ទៀ បាញ់៖ ​យោធា​ត្រូវ​​ទប់​ស្កាត់​បដិវត្តន៍​ពណ៌​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ

រូបថត​ឯកសារ៖ លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រង់​ចាំ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ច​​ប្រជុំ​សន្តិសុខ​តំបន់​​មួយ​នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១២។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​កងទ័ព​រក្សា​អព្យាក្រឹត​មិន​ប្រកាន់​និន្នាការ​នយោបាយ​ហើយ​ត្រូវ​ត្រៀម​ខ្លួន​ទប់​ស្កាត់​បដិវត្តន៍​ពណ៌​ណាមួយ​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​គំរូបណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់។​

លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​ដល់​អ្នក​ចូលរួម​ស្តាប់​សិក្ខាសាលា​ស្តីពី​ សម្ព័ន្ធ​មេត្រីភាព​រវាង​ស្ថាប័ន​អង្គភាព​ស៊ីវិល​និង​អង្គភាព​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ថ្ងៃ​ទី២៨​និង​២៩​ ខែ​កក្កដា ឆ្នាំ​២០១៥ ថា​ កងទ័ព​គឺ​មាន​ជំហរអព្យាក្រឹត មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ណាមួយ​ទេ។​ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​ នៅ​តែ​មាន​អ្នក​ចិញ្ចឹម​ចិត្ត​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដូច្នេះ​ពួកគេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជានិច្ច។

គេហទំព័រ​របស់​ក្រសួង​ការពារ​ជាតិ​ចេញផ្សាយ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ បាន​ដកស្រង់​សម្តី​របស់​លោក​ ទៀ បាញ់​ ដែល​បាន​ប្រាប់​ដល់​ទាហាន​និង​នាយ​ទាហាន​ក្នុង​សិក្ខាសាលា​នោះ​ថា៖

​«ឯកឧត្តម ទៀ បាញ់ ​ក៏បាន​សង្កត់​ធ្ងន់​នូវ​បទបញ្ជារបស់​សម្តេច​តេជោ​ផ​ង​ដែរ ចំពោះ​ក​ង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រ​ភេទ ត្រូវ​ធានា​មិន​ឱ្យ​មាន ប​ដិវ​ត្តន៍ព​ណ៌​នៅ​ក​ម្ពុជា​ ទោះ​ត​ម្លៃ​ណា​ក៏​ដោយ គឺ​ត្រូវ​កំម្ចាត់​ចោល​ភ្លាម ដើម្បី​ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់‍»។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ​មេ​ទាហាន​ផ្កាយ​មាស​៤​មួយ​រូប​ នៃ​កង​យោធពល​ខេមរភូមិន្ទ​គឺ​ឧត្តម​សេនីយ៍ ជា តារា ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា ទាហាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ព្រោះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​នេះគឺ​ជា​អ្នក​ផ្គត់ផ្គង់​ទាហាន​នា​ពេល​បច្ចុប្បន្ន៕