អាជ្ញាធរនិងក្រុមអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តពីរជាប់តំបន់ឆ្នេររបស់កម្ពុជាគឺខេត្តព្រះសីហនុ និងខេត្តកោះកុង បានលើកឡើងថា ខ្លួនកំពុងត្រៀមលក្ខណៈរៀបចំទទួលការមកដល់នៃភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចរាល់មកពីក្រៅប្រទេស ដើម្បីមកកម្សាន្តនិងទស្សនាដែលនឹងចាប់ផ្ដើមពីដំណាច់ខែវិច្ឆិកានេះតទៅ។
រដ្ឋាភិបាលកម្ពុជាបានកំណត់យក«ក្រុងកោះរ៉ុង»និង«ក្រុងព្រះសីហនុ»នៃខេត្តព្រះសីហនុ និងតំបន់អភិវឌ្ឍន៍«តារាសាគរ»របស់ចិននៅស្រុកបទុមសាគរ នៃខេត្តកោះកុងសម្រាប់សាកល្បងក្នុងការទទួលភ្ញៀវទេសចរវ៉ាក់សាំងនេះចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះតទៅ។
ចំពោះគម្រោងទេសចរណ៍វ៉ាក់សាំងតំបន់ឆ្នេរនេះភ្ញៀវទេសចរដែលមកពីបរទេសចូលមកភូមិសាស្ត្រកំណត់ខាងលើ មិនចាំបាច់ធ្វើចត្តាឡីស័កនិងអាចដើរកម្សាន្តបានក្នុងតំបន់ទាំងនោះប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន។
ដោយឡែកអ្នកដំណើរដែលចូលមកកម្ពុជាជាទូទៅតែមិនប្រាថ្នាចូលមកតំបន់ទាំងបីខាងលើគឺត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កដូចដែលក្រសួងសុខាភិបាលបានកំណត់កាលពីពាក់កណ្តាលខែតុលាកន្លងទៅដដែល។
បើយោងតាមអ្នកនាំពាក្យក្រសួងទេសចរណ៍គម្រោងទេសចរណ៍វ៉ាក់សាំងតំបន់ឆ្នេរនេះត្រូវបានផ្ដួចផ្ដើមឡើងដើម្បីលើកស្ទួយជំរុញវិស័យទេសចរណ៍និងវិស័យសេដ្ឋកិច្ចឡើងវិញដើរចេញពីវិបត្តិកូវីដ១៩ ខណៈវិសាលភាពនៃការចាក់វ៉ាក់សាំងនៅកម្ពុជាបានសម្រេចជាង៨៥ភាគរយ។
លោក សុខ សុទ្ធី អភិបាលរងខេត្តខេត្តកោះកុងបានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាខេត្តកោះកុងត្រៀមលក្ខណៈរួចរាល់ហើយតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការទទួលភ្ញៀវទេសចរវ៉ាក់សាំងនេះដែលអាចមកស្នាក់នៅក្នុងតំបន់តារាសាគរ និងកន្លែងផ្សេងទៀត។
លោកបញ្ជាក់ថា៖ «និយាយរួមបើកនៅតារាសាគរ កន្លែងផ្សេងៗ[ដែល]ជាកន្លែងអេកូទេសចរណ៍ធម្មតា ក៏យើងរៀបចំដូចគ្នាអញ្ចឹងដែរ»។
លោកបន្ថែមថា៖ «ខាងយើងឧបមាគាត់[ភ្ញៀវទេសចរវ៉ាក់សាំង]មកប៉ុន្មានថ្ងៃឲ្យគាត់នៅក្នុងតំបន់ទេសចរណ៍ដែលគាត់ស្នាក់នៅហ្នឹងហ្ហា។ បើគាត់ចប់មុនថ្ងៃហ្នឹងគាត់ចេញទៅខេត្តផ្សេងវាជាសមត្ថកិច្ចរបស់ខេត្តផ្សេង»។
ចំណែកលោកឃាងភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុមិនទាន់អាចបញ្ជាក់បានទេ ថានឹងត្រូវបែងចែកយ៉ាងដូចម្តេចចំពោះការមកលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរឬភ្ញៀវទេសចរទូទៅនិងភ្ញៀវទេសចរវ៉ាក់សាំងក្នុងក្រុងព្រះសីហនុនេះដោយលោកថាកំពុងរង់ចាំការណែនាំពីក្រសួងទេសចរណ៍បន្តទៀត។
លោក តុប សុភ័គ អ្នកនាំពាក្យក្រសួងទេសចរណ៍បាននិយាយថា រដ្ឋបានសម្រេចយកតំបន់មួយចំនួនក្នុងខេត្ត២នេះធ្វើជាកន្លែងទទួលភ្ញៀវទេសចរវ៉ាក់សាំងដោយសារតែអត្រានៃអ្នកការចាក់វ៉ាក់សាំងបានល្អនិងងាយស្រួលក្នុងការគ្រប់គ្រង ប្រសិនបើមានហានិភ័យណាមួយកើតឡើង។
