ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​រាយ​ការណ៍​ថា បាន​ចុះ​ទៅ​ឃាត់​ខ្លួន​មេឃុំ​បក្ស​ប្រឆាំង​ម្នាក់​ដោយ​ផ្ទាល់


រូបឯកសារ៖ លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅក្នុង ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ឯ​រោង​​មហោស្រព​កោះពេជ្រ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​ ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​​។ (ហ៊ាន សុជាតា​/ VOA Khmer)
រូបឯកសារ៖ លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅក្នុង ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ឯ​រោង​​មហោស្រព​កោះពេជ្រ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​ ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​​។ (ហ៊ាន សុជាតា​/ VOA Khmer)

ការ​ឃាត់​ខ្លួន​លោក​ ស៊ាង ចែត កើត​មាន​ឡើង បន្ទាប់​ពី​លិខិត​ចំហ​របស់​នាង ស្រី​មុំ​ ត្រូវ​បាន​គេ​ចែក​រំលែក​ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក្នុង​រយៈពេល​​ពីរ​ថ្ងៃ​កន្លង​មក​នេះ។

លោក ​ឱម យ៉ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ ត្រូវ​គេ​រាយការណ៍​ថា បាន​ឃាត់ខ្លួន​ លោក​ ស៊ាង ចែត​ មេឃុំ​ស្រក​ នៃ​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់ចាម​ដោយ​ផ្ទាល់ ដើម្បី​សួរនាំ​បន្ថែម​ទាក់​ទិន​នឹង​ការ​ចោទប្រកាន់​របស់​នាង​ ខុម ចាន់ដារ៉ាទី ហៅ​ស្រី​មុំ។ នេះ​បើ​យោង​ទៅតាម​ការ​បញ្ជាក់​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ និង​អភិ​បាល​ស្រុក​កំពង់​សៀម។

នាង ខុម ចាន់ដារ៉ាទី ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ក្នុងរឿងអាស្រូវ​ស្នេហា​លួចលាក់​ជាមួយ លោក កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទប្រកាន់​ថា​ ​មេឃុំ​រូប​នេះ​ បាន​បញ្ចុះ​បញ្ចូល​ឪពុក​ម្ដាយ​របស់​នាង​ ឲ្យ​ទទួល​យក​លុយ​ចំនួន​៥០០​ដុល្លារ​ ​ជា​ថ្នូរ​នឹង​ការ​ណែនាំ​នាង​មិន​ឲ្យ​និយាយ​ការ​ពិត​ដែល​អាច​ប៉ះពាល់​លោក​ កឹម សុខា។

លោក​ ​អេង ឆៃ​អ៊ាង​ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នក​តំណាង​រាស្ត្រ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដឹកនាំ​ដោយ​លោក​ ឱម យ៉ិន​ទៀង បាន​ទៅ​ចាប់​ខ្លួន​ លោក​ ស៊ាង​ ចែត​ មេឃុំ​ស្រក​ មកពី​គណបក្ស​សម រង្សី​ នៅ​សាលា​ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម​ មក​កាន់​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ពាក់​ព័ន្ធ​នឹង​លុយ​៥០០​ដុល្លារ​ ដែល​ឈ្មោះ​ ខុម ចាន់ដារ៉ាទី ហៅ​ ​ស្រីមុំ​ បាន​ឆ្លើយ​ដាក់។

លោក អេង ឆៃ​អ៊ាង បាន​ហៅ​ការ​ចាប់​ខ្លួន​ ដោយ​យោង​តាម​ការ​ឆ្លើយ​ដាក់​ពី​មនុស្ស​ម្នាក់​បែប​នេះ​ថា​ ជា​«មិន​ខុស​ពី​របប​ខ្មែរក្រហម​ឡើយ»។

យោង​ទៅ​តាម​លិខិត​ចំហ​របស់​នាង​ស្រី​មុំ ​ចុះ​ថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០១៦​នេះ​ បាន​ឲ្យ​ដឹង​ថា​ នាង​បាន​បាត់បង់​កិត្តិយស​ ការងារ ​និង​រងទុក្ខ​លំបាក​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ជា​ខ្លាំង​ ដោយសារ​សកម្ម​ភាព​របស់​លោក កឹម​ សុខា​ ដែល​នាង​ចោទ​ថា​ជា​ការ​បោក​ប្រាស់។

