មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថារដ្ឋាភិបាលកំពុងពិចារណាចាក់វ៉ាក់សាំងដូសទី៣ដល់ប្រជាពលរដ្ឋខណៈរង់ចាំការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ពិភពលោក។
ការលើកឡើងនេះ ស្របពេលដែលប្រទេសមួយចំនួនកំពុងចោទជាសំណួរលើកម្រិតប្រសិទ្ធភាពនៃវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ចិនដោយសារចាក់ហើយនៅតែឆ្លងដដែល។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៃការបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅភូមិសាស្រ្តរាជធានីភ្នំពេញនាថ្ងៃព្រហស្បតិ៍នេះលោកស្រី ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកការចាក់វ៉ាក់សាំងនេះបានថ្លែងថាអាជ្ញាធរនឹងសម្រុកចាក់វ៉ាក់សាំងដល់ពលរដ្ឋឲ្យបាន១០លាននាក់នៅក្នុងខែតុលាខាងមុខ។ លោកស្រីបន្ថែមថារដ្ឋាភិបាលក៏កំពុងពិចារណាការចាក់ដូសទី៣ដោយរង់ចាំការសិក្សាលក្ខណៈវិទ្យាសាស្រ្តរបស់ពិភពលោកជាមុនសិន។
លោកស្រីថ្លែងថា៖ «ហើយទន្ទឹមនឹងនោះយើងក៏គិតគូរថាតើយើងគួរតែមានការចាក់នូវដូសទី៣ឬក៏យើងត្រូវការចាក់ដូសរំឭកឡើងវិញ»។
ទោះបញ្ចប់ការចាក់វ៉ាក់សាំងនៅភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ២លាននាក់លោកស្រី ឱ វណ្ណឌីនឲ្យដឹងថា«ការឆ្លងកំពុងតែសកម្មដដែល»ដែលទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តវិធានការការពារជាចាំបាច់។ លោកស្រីបញ្ជាក់ថាការឆ្លងនៅតែមានទោះចាក់វ៉ាក់សាំងពីរដូសរួចហើយក្តីប៉ុន្តែវ៉ាក់សាំងនឹងជួយមិនឲ្យជំងឺនេះវិវឌ្ឍទៅធ្ងន់ធ្ងរវាយលុកសួតរហូតដល់ស្លាប់។
លោកស្រីថ្លែងថា៖ «អញ្ចឹងហើយបានជាវ៉ាក់សាំងនេះសំខាន់ណាស់…ចាក់ទៅដើម្បីជួយ។ នៅពេលណាដែលវីរុសចូលមកក្នុងខ្លួន ទប់កុំឲ្យយើងហ្នឹងវិវឌ្ឍទៅរកសេចក្តីស្លាប់ កុំឲ្យយើងវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ។ នេះជាផលប្រយោជន៍ធំណាស់របស់វ៉ាក់សាំង»។
បើតាមលោកស្រីឱ វណ្ណឌីន អ្នកស្លាប់ភាគច្រើននៅកម្ពុជា ជាមនុស្សវ័យចំណាស់អាយុចាប់ពី៥០ឆ្នាំឡើងហើយពួកគេមានជំងឺប្រចាំកាយរ៉ាំរៃផងដែរ។
លោកស្រីបន្ថែមថាប្រជាពលរដ្ឋកម្ពុជាមានទឹកចិត្តចង់ចាក់វ៉ាក់សាំងនិងស្ម័គ្រចិត្តចាក់បើទោះមាន«ការររាំងពីក្រុមអគតិ»មួយចំនួនក៏ដោយ។
ការចាក់វ៉ាក់សាំងហើយនៅតែឆ្លងជំងឺកូវីដ១៩ ក៏ត្រូវបានពិភាក្សាក្នុងចំណោមប្រជាជនកម្ពុជាផងដែរ។ ស្របពេលជាមួយគ្នាប្រទេសមួយចំនួនក៏កំពុងលើកឡើងអំពីកម្រិតនៃប្រសិទ្ធភាពវ៉ាក់សាំងស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន។ ប្រទេសសិង្ហបុរីបានប្រកាសថាមិនចាត់ទុកប្រជាជនខ្លួនដែលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជាអ្នកចាក់វ៉ាក់សាំងហើយនោះទេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានReutersកាលពីថ្ងៃពុធ។ កាលពីពេលថ្មីនេះទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាឯកសារបែកធ្លាយមួយរបស់ក្រសួងសុខាភិបាលថៃ បណ្តាលឲ្យមានការអំពាវនាវដល់បុគ្គលិកពេទ្យដែលត្រូវបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនរួចហើយ ត្រូវចាក់បន្ថែមវ៉ាក់សាំងកូវីដ១៩ប្រភេទផ្សេងដែលផលិតឡើងតាមប្រព័ន្ធបចេ្ចកវិទ្ យាmRNA។ឯកសារនោះបានបញ្ជាក់ថាចំណាត់ការនេះអាចធ្វើឲ្យប៉ះពាល់ដល់សេចក្តីទុកចិត្តរបស់សាធារណជនលើវ៉ាក់សាំងចិនដែលផលិតដោយក្រុមហ៊ុន Sinovac Biotech។
លោកស្រី ឱ វណ្ណឌីន ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា៖ «វ៉ាក់សាំងនេះនៅតែមានតម្លៃសម្រាប់មនុស្សជាតិដែលសូម្បីតែអង្គការសុខភាពពិភពលោកក៏ទទួលស្គាល់ដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់ដែរ។ ដូច្នេះការចាក់វ៉ាក់សាំងកូវីដ១៩នៅតែបន្តរហូតដល់គ្រប់តាមគោលដៅចំនួនដប់លាននាក់នៅក្នុងប្រទេសកម្ពុជា»។