លោកថ្លែងថា៖ «ទី១ទីតាំងជាទីកន្លែងដែលងាយស្រួលក្នុងការគ្រប់គ្រងហានិភ័យ ក្នុងករណីប្រការណាមួយ ទី២...ហេដ្ឋារចនាសម្ព័ន្ឋនៅខេត្តព្រះសីហនុគឺអាចនិយាយបានថាមានលក្ខណៈទំនើបដោយរាជរដ្ឋាភិបាលបានច្រើននៅតំបន់នៅអញ្ចឹងយើងចង់បង្ហាញអន្តរជាតិឲ្យបានឃើញពីការអភិវឌ្ឍនៅខេត្តព្រះសីហនុនោះហើយចំណុចទី៣គឺពាក់ព័ន្ធការចាក់វ៉ាក់សាំងនៅខេត្តព្រះសីហនុនេះគឺមានការគ្រប់គ្រង់បានល្អ ជាពិសេសគឺមូលដ្ឋានអាជីវកម្មទាំងអស់ដែលបម្រើការងារក្នុងវិស័យទេចរណ៍គឺបានចាក់វ៉ាក់សាំងគ្រប់ចំនួន»។
រដ្ឋាភិបាលបានអនុញ្ញាត ភ្ញៀវក្នុងគម្រោងទេសចរណ៍វ៉ាក់សាំងនៅខេត្តទាំងពីរនេះអាចដើរកម្សាន្តដោយសេរីចំនួន៥ថ្ងៃនៅពេលថ្ងៃដំបូងដែលមកដល់ប្រទេសកម្ពុជា ប៉ុន្តែមានការធ្វើតេស្ដរហ័សនៅថ្ងៃមកដល់ដំបូង ហើយនៅថ្ងៃទី៤ត្រូវធ្វើតេស្ត PCR ដើម្បីបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ មុននឹងអាចចេញទៅតំបន់ផ្សេងក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមក្រសួងទេសចរណ៍ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០១ ខែវិច្ឆិកា។
ក្រសួងទេសចរណ៍ បានឲ្យដឹងទៀតថា ភ្ញៀវទេសចរមកតំបន់សុវត្ថិភាពនេះ មិនមានតម្រូវឱ្យមានកក់ប្រាក់នោះទេ ដែលការចំណាយត្រូវធ្វើកិច្ចសន្យាផ្ទាល់ជាកញ្ចប់ជាមួយក្រុមហ៊ុនទេសចរណ៍ឬជាមួយសណ្ឋាគារក្នុងតំបន់សុវត្តិភាព ប៉ុន្តែត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងឯកសារតេស្ត៧២ម៉ោងមុនមកដល់កម្ពុជាបង់ថ្លៃធានារ៉ាប់រងចំនួន៩០ដុល្លារដើម្បីដណ្ដប់លើការចំណាយព្យាបាលជំងឺកូវីដ១៩ក្នុងករណីរកឃើញមានតេស្ដវិជ្ជមាន។
អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះក៏បានឲ្យដឹងទៀតថា ខេត្តសៀមរាបនឹងបើកដំណើរការក្នុងឆ្នាំ២០២២ខាងមុខហើយប្រសិនបើការសាកល្បងក្នុងដំណាក់កាលដំបូងនេះទទួលជោគជ័យ នោះតំបន់មួយចំនួនទៀតនឹងបើកបន្តបន្ទាប់។
កាលពីថ្ងៃទី១៨ខែតុលារដ្ឋាភិបាលបានកំណត់ឲ្យអ្នកដំណើរចូលមកប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចរាល់ ត្រូវធ្វើចត្តាឡីស័កនៅកន្លែងរៀបចំដោយអាជ្ញាធរយ៉ាងយូរត្រឹមតែ៧ថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្តែតម្រូវឲ្យអ្នកដំណើរជនជាតិខ្មែរនិងជនជាតិបរទេសកក់សណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័ក និងត្រូវបង្ហាញឯកសារពាក់ព័ន្ធ ដូចជាវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ១៩ បណ្ណចាក់វ៉ាក់សាំង ឯកសារកក់សណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័ក និងបណ្ណធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ១៩ពីក្រុមហ៊ុនធានារ៉ាប់រងហ្វតតេជាដើម។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាអ្នកស្រី ឆាយ ស៊ីវលីន បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញឲ្យចូលមកកម្ពុជាជាការប្រសើរដែលអាចជួយសង្រ្គោះវិស័យទេសចរណ៍ឡើងវិញទាន់ពេលវេលាក្រោយវិស័យនេះត្រូវបានទទួលរងផលប៉ះពាល់អស់រយៈពេល២ ឆ្នាំមកហើយ។