នាង​បញ្ជាក់​បន្ថែម​ថា៖ «ចំណែក​ឪពុក​ម្ដាយ​នាង​ខ្ញុំ​ ដែល​កំពុង​រស់​នៅ​ ភូមិ​ល្តាក​ ឃុំ​ស្រក​ ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម​ ក៏​ត្រូវ​រង​ការ​អូសទាញ​ បញ្ចុះបញ្ចូល​ ពួកគាត់​ពី​សំណាក់​ មេឃុំ​ស្រក​ ឈ្មោះ​ ស៊ាង ចែត​ ហើយ​បង្គាប់​ឲ្យ​ម៉ែឪ​នាង​ខ្ញុំ​ ណែនាំ​ដល់​នាង​ខ្ញុំ​ កុំ​និយាយ​ការពិត​ដែល​ប៉ះពាល់​ ដល់​លោក​ កឹម​ សុខា។​ មេឃុំ​ បាន​យក​លុយ​មក​ឲ្យ​ម្ដាយ​នាង​ខ្ញុំ​ចំនួន​៥០០​ដុល្លារ​អាមេរិក​ ហើយ​បាន​សន្យា​ឲ្យ​នាង​ខ្ញុំ​ និង​ម្ដាយ​នាង​ខ្ញុំទៅ​នៅ​ក្រៅ​ប្រទេស»។​

​លោកស្រី​ ​ស្រី​ គឹមឆយ​ អភិបាល​ស្រុក​កំពង់​សៀម​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​ លោក​ ឱម យ៉ិន​ទៀង​ បាន​ជួប​លោក​ ស៊ាង​ ចែត​ ដោយ​ចៃដន្យ​នៅ​ក្នុង​សាលាស្រុក​កំពង់​សៀម​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។

លោកស្រី​ ថា លោកស្រី​បាន​អញ្ជើញ​លោក​ ស៊ាង ចែត​ មក​ប្រជុំ​អំពី​ការ​ងារ​រដ្ឋបាល​ស្រុក​ ប៉ុន្តែ​គាប់​ជួន​ពេលនោះ លោក​ ឱម យ៉ិន​ទៀង​ បាន​មក​ដល់​សាលាស្រុក ​ហើយ​បាន​ជួប​លោក​មេឃុំ​ ស៊ាង​ ចែត​ និង​បាន​សួរនាំ​ លោក​ មេឃុំ​ អំពី​រឿង​របស់​ស្រីមុំ។

លោកស្រី​ ស្រី​ គឹមឆយ​ ​បន្ត​ថា​ ដោយ​សារ​ការ​សួរ​នាំ​ មិន​បាន​គ្រប់​គ្រាន់ លោក ឱម​ យ៉ិនទៀង​ ក៏​នាំ​លោក​ ស៊ាង ចែត​ មក​រាជធានី​ភ្នំពេញ​ ដើម្បី​សួរ​នាំ​បន្ថែម​ទៀត។​

«គាត់​គ្រាន់តែ​ប្រាប់​ខ្ញុំ​ថា​ ឥឡូវ​ការណ៍​ដែល​គាត់​សាកសួរ​ហ្នឹង​ឥឡូវ​ មិន​អាច​ចប់​សព្វគ្រប់​នៅ​ទីនេះ​បាន​ទេ​ មានការ​ពាក់​ព័ន្ធ​ច្រើន​ ពាក់​ព័ន្ធ​នឹង​ចម្លើយ​ហ្នឹង។​ ជញ្ជឹង​ គាត់​សុំ​នាំ​ទៅ​សាកសួរ​បន្ត។​ គាត់​គ្រាន់​តែ​ប្រាប់​ខ្ញុំ​ប៉ុណ្ណឹង»។​

