ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​បង្កើត​សហ​ព័ន្ធ​នាំ​អង្ករ​ចេញ


បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ក្រុម​ហ៊ុន​នាំ​អង្ករ​ចេញ​សរុប​៨៤​ក្រុម​ហ៊ុន​ និង​សមាគម​អ្នក​នាំអង្ករ​ចេញ​ធំៗ​ជា​ច្រើន​ផ្សេង​ទៀត។​​

ប្រទេស​កម្ពុជា​នៅ​រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​អង្ករចេញ​ឲ្យ​បាន​មួយលាន​តោន​ក្នុង​មួយ​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១៥​ត​ទៅ។ ​អាស្រ័យ​ហេតុនេះ ស្ថាប័នគ្រប់​គ្រង​ការ​ផលិត​និង​ការ​នាំ​អង្ករ​ចេញ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​នេះ​ នោះ​គឺ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពជា​ (Cambodia​ Rice​ Federation)។​ សហព័ន្ធ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មានការច្របាច់បញ្ចូលគ្នា​រវាង​សហ​ព័ន្ធ​សំខាន់ៗ​បី ​គឺ​សមាគម​អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា​ (The ​Cambodia​ Rice ​Export​ Association)​ សហ​ព័ន្ធ​អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា​ (The ​Federal​ ​of​ Cambodian​ Rice ​Exporters​) ​និង​សម្ព័ន្ធ​អ្នក​ផលិត​ស្រូវ​ និង​នាំចេញ​ស្រូវ​កម្ពុជា​ (The​ Alliance ​of ​Rice Producers ​and ​Exporters ​of ​Cambodia)។​

លោក ​សុខ​ ពុទ្ធិវុធ ​អគ្គ​នាយក​ក្រុម​ហ៊ុន​សោម៉ា​គ្រុប​និង​ជា​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កត់​សម្គាល់​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ក្នុង​ពេល​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ​មូល​ហេតុ​គឺ​ដោយសារ​តែ​ខ្វះ​ការ​ប្រមូល​ផ្តុំ​នូវ​ធនធាន​សម្រាប់​ជំរុញ​ការ​នាំ​ចេញ។​

«ទីមួយ​គឺ​យើង​បង្រួប​បង្រួម​ការ​ថែ​រក្សា​សាមគ្គីភាព​ និង​ការ​សហការ​គ្នា​ឲ្យ​បាន​ពិត​ប្រាកដ។​ ទី២​គឺយើង​រៀបចំ​ផែនការ​សហការ​ជាមួយ​ស្ថាប័ន​រដ្ឋ​ឲ្យ​បាន​ស៊ីជម្រៅដើម្បី​ដោះស្រាយ​គ្រប់​ស្រទាប់​ទាំងអស់​ បញ្ហា​កសិករ​ បញ្ហា​ម៉ាស៊ីន​កិនស្រូវ​ បញ្ហា​នាំចេញ។​ ទី​៣​យើង​នឹង​ធ្វើ​ការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ដើម្បី​បើក​ទីផ្សារ​បន្ថែម​ទៀត​ក្នុង​អន្តរជាតិ»។​

ប្រធាន​សហ​ព័ន្ធរូបនេះ​បញ្ជាក់​ថា​ សហព័ន្ធ​នឹង​ចុះ​ទៅ​អប់រំ​កសិករ​ឲ្យ​យល់​ដឹងពី​បច្ចេកទេស​ក្នុង​ការ​ដាំស្រូវ​ដើម្ប​បង្កើន​បរិមាណ​ផលិត​កម្ម​ស្រូវ​ ដើម្បី​ធានា​តម្លៃ​សមរម្យ​មួយ​ក្នុង​ការ​លក់​ស្រូវ​អង្ករ។​

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ក្រុម​ហ៊ុន​នាំ​អង្ករ​ចេញ​សរុប​៨៤​ក្រុម​ហ៊ុន​ និង​សមាគម​អ្នក​នាំអង្ករ​ចេញ​ធំៗ​ជា​ច្រើន​ផ្សេង​ទៀត។

លោក​សុខ​ ពុទ្ធិវុធ​បង្ហាញ​ទៀត​ថា​ ​គោល​នយោបាយ​៣​សំខាន់​របស់​សហព័ន្ធ​គឺ​ការ​បង្រួប​បង្រួមរាល់​បណ្តា​ក្រុម​អ្នក​រកស៊ី​លើ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ​ការ​បង្កើតយន្តការ​ជាមួយ​ស្ថាប័ន​រដ្ឋក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ ​តាំង​ពី​កម្រិត​កសិករ​រហូត​ដល់​អ្នក​នាំ​អង្ករ​ចេញ និង​ចុង​ក្រោយ​គឺ​គម្រោង​នៃ​ការ​ពង្រីក​ទីផ្សារ​នៃ​ការ​លក់​ស្រូវ​អង្ករ​របស់​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ ​ដូចជា​នៅ​ចិន​ អាមេរិក​ អាស៊ី​ និង​អាហ្រ្វិក។​

