ក្រសួង​ពាណិជ្ជកម្ម​ចង់​ពង្រីក​ការ​នាំ​អង្ករ​ចេញ​ដោយ​ដាក់​ម៉ាក​អង្ករ​ខ្មែរ​

លោក ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​​​​នៅក្នុងកម្មវិធី​មួយ​​​អំពី​ផលិតផលអង្ករនៅកម្ពុជា​​​​ដែលរៀបចំឡើង​ដោយ​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅកម្ពុជា​ ភ្នំពេញ កាល​ពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០១៥។ (ហ៊ាន សុជាតា/VOA)

លោក ​ស៊ុន ចាន់ថុល​ បាន​អំពាវនាវ​ឲ្យ​ក្រុម​ហ៊ុននានា​រក្សា​គុណភាព​អង្ករ​ខ្មែរ​និង​កុំ​ឲ្យ​យក​អង្ករ​​កម្ពុជា​ទៅលាយ​ជាមួយ​អង្ករ​​ប្រទេស​ផ្សេង ​ហើយ​ដាក់​​ថា ​ជា​របស់​ខ្មែរ។​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​គឺ​លោក​ ស៊ុន ចាន់ថុល​ បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​លោក​នឹង​ធ្វើ​កិច្ចការ​ជាមួយ​អ្នក​ជំនួញ​អង្ករ​ និង​ដៃគូ​នានា​ដើម្បី​ដាក់​ម៉ាក​ យីហោ​អង្ករ​ខ្មែរ​សម្រាប់​នាំ​ចេញ​ឲ្យ​បាន​ច្បាស់លាស់។​

«ម៉ាក​បើ​គេ​ទទួល​ស្គាល់​ទៅ​ យើង​អាច​លក់​តម្លៃ​បាន​ខ្ពស់។ ​នេះ​បើ​គេ​ទទួល​ស្គាល់​ថា​ នែ! ​នេះ​ជា​អង្ករមាន​គុណភាព​ខ្ពស់»។​

លោក​ ស៊ុន ចាន់ថុល​ បន្ថែម​ថា​ ប្រទេស​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន​៣៦៩​ ពាន់​តោន​ក្នុង​រយៈពេល​៩​ខែ​ចុង​ក្រោយ​នេះ​គឺ​មិនទាន់​ឈាន​ដល់​១​លាន​តោន​ដូច​កម្ពុជា​បាន​កំណត់​នោះ​ទេ។​ អង្ករ​កម្ពុជា​ត្រូវចាត់​ចូល​ក្នុង​ចំណាត់​ថ្នាក់​ជា​អង្ករ​លេខ​មួយ​ក្នុង​ពិភពលោក ​បីឆ្នាំ​ជាប់​គ្នា។​ ការ​កំណត់​ម៉ាក​យីហោ​អង្ករ​កម្ពុជា​ជា​រឿង​សំខាន់​ និងផ្តល់​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ហើយ​វានាំ​ឲ្យ​មាន​កំណើន​នៃ​ការ​នាំចេញ ​ដោយ​ជួយ​សម្រួល​ដល់ការ​កំណត់​យុទ្ធសាស្ត្រ​ជាតិ​ទាក់​ទងនឹង​ស្រូវ​អង្ករកម្ពុជា​ និង​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ការ​នាំចេញ​និង​ផ្តល់​ផល​ប្រយោជន៍​ដល់​កសិករ​ផង​ដែរ។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​មុខ​ក្រុមអ្នក​ចូលរួម​ប្រមាណ​១០០​នាក់​មកពី​ក្រុមហ៊ុន​ ស្ថាប័ន​រដ្ឋនានា ​ដែល​ក្នុង​នោះ​មាន​លោក ​David Puttnam​ បេសកជន​ពិសេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ប្រចាំ​តំបន់​ រួមទាំង​កម្ពុជា ​ហើយនឹង​ឯក​អគ្គរាជ​ទូត​អង់គ្លេស​ផងដែរ។​ កិច្ច​ពិភាក្សា​នេះ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​និង​ស្ថានទូត​អង់គ្លេស។​

ក្រុម​អ្នកចូល​រួម​បាន​លើកឡើង​ថា​ ការ​ជួយជ្រោម​ជ្រែង​ពី​រដ្ឋ​ និង​វិស័យ​ឯកជន​និង​ការ​ចូលរួម​ពី​កសិករ​ជារឿង​សំខាន់​ ក្នុងការ​ដាក់​ម៉ាកនេះ។​ ​ពួកគេ​បាន​អះអាង​ថា​ ការ​ដាក់​ម៉ាក​ឲ្យ​បាន​ច្បាស់​លម្អិត ​ងាយ​ចំណាំ ​ហើយ​នឹង​ការ​ផលិត​ដែលថែ​រក្សា​គុណភាព​ឲ្យ​បាន​ថេរ​នោះ​ គឺ​ជា​កត្តា​សំខាន់។​

លោក​ David Puttnam​ បេសកជន​ពិសេស​របស់​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដែលបានថ្លែងថា​ការដាក់ផ្លាក ​មានសរសេរផ្លាក​ ឡូហ្គោ ​មាន​ហត្ថលេខា​ឬ​អ្វីជា​ការ​បញ្ជាក់​ទទួល​ស្គាល់​ពី​ក្រសួង​ពាណិជ្ជកម្ម​នោះ​ជា​មធ្យបាយ​មាន​ការ​ជឿជាក់​មួយ ​ឬក៏​ដាក់​ផ្លាក​ថា​ជា​អង្ករ​មាន​គុនភាព​ខ្ពស់ ពិសេស ​extra ​ដោយ​លក់​ក្នុង​តម្លៃ​ថ្លៃជាង​ធម្មតា។​ លោក​ថា​ផលិត​អង្ករមាន​គុណភាព​ខ្ពស់​និងផលិត​ផលល្អ​ទៀង​ទាត់នោះ​គឺ​ជា​ការ​ទាក់ទាញ​ផ្សារ។​

«ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្គត់ផ្គង់​គឺ​ជារឿង​សំខាន់​សម្រាប់​អ្នក​ទិញ​ អ្នកលក់​រាយ​ធំៗ ​អ្នកលក់​ដុំធំៗ ​ហើយនោះ​គឺជារឿង​លំបាក​ដែល​យើង​ទើប​តែបាន​ពិភាក្សា។ រឿង​ទទួល​ខុសត្រូវ​នោះ​គឺ​ជាវិន័យ ​ហើយ​មានន័យ​ថា​ ការ​ផ្គត់ផ្គង់​ផលិតផល​ត្រូវ​តែ​មាន​របៀប​ ព្រោះថា​ មនុស្ស​បោកប្រាស់​ម្នាក់​អាច​បំផ្លាញ​កិត្តិយស​ដែល​អ្នក​បាន​បង្កើត​ឡើង»។​

លោក ​ស៊ុន ចាន់ថុល​ បាន​អំពាវនាវ​ឲ្យ​ក្រុម​ហ៊ុននានា​រក្សា​គុណភាព​អង្ករ​ខ្មែរ​និង​កុំ​ឲ្យ​យក​អង្ករកម្ពុជា​ទៅលាយ​ជាមួយ​អង្ករប្រទេស​ផ្សេង ​ហើយ​ដាក់ថា ​ជា​របស់​ខ្មែរ។​

«សុំ​ថែ​រក្សា​មុខមាត់​ប្រទេស​ជាតិ​យើង ​ទើបយើង​អាច​ជួយ​ប្រជា​កសិករ​ យើង​បាន​ទាំងអស់​គ្នា។​ កុំយក​ចំណេញ​តែម្នាក់​ឯង ​ឲ្យគេ​ងាប់​ដោយសារ​យើង។​ នេះ​ ខ្ញុំ​សុំ​និយាយ​ពាក្យ​សាមញ្ញ។​ កុំ​ចំណេញ​ម្នាក់ឯង ​មាន​បាន​ម្នាក់​ឯង ​ហើយ​ទៅ​សម្លាប់​ប្រជា​ពលរដ្ឋ​រាប់លាន​នាក់​ដែល​ខិតខំ​ផលិត​អង្ករ​ជាប់​លេខ១​ក្នុងពិភព​លោក​បីឆ្នាំ​ជាប់​គ្នា»។​

ក្រុម​អ្នក​រក​ស៊ីនាំ​ចេញអង្ករ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ ​បានអះអាង​ថា​ ក្រសួង​ និង​អាជ្ញាធរ​រដ្ឋាភិបាល​ ដែលជាអ្នក​គ្រប់គ្រង​ ត្រូវតែ​មាន​វិធានការ​ផង​ដែរ ​ហើយ​បើ​ឈ្មួញនាំ​អង្ករ​ខ្មែរ​ទៅ​ប្រទេស​ជិតខាង​ លាយ​នៅទីនោះ​ ហើយ​នាំ​ចូល​មក​កម្ពុជា​វិញ​គឺមិន​អាច​ទប់​ស្កាត់​បាន​ទេ ​បើ​មាន​ការ​ឃុបឃិត​ពី​មន្ត្រីខ្មែរ​ផ្តល់​អាជ្ញាបណ្ណ​លក់ម៉ាក ​ឬ​កូតា​ប្រទេស​ទៅឲ្យក្រុមហ៊ុន​ប្រទេស​ផ្សេង​ទាំង​នោះ។

អង្ករ​កម្ពុជា​មាន​ដូចជា​អង្ករ​ផ្កាម្លិះ​ ផ្កា​រំដួល ​ផ្កាខ្ញី​ សម្រូប​ផ្កាម្លិះ ​នាងខុន ​ក្ងោកពង​ នាង​អំ ​នាងមិញ ​បន្លា​ផ្តៅ ​ដំណើប​ជាដើម។​ តែ​ក្នុង​ចំណោម​អង្ករទាំងនេះ​ មាន​មួយ​ចំនួន​មាន​ឈ្មោះ​ដូច​អង្ករប្រទេស​ជិតខាង​ ពេល​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ ​ ដែល​តម្រូវ​ឲ្យ​មានការ​គិតគូរ​ដាក់​ម៉ាក​ឲ្យ​បាន​ច្បាស់៕