រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លើក​ឡើង​ពី​ផល​ចំណេញ​ភូមិសាស្រ្ត​នយោបាយ​លើ​ការ​ចោទ​ប្រកាន់​អំពី​មូល​ដ្ឋាន​ទ័ព​ចិន​​នៅ​រាម

រូប​ឯកសារ៖ រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនរដ្ឋចិន Sinopharm នៅរាជធានីភ្នំពេញ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

នៅ​ក្នុង​ការ​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស ប៉ុន្តែ​ទំនង​សំដៅ​លើ​សហរដ្ឋ​អាមេរិក រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​អះអាង​ថា​ការ​ចោទ​ប្រកាន់​អំពី​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា គឺ​ដើម្បី​ចំណេញ​ផល​ប្រយោជន៍​ភូមិ​សាស្រ្ត​នយោបាយ​តែ​ប៉ុណ្ណោះ។​

លោក​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​ពិធី​មួយ​នៃ​ការបញ្ជូន​តំណក់​ប្រេង​ដំបូងរបស់​កម្ពុជា​មក​តម្កល់​នៅ​វិមាន​ឈ្នះ-ឈ្នះ​នៅ​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

លោក ទៀ បាញ់ បានថ្លែងបែប​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការលើក​ឡើង​របស់​អាមេរិកអំពី​ការ​ចោទប្រកាន់ថា​កម្ពុជា​នឹង​កសាងហេដ្ឋា​រចនាសម្ព័ន្ធ​សម្រាប់យោធា​ចិន​នៅ​មូលដ្ឋានកង​ទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ។

លោកថ្លែង​ថា៖ «មិន​បាន​តាម​បំណង​ប្រាថ្នា​របស់​គេ គេ​មិន​ទទួល​យក​ទេ តែ​ប៉ុណ្ណឹង​យើង​យល់​ហើយ។ ខ្ញុំ​ថា​មិន​បាច់​បកស្រាយ​អី​ទេ ហើយ​ជា​ពិសេស​អ្នក​សារ​ព័ត៌មាន ចេះ​វិភាគ​ដែរ។ រឿង​ភូមិសាស្រ្ត​នយោ​បាយ​យ៉ាង​ម៉េចៗ គឺ​យល់​ច្បាស់​ណាស់»។

លោក​ទៀ បាញ់ បន្ត​ថាការ​លើក​ឡើង​របស់​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក អ្នកស្រី Wendy Sherman ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ​និង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ ពាក់ព័ន្ធ​នឹង​ការ​សួរ​នាំ​អំពី​អនាគត​នៃ​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​រាម។

លោក​បញ្ជាក់​ថា៖ «កន្លង​មក​នេះ អនុ​រដ្ឋមន្រ្តី​Sher​manបាន​ជួប​ជាមួយ​សម្តេច​តេជោ ហើយ​គាត់​បាន​ពោល​ពាក្យ​មួយ​ចំនួន គឺ​ខុស​ឆ្ងាយ​ណាស់ រឿង​រ៉ាវ​នៅ​សមុទ្រ​រាម​ខាង​ត្បូង។ ខ្ញុំ​និយាយ​ច្រើន​ណាស់ ខ្ញុំ​មិន​និយាយ​ទៀត​ទេ។ ក៏​ប៉ុន្តែ​ក្នុង​នោះ គាត់​សុំ​ឲ្យ​អនុព័ន្ធ​យោធា​អាមេរិក​បាន​ទៅ​មើល ហើយ​សម្តេច​តេជោ គាត់​ថា​អូខេ​ឲ្យ​ទៅ​មើល»។

អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ក៏​បាន​គូស​បញ្ជាក់​អំពី​នយោ​បាយ​ការបរទេស​កម្ពុជា​ថា​អព្យាក្រឹត មិន​ដូច​ការ​ចោទ​ប្រកាន់​ថា​លម្អៀង​ទៅ​កាន់​ប្រទេស​ចិន​នោះ​ទេ។

លោក​បន្ថែម​ថា៖ «ឥឡូវ​នេះ គឺ​គេ​គូស​បន្ទាត់​ដាក់​ឲ្យ​ហ្មង​យើង​ហ្នឹង​គឺ​ pro [គាំទ្រ​ឬ​លម្អៀង​ទៅ​ខាង]​ចិន​ជា​ដើម។ ក៏​ប៉ុន្តែ​អត់​ទេ អាហ្នឹង​ស្រេច​តែ​គេ​តើ។ គេ​ចង់​គូស ចង់​ខ្វាស ចង់​ថា​អី ​រឿង​របស់​គេ។ តែ​រឿង​យើង​ យើង​មាន​នយោបាយ​របស់​យើង​អព្យាក្រឹត។ យើង​ធ្វើ​ការ​ជាមួយ​នឹង​មិត្តភក្តិ​ទាំង​អស់​ដែល​មក​រាប់​រក​គ្នា»។

លោក Chad Roedemeier អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​មិន​បាន​អធិប្បាយចំៗ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងការ​ថ្លែង​របស់​លោក ទៀ បាញ់ នោះ​ទេ។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​អនុ​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក អ្នកស្រី Sherman ទាក់​ទង​នឹង​អនាគត​នៃ​វត្តមាន​កង​ទ័ព​ចិន​និង​ការ​ស្ថាបនា​សំណង់​នៅ​រាម។

នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ដើម​ខែ​មិថុនា អនុរដ្ឋមន្រ្តី​ការបរទេសអាមេរិក​បាន​ចោទ​សួរ​អំពីអនាគត​នៃ​មូលដ្ឋាន​កងទ័ព​ចិន​នៅ​សមុទ្រ​រាម​ហើយក៏​បាន​ស្វែង​រក​ការ​បំភ្លឺ​ទៅ​លើ​ការ​វាយ​កម្ទេច​សំណង់​អគារ​របស់​អាមេរិក​នៅរាម​ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង​ឬ​សេចក្តី​ពន្យល់​ដល់​អាមេរិក និង​យល់​ថា​វត្តមាន​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ទន់​ខ្សោយ​នៃ​អធិបតេយ្យភាព​របស់​កម្ពុជា គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់​និង​ប៉ះ​ពាល់​អវិជ្ជមាន​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

អនុ​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ ក៏​បាន​ជំរុញ​ឲ្យ​ការ​ដឹក​នាំ​របស់​កម្ពុជា​«ត្រូវ​រក្សា​នូវ​គោល​នយោបាយ​ការ​បរទេស​ដែល​មាន​តុល្យភាព​និង​ឯករាជ្យ​មួយ ដើម្បី​ជា​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា»។

កាល​ពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បញ្ជាក់​ថា​ប្រទេស​ចិន​នឹង​បញ្ជូន​អ្នក​ជំនាញ​របស់​ខ្លួន​មក​ជួយ​អភិវឌ្ឍ​និង​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កង​ទ័ព​រាមក្នុង​ខេត្ត​ព្រះសីហនុ។

រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ មុន និងក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​និង​ជា​អ្នក​តាម​ដាន​សង្គម​មួយ​រូប​មាន​ប្រសាសន៍​ថា​កម្ពុជា​បារម្ភ​អំពី​ការ​យល់​ច្រឡំ​និង​ការ​វាយ​តម្លៃរបស់​អាមេរិក​ដូច្នេះ​កម្ពុជា​ត្រូវ​តែ​បញ្ជាក់​ប្រាប់​សហគមន៍​អន្តរជាតិ​អំពី​អព្យាក្រឹត​ភាព​របស់​ខ្លួន។

លោក​ថ្លែង​ថា៖ «ការ​បញ្ជាក់​ឬ​ក៏​ការ​យល់​ឃើញ​ក្នុង​ក្របខណ្ឌ​ណា​មួយ​ក៏​ដោយ មាន​ប្រសិទ្ធភាព​លុះ​ត្រា​តែ​ឥរិយាបថ ឬ​ការ​ស្តែង​ចេញទង្វើ​ហ្នឹង ធ្វើ​ឲ្យ​គេ​ជឿ​ជាក់ ជា​ជាង​គ្រាន់​តែ​ការ​ថ្លែង​ការ​និយាយ»។

លោក​បន្ថែម​ថា៖ «ការ​មក​ទស្សនកិច្ច​របស់​អ្នកស្រី​Sherman​នេះ​គឺ​បញ្ជាក់​អំពី​ជំហរ​និង​ភាព​ច្បាស់​លាស់​នៃ​នយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​នឹង​កម្ពុជា​ហើយ។ បើ​សិន​បើពុំ​មាន​ការ​ឆ្លើយ​តប គេ​ហៅ​ថាពេញ​លេញ ឬ​ក៏​តាម​ការ​លើក​ឡើង​ទេ ឬ​កង្វល់​របស់​អាមេរិក​ទេ ខ្ញុំ​គិត​ថា​យន្តការ​ឬ​ក៏​មធ្យោបាយ​ផ្សេងៗ សហរដ្ឋ​អាមេរិក​អាច​ចាត់​វិធានការ មិន​រង់​ចាំ​ទេ»។

លោក ​ឯម សុវណ្ណារ៉ា បញ្ជាក់​ថា​ការ​ចំណេញ​ភូមិ​សាស្រ្ត​នយោបាយ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ប្រទេស​នីមួយៗ ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច។

លោក​បណ្ឌិត អ៊ា សុផល​ ដែល​ជា​សាស្ត្រាចារ្យខាង​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៃ​មហាវិទ្យាល័យ​Occidental College ​ក្នុង​ទីក្រុង​ Los Angeles​ រដ្ឋ​ California​ សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា​ការ​លើក​ឡើង​ថា​កម្ពុជា​មិន​លម្អៀង​ទៅ​ចិន វា​ដូច​ជា​ការ​និយាយ​ខ្មៅ​ថា​ស ហើយ​ស​ថា​ខ្មៅ ដោយ​សារ​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា មិន​ឆ្លុះ​បញ្ចាំ​ង​នោះ​ទេ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្រ្តី​ការ​បរទេស​ចិន លោក វ៉ាង យី ​នៅ​ក្នុង​ទីក្រុង​ Chongqing ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មិថុនា ប្រទេស​ទាំងពីរ​បាន​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​យ៉ាង​មុត​មាំ​ក្នុង​ការ​ពង្រឹង​និង​ធ្វើ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវ​ចំណង​មិត្តភាព​ដូច​ដែក​ថែប ព្រម​ទាំង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែម​ទៀត​លើ​វិស័យ​ជា​ច្រើន​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​សំដៅ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន៕