ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី៖ ស្រីមុំ​ទទួល​ស្គាល់​ខ្សែ​អាត់​សាសង​បន្ថែម​ទៀត​ជាមួយ​លោក ​កឹម សុខា


នាង​ ខុម​ ច័ន្ទដារាទី​ ហៅ​ស្រីមុំ ពាក់​អាវ​យឺត​ពណ៌ខ្មៅ​ ដើរ​ចូល​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃអង្គារ​ ទី១៩​ ខែ​មេសា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)
នាង​ ខុម​ ច័ន្ទដារាទី​ ហៅ​ស្រីមុំ ពាក់​អាវ​យឺត​ពណ៌ខ្មៅ​ ដើរ​ចូល​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃអង្គារ​ ទី១៩​ ខែ​មេសា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

បន្ទាប់​ពី​ការ​សាក​សួរ​នោះ​ ស្រីមុំ​ ពុំ​បាន​បញ្ជាក់​ ប្រាប់​អ្នក​សារព័ត៌មាន​ថា នាង​បាន​ទទួល​ស្គាល់​ថា ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​នោះ​ពិត​ ឬ​យ៉ាងណា​នោះ​ទេ។

នាង​ ខុម​ ច័ន្ទដារាទី​ ហៅ​ ស្រីមុំ​ នៅព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្តល់​ចម្លើយ​ ទាក់​ទិន​ការ​ចោទ​ប្រកាន់​ថា​ នាង​បាន​«ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ​ និង​ប្រព្រឹត្ត​អំពើ​ពេស្យាចា» ដែល​ធ្វើ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ។​

ស្រីមុំ​ដែល​គេ​ចោទ​ថា​ បាន​មាន​ទំនាក់​ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក ​កឹម​ សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សួរ​ដោយ​លោក​ សៀង សុខ ព្រះរាជ​អាជ្ញារង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជាង​បួនម៉ោង។​ បន្ទាប់​ពី​ការ​សាក​សួរ​នោះ​ ស្រីមុំ​ ពុំ​បាន​បញ្ជាក់​ ប្រាប់​អ្នក​សារព័ត៌មាន​ថា នាង​បាន​ទទួល​ស្គាល់​ថា ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​នោះ​ពិត​ ឬ​យ៉ាងណា​នោះ​ទេ។ នាង​និយាយ​ចេញ​ពី​ក្នុង​រថយន្ត​របស់​សមាគម​សិទ្ធិមនុស្ស​ អាដហុក ​យ៉ាង​ដូច្នេះ​ថា៖​

«ដូច​ខ្ញុំ​និយាយ​ពាក្យ​ដដែលៗ​ថា​ ពេលហ្នឹង​ ខ្ញុំ​អត់​អាច​និយាយ​បាន​ទេ​ ព្រោះ​ថា​ ខ្ញុំ​មាន​អារម្មណ៍​មួយ​ថា​ វា​ពិបាក​នឹង​និយាយ​ចេញ»។​

នាង​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ តុលាការ​មិន​បាន​ប្រាប់​ឲ្យ​នាង​ចូល​ទៅ​បំភ្លឺ​ជាថ្មី​ម្តង​ទៀត​នៅពេល​ណា​ទៀត​នោះ​ទេ។​

អ្នកស្រី​ ទ្រី​ ឈួន​ មេធាវី​ការពារ​ក្តី​ឲ្យ​ ស្រីមុំ​ ថ្លែង​ប្រាប់​ VOA​ ថា​ ស្រីមុំ​ បាន​ទទួល​ស្គាល់​ក្លីប​សំឡេង​មួយ​ចំនួន​បន្ថែម​ទៀត​ ដែល​គេ​ចោទ​ថា​ ជា​សំឡេង​សាងសង​រវាង​នាង​ និង​លោក​ កឹម សុខា។​ យ៉ាង​ណាក៏ដោយ​ អ្នកស្រី​បញ្ជាក់​ថា​ ស្រីមុំ​ នឹង​មិន​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​នោះទេ​ ទោះបី​ជា​មាន​ការ​ទទួល​ស្គាល់​ក្លីប​សំឡេង​បន្ថែម​ទៀត​ក៏ដោយ។​