ថ្វី​បើ​ដូច្នេះក្តី​ ប្រជាកសិករ​កម្ពុជា​មួយ​ចំនួន​មិន​បានដឹង​ពី​ការ​បង្កើត​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាក្នុង​គោល​ដៅ​ដើម្បី​ពង្រឹង​ការ​នាំ​អង្ករចេញ​និង​ដើម្បី​ជួយ​លើក​ស្ទួយ​ដល់​ការ​ផលិតស្រូវ​របស់​ពួក​គាត់​នោះ​ទេ។​

លោក ​ផល ចាន់ធុល​ អាយុ ​៣៣​ឆ្នាំ​គឺ​ជា​កសិករ​រស់នៅ​ក្នុង​ខេត្ត​កណ្តាល។ លោក​ត្អូញ​ត្អែរ​ថា​ ​តម្លៃ​ស្រូវ​របស់​លោក​ត្រូវ​ពឹង​ផ្អែក​ទាំងស្រុង​លើ​ការ​កំណត់​របស់​ឈ្មួញ។​

«ចង់​និយាយ​ថា ​យើង​លក់​ស្រូវ​ឥឡូវ​វា​ថោក។​ ទូទាត់​ទៅ​យើង​អត់​បាន​អ្វី​គឺ​ បាន​ត្រឹម​តែ​ម៉ាស៊ី។ ពេល​ខ្លះ​ស៊ី​អត់​ គ្មាន​ទៀត។​ កាល​មុន​ស្រូវ​បាន​ថ្លៃ។ ​អ៊ីអ៊ែ​មួយ​គីឡូ​យើង​បាន​៩០០រៀល​ទៅ​ជាង​១០០០​រៀល​អញ្ចឹង​ទៅ។​ ឥឡូវ​យើង​បាន​ត្រឹម​តែ៦រយ​ទៅ​៧រយ​រៀល ​ថោក​ពេក​ហើយ។​ ស្រូវ​ប្រាំង​លែង​ធ្វើ​អស់។ ​យើង​ហ្នឹង​ម្នាក់ៗ​ លក់​អត់​ចេញ​ដោយ​សារ​ថោក​ពេក»។​

លោក​ផល ចាន់ធុលមិន​បាន​ដឹង​អំពី​សារៈ​សំខាន់​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នោះ​ទេ។​

ប្រឡាក់​ដោយ​ភក់​ពេញ​ស្ទើរ​ពេញ​ខ្លួន​ លោក​ចាន់​ធុល​អង្គុយ​លើ​ភ្លឺ​ស្រែ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២។ លោក​ថ្លែង​ថា​ លោក​ហាក់​គ្មាន​សង្ឃឹម​ថា​សហព័ន្ធ​ ឬ​សមាគម​អ្នក​នាំ​ស្រូវ​ចេញ​ពី​កម្ពុជា​នឹង​ជួល​ដល់​កសិករ​ឡើយ។​

«ឥឡូវ​ ទៅ​ដល់​ណា​ក៏​ឮ​ថា ​ស្រូវ​ថោក​ដែរ។ ​ស្រូវ​ខ្ញុំ​ស្រូវ​វស្សា​ហ្នឹង​ទុក​មក​ដល់​ឥឡូវ​ហ្នឹង​មិនទាន់​លក់ផង។ វា​ថោក​ពេក»។​

លោក​ គឿង ​ទិត​ អាយុ​៤៥​ឆ្នាំ ​កសិកររស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង។​ ​ក្រៅ​ពី​ធ្វើ​ស្រែ​ផ្ទាល់​ខ្លួន​ ​លោក​បាន​ដើរ​ស៊ី​ឈ្មួល​ភ្ជួរ​ដី​ស្រែឲ្យ​កសិករ​ដទៃ​ទៀត​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ។​