​លោក​ស្រី​អភិបាល​ស្រុក​កំពង់​សៀម​ដដែល បាន​បន្ថែម​ថា​ លោកស្រី​មិន​បាន​ដឹង​ទុក​ជាមុន​ពី​ដំណើរ​របស់​លោក​ ឱម យ៉ិនទៀង ទៅ​សាលា​ស្រុក​កំពង់សៀម​នោះ​ទេ​ តែ​លោកស្រី​ថា​ ការ​សួរ​នាំ​នេះ​អាច​ជាប់​ពាក់​ព័ន្ធនឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។​

​VOA ​ពុំ​ទាន់​អាច​ទាក់​ទង​ លោក​ ឱម​ យ៉ិន​ទៀង​ ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍​ តែ​គ្មាន​អ្នក​ទទួល។​ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​បញ្ជាក់​ពី​ការ​ចាប់​ខ្លួន​ លោក​ ស៊ាង​ ចែត ផងដែរ។

នៅ​ពេល​ VOA​ សួរ​ថា​ តើ​លោក​ កឹម សុខា​ ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ ​អាច​នឹង​ចេញ​មក​បំភ្លឺ​សំណុំ​រឿង​នេះ​ដែរ​ឬទេ​ លោក​ យឹម​ សុវណ្ណ បាន​មាន​ប្រសាសន៍​ថា មិន​ទាន់​មាន​ព័ត៌មាន​អំពី​បញ្ហា​នេះ​ទេ។ ប៉ុន្តែ​ លោក​ថា​ ​ការ​ចាប់​ខ្លួន​នេះ​ គឺ​មិន​ត្រឹមត្រូវ​ទេ​ ព្រោះ​ពុំ​មាន​ការ​ស៊ើបអង្កេត។​

​«បើ​គ្រាន់​តែ​ចម្លើយ​របស់​មនុស្ស​ម្នាក់ ហើយ​បែរ​ជា​ទៅ​ចាប់​ដោយ​មិន​ទាន់​មាន​ការ​ធ្វើ​ស៊ើប​អង្កេត​ ឬ​មួយ​ធ្វើ​ការ​សន្និដ្ឋាន​បែប​ណា​ អា​ហ្នឹង​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សោក​ស្ដាយ»។

ការ​ឃាត់​ខ្លួន​លោក​ ស៊ាង ចែត កើត​មាន​ឡើង បន្ទាប់​ពី​លិខិត​ចំហ​របស់​នាង ស្រី​មុំ​ ត្រូវ​បាន​គេ​ចែក​រំលែក​ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក្នុង​រយៈពេលពីរ​ថ្ងៃ​កន្លង​មក​នេះ។

ការ​ឃាត់ខ្លួន​នេះ​ ក៏បាន​កើត​ឡើង​ បន្ទាប់​នាង​ស្រី​មុំ​ បាន​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៣០ម៉ឺន​ដុល្លារ​ ពី​លោក​ កឹម សុខា​ និង​គូកន​ ព្រម​ទាំង​ជន​ពាក់​ព័ន្ធ​ដទៃ​ទៀត។

រីឯ​ នាង​ ធី សុវណ្ណថា​ ដែល​បាន​ប្ដឹង​លោក​ ​កឹម សុខា​ ពី​បទ​បរិហារកេរ្តិ៍​ក៏បាន​ប្រកាស​ទាម​ទារ​ជា​សាធារណៈ​នូវ​ទឹក​ប្រាក់​ ១លាន​ដុល្លារ​ពី​លោក កឹម​ សុខា​ ​ផង​ដែរ។​

នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ យុវជន​ ដែល​តាំង​ខ្លួន​ជា​និស្សិត​ និង​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា ស្រី​ ចំរើន​ បាន​ដឹក​នាំ​ក្រុម​យុវជន​ជាង​២០​នាក់​ ទៅ​ឈរ​តវ៉ា​នៅ​មុខ​រដ្ឋ​សភាជាតិ​ ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា​ គោរព​រដ្ឋ​ធម្មនុញ្ញ​ គោរព​ច្បាប់​ គោរព​សិទ្ធិ​មនុស្ស​ គោរព​វប្បធម៌​សន្ទនា​ និង​ត្រូវ​ហ៊ាន​ចេញ​មុខ​ទទួលស្គាល់​ការ​ពិត៕

XS
SM
MD
LG