លិខិត៖ ​រដ្ឋមន្ត្រី​ស្នើ​ឱ្យ​លោក ​ហ៊ុន សែន ​ទប់​ស្កាត់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប

រូបភាព​ឯកសារ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៅ​ក្នុង​​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

លិខិត​មួយ​ដែល​គួរ​ឲ្យ​ជឿ​ថា​ជា​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ស្នើ​ឱ្យ​លោក​ ហ៊ុន សែន​ ទប់​ស្កាត់​កុំ​ឲ្យ​​សហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប។

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ប៉ាន សូរស័ក្តិ​ ​កាល​ពី​ដើម​ខែ​ធ្នូ​ ​បាន​ផ្ដល់​ប្រឹក្សា​តាម​រយៈ​លិខិត​មួយ​ផ្ញើ​ជូនលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ឱ្យ​លោក​រិះ​រក​វិធី​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​កុំ​ឱ្យ​សហភាព​អឺរ៉ុបព្យួរ​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញរបស់​កម្ពុជា។ នេះ​បើ​តាម​លិខិត​មួយ​ដែល​គេ​ចែក​ចាយ​តាម​បណ្តាញ​សង្គម​នា​ដើម​សប្តាហ៍​នេះ។​

អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ក្រសួង​ពាណិជ្ជកម្ម​មិន​បាន​បញ្ជាក់​ពី​នីត្យានុកូលភាព​របស់​លិខិត​ខាង​លើ​ថា ​ពិត​ជាលិខិតរបស់​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី​មែន​ ឬ​យ៉ាង​ណា​នោះ​ទេ។​ ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថ្លែង​ថា ​លិខិត​នោះ​ទំនង​ជា​ត្រឹមត្រូវ។​

យោង​តាមលិខិត​នោះ ដែល​ចុះ​ថ្ងៃ​ទី​៤ ​ខែ​ធ្នូ​នេះ ​ហើយដែល​ទើប​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម ​Twitter ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ​លោក​រដ្ឋមន្ត្រី ​ប៉ាន់ ​សូរស័ក្តិ ​បាន​រាយ​ការណ៍​លម្អិត​អំពី​ទិន្នន័យ​ទីផ្សារ​ និង​សារៈសំខាន់នៃការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​ និង​អឺរ៉ុប ​ជូន​លោក ​ហ៊ុន ​សែន ​ដែល​កំពុង​ស្ថិត​ក្នុង​ការប្រឈមនឹង​ការ​គំរាម​ព្យួរ​ការ​អនុគ្រោះ​ពន្ធលើ​ទីផ្សារ​នាំ​ចេញ​ ​និង​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​របស់​លោក។​

ទំព័រ​ទី​១​នៃលិខិត​មួយ​ដែល​ត្រូវ​ចែកចាយ​តាម​បណ្តាញ​សង្គម​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៧ ​ដែល​គួរ​ឲ្យ​ជឿ​ថា​ជា​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ស្នើ​ឱ្យ​លោក​ ហ៊ុន សែន​ ទប់​ស្កាត់​កុំ​ឲ្យសហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ​។ (បណ្តាញ​សង្គម)

ទំព័រ​ទី​២​នៃលិខិត​មួយ​ដែល​ត្រូវ​ចែកចាយ​តាម​បណ្តាញ​សង្គម​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៧ ​ដែល​គួរ​ឲ្យ​ជឿ​ថា​ជា​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ស្នើ​ឱ្យ​លោក​ ហ៊ុន សែន​ ទប់​ស្កាត់​កុំ​ឲ្យសហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ​។ (បណ្តាញ​សង្គម)