អង្គុយ​សម្រាក​ក្រោម​ដើម​ព្រីង​ស្ថិតនៅ​ជាយ​ម្ខាង​នៃ​ដីស្រែ​ដែល​បែក​ភក់​ លោក​គឿង​ ទិត​ ពាក់​អាវ​ពណ៌​ខៀវ​ក្រម៉ៅ​ និង​មួយ​ស្លឹក​ត្នោត​ ​បាន​រអ៊ូ​រទាំ​ថា​ ក្រុម​ឈ្មួញ​ក្នុង​ស្រុក​របស់​លោក​បាន​បន្ទាប​តម្លៃ​ស្រូវ​ស្រេច​តែ​អំពើ​ចិត្ត។​

«បាន​ថ្លៃ​ស្អី​ ថ្លៃ​ស្អី! ​ស្រូវ​មួយ​គីឡូ​ក្រាម​៧​០០​ទៅ​៨០០​រៀល។ ​បើ​រដ្ឋ​គេ​អញ្ចឹង​ហើយ​ហ្នឹង! គេ​ឲ្យ​ប៉ុណ្ណឹង​ យើង​លក់ឯណា​បាន​ថ្លៃ។ ចំណេញ​ស្អី! ​ឲ្យ​តែ​រួច​ថ្លៃ​ជីរ​របស់​វៀតណាម​ហ្នឹង​ មិនបាន​ផង!​ ​ស្រូវ​ស្រុក​ខ្ញុំ​មិន​បានតម្លៃ​ប្រហែល​កន្ទួក​ផង»។​

កសិករ​រ​រូប​នេះ​ចង់​ឲ្យ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ដែល​ទើប​បង្កើត​ឡើង​នេះ​ចាត់​វិធានការ​ដើម្បី​អាច​ពង្រឹង​តម្លៃ​ស្រូវ​អង្ករ​របស់​កសិករ​ខ្មែរ។​

«ដឹង​គេ​ជួយ​ថ្ងៃ​ណា​ ឆ្នាំ​ណា​ មិនដឹង​ដែរ។​ ​គេជួយ​យើង​ម៉េច ទាល់​តែ​ឃើញ​ហ្នឹង​ភ្នែក។ ​មិន​ដឹង​ថា ​គេ​បាន​ ឬ​អត់។​ ​ចេះ​តែ​និយាយ​ ចេះ​តែ​ថា​ ម៉េច​បាន​បើ​នៅតែ​៧០០​រយ​រៀល​ ធ្វើ​ម៉េច? ​មិន​បាន​ជួយ​ស្អី​ទេ! ​ជួយ​ឲ្យ​តែ​ស្រូវ​បាន​ថ្លៃ​ ប្រជា​ព​លរដ្ឋ​អរ​ចង់​ងាប់»។​

វិស័យ​កសិកម្ម​គឺ​ជា​ផ្នែក​មួយ​នៃ​ឆ្អឹងខ្នង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ​ក៏​ប៉ុន្តែ​វិស័យ​នេះ​នៅ​អន់ថយ​នៅ​ឡើយ។ ​កម្ពុជា​ផលិត​ស្រូវ​ជា​មធ្យម​បាន​ពី​ពីរ​ទៅ​បី​តោន​ក្នុង​មួយ​ហិកតា។ ​ប្រជា​កសិករ​ភាគ​ច្រើន​មិនមាន​លទ្ធភាព​ប្រើ​ប្រាស់​គ្រឿង​យន្ត​ក្នុងការ​បង្ក​បង្កើន​ផល​នោះ​ទេ។​

លោក​សុខ​ ពុទ្ធិវុធ ប្រធាន​សហ​ព័ន្ធស្រូវ​អង្ករ​កម្ពុជា​លើក​ឡើង​ថា ​គួរ​តែ​មាន​យន្តការការពារ​ផលិត​ផល​ស្រូវ​របស់​កសិករ។

«ហេតុ​អ្វី​បាន​កសិករ​យើង​មិន​អាច​ទទួល​បាន​តម្លៃ? ​មិន​បានអញ្ចឹង​ហើយ​បាន​ខ្ញុំ​គិត​ថា ​វា​គួរ​តែ​មាន​របៀបក្នុង​ការ​ចែក​រំលែក​ក្នុង​តម្លៃ​អន្តរជាតិ។​ យើង​ទិញ​មក​ប៉ុន្មាន ​ធ្វើ​ម៉េច​ឲ្យ​កសិករ​យើង​ចំណេញ​ផង។​ កុំ​ឲ្យ​មួយៗ​យក​លេសថា​ ដោយសារ​ទី​ផ្សា​រគាប​គាត់ ​ចឹង​គាត់​គាប​អ្នក​កិន​ ចឹង​អ្នក​កិន​ថា ​គេ​គាប​គាត់​ ចឹង​គាត់​គាប​កសិករ។​ ចឹង​វាអត់​មាន​ការ​ទុកចិត្ត​គ្នា​ទេ»។​

របាយ​ការណ៍​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ឯកសារ​គោល​នយោបាយ​ស្តីពី​ការ​ជំរុញ​ផលិត​កម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ ​(ឆ្នាំ​២០១០-២០១១)​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​មាន​រោង​ម៉ាស៊ីន​ចំនួន​២០​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ផលិត​អង្ករ​នាំ​ចេញ។​ ប៉ុន្តែ​រោង​ម៉ាស៊ីន​ទាំង​នោះ​មិន​ទាន់​អាច​ផលិត​អង្ករ​គ្រប់​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឡើយ​ទេ។​

លោកហ៊ាន​ វណ្ណហ៊ន ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែមួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ ​ថ្លែងថា ការ​បង្កើត​សហ​ព័ន្ធអង្ករ​កម្ពុជានិង​ជួយ​ជំរុញពាណិជ្ជ​កម្ម​នាំអង្ករ​នេះ​ថែម​ទៀត។​

«ចង់​ឲ្យ​អង្គការ​មួយ​នេះ​មាន​កម្លាំង​ខ្លាំង​ជាងមុន​ ចឹង​បាន​មាន​ការ​រុះរើស​រៀប​ចំ​ដឹក​នាំ​ ដោយ​ក្រសួង​ពាណិជ្ជ​កម្ម។ គោលដៅគឺដើម្បី​ឲ្យ​វា​រឹងមាំ​ជាង​មុន​ក្នុង​ការបង្កើន​សង្វាក់​ពាណិជ្ជ​កម្ម​របស់​រដ្ឋា​ភិបាល»។​

លោក​ គឹម​ សាវុធ​គឺអតីត​ប្រធាន​សហព័ន្ធ​អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា​ (The ​Federal​ ​of​ Cambodian​ Rice ​Exporters)​ដែល​ទើប​ត្រូវ​ច្របាច់​បញ្ចូល​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (Cambodia​ Rice​ Federation)។​

«កាលពីមុន​យើង​មាន​សមាគម​អ្នកនាំ​ចេញ​ស្រូវ​អង្ករ​រហូត​ទៅ​ដល់៣។​ ​បើបូក​ជាមួយ​សមាគមអ្នក​កិនស្រូវ​ជាតិ​មួយ​ទៀត​ វា​មាន​រហូត​ដល់៤​ អញ្ចឹង​គាត់​ចង់​ឲ្យ​រួប​រួម​គ្នា​ទៅ​ ធ្វើ​ការ​រួម​គ្នា​ទៅ។​ គំនិតនេះ​ខ្ញុំ​គាំទ្រ​ ពី​ព្រោះ​យើង​ប្រមូល​គ្នា ​យើង​មា​នអ្នក​ពូកែៗ​ មក​ធ្វើ​ការ​ជាមួយ​គ្នា។​ បើ​មិនអញ្ចឹង​ទេ ​យើង​ធ្វើ​ការទៅ​វា​ជាន់​គ្នា»។​

របាយ​ការណ៍​លេខាធិការដ្ឋានច្រកចេញ​ចូល​តែមួយ​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​នាំ​អង្ករចេញ​បាន​ចំនួន​ជិត​៣សែន​៨ម៉ឺន​តោនកាលពី​ឆ្នាំ២០១៣។ អង្ករទាំង​នេះ​ត្រូវ​នាំ​ទៅលក់​ក្នុង​សភាព​អឺរ៉ុប​ ចិន​ និង​អាមេរិកជាដើម។​

លោក​ សុខ​ ពុទ្ធិវុធថ្លែង​ថា​ មាន​ការ​ការងារ​ជាច្រើន​ទៀតដើម្បី​ឲ្យ​កម្ពុជាអាច​សម្រេច​គោ​ល​ដៅ​នាំចេញ​អង្ករ​ឲ្យ​បាន១លាន​តោន​ក្នុង១​ឆ្នាំ​នៅឆ្នាំ​២០១៥​ខាង​មុខ។​ ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា ប្រសិន​បើ​កម្ពុជា​មិន​អាច​ដើរ​ឲ្យ​ដល់​កម្រិត​នោះ​មែន​នៅ​ឆ្នាំ​ក្រោយ​ ក​ម្ពុជា​ក៏​នឹង​ប្រាកដ​ជា​អាច​ដើរ​ដល់​កម្រិត​ក្បែរ​នោះ​ដែរ៕

XS
SM
MD
LG