ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្រីមុំ​ និង​នាង​សុវណ្ណថា​ប្តឹង​ទាមទារ​១លាន​៣​សែន​ដុល្លារ​ពី​លោក​កឹម សុខា


រូបឯកសារ៖ នាង ខុម ចាន់ដារាទី ឬ ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បានបញ្ចប់ការបំភ្លឺ របស់ខ្លួន នាទីស្តីការក្រសួងមហាផ្ទៃនាយកដ្ឋានប្រឆាំងភេរវកម្ម អំពីខ្សែអាត់សំឡេង ដែលគេបង្ហោះក្នុងទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

ការ​ចោទ​ប្រកាន់​នេះ​  កើត​មាន​ឡើង​ នៅ​ចំពេល​ដែល​នាង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ ​ទារ​ជំងឺ​ចិត្ត​ពី​លោក​ កឹម ​សុខា​ ដែល​នាង​បាន​ចោទ​ថា​ បាន​ក្បត់​ពាក្យសន្យា​ជាច្រើន​​ជាមួយ​នាង។

នាង​ ខុម ចាន់តារ៉ា​ទី​ ហៅស្រីមុំ​ បាន​ធ្វើ​ឲ្យមេដឹកនាំ​អង្គការ​សង្គ​ម​ស៊ីវិល​ជាស្រ្តី​ និង​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ មាន​ការ​ភ្ញាក់​ផ្អើល​ និង​សោកស្តាយ​ បន្ទាប់​ពីនាង​បាន​ចោទ​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង​ខាង​ផ្នែក​ច្បាប់​ដល់​រូបនាង​ថា​ ពួកគេ​បាន​ធ្វើ​សកម្មភាព​បង្គាប់​ឲ្យ​នាង​កុំ​ទទួល​ស្គាល់​ខ្សែ​អាត់​សំឡេង​ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​នាង​ និង​លោក​ កឹម​ សុខា។​

ការ​ចោទ​ប្រកាន់​របស់​ស្រី​មុំ​នេះ​ គឺត្រូវ​បាន​នាង​បញ្ជាក់​នៅ​ក្នុង​លិខិត​ចំហរ​របស់​នាងចុះ​ថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០១៦ ដែល​គេបាន​ចែកផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​ ការ​ចោទ​ប្រកាន់​នេះ​ កើត​មាន​ឡើង​ នៅ​ចំពេល​ដែល​នាង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ ​ទារ​ជំងឺ​ចិត្ត​ពី​លោក​ កឹម ​សុខា​ ដែល​នាង​បាន​ចោទ​ថា​ បាន​ក្បត់​ពាក្យសន្យា​ជាច្រើនជាមួយ​នាង។ បណ្តឹង​របស់​ស្រី​មុំ​ ក៏ត្រូវ​បាន​ធ្វើឡើង​ចំថ្ងៃ​ដែល​សមាគម​អាដហុក​ ប្រកាស​ឈប់​ផ្តល់​មេធាវី​ការពារ​ក្តី​ឲ្យ​រូប​នាង។​

លោក​ស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​សីលការ​ ដែល​ធ្វើ​ការងារ​លើ​ការ​ពង្រឹង​អភិបាល​កិច្ច​សាធារណៈ​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅថ្ងៃ​សៅរិ៍​នេះ​ ថា​ លោក​ស្រី​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការថ្លែង​របស់​ស្រីមុំ។​ លោក​ស្រី​បញ្ជាក់​ថា​ រឿង​នេះ​អាច​ជា​ការ​រៀបចំ​របស់​បុគ្គល​ ឬ​ក្រុម​ណា​មួយ​ ហើយ​ថា​ លោក​ស្រី ​នឹង​បន្ត​តាម​ដាន​លើ​សំណុំរឿង​នេះ​ទៀត។

«រឿង​ហ្នឹង​ខ្ញុំ​មើល​ទៅ​ មាន​គេអ្នក​រៀប​ចំ​ទុក​ស្រេច​ហើយ។​ អីចឹង​ទៅ​ ចំពោះ​យើង​ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើការ​ងារ​ដើម្បី​សិទ្ធិសេរីភាព​ និង​ការ​រស់នៅ​ដោយ​ថ្លៃ​ថ្នូរ​សម្រាប់​មនុស្ស ​យើង​ធ្វើ​អ្វី​ទៅ​តាម​សតិសម្បជញ្ញៈ​របស់​យើង។​ ដូច្នេះ​ បើសិន​ណា​ជា​រឿង​ហ្នឹង​វា​ក្លាយ​ទៅ​ជា​អីចឹង​ មាន​តែ​នៅ​ចាំ​មើល​បន្ត​ទៀត​ដែរ​ច៎ា»។​ ​

បណ្តឹង​របស់​ ស្រីមុំ​ ក៏​ត្រូវ​បាន​ធ្វើឡើង​មិនដល់​មួយ​សប្តាហ៍​ ក្រោយ​ពី​នាង​បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​អង្គារ​កន្លង​ទៅ​ ដើម្បី​ធ្វើការ​បំភ្លឺ​ចម្លើយ​មិន​ប្រក្រតី​របស់​នាង​ ទាក់​ទិន​នឹង​ខ្សែ​អាត់​សំឡេង​ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​នាង​ និង​លោក​ កឹម​ សុខា។​ ការ​ចូលខ្លួន​របស់​នាង​នា​ពេល​នោះ គឺ​ធ្វើ​ទៅ​តាម​បទ​ចោទ​ប្រកាន់​ថា​ នាង​បាន​«ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ​ និង​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ» ដែល​ធ្វើ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ។