លិខិត​នោះ​បង្ហាញ​ថា ​តាម​រយៈ​ក្របខណ្ឌ​អនុគ្រោះ​ពន្ធ​គយ ​កម្ពុជា​មិន​បាន​បង់​ប្រាក់សូម្បី​តែ​មួយ​កាក់​មួយ​សេន​ជា​លុយ​ពន្ធ​ សម្រាប់​ការ​នាំ​ចូល​ទំនិញ​សព្វ​សារពើ​ចូល​ទៅ​កាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប​ ដែល​តម្លៃ​សរុប​ជា​ទឹក​ប្រាក់​ចំនួន​៦.២៥៩​លាន​ដុល្លារ​អាមេរិក ​ពេញ​មួយ​ឆ្នាំ​២០១៦។

ដោយ​ឡែក​សម្រាប់​ទីផ្សារ​អាមេរិក​វិញ ​លិខិត​នោះបាន​រាយ​ការណ៍​ជូន​នាយក​រដ្ឋ​មន្ត្រី​ថា​ ក្នុង​ឆ្នាំ​២០១៦ ​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ក្នុង​តម្លៃ​២.៩១៦​លាន​ដុល្លារ​អាមេរិក ​ហើយ​ត្រូវ​បង់​ពន្ធ​ក្នុង​អត្រា​១២% ​ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​៣០០​លាន​ដុល្លារ ​ព្រោះ​ថា​ «សហ​រដ្ឋ​អាមេរិក​មិន​បាន​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ ដូច​សហភាព​អឺរ៉ុប​ឡើយ»។​

លិខិត​នេះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖​

«ប្រសិន​ជា​សហភាព​អឺរ៉ុប​តម្រូវ​ឱ្យ​កម្ពុជា​បង់​ពន្ធ​នាំ​ចូល​នោះ ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​គិត​ជា​មធ្យម​មានរហូត​ដល់​៦៧៦​លាន​ដុល្លារ​អាមេរិក ​ក្នុង​មួយ​ឆ្នាំ ​ដែល​ផលិត​កម្ម​ទំនិញ​នាំ​ចេញ​ទាំង​នេះ​ប្រើ​ប្រាស់កម្មករ​ប្រមាណ​៤០​ម៉ឺន​នាក់»។​

លិខិត​ដែល​គេ​ជឿ​ថា​ជា​របស់​លោក​រដ្ឋមន្រ្តី ​ប៉ាន សូរស័ក្តិ​ បាន​បន្ត​ទៀត​ថា​ កន្លង​មក​សហភាព​អឺរ៉ុប​ក៏​ធ្លាប់​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ដល់​បណ្ដា​ប្រទេស​មួយចំនួន​ដែល​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ដូច​ជា​ប្រទេស​មីយ៉ាន់ម៉ា ​ប្រទេស​ស៊ូដង់ ​ប្រទេស​ស្រីលង្កា ​និង​ប្រទេស​បេឡារុស​ជា​ដើម។ ​លិខិត​បាន​ផ្ដល់​ជា​យោបល់​ថា៖​

«ដើម្បី​ទប់​ស្កាត់​ការ​សម្រេច​ព្យួរ​សម្បទាន​ពន្ធ​គយ​លើ​គ្រប់​មុខ​ទំនិញ​ដោយ​សភា​អឺរ៉ុប​ជាយថាហេតុ​ កម្ពុជាគួរ​បញ្ចុះ​បញ្ចូល​ (lobby) ​បណ្ដា​ប្រទេស​ជា​មិត្ត​ដែល​ជា​សមាជិក​សហ​ភាព​អឺរ៉ុប ​តាម​រយៈ​បណ្ដាញ​ការ​ទូត​ ​និង​ពាណិជ្ជ​កម្ម​ ព្រោះ​សហភាព​អឺរ៉ុប​ច្រើន​មាន​ភាព​ទន់​ភ្លន់ ​និង​យោគ​យល់​ដល់​ស្ថានភាព​របស់​កម្ពុជា»។​

កម្ពុជា​កំពុង​រង​ការ​ព្រមាន​ជា​បន្ត​បន្ទាប់​ពី​សំណាក់​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​ថា​ ភាព​អនុគ្រោះពន្ធ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​ទាំង​ពីរ ​អាច​នឹង​ត្រូវ​បាន​ព្យួរ​ចោល ​បើ​សិន​ជា​រដ្ឋអំណាច​ខ្មែរ​មិន​ធ្វើ​ការ​បក​ត្រឡប់​បែរ​ក្រោយ​ស្ដារ​ស្ថានការណ៍​នយោបាយ​ដែល​ឈាន​ដល់​សភាព​ទុំ​ជោរ​ទេ​នោះ។​

​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​ប្រតិកម្ម​នឹង​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ ដ្បិត​រដ្ឋាភិបាលគណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ប្ដឹង​ផ្ដល់​នៅ​តុលាការ​កំពូល​រហូត​ឈ្នះ​ក្ដី​ក្នុង​ការ​រំលាយ​អង្គ​ការ​ចាត់តាំង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គូ​ប្រជែង​ដ៏​ស្រួច​ស្រាល់​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ថ្មីៗ​នេះ​ បូក​រួមនឹង​ការ​ដេញ​អ្នក​នយោបាយ​បក្ស​ជំទាស់​ចេញ​ពី​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ ​និង​ការ​ចាប់​លោក ​កឹម ​សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​ ដោយ​ប្រឈម​បទ​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​

​ទាក់​ទិន​នឹង​លិខិត​ដែល​គេ​ចែក​ចាយ​តាម​បណ្តាញ​សង្គម​ ​លោក ​ស៊ាង ​ថៃ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​ ​និង​លោក ​ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ សុទ្ធ​តែ​បាន​និយាយ​ថា ​ពួក​លោក​មិន​អាច​បញ្ជាក់​បានទេ​ ថាលិខិត​ខាង​លើ​នេះ​ពិតជា​លិខិត​របស់​លោក​រដ្ឋ​មន្ត្រី​ឡើយ។​

ដោយ​ឡែក​លោក​ សុខ ​ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បញ្ជាក់​ តាមរយៈការ​ពិនិត្យរបស់​លោក​ថា​ លិខិត​ខាង​លើ​ជា​លិខិត​ពិត​នៅ​ត្រង់​ចំណុច​ជា​ច្រើន។ ​លោក​បាន​ប្រាប់​ VOA​ ថា៖​

«ខ្ញុំ​គិត​ថា​ ពិត​ភាគ​ច្រើន​ហើយ ​ទោះ​បី​ខ្ញុំ​មិន​បាន​ដឹង​ពី​ឯក​ឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​តែ​ខ្ញុំ​យល់​ថា​ វាជា​ការណ៍​ពិត»។​

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​និង​លោក​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ​ប៉ាន់ ​សូរ​ស័ក្តិ ​មាន​វត្តមាន​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​នៅ​តំបន់​កោះ​ពេជ្រ​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃទី១៥ ​ខែធ្នូ ​ឆ្នាំ២០១៧។ ​(រូប​ថត៖ ​ក្រសួង​ពាណិជ្ជ​កម្ម)​

ដោយ​ឡែក​ ​លោក​បណ្ឌិត ​Bradley ​Jansen ​Murg ​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នយោបាយ​ នៅ​សាកល​វិទ្យាល័យ ​Seattle Pacific ​University ​សហរដ្ឋ​អាមេរិក ​និយាយ​ថា​ ខណៈ​ដែល​ភាព​មិន​ប្រាកដ​ប្រជា ​ក៏​ដូច​ជា​ដំណើរវិវត្តន៍​ទៅ​រក​ទណ្ឌកម្ម​ពី​សំណាក់​លោក​ខាង​លិច ​កាន់​តែ​រន្ថើន​ឡើង​ វា​កាន់​តែ​ជា​ពេល​សំខាន់​ក្នុង​ការ​ប្រាប់រាជ​រដ្ឋាភិបាល​កម្ពុជា​ថា ​ដល់​ពេល​ធ្វើ​ពិពិធកម្ម ​ពង្រីក​មុខ​ព្រួញ​ទិស​ដៅ​ទីផ្សារ​នាំ​ចេញ​ហើយ។​

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បាន​ប្រាប់​ VOA​ តាម​សារ​អេឡិចត្រូនិក​ថា៖​

«ខ្ញុំ​ពិត​ជា​មាន​មន្ទិល​ជា​ពន់​ពេក​ ថា​តើ​មាន​ទម្រង់​ណា​មួយ​នៃ​ការ ​Lobby​ បញ្ចុះបញ្ចូល​ទៅ​លើ​បណ្ដា​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ដែល​នឹង​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្វែរ​ទិសដៅ​នៃ​ដំណើរ​វិវត្តន៍​ទៅ​រក​ទណ្ឌកម្ម។ ​នៅ​ទី​បំផុត​ទៅ ​សហភាព​អឺរ៉ុប​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ត្រូវ​ចាត់​វិធានការ​ ហើយ​ក្នុង​នាម​ជា​ប្រទេស​តូច​មួយ ​កម្ពុជា​មិន​មាន​អ្វី​ច្រើន​នោះ​ទេ ​ដើម្បី​ត​ថ្លៃ​[បញ្ចុះ​បញ្ចូល​ដើម្បី​បញ្ឈប់​ការ​មក​ដល់​នៃ​ទណ្ឌ​កម្ម​មក​លើខ្លួន»។​

ចាប់​តាំង​ពី​ថ្ងៃ​ផ្ញើ​លិខិត​នោះ​មក​ ​សហភាព​អឺរ៉ុប​បាន​សម្រេច​ផ្ដាច់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​ដោយ​សំអាងហេតុ​ផល​ថា ​បើ​ពុំ​មាន​វត្ត​មាន​ចូល​រួម​របស់​គណបក្ស​ជំទាស់​នោះ​ទេ​ ​គេ​ពិបាក​នឹង​ជឿ​លើភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​ឆ្នាំ​ក្រោយ​ណាស់។​

ដោយ​ឡែក​សភា​អឺរ៉ុប​ដែល​ជា​ស្ថាប័ន​មួយ​ផ្សេង​ទៀត​នៃ​សហភាព​អឺរ៉ុប​បាន​បោះ​ឆ្នោត​អនុម័តសេចក្ដីសម្រេច​មួយ​កាល​ពី​សប្ដាហ៍​មុន ​ស្នើ​ឱ្យ​មាន​ការព្យួរ​ការ​អនុគ្រោះ​ពន្ធ​ពី​សំណាក់​ប្លុក​ដែល​មាន​២៨ប្រទេស​ ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​ចូល​ទៅ​ទីផ្សារ​របស់​ខ្លួន ​បើ​សិន​ជា​មិន​មាន​សញ្ញា​ណា​មួយ​ដែល​ថា រដ្ឋា​ភិបាល​កម្ពុជា​នឹង​បែរ​ក្រោយ ​និង​បន្ធូរ​បន្ថយ​នូវ​សកម្មភាព​បង្ក្រាប​ផ្នែក​នយោបាយ​ទេ​នោះ។​

ឆ្លើយតប​នឹង​វិធាន​ការ​របស់​សភា​អឺរ៉ុប ​លោក​ ​ហ៊ុន សែន​ ​មិន​បាន​បង្ហាញ​សញ្ញា​ណា​មួយ​ដែល​ថា ​លោក​នឹង​រាថយ​នោះ​ទេ។ ​លោក​បបួល​បណ្ដារដ្ឋ​បរទេស​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​រាល់​មន្ត្រីខ្មែរ​ណា​ដែល​មាន​ប្រាក់​នៅ​ក្រៅ​ប្រទេស ​តែ​លោក​បាន​លើក​ទឹកចិត្ត​ដល់​អតីត​មន្ត្រី​បក្ស​ជំទាស់​ឱ្យ​បង្កើត​គណបក្ស​ថ្មី​ ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