«ខ្ញុំ​យល់​ថា​ អត់​មាន​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​គាត់​ទេ​ បើទោះ​បី​ជា​គាត់​ទទួល​ស្គាល់​ក៏ដោយ​ ដោយ​សារ​តែ​ពាក់​ព័ន្ធ​នឹង​សំឡេង​នេះ​ គឺ​ពាក់​ព័ន្ធ​កញ្ញា​ ធី សុវណ្ណថា​ នៅ​សំណុំ​រឿង​ទីមួយ​នោះ​ ប្តឹង​ពី​បទ​បរិហាកេរ្តិ៍។​ ការ​សន្ទនា​របស់​តួអង្គ​ ស្រីមុំ​ ហើយ​នឹង​បុគ្គល​អ្នក​នយោបាយ​ម្នាក់​នោះ​ វា​មិនមែន​សន្ទនា​ទី​សាធារណៈ​ទេ។​ គាត់​និយាយ​ជា​លក្ខណៈ​សម្ងាត់​ អញ្ចឹង​មិន​មាន​បទ​ល្មើស​ទេ»។​

VOA​ ពុំ​អាច​ទំនាក់​ទំនង​លោក​ សៀង សុខ ព្រះរាជ​អាជ្ញារង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

រឿង​អាស្រូវ​ស្នេហា​របស់​លោក​ កឹម​ សុខា​ កំពុង​ត្រូវ​បាន​យុវជន​ម្នាក់ ​ដែល​តាំង​ខ្លួន​ថា​ជា​និស្សិត​ និង​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា​ ស្រី​ ចំរើន​ តាម​ប្រម៉ាញ់​រក​ខុសត្រូវ​ ដោយ​និស្សិត​រូប​នេះ​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ ក្នុង​នោះ​មាន​រដ្ឋសភា​ផង​ដែរ។

នៅ​ថ្ងៃ​អង្គារ​នេះ​ និស្សិត​ ស្រី​ ចំរើន​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រុម​លោក​នៅ​បន្ត​ជីក​កកាយ​រឿង​អាស្រូវ​នេះ​ សម្រាប់​ប្រយោជន៍​សាធារណៈ។​ លោក​ថា​ ស្រីមុំ​ ត្រូវ​តែ​និយាយ​ការ​ពិត។​

រឿងរ៉ាវ​អាស្រូវ​ស្នេហា​លួច​លាក់​នេះ​ បាន​បង្ក​ជា​ក្តី​បារម្ភ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផងដែរ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ សំណុំ​រឿង​នេះ​ គឺ​ជាការ​រំលោភ​សិទ្ធិ​បុគ្គល​ពេញ​ទី។​ ចំណែក​ឯ​ អ្នក​វិភាគ​សង្គម​ថ្លែង​ថា​ រឿងរ៉ាវ​នេះ​ គឺ​ជា​រឿង​ដែល​ធ្លាប់​កើត​ចំពោះ​ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​ ដែល​ត្រូវ​គេ​ដឹង​ថា បាន​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នក​រាំ​របាំ​ហ្លួង​ម្នាក់។​ ទំនាក់​ទំនង​នេះ​ បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ ​បែក​បាក់​ជាមួយ​អតីត​ព្រះអង្គម្ចាស់​ក្សត្រី​របស់​ទ្រង់​ ហើយ​ព្រះ​កិត្តិនាម​ទ្រង់​ក៏​ស្រុត​ចុះ​ រហូត​ព្រះ​អង្គ​ត្រូវ​បាន​មន្ត្រី​គណបក្ស​ទ្រង់​បង្ខំ​ឲ្យ​ចាកចេញ​ជា​ប្រធាន​គណបក្ស​រាជា​និយម​ ហ៊្វុន​ស៊ីនប៉ិច។​

លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ អំពី​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ពារ​ស្រីមុំ កាលពី​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)
លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ អំពី​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ពារ​ស្រីមុំ កាលពី​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)

លោក​ស្រី​ ធីតា​ ឃឹះ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ ​ដែល​ធ្វើ​ការងារ​លើ​ការ​ពង្រឹង​អភិបាលកិច្ច​សាធារណៈ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ នឹង​បន្ត​ជួយ​ជ្រោមជ្រែង​ខាង​ផ្នែក​ច្បាប់ សម្រាប់​ការ​ពារ​ភាព​ស្អាត​ស្អំ​របស់​ស្រីមុំ។​

«យើង​មុន​ដំបូង​ថា​មិន​លូកលាន់​ ទៅក្នុង​រឿង​បញ្ហា​ជា​បុគ្គល។​ យើង​មិន​លូកលាន់​ទេ​ ប៉ុន្តែ​ដល់​ឥឡូវ​ វា​ប៉ះពាល់​ធ្ងន់​ទៅលើ​សិទ្ធិ​ជាបុគ្គល ជាពិសេស​គាត់​ជាស្រ្តី​ ដូច្នេះ​យើង​ចេញ​មុខ​មក​ធ្វើ​ការងារ​នេះ»។