បន្ទាប់​ពី​ការ​សាកសួរ​នាង​ស្រីមុំ​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ប្រាប់​សាធារណៈ​ជន​ថា​ ស្រី​មុំ បាន​ទទួល​ស្គាល់​ថា​ នាង​ពិត​ជា​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ ឈ្មោះ​ ​កឹម​ សុខា​ និង​បាន​ទទួល​ស្គាល់​ «សំឡេង​ក្នុង​ខ្សែ​អាត់​ថា​ជា​សំឡេង​របស់​ខ្លួន»។​

យោង​ទៅតាម​ពាក្យ​បណ្តឹង​របស់​នាង​ ដែល​បាន​ដាក់ចូល​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​សុក្រ​កន្លង​ទៅ​ នាង​បាន​ប្តឹង​សុំ​ទារ​សង​ជំងឺ​ចិត្ត​ជាទឹក​ប្រាក់​ ចំនួន​៣០ម៉ឺន​ដុល្លារ​ ពីលោក កឹម សុខា និង​គូកន​ ព្រម​ទាំង​ជន​ពាក់​ព័ន្ធ​ដទៃ​ទៀត។​

លោក​ នី សុខា​ ប្រធាន​ផ្នែកស៊ើប​អង្កេត​សមាគម​អាដហុក​ ដែល​បាន​អង្កេត​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​នេះ​តាំង​ពី​ដំបូង​មក​នោះ និយាយ​ថា​ សមាគម​អាដហុក​មាន​ការ​សោកស្តាយ​ ចំពោះ​ការ​បក​ស្រាយ​របស់​ស្រីមុំ​ មក​លើ​សមាគម​ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​ច្បាប់​កាល​ពីពេល​កន្លង​មក។​

«យើង​មាន​ការ​សោក​ស្តាយ​ដែរ​ ដោយសារ​តែ​ការ​ខិតខំ​របស់​យើង​ ក្នុង​ការ​ជួយ​គាត់​ ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ បែរ​ជា​គាត់​ទម្លាក់​ការ​ចោទ​ប្រកាន់​នេះ​មក​លើ​យើង​ ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ»។​

លោក​បាន​បន្ថែម​ថា​ ស្រីមុំ​ ពិតជាបាន​សរសេរ​លិខិត​ចំហរ​ ដែល​ចោទមក​លើ​សមាគម​អាដហុក​ ថា​បាន​បង្គាប់​ឲ្យ​នាង​កុំ​ទទួល​ស្គាល់​ខ្សែ​អាត់​សំឡេង​នោះ​មែន។​ លោក​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​ យ៉ាង​ដូច្នេះ​ថា៖​

«យើង​តែងតែ​និយាយ​អំពី​ការ​និយាយ​ដោយ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ ក្នុងការ​និយាយ​ដោយ​គ្មាន​ការ​គំរាម​កំហែង​ គ្មានការ​បង្ខិត​បង្ខំ​ ព្រោះ​ចម្លើយ​ទាំង​ឡាយ​ណា​ដែល​យើង​ឆ្លើយ​ដោយ​ការ ​បង្ខិត​បង្ខំ​ អាហ្នឹង​បើតាម​គោលការណ៍​ច្បាប់​ គេមិន​ចាត់​ទុក​ជា​ចម្លើយ​ត្រឹម​ត្រូវ​ទេ។​ នេះ​ជា​ការ​ណែនាំ​របស់​យើង​ទៅតាម​នីតិវិធី​ យើង​មិន​ដែល​ទៅ​បញ្ចេះ​គាត់​ឲ្យ​ឆ្លើយ​ ពង្វាង​ពីការ​ពិត​ទេ»។​

រហូត​មកដល់​ពេលនេះ​ លោក​ កឹម សុខា ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ នៅតែ​បន្ត​ភាព​ស្ងៀម​ស្ងាត់​ ដោយ​លោក​មិន​បាន​តបត​ទៅ​រាល់​ការ​ចោទ​ប្រកាន់​ទាំងឡាយ​នៅ​ក្នុង​សំណុំ​រឿង​នេះ។​

លោក​ យឹម សុវណ្ណ​ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ថ្លែង​ថា​ គណបក្ស​នៅ​ប្រកាន់​ជំហរ​មិន​ឆ្លើយ​ឆ្លង​ ទៅនឹង​ករណី​នេះ​ដដែល។ លោក​បាន​បញ្ជាក់​ថា​ លោក​ កឹម សុខា​ នៅ​ពេលនេះ​ កំពុង​លំហែរ​កាយ​ជាមួយ​ក្រុម​គ្រួសារ​លោក​នៅ​ឯក្រៅ​ប្រទេស។​

ដោយ​ឡែក​នាង​ ធី​ សុវណ្ណថា​ បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ​ថា​ នាង​គ្រោង​ប្តឹង​លោក​កឹម​ សុខា​ ទារ​សំណង​ជំងឺ​ចិត្ត​មួយ​លាន​ដុល្លារពី​បទ​បរិហាកេរ្តិ៍ផងដែរ៕

XS
SM
MD
LG