ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា បាន​ចេញ​ទៅ​ក្រៅ​ប្រទេស ខណៈ​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួចលាក់​កំពុង​បន្ត

 រូបឯកសារ៖ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចាក​ចេញ​ពី​អគារ​រដ្ឋសភា​ក្រោយ​ពី​មាន​​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។ លោក កឹម សុខា ត្រូវ​បាន​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បោះ​ឆ្នោត​តែង​តាំង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា។ ​(Reuters)

ការ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​របស់​លោក​ កឹម​ សុខា​ ទៅ​កាន់​ប្រទេស​ថៃ​ ក៏​បាន​កើតឡើង​ នៅ​ខណៈ​ដែល​រដ្ឋសភា​ជាតិ​គ្រោង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

គ្រា​ដែល​មាន​សេចក្ដី​រាយការណ៍​ថា​ លោក កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មន្ត្រី​មួយ​ចំនួន​នៃ​គណបក្ស​ប្រឆាំង​នេះ​ បាន​ចាក​ចេញ​ទៅ​ប្រទេស​ថៃ​ លោក ​ឱម យ៉ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រធាន​ស្ដីទី​គណ​បក្ស​ប្រឆាំង​ ដែល​គេ​ដឹង​ថា កំពុង​ផុង​ខ្លួន​ក្នុង​រឿង​អាស្រូវ​ស្នេហា​លួចលាក់​រូប​នេះ​ នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ។

ការ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​របស់​លោក​ កឹម​ សុខា​ ទៅ​កាន់​ប្រទេស​ថៃ​ ក៏​បាន​កើតឡើង​ នៅ​ខណៈ​ដែល​រដ្ឋសភា​ជាតិ​គ្រោង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

កិច្ច​ប្រជុំ​នោះ​ នឹង​ផ្ដោត​ទៅ​លើ​របៀបវារៈ​ជាច្រើន​ ក្នុង​នោះ​រួមមាន​ការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​លើ​សមាស​ភាព​សមាជិក​រាជរដ្ឋាភិបាល​ ដែល​ត្រូវ​បាន​កែសម្រួល​ និង​បំពេញ​បន្ថែម​ចំនួន​២៦​រូប។

រដ្ឋ​សភា​ជាតិ​បាន​ប្រថាប់​ត្រា​យល់​ព្រម​លើ​សំណើ​ផ្លាស់ប្តូរ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន សែន​ ក្រោយ​ការ​បោះ​ឆ្នោត​ជា​សម្ងាត់​រយៈពេល​មិនដល់​មួយ​ម៉ោង​នោះ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី៤ ខែ​មេសា ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

នេះ​បើ​យោង​ទៅតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មីនា​កន្លង​ទៅ។

លោក​ ឱម​ យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោក ​កឹម សុខា​ ត្រូវ​តែ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​សហការ​ជាមួយអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បើក​កញ្ចប់​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ប្រធាន​បក្ស​ប្រឆាំង​ស្ដី​ទី​រូប​នេះ​ ដើម្បី​ធ្វើការ​ពិនិត្យ​ពិច័យ។

លោក ឱម​ យ៉ិនទៀង បន្ត​ថា​ ការ​ប្រកាស​លទ្ធផល​អំពី​ទ្រព្យ​សម្បត្តិ​របស់​ លោក​ កឹម សុខា​ ថា​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​នឹង​បង្ហាញ​ឲ្យ​ដឹង​នៅ​ក្រោយ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។

លោក​បន្ថែម​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ នឹង​បញ្ជូន​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ទៅ​លោក ​កឹម​ សុខា​ ដើម្បី​ឲ្យ​លោក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ចំពោះ​លទ្ធផល​ដែល​រក​ឃើញ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

«យើង​ខ្ញុំ​ នឹង​ជូន​លិខិត​ទៅ​គាត់​មួយ​អំពី​លទ្ធផល​ ហើយ​លទ្ធផល​នឹង​អាច​ថា​ល្អ​ទេ?​ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ហ្នឹង​មិន​មាន​អី​គួរ​ឲ្យ​យើង​បារម្ភ​ទេ? ហើយ​ក៏​អាច​មាន​លទ្ធភាព​ថា​ មាន​ចំណុច​ខ្លះ​ ដែល​សុំ​ឲ្យ​គាត់​បំភ្លឺ​ដែរ»។

លោក ​កឹម​ សុខា​ ដែល​ត្រូវ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ទម្លាក់​ពី​កៅអី​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​កាល​ពី​ឆ្នាំ​មុន កំពុង​ស្ថិត​ក្រោម​ការ​សង្ស័យ​ថា បាន​លួច​មាន​ស្រី​កំណាន់​ម្នាក់​ឈ្មោះ​ នាង​ ខុម​ ចាន់​ដារាទី​ ហៅ​«ស្រីមុំ»។

គេ​មិន​ទាន់​ដឹង​ថា​ លោក​ កឹម​ សុខា ចាកចេញ​ទៅ​ប្រទេស​ថៃ​លើក​នេះ​ក្នុង​គោល​បំណង​គេច​ចេញ​ពី​រឿង​អាស្រូវ​នេះ​ ឬ​យ៉ាងណា​នោះ​ទេ ពីព្រោះ​សូម្បី​តែ​មន្ត្រី​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​បាន​ថ្លែង​ប្រាប់ VOAថា ពួកគេ​ពុំ​ដឹង​ពី​ដំណើរ​របស់​លោក ​កឹម សុខា​ ទៅ​កាន់​ប្រទេស​ថៃ​នោះ​ឡើយ។

លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅក្នុង ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ឯ​រោងមហោស្រព​កោះពេជ្រ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​ ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥។ (ហ៊ាន សុជាតា​/ VOA Khmer)

ដោយ​មិន​បាន​មានប្រសាសន៍​ដល់​រឿង​អាស្រូវ​ស្នេហា​លួចលាក់​របស់​លោក​ កឹម សុខា ​នោះ​លោក​ ឱម​ យ៉ិន​ទៀង​ បាន​បញ្ជាក់​ថា​ លោក​មាន​ព័ត៌មាន​ដែល​អាច​ជឿជាក់​បាន​ថា លោក​ កឹម​ សុខា​ កំពុង​នៅ​ទីណា​ ហើយ​នឹង​ត្រឡប់​មក​វិញ​នៅ​ពេលណា​នោះ។

យ៉ាងណា​ក៏ដោយ​ លោក​ឱម​ យ៉ិន​ទៀង​ បញ្ជាក់​ថា​ លោក ​កឹម សុខា​ នឹង​ខកខាន​មិនបាន​ចូលរួម​ការ​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

លោក ឱម​ យ៉ិន​ទៀង​ ក៏​ពុំបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា លោក ​កឹម សុខា​ ពិតជា​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ថៃ​នោះ​ដែរ។

«យើង​ខ្ញុំ​ឆ្លើយ​ទៅ​អូន​ តាម​ព័ត៌មាន​ ដែល​យើង​ខ្ញុំ​មាន​គួរ​ឲ្យ​ជឿជាក់​៥០​ភាគរយ​ដែរ​បាទ។​ គាត់​បាន​ចេញ​ ចេញ​ជាមួយ​នរណា​ខ្លះ?​ គ្រួសារ​មាន​ប៉ុន្មាន?​ គាត់​ទៅ​ទីកន្លែង​ណា​ ហើយ​ថ្ងៃ​ណា​គាត់​ប្រុង​មក​វិញ​ ដូច្នេះ​គ្រាន់​តែ​ជម្រាប​ថា​ ថ្ងៃ​៤​ គាត់​មិន​មក​ប្រជុំ​ទាន់​ទេ»។

លោក កឹម សុខា​ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​រាយការណ៍​ថា​ លោក​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ដោយ​ស្ងាត់ស្ងៀម​ជាមួយ​ក្រុម​គ្រួសារ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរិ៍​ ទី២​ ខែ​មេសា​កន្លងទៅ​នេះ។

VOA​ បាន​ព្យាយាម​ទាក់​ទង​មន្ត្រី​អ្នក​នាំ​ពាក្យ​ទាំង​ពីរ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