លោក​ស្រីថា​ នឹង​គៀងគរ​មេធាវី​ដើម្បី​ការពារ​ស្រីមុំ​ឲ្យ​ផុតពី​ការ​ចោទប្រកាន់​ដោយ​តុលាការ។​ លោក​ស្រី​បន្ថែម​ថា​ លោក​ កឹម សុខា​ និង​អ្នក​នយោបាយ​ផ្សេង​ទៀត​ ដែល​មាន​ការ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ គួរ​ចេញ​មក​បំភ្លឺ​ដល់​សាធារណជន​ ដើម្បី​បន្ថូរ​បន្ថយ​បន្ទុក​របស់​ស្រីមុំ។

លោក កែម​ ឡី​ អ្នក​វិភាគ​សង្គម​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រើ​ប្រាស់​រឿង​អាស្រូវ​ស្នេហា​លួចលាក់​មក​វាយ​ប្រហារ​លោក កឹម សុខា ​នេះ​ បង្ហាញ​ឲ្យ​ឃើញ​យុទ្ធសាស្ត្រ​ទន់​ខ្សោយ​របស់​គូប្រជែង​លោក​ កឹម​ សុខា។

លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​កម្ពុជា ផ្តល់​បទសម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន​អំពី​ករណី​ស្នេហា​លួចលាក់​របស់​លោក​ កឹម​ សុខា កាលពី​អង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​កម្ពុជា ផ្តល់​បទសម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន​អំពី​ករណី​ស្នេហា​លួចលាក់​របស់​លោក​ កឹម​ សុខា កាលពី​អង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

«អ្នក​ដែល​បង្កើត​សាច់រឿង​ហ្នឹង​ ឬ​មួយ​ក៏​អ្នក​យក​សាច់​រឿង​ហ្នឹង យក​មក​លេង​ល្បែង​នយោបាយ​ ខ្ញុំ​គិត​ថា​មិន​ចំណេញ​ប៉ុន្មានទេ។​ ផ្ទុយ​ទៅ​វិញ​ គេ​មើល​ឃើញ​អំពី​គំនិត​នយោបាយ​រាក់​កំផែល។​ សម្រាប់​អ្នក​នយោបាយ​ដែល​មាន​គុណភាព​ គេ​ត្រូវ​ផ្តោត​អារម្មណ៍​ គេ​ត្រូវ​ចាត់​អាទិភាព​បញ្ហា​ណា​ គេ​មិន​យក​បញ្ហា​ បុគ្គល​អីចឹង​ យក​មក​លេង​សើច​នៅ​ក្នុង​ស្ថាប័ន​កំពូលៗ​របៀប​នេះ​ទេ»។​

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​នយោបាយ​កម្ពុជា​ថ្លែង​ថា​ រឿងរ៉ាវ​ស្នេហា​លួចលាក់​នេះ​ គ្រាន់​តែ​ជា​ការ​បង្វែរ​ស្ថានការណ៍​នយោបាយ​កម្ពុជា​តែប៉ុណ្ណោះ។ សំណុំ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​ដដែល​នេះ​ ក៏​កំពុង​សាប​រលាប​ទៅ​វិញ​ដែរ​ ដោយ​សំណុំ​រឿង​ថ្មី​បាន​មក​ជំនួស។​ សំណុំរឿង​នោះ​ រួមមាន​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន​ និង​លោក​ ស៊ុត​ ឌីណា​អតីត​ឯករាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ហើយ​នឹង​ករណី​វាយតប់​លើ​ស្មៀន​មេធាវី​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក ដែល​អង្គរក្ស​លោក​ឧត្តម​សេនីយ៍​ ហ៊ុន ម៉ាណែត​ ត្រូវ​គេ​រាយការណ៍​ថា​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ។​

យ៉ាងណា​ក៏​ដោយ​ ក្រុម​អ្នក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​នយោបាយ​ខ្មែរ​និយាយ​ថា​ រឿងរ៉ាវ​ស្នេហា​លួចលាក់​របស់​លោក ​កឹម សុខា​ អាច​សាបរលាប​ទៅ​បាន​ ឬយ៉ាងណា​នោះ​ អាស្រ័យ​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។​ ដោយ​ឡែក​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្លាប់​និយាយ​ថា​ លោក ​កឹម សុខា​ នឹង​ត្រូវ​បំភ្លឺ​ទ្រព្យ​សម្បតិ្ត​របស់​លោក​ផង​ដែរ​ ដោយសារ​អង្គភាព​នេះ​បាន​បើក​ និង​ពិនិត្យ​កញ្ចប់​ប្រកាស​ទ្រព្យ​សម្បតិ្ត​របស់​លោក កឹម​ សុខា​ អតីត​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​រួច​ហើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG