ឡើង​វិញ​ដោយ​ទទួល​ស្គាល់​នូវ​ការ​ខុស​ឆ្គង​របស់​មន្ត្រី​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​តូច​ដែល​មិន​បាន​អនុវត្ត​តាម​បទបញ្ជា​និង​នីតិវិធី​ទាក់ទង​នឹង​ការ​គ្រប់​គ្រង​កញ្ចប់​សុវត្ថិភាព​«ក» ​ដែល​ជា​មូលហេតុ​មួយនាំ​ឱ្យ​គណបក្សសង្គ្រោះ​ជាតិ​យក​មក​ធ្វើ​ការ​ទាមទារ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត។ ​ប៉ុន្តែ​បាន​ទាញ​អំណះអំណាង​របស់​អ្នក​សង្កេតការណ៍​ដែល​ជា​សាស្រ្តាចារ្យ​ជប៉ុន​ម្នាក់​ថា​ «មិន​ឃើញ​មាន​ការប្រើ​ល្បិច​ខូច​ណា​មួយ​ទេ​តាម​រយៈ​ការ​បើក​កញ្ចប់​សុវត្ថិភាព» នោះ។​

យ៉ាង​ណា​ក៏​ដោយ​ គ.ជ.ប ​បាន​ខ្លួន​ត្រៀម​នឹង​ចូលរួម​សិក្ខា​សាលា​ជាតិ​ស្តី​ពី​ដំណើរការ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដែល​នឹង​រៀបចំ​នៅ​ចុង​ខែ​ធ្នូ​នេះ​ឬ​ខែ​មករា​ឆ្នាំ​២០១៤​ហើយ​ស្វាគមន៍​រាល់​អនុសាសន៍​នានា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់។​

ក្រុមសម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ក៏បាន​រក​ឃើញ​ថា​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ត្រូវ​គេ​បដិសេធ​មិន​ឱ្យ​ចូល​ក្នុង​ការិយាល័យ​បោះឆ្នោត ​មាន​ការ​ប្រើប្រាស់​លិខិត​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​បម្រើ​ឱ្យ​ការ​បោះឆ្នោត​ច្រើន​លើស​លប់ ​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន​ជាង​ចំនួន​ពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន ​និង​លទ្ធផល​ដែល​បាន​មក​ពី ​ការិយាល័យ​បើក​ថ្មី​បន្ថែម​មាន​ភាព​ខុស​ពី​ធម្មតា​ដែល​ជា​ការ​ប៉ះពាល់​ទៅលើ​ចំនួន​អាសនៈ​ដែល​គណបក្ស​នីមួយៗ​ទទួល​បាន។​ ហើយ​ក៏​បាន​ស្នើ​ឱ្យ​ធ្វើ​កំណែ​ទម្រង់​ដោយ​ផ្តោត​លើ​ សមាសភាព​ថ្នាក់​ដឹកនាំ​គ.ជ.ប ​ធ្វើ​ឱ្យ​ប្រសើរ​ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ត្រួត​ពិនិត្យ​លើ​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​អ្នក​បោះឆ្នោត​ និង​ទាមទារ​ឱ្យ​មន្រ្តី ​រាជការ​ តុលាការ​និង​កងកម្លាំង​ប្រដាប់​អាវុធ​អព្យាក្រឹត​ជាដើម។​

ការ​បោះឆ្នោត​ជាតិ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​ខែកក្កដា​ដោយ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ឈ្នះ​អាសនៈ​បានចំនួន​៦៨​ហើយ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី​និង​កឹម សុខា​ឈ្នះ​បាន​៥៥​អាសនៈ។ គណបក្ស​ប្រឆាំង​បាន​បដិសេធ​លទ្ធផល​នេះ​ហើយ​មិន​ព្រម​ចូល​ប្រជុំ​សភា​និង​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។ បាតុកម្ម​នេះ​ឈាន​មក​ដល់​ថ្ងៃទី​៥​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ពិចារណា​លទ្ធភាព​ដើម្បី​ដក​ហូត​យក​អាសនៈ​ទាំង​នោះ៕