គណបក្សប្រជាជនកម្ពុជាដាក់ពាក្យប្តឹងលោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ បន្ទាប់ពីលោកបានធ្វើការរិះគន់លើគណបក្ស ខ្លួនទាក់ទិននឹងនាង ខុម ចាន់ដារ៉ាទី។ អ្នកនាំពាក្យគណបក្សកាន់អំណាចថ្លែងថា ការប្តឹងផ្តល់នេះអាចមានលើសពីអ្នកវិភាគមួយរូប។
គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងដាក់ «ពាក្យបណ្តឹងបរិហារកេរ្តិ៍ ទៅសាលាដំបូងរាជធានីភ្នំពេញ» ចំពោះអ្នកវិភាគនិងជនណាដែល គណបក្សកាន់អំណាចនេះយល់ថា បានធ្វើការបញ្ចេញមតិ មួលបង្កាច់កិត្តិយសរបស់គណបក្សខ្លួន។ នេះបើតាមការឲ្យដឹងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច។
លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះ ថាគណបក្សរបស់លោកនឹងដាក់ពាក្យបណ្តឹង បរិហារកេរ្តិ៍ ទៅតុលាការក្រុងភ្នំពេញ «នាពេលឆាប់ៗខាងមុខ» ហើយពាក្យបណ្តឹងនោះគឺអាចប្តឹងលើអ្នកវិភាគលើសពីមួយរូប ដែលគណបក្សលោក យល់ថា បានថ្លែងបង្កាច់កិតិ្តយសរបស់ខ្លួននាពេលថ្មីៗនេះ។
ដោយមិនចង់បញ្ចេញឈ្មោះអ្នកវិភាគនយោបាយណានោះ លោក សុខ ឥសាន ថ្លែងប្រាប់ VOA ថា៖ «ហ្អេអត់ដឹងដែរស្រេចតែអ្នកវិភាគទៅ ខ្ញុំអត់ទាន់ដឹងទេ ពីព្រោះថាគណបក្សមិនទាន់យកពាក្យបណ្តឹងទៅដល់តុលាការ ឲ្យគេវាយត្រាចូលទេ យើងអត់ទាន់បានកំណត់បានទេ។ មិនទាន់កំណត់បានថាមុខសញ្ញាណាមួយទេ។ ហើយថ្ងៃមិញមានទៀតណា ម៉ោងមួយនៅ Radio France Inter ហ្នឹងនិយាយវែងជាងលោក អ៊ូ វីរៈ ទៀត។ ហ្នឹងឲ្យគាត់វិភាគ ឲ្យគាត់មានព្រំដែន ឲ្យគាត់មានកំណត់កម្រិតច្បាស់លាស់ ហ្នាហ្នឹង បានគេហៅថាគោរពច្បាប់ មានព្រំដែន។ មិនមែនសេរីភាពរបស់យើងនិយាយទៅ គងលើគេលើឯង ហើយអត់មានការទទួលខុសត្រូវម៉េចបាន»។
លោក សុខ ឥសាន បានបញ្ញាក់ថាការប្តឹងនេះគឺទាក់ទិននឹងរឿងចុះផ្សាយតាមព័ត៌មានកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
«ប្តឹងប៉ុន្មានថ្ងៃនេះ អាស៊ីសេរីចាក់ផ្សាយថ្ងៃទី២៤-២៥នេះ ថ្មីៗក្តៅៗ។ គុយទាវថ្មីៗបានឆ្ងាញ់ ទៅយកគុយទាវផ្អូមមកធ្វើអី! ខ្ញុំថាអារឿងបច្ចុប្បន្នភាព ក្តៅៗនេះ។ ប្រៀបដូចហូបគុយទាវអញ្ចឹង ហូបគុយទាវ ហ៊ុយៗក្តៅៗបានឆ្ងាញ់»។
ការលើកឡើងរបស់អ្នកនាំពាក្យប្រជាជនកម្ពុជា គឺមិនប៉ុន្មានម៉ោង ក្រោយពីលោកហ៊ុន សែន ដ៏មានឥទ្ធិពល បានប្រកាសនិងបញ្ជាឲ្យមន្ត្រីគណបក្សរបស់ខ្លួនត្រៀមពាក្យបណ្តឹង និងមេធាវីដើម្បីប្តឹង «ជនណាក៏ដោយ» ដែលធ្វើការមួលបង្កាច់នឹងលាបពណ៌ក្លែងបន្លំ ដល់គណបក្សកាន់អំណាចនោះ។ ក្នុងអត្ថបទមួយដែល ផ្សាយក្នុងទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃច័ន្ទនេះ លោកហ៊ុន សែនក៏បានឲ្យដឹងថា លោកនិងគណបក្សប្រជាជនកម្ពុជាធ្លាប់បាន អត់ធ្មត់និងលើកលែង ដល់ការរិះគន់ ដែល «មានចរិតមួលបង្កាច់»នេះជាច្រើនលើក ច្រើនសារមកហើយនាពេលកន្លងមក។
ដោយមិនបញ្ចេញឈ្មោះអ្នកវិភាគ លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំបានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក ក្នុងន័យដើមថា៖ «សូមអំពាវនាវចំពោះអ្នកវិភាគ អ្នកអត្ថាធិប្បាយ កុំព្យាយាមក្លែងបន្លំ ពណ៌ក្រហម និងពណ៌ផ្កាឈូក ថាវាដូចគ្នា។ អស់លោកមានសិទ្ធិ សូមកុំភ្លេចថា យើង ខ្ញុំក៏មានសិទ្ធិដូចអស់លោកដែរ»។
នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរបន្ថែមផងដែរថា៖ «ការអត់ឱនពិតជាមានព្រំដែន ដែលបង្ខំអោយយើងចាប់ផ្តើមធ្វើសកម្មភាពផ្លូវច្បាប់ប្រឆាំងជនទាំងឡាយណាដែលនៅតែបន្តការមួលបង្កាច់បង្ខូចកិត្តិយសសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជាយើង។
យ៉ាងណាក៏ដោយ អ្នកវិភាគនិងមន្ត្រីគណបក្សជំទាស់យល់ថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សកម្ពុជា គួរតែបញ្ជាក់ ពីករណី មួលបង្កាច់មកលើខ្លួននិងជនដែលគណបក្សលោកចង់ប្តឹងឲ្យបានច្បាស់ផងដែរ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិ បានថ្លែងថា៖ «ខ្ញុំមិនដឹងថាតើ គណបក្សប្រជាជនគាត់សំដៅទៅលើអីទេ! សំដៅទៅលើអ្នកណា ហើយសំដៅទៅលើខ្លឹមសារ ដែលគាត់យល់ឃើញថាបានប៉ះពាល់ទៅលើកិត្តិយស ឬសេចក្តីថ្លៃថ្នូររបស់អ្នកណានោះគឺខ្ញុំមិនដឹងថា គាត់ចង់មានន័យថាម៉េច»។
ជាមួយគ្នានោះដែរ លោក កែម ឡី អ្នកស្រាវជ្រាវសង្គមនិងអ្នកវិភាគនយោបាយថ្លែងថា៖ «ចំណុចទីមួយខ្ញុំឃើញគឺថានៅស្រុកខ្មែរយើងត្រូវឲ្យមាននិយមន័យ ឬដែនកំណត់នៃពាក្យថាបញ្ចេញមតិ មួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ ។ បើមិនដូច្នេះទេអាចមានការខុសឆ្គងក្នុងការប្រើប្រាស់អំណាចរដ្ឋ»។
អ្នកវិភាគដដែលថ្លែងថាវាជាការខាតបង់មួយដែល គណបក្សកាន់អំណាច ព្យាយាមដាក់កំហិតទៅលើមតិរិះគន់ និងមិនព្រមទទួលយកព័ត៌មាន បែបរិះគន់ ដែលអាចជួយឲ្យរដ្ឋាភិបាលទទួលបានព័ត៌មានពីគ្រប់ជ្រុងជ្រោយនោះ។ យ៉ាងណាក៏ដោយ លោក កែម ឡី អះអាងថា វាជាពិបាកក្នុងការបំបិទ មិនឲ្យមានការបញ្ចេញមតិរិះគន់ក្នុងប្រទេសកម្ពុជា ខណៈពេលដែលបច្ចេកវិទ្យានឹងប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុកដ៏មានឥទ្ធិពល កំពុងទទួលការពេញនោះ។
ការគំរាមប្តឹងផ្តល់របស់គណបក្សកាន់អំណាច និង លោកហ៊ុន សែន គឺធ្វើឡើងក្រោយពេលដែលមានការរិះគន់ជាច្រើនពីអ្នកឃ្លាំមើលការវិវត្ត នយោបាយក្នុងប្រទេសកម្ពុជា ទាក់ទិននឹង ការចាប់ខ្លួនមន្ត្រីគណបក្សជំទាស់ នឹងបណ្តឹងដ៏មានភាពសំាញ៉ាំ ក្នុងករណីទំនាក់ទំនងស្នេហារបស់នាង ខុម ចាន់ដារ៉ាទី ឬស្រីមុំ។ ក្រោយពីមានការលេចធ្លាយនៃ ខ្សែអាត់សំឡេងសារសងស្នេហា ដែលគេថាជាសំឡេងរបស់នាង ខុម ចាន់ដារ៉ាទី និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនោះ។ នាង ចាន់ដារ៉ាទី បានឆ្លើយសារភាព នឹងទាក់កំហុសទាំងស្រុងលើលោក កឹម សុខានិងអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ ដែលជួយផ្តល់មេធាវីដល់ខ្លួន។ នាងចោទថា អង្គការសិទ្ធិមនុស្ស Adhoc បានជំរុញឲ្យនាងផ្តល់ចម្លើយក្លែងក្លាយនាពេលកន្លង។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការនាំខ្លួនមេឃុំរបស់គណបក្សសង្គ្រោះជាតិ គឺលោក ស៊ាង ចែត ពីខេត្តកំពង់ចាម ទាក់នឹងរឿងស្រីមុំ។
នាថ្ងៃច័ន្ទនេះ អង្គភាពប្រឆំាងអំពើពុករលួយបានចេញលិខិតកោះហៅមន្ត្រីនិងមេធាវីនៃអង្គការសិទ្ធិមនុស្សអាដហុក ចំនួន៥រូប នឹងអ្នកការពារសិទ្ធិស្ត្រីមួយចំនួន៣រូបផ្សេងទៀត ឲ្យចូលបំភ្លឺនាថ្ងៃពុធខាងមុខ ទាក់ទិននិងរឿងនាង ខុម ចាន់ដារ៉ាទី៕