អ្នកចាក់វ៉ាក់សាំងហើយគិតត្រឹមថ្ងៃពុធមាន៤លាន៧សែននាក់ដែលស្មើនឹង៤៧%នៃប្រជាជន១០លាននាក់ដែលជាគោលដៅនៃការចាក់វ៉ាក់សាំង។ នៅក្នុងនោះមានមនុស្ស៣លាននាក់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន។
លោក ហេង វីរៈបុត្រ អាយុ៣៣ឆ្នាំរស់នៅក្នុងស្រុកបាកានខេត្តពោធិ៍សាត់បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួនពីរដូសកាលពីខែមិថុនា។ ទោះជាយ៉ាងណា លោកមិនមានជំនឿ១០០%ថាវ៉ាក់សាំងនេះអាចការពារខ្លួនបានទេខណៈមានព័ត៌មានក្នុងប្រទេសថាអ្នកចាក់វ៉ាក់សាំងហើយនៅតែឆ្លងជំងឺកូវីដ១៩។ លោកបន្ថែមថា តាមពិតទៅលោកមិនចង់ចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែដោយសារលោកជាអាជីវករលក់ខោអាវនិងគ្រឿងភេសជ្ជៈដូច្នេះលោកត្រូវតែចាក់ដោយសារអាជ្ញាធរចង់ឃើញបណ្ណចាក់វ៉ាក់សាំងហើយ ទើបអនុញ្ញាតឲ្យលក់ដូរធម្មតា។
លោកប្រាប់វីអូអេថា៖ «ពីដំបូង ខ្ញុំអត់ចង់ចាក់ដែរហ្នឹង ក៏ប៉ុន្តែមើលទៅដូចគេរៀងបង្ខំ ឬមួយក៏អីអញ្ចឹង ក៏ចាក់ទៅ ចាក់ដើម្បីយកកាត»។
លោកជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើលប្រសិទ្ធភាពនៃវ៉ាក់សាំងនេះបន្ថែមទៀត មុននឹងយកមកចាក់ដល់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «យើងខំទៅចាក់ហើយការពារដែរដល់ពេលនៅតែឮព័ត៌មានថាឆ្លងថាអីអញ្ចឹង ចង់ថារាជរដ្ឋាភិបាលគាត់ពិនិត្យគាត់អីអញ្ចឹងទិញមក ថ្នាំហ្នឹងវាមានគុណភាពអីអត់? ចេះតែគេបញ្ជូនមកយើងចេះតែយកមកចាក់ឲ្យប្រជាជនអញ្ចឹង វាពិបាកដែរណាបង»។
ចំណែកលោក ជា ផេងហួរ អាយុ២១ឆ្នាំជានិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិលឆ្នាំទី៣នៅរាជធានីភ្នំពេញថ្លែងថាលោកបានសម្រេចចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់កាលពីខែឧសភានិងចាក់លើកទីពីរកាលពីដើមខែមិថុនា។ លោកបន្ថែមថាក្រុមគ្រួសាររបស់លោកក៏បានចាក់រួចទាំងអស់គ្នាផងដែរដោយប្រើប្រាស់វ៉ាក់សាំងសីណូវ៉ាក់នេះ។លោកអាចចាត់ទុកវ៉ាក់សាំងនេះជួយការពារខ្លះ ទោះមិន១០០%ក៏ដោយ។
លោកប្រាប់វីអូអេថា៖ «អត់រំពឹងអាហ្នឹង[វ៉ាក់សាំង]ខ្លាំងពេកដែរ។ ទាល់យើងប្រយ័ត្នខ្លួនឯងដែរ។ បើយើងដើរពាសវាលពាសកាលអញ្ចឹង វ៉ាក់សាំងជួយម៉េចឈ្នះ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពប្រាប់វីអូអេថាភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩មិនមែនអាស្រ័យលើចំនួនប្រជាជនដែលចាក់នោះទេ ប៉ុន្តែវាអាស្រ័យលើគុណភាពនៃវ៉ាក់សាំង។ លោកបង្ហាញចម្ងល់ការបន្តឆ្លងច្រើននិងស្លាប់ច្រើន ខណៈប្រជាជនកម្ពុជាក្នុងចំនួនច្រើនបានចាក់វ៉ាក់សាំងរួចហើយ។
លោកបញ្ជាក់ថា៖ «បើសិនជាវាអត់មានប្រសិទ្ធភាពសោះ អាហ្នឹងយើងគួរតែផ្អាកប៉ុន្តែសិនជាវាមានប្រសិទ្ធភាពខ្លះដែរអាហ្នឹងយើងនៅតែបន្តចាក់អាហ្នឹងវាគ្រាន់បើជាងអត់»។
លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវតែបង្ហាញតួលេខឲ្យបានច្បាស់លាស់ដែរថាតើអ្នកចាក់ពីរដូស ស្លាប់ប៉ុន្មានភាគរយ? អ្នកដែលទទួលវ៉ាក់សាំងពីរលើកហើយឆ្លងប៉ុន្មានភាគរយដើម្បីឲ្យសាធារណជនគាត់បានដឹងបានឮ បានឃើញ ហើយគាត់បានធ្វើការប្រុងប្រយ័ត្នហើយអ្នកចាក់លើកទីពីរមានអ្នកស្លាប់អត់បាទ? អាហ្នឹងជារឿងសំខាន់»។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលបានរាយការណ៍ករណីស្លាប់ចំនួន២៧នាក់ដែលនាំឲ្យករណីស្លាប់សរុបមានចំនួន៨២៥នាក់។ ចំណែកករណីឆ្លងថ្មីមានចំនួន៩៥៤នាក់ដែលនាំឲ្យករណីឆ្លងសរុបមានទៅដល់៥៨.០០០នាក់៕