កាលពីខែកក្កដាឆ្នាំ២០១៤កន្លងទៅ អាជ្ញាធរមានសមត្ថកិច្ចក្រោមការដឹកនាំរបស់គណបក្សកាន់អំណាច និងអ្នកតំណាងរាស្រ្តគណបក្សជំទាស់ពាក់មុខយក្សដាក់គ្នាអំពីរឿងទីលានប្រជាធិបតេយ្យដែលអាជ្ញាធរដាក់កងកម្លាំងមានសមត្ថកិច្ចព័ទ្ធជុំវិញមិនឲ្យមានមនុស្សចេញចូលអស់រយៈពេលប្រមាណ៨ខែ។
ការពាក់មុខយក្សដាក់គ្នានេះធ្វើឲ្យអំពើហិង្សាមួយបានកើតឡើងកាលពីថ្ងៃទី១៥ខែកក្កដានៅក្បែរសួនប្រជាធិបតេយ្យ។ ការប៉ះទង្គិចគ្នារវាងក្រុមបាតុករនៃគណបក្សសង្គ្រោះជាតិដែលពុំព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត និងក្រុមសន្តិសុខដែលជួលដោយសាលាខណ្ឌដូនពេញ បានបង្កឲ្យមនុស្សជាង៤០នាក់រងរបួស ដែលភាគច្រើននៃអ្នករងរបួសគឺជាកងសន្តិសុខ។
ប៉ុន្តែនៅខែកក្កដាឆ្នាំ២០១៥នេះ មេដឹកនាំគណបក្សប្រជាជនកម្ពុជាគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៊ីបែរជាងាកមកស្និទ្ធស្នាលនឹងគ្នាវិញ កាលពីថ្ងៃអាទិត្យដោយបានទទួលទានអាហារជាលក្ខណៈគ្រួសារដែលកម្រមានក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។ ជំនួបនេះត្រូវមេដឹកនាំគណបក្សទាំងពីរហៅថា ជាការពង្រឹងនិងពង្រីក«វប្បធម៌សន្ទនា»។
អ្នកវិភាគសង្គមនិងនយោបាយបានមើលឃើញភាពសិ្នទ្ធស្នាលនេះថា ជាគុណវិបត្តិសម្រាប់គណបក្សសង្គ្រោះជាតិ និងជាស្នៀតនយោបាយមួយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីកាន់អំណាចបានយូរបន្តទៅទៀត។
ពួកគេនិយាយថា វប្បធម៌សន្ទនានេះមិនអាចឋិតថេរយូរអង្វែងបានទេ ពីព្រោះគណបក្សទាំងពីរនៅតែចិញ្ចឹមចិត្តកាន់កាប់ប្រទេសកម្ពុជាដែលសម្បូរដោយអំពើអយុត្តិធម៌សង្គម អំពើពុករលួយនៅគ្រប់ស្ថាប័ន ខណៈដែលស្ថាប័នតុលាការនៅជាឧបករណ៍នយោបាយមួយសម្រាប់បំបិទមាត់អ្នកជំទាស់។
លោក អ៊ូ វីរៈ ប្រធានអង្គការវិភាគ និងស្រាវជ្រាវគោលនយោបាយមួយឈ្មោះ Future Forum (វេទិកាអនាគត) បានមានប្រសាសន៍ប្រាប់ VOA ថា វប្បធម៌នេះនឹងមិនមានអាយុកាលយូរអង្វែងនោះទេ ពីព្រោះវប្បធម៌នេះជាផ្នែកមួយនៃយុទ្ធសាស្ត្រនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីការពារអំណាចរបស់ខ្លួន។
«ខ្ញុំគិតថា ជារឿងបណ្តោះអាសន្នទេភាពល្អូកល្អិនហ្នឹង ព្រោះអីចុងបញ្ចប់ ចង់ មិនចង់ គណបក្សពីរនេះផ្ទុយគ្នា ខុសគ្នាហើយដណ្តើមអំណាចគ្នា។ តួនាទីរបស់គណបក្សកាន់អំណាច គាត់ត្រូវថែរក្សាអំណាចរបស់គាត់។ គាត់ចង់ធ្វើម៉េចឲ្យគាត់នៅបន្តអំណាច។ តួនាទីរបស់គណបក្សប្រឆាំងគឺធ្វើម៉េចដើម្បីទម្លាក់គណបក្សអំណាចដើម្បីខ្លួនហ្នឹងឡើងឈានទៅដល់ការកាន់អំណាច។ ដូច្នេះ វាត្រូវទៅជារឿងមួយមិនអាចល្អូកល្អិនគ្នារហូតអញ្ចឹងទេ»។
លោកយល់ឃើញថា គណបក្សជំទាស់នឹងបាត់បង់ការគាំទ្ររបស់ខ្លួន ប្រសិនបើមេដឹកនាំនៃគណបក្សនេះ បន្តអនុវត្តវប្បធម៌សន្ទនា ដែលលោកអះអាងថា វប្បធម៌សន្ទនានេះពុំបានផ្តល់ផ្លែផ្កាអ្វីដើម្បីដោះស្រាយបញ្ហាជាច្រើន ដែលកំពុងកើតឡើងក្នុងសង្គមកម្ពុជានោះទេ រួមមានអំពើពុករលួយ និងនិទណ្ឌភាពជាដើម។
«ហ្នឹងហើយមិនទាន់មានលទ្ធផលអីធំដុំទេ។ រឿងព្រំដែននៅជារឿងព្រំដែន។ ខ្ញុំគ្រាន់តែថា រឿងព្រំដែន រាងហាក់ដូចមានការសហការជាងមុនបន្តិច។ ប៉ុន្តែប្រសិនបើជារឿងអំពើពុករលួយ រឿងនិទណ្ឌភាព រឿងតុលាការមិនឯករាជ្យ រឿងដីធ្លីមិនទាន់មានលទ្ធផលអីទេ។ ដូច្នេះ គណបក្សប្រឆាំងគាត់មិនអាចនៅល្អូកល្អិនទៀតទេ ហើយបើគាត់អត់តវ៉ាទេ ខ្ញុំមើលទៅ ប្រជាពលរដ្ឋលោកថា "ជ្រុល មិនតវ៉ាដដែល បោះឆ្នោតឲ្យគណបក្សកាន់អំណាចតែម្តងទៅ"។ ប៉ុន្តែជារឿងមួយបាត់បង់ប្រជាប្រិយភាពរបស់គណបក្សប្រឆាំងផងដែរ។ ខ្ញុំមើលទៅគណបក្សប្រឆាំងមិនអាចនៅល្អូកល្អិននេះបានយូរទេ»។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មេគណបក្សជំទាស់រូបនេះបានបង្ហោះរូបភាពអំពីការបរិភោគអាហារពេលល្ងាចរវាងក្រុមគ្រួសារលោក និងក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយបានសរសេរផងដែរថា៖
«បំណងរបស់យើងគឺចង់ពង្រីកវប្បធម៌សន្ទនាទៅដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិកាគ្រប់រូបនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ហើយក៏ចង់ឲ្យវប្បធម៌សន្ទនានេះបន្តទៅដល់កូនចៅយើង និងខ្មែរជំនាន់ក្រោយជាទូទៅ។ វប្បធម៌សន្ទនានេះធានាឲ្យជនជាតិខ្មែរទាំងអស់បានសុខជានិច្ច ទោះជាមានការប្រែប្រួលនយោបាយយ៉ាងណាក៏ដោយ នៅពេលអនាគត»។
លោកសម រង្ស៊ីបានពន្យល់ថា វប្បធម៌សន្ទនានេះបានផ្តល់ផ្លែផ្កាមួយចំនួន ដូចជាការបង្កើត និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មីមួយដែលយើងអាចជឿទុកចិត្តថា ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ អាចនឹងធ្វើបានត្រឹមត្រូវ។ លោកបន្តថា វប្បធម៌នេះបានបងើ្កតនូវភាពកក់ក្តៅក្នុងចិត្ត ចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ដោយពួកគេត្រូវបានរំដោះពីអារម្មណ៍ភ័យខ្លាច បន្ទាប់ពីអំពើហិង្សានយោបាយ ការគំរាមកំហែង និងការបំភិតបំភ័យគ្រប់បែបយ៉ាងត្រូវបានបញ្ចប់។
ការទទួលទានអាហារពេលល្ងាចកាលពីថ្ងៃអាទិត្យរវាងក្រុមគ្រួសារលោកសម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនមានការចូលរួមពីលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនោះទេ។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម មើលឃើញថា ភាពល្អូកល្អើនគ្នានេះនឹងបង្កឲ្យមានការអាក់អន់ចិត្តគ្នារវាងមេដឹកនាំគណបក្សសង្គ្រោះជាតិ ពីព្រោះស្ទើររាល់លើកនៃការជួបជុំគ្នារវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ីពុំដែលឃើញមានការចូលរួមរបស់លោក កឹម សុខា នោះទេ។
«ជាទូទៅ យើងឃើញអញ្ចឹង ពេលដែលមានបញ្ហាតឹងតែងឡើង លោកនាយករដ្ឋមន្ត្រីហ៊ុន សែនហើយនិងសម រង្ស៊ីតែងតែជួបគ្នាហើយព្រមានទៅសមភាគីម្ខាងទៀតគឺលោក កឹម សុខា។ ប៉ុន្តែខ្ញុំមើលទៅគឺវាមិនមែនជាដំណោះស្រាយទេ គ្រាន់តែជាល្បិចនយោបាយទៅវិញទៅមក ដើម្បីទាញទម្លាក់ប្រជាប្រិយភាពគណបក្សប្រឆាំងឲ្យវាធ្លាក់ទៅក្រោម។ បើសិនជាការជួបគ្នាប្រកបដោយភាពស្មោះត្រង់ ដើម្បីដោះស្រាយបញ្ហាជាតិ អាហ្នឹងវាមិនអីទេណា៎។ ប៉ុន្តែកន្លងមក យើងឃើញអញ្ចឹងឯង។ យើងឃើញជាន់មែកឈើមួយ ហើយលោតទៅជាន់មែកឈើមួយទៀត ហើយធាក់មែកឈើមួយទម្លាក់មកក្រោម នៅពេលដែលខ្លួនបានតោងមែកឈើមួយទៀត។ យើងឃើញអញ្ចឹងឯងកន្លងមក»។
លោក កែម ឡី បានសម្តែងទុទ្ទិដ្ឋិនិយមចំពោះវប្បធម៌សន្ទនានេះ ដោយបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមើលទៅគ្មានប្រយោជន៍អ្វីទាំងអស់ វាលែងតែយើងរៀបចំយន្តការធនធានមនុស្សហើយនឹងកែប្រែវប្បធម៌តាំងពីលើរហូតដល់ក្រោម ហើយឲ្យមានកិច្ចប្រជុំជាប្រចាំ ឲ្យមានយន្តការដោះស្រាយបញ្ហាសង្គម។ អាហ្នឹងបានអាចទទួលបានជោគជ័យ។ បើគ្រាន់តែជួបមនុស្សពីរនាក់ ដោះស្រាយបញ្ហាសង្គមបានហ្នឹង ប្រទេសនានាគេមិនបាច់ធ្វើអីទេ គេហៅតែពីរនាក់ប្រជុំ ហើយគ្រាន់តែដាក់ពាក្យ«វប្បធម៌សន្ទនា» ហើយអាចដោះស្រាយបញ្ហាសង្គមបាននោះ អាហ្នឹងគឺគេមិនបាច់ទៅសិក្សាថែមច្រើនទេ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងការពារជំនួបនេះ ដោយសារតែជំនួបនេះបានធ្វើឲ្យអ្នកនយោបាយនៃគណបក្សទាំងពីរខិតជិតគ្នាដើម្បីជជែកពិភាក្សាទល់មុខគ្នា ដែលជារឿងពុំធ្លាប់មានកាលពីអតីតកាល។
«វាធ្លាប់តែគណបក្សកាន់អំណាច និងគណបក្សប្រឆាំងហ្នឹងគឺថា មើលមុខគ្នាដូចជាខ្មាំងសត្រូវ មិននិយាយរកគ្នា។ ឥឡូវយើងឃើញហើយថា វាប្រែប្រួលពីដកមកបួក។ អាហ្នឹងយើងឃើញថា យើងមានការរីករាយ។ យើងមានសង្ឃឹមថា សភាពការណ៍នយោបាយនឹងប្រែប្រួលទៅមុខទៀត ឲ្យកាន់តែមានលក្ខណៈកាន់តែប្រសើរ ដែលធ្វើឲ្យប្រជាពលរដ្ឋលោកមានការនឹងនក្នុងអារម្មណ៍ដែរ ជាពិសេសអ្នករកស៊ីផ្សេងៗគឺគេសប្បាយចិត្ត»។
លោកបញ្ជាក់ថា អ្នកនយោបាយចាស់ទុំពីររូបនេះនឹងយកវប្បធម៌សន្ទនាដើម្បីដោះស្រោះបញ្ហាប្រឈមក្នុងសង្គម ដូចជាបញ្ហាព្រំដែន អំពើពុករលួយនៅតាមស្ថាប័នរដ្ឋ និងប្រព័ន្ធតុលាការដែលរងការចោទថា មិនទាន់មានឯករាជ្យភាពនៅឡើយ។
គួរបញ្ជាក់ថា នៅក្នុងខែកក្កដានេះ រឿងរ៉ាវនយោបាយជាច្រើនបានកើតឡើងក្នុងប្រទេសកម្ពុជា ចាប់ពីក្រោយការបោះឆ្នោតលើកដំបូងកាលពី១៨ឆ្នាំមុន។ ប្រជាពលរដ្ឋខ្មែរនៅក្នុងទីក្រុងភ្នំពេញក៏នៅចាំមិនទាន់ភ្លេចដែរ ចំពោះរដ្ឋប្រហារយោធាដែលធ្វើឡើងដោយកម្លំាងទ័ពស្មោះនឹងព្រះអង្គមា្ចស់នរោត្តមរណឫទ្ធិ និងកម្លំាងទ័ពស្មោះនឹងលោកហ៊ុន សែនកាលពីថ្ងៃទី៥ ទី៦ខែកក្កដាឆ្នាំ១៩៩៧។
កាលពីពីរឆ្នាំកន្លងទៅ ក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិផ្តើមដឹកនាំបាតុកម្មអស់រយះពេលជិតមួយឆ្នាំ ហើយការធ្វើបាតុកម្មនេះបានកើតឡើងចាប់ពីចុងខែកក្កដាឆ្នាំ២០១៣។ បាតុកម្មនាពេលនោះតវ៉ាលទ្ធផលឆ្នោតដែលក្រុមតំណាងរាស្រ្តនៃគណបក្សប្រឆាំងបានចោទថា សន្លឹកឆ្នោតត្រូវបានគៃបន្លំ។ នៅក្នុងពេលជាប់វក់វីនឹងការធ្វើបាតុកម្មនេះ លោកសម រង្ស៊ី នៅគ្រានោះដែរ បានប្រើវោហាសាស្ត្រទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីអំណាច ដោយស្រែកស្ទើររាល់ថ្ងៃថា «ហ៊ុន សែនអើយចុះចេញទៅ!»។ រីឯលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏ឆ្លើយតបបែបចំអកវិញថា «ទាល់តែយូរ»។
នៅពេលនេះ វប្បធម៌សន្ទនាមិនបានអនុញ្ញាតឲ្យមានការវាយប្រហារគ្នាដោយពាក្យសម្តីទៀតទេ។ នេះគឺជាអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចង់បាន។ លោកសម រង្ស៊ីក៏បានរក្សាភាពស្ងៀមស្ងាត់ ហើយយូរៗម្តង លោកលួចនិយាយគ្នាស្ងាត់ៗជាមួយលោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល។ រីឯលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិក៏បានរក្សាភាពស្ងៀមស្ថាត់ផងដែរ។ លោក កឹម សុខាជារឿយៗត្រូវបានលោកនាយករដ្ឋមន្ត្រី គំរាមនៅរាល់គ្រាដែលលោកកឹម សុខារិះគន់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ភាពល្អូកល្អើនបន្តទៀតឬយ៉ាងណា អាស្រ័យលើលទ្ធផលឆ្នោតនាពេលខាងមុខ។ នៅសល់ប្រមាណពីរឆ្នាំទៀតនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយបីឆ្នាំទៀតនឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្មី៕