ក៏ប៉ុន្តែ​លោក​ សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មកពី​គណបក្ស​ប្រឆាំង​ និង​ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​នៃ​សភា​ជាតិ បាន​បញ្ជាក់​ថា លោក​ កឹម​ សុខា​ «ប្រហែល»​ ជា​ចេញ​ទៅ​ប្រទេស​ថៃ​មែន។

ប៉ុន្តែ លោក​មិន​អាច​ឲ្យ​ដឹង​លម្អិត​ពី​ការ​ចេញ​ទៅ​ប្រទេស​ថៃ​របស់​លោក​ កឹម​ សុខា​នោះ​ទេ។

​បើ​ទោះ​ជា​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​នៅ​ជុំ​គ្នា​ទាំង៥៥​រូប​ក្តី​ លោក​ សុន ឆ័យ​ ថ្លែង​ថា​ ក្រុម​តំណាងរាស្ត្រ​មក​ពី​បក្ស​ប្រឆាំង​ដែល​នៅ​ក្នុង​ប្រទេស​ នឹង​ទៅ​ចូលរួម​ការ​ប្រជុំ​សភា​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។

«អ្ហូ​ ពួក​ហើយ​បាន​ប្រជុំ​ការងារ​រួចហើយ។​ យើង​សម្រេច​រួចហើយ​ ថា​យើង​ចូល​ប្រជុំ​ គ្រាន់តែ​មាន​ការ​សម្រេច​ពេល​បោះឆ្នោត​យ៉ាង​ម៉េចៗ​ហ្នឹង។​ អា​ហ្នឹង​ជា​ការ​សម្រេច​របស់​គណបក្ស​បាន​ធ្វើ​រួច​ហើយ​បាទ»។

យុវជន ស្រី ចំរើន (ឆ្វេង) និង​ ម៉ី ម៉េងសៀ ដែល​អះអាង​ថា​ខ្លួន​ជា​ក្រុម​និស្សិត​ឯករាជ្យ​បាន​ដាក់​ញតិ្ត​ទៅ​រដ្ឋសភា​ជាតិ​ ដើម្បី​ឲ្យ​លោក​ កឹម សុខា​ប្រធាន​ស្តី​ទី​គណបក្ស​ជំទាស់​ចេញ​មុខ​បកស្រាយ​ចំពោះ​ខ្សែ​អាត់​សំឡេង​ ដែល​គេ​យល់​ថា​ជា​សំឡេង​លោក​ កឹម សុខា​និង​នាង​ ខុម ចាន់ដារាទី​ឬ​ស្រីមុំ។​ (ហ៊ាន សុជាតា/VOA)

គេ​មិន​ទាន់​ដឹង​ថា​ ការ​ប្រជុំ​សភា​នា​ថ្ងៃ​ច័ន្ទនេះ​ តំណាងរាស្ត្រ​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​ នឹង​ធ្វើការ​ជជែក​គ្នា​ អំពី​រឿងអាស្រូវ​ស្នេហា​របស់​លោក​ កឹម​ សុខា​ នោះ​ឡើយ​ ទោះបី​ជា​មាន​យុវជន​ម្នាក់​ដែល​តាំង​ខ្លួន​ថា​ជា​និស្សិត​ និង​ត្រូវ​គេស្គាល់​ឈ្មោះ​ថា​ ស្រី​ ចំរើន​បាន​ដាក់​ញត្តិ​ទៅ​សភា​កាល​ពី​សប្ដាហ៍​មុន ស្នើ​ឲ្យ​លោក​ កឹម សុខា​ បកស្រាយ​រឿងរ៉ាវ​ស្នេហា​នេះ​ក៏ដោយ។

រីឯ​នាង ខុម​ ចាន់ដារាទី ឬ​ស្រីមុំ ដែល​គេ​ចោទ​ថា​ ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា​ នោះ​ ត្រូវ​បាន​លោក​ សៀង សុខ ព្រះរាជ​អាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះ​ឲ្យ​ទៅ​បំភ្លឺ​លើ​«ករណី​ផ្តល់​សក្ខីកម្ម​ក្លែង​ និង​មាន​អំពើ​ពេស្យាចារ» នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ៕

XS
SM
MD
LG