ទន្ទឹមនឹងនេះអ្នកស្រី ស៊ីវលីន ក៏ស្នើសុំឲ្យមានការបើកទូលាយជើងហោះហើរនិងកំណត់បណ្ដាញហោះហើរឲ្យបានច្បាស់លាស់ចាប់ពីពេលនេះទៅដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរវ៉ាក់សាំងឲ្យអស់ពីលទ្ធលភាព។
អ្នកស្រីបញ្ជាក់ថា៖ «ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះយើងអត់ទាន់ទទួលបានថាតើការប្រកាសរបស់ជើងហោះហើរហ្នឹង[តើ] គាត់ហោះហើរយ៉ាងដូចម្តេច? ដើម្បីឲ្យ[សហ]ការីទេសចរណ៍យើងអាចDesign [បង្កើត] កញ្ចប់ខ្សែទស្សនកិច្ចនឹងឲ្យស្របទៅតាមហ្នឹងដែរព្រោះថាគឺការដែលធ្វើខ្សែទស្សនកិច្ចហ្នឹងគឺត្រូវការម៉ោងពេលហោះម៉ោងពេលចុះ។ អញ្ចឹងទើបយើងអាចលៃលកការចំណាយរបស់ភ្ញៀវហ្នឹងបានយើងដាក់តម្លៃទៅតាមកញ្ចប់នឹងបាន។ ប្រសិនបើគាត់អត់ដាក់ [ការកំណត់ពេលវេលាជើងហោះហើរ]ទេអ៊ីចឹងយើងនៅរងចាំអ៊ីចឹងធ្វើឲ្យយើងខាតពេល»។
លោក តុប សុភ័គ មិនបានបញ្ជាក់ច្បាស់នោះទេ ចំពោះសំណួររបស់វីអូអេអំពីប្រភពនៃភ្ញៀវទេសចរដែលអាចនឹងមកដល់ខណៈដែលប្រទេសចិនមិនទាន់បើកចំហឱ្យពលរដ្ឋខ្លួនអាចធ្វើដំណើរមកកម្សាន្តនៅក្រៅប្រទេសបានដោយសេរីវិញនៅឡើយ។ចិនជាទីផ្សារភ្ញៀវទេសចរធំជាងគេរបស់កម្ពុជា នៅមុនវិបត្តិកូវីដ១៩។
លោក ចិន ដារ៉ា ដែលបានបម្រើការជាបុគ្គលិកផ្នែកទទួលកក់បន្ទប់របស់ Mafiya Resort Cambodia ដែលស្ថិតក្នុងកោះរ៉ុងបានប្រាប់វីអូអេឲ្យដឹងថាការបើកដំណើរការទេសចរណ៍ក្នុងខេត្តព្រះសីហនុនេះជាការល្អដើម្បីអាចឲ្យអាជីវកម្មផ្ទះលំហែនិងសណ្ឋាគារអាចនឹងទទួលភ្ញៀវបានមួយចំនួនឡើងវិញចំពោះភ្ញៀវដែលបានចាក់វ៉ាក់សាំងរួចខណៈដែលអាជីវកម្មនេះបានរងផលប៉ះពាល់ប្រមាណ២ឆ្នាំមកហើយ។
លោកថ្លែងថា៖ «ឲ្យតែភ្ញៀវគាត់មានបណ្ណចាក់វ៉ាក់សាំងហើយបើកវិញទៅ ខ្ញុំគិតថាល្អហើយពីព្រោះយើងមានបញ្ហាហ្នឹងយូរហើយ»។
Mafiya Resort ជាកម្មសិទ្ធិរបស់លោកឧកញ៉ាទៀ វិចិត្រ ក្មួយប្រុសលោកទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជា។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានប្រាប់វីអូអេថារដ្ឋាភិបាលត្រូវតែរឹតបន្តឹងការអនុវត្តវិធានការក្នុងការគ្រប់គ្រងជំងឺកូវីដ១៩នេះឲ្យបានតឹងរ៉ឹងបំផុតជាពិសេសត្រូវហ៊ានដាក់ទោសទណ្ឌ ឬដកតួនាទីមន្ត្រីណាដែលប្រព្រឹត្តនូវកំហុស ឬល្មើសនូវវិធានការដែលបានដាក់ចេញនេះ។លោកមានការព្រួយបារម្ភប្រសិនបើការគ្រប់គ្រងវិធានការការពារជំងឺកូវីដ១៩នេះមិនបានល្អ នោះវានឹងបង្កជាហានិភ័យដ៏ខ្លាំងខ្លាដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។
លោកថ្លែងថា៖ «រឿងដែលសំខាន់បំផុតបារម្ភខ្លាចថាតើអាចគ្រប់គ្រងបានទេ កុំឲ្យមានការចេញមុនរយៈពេលកំណត់ទេ...។រឿងវិធានការខ្ញុំឃើញការដាក់ចេញគោលការណ៍ល្អប៉ុន្តែតើការអនុវត្តអាចនឹងធ្វើទៅបានម៉ដ្ឋចត់ទេ? នេះជារឿងសំខាន់ដែលយើងត្រូវគិត»។
វីអូអេមិនទាន់អាចទាក់ទងអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយដើម្បីសុំការបំភ្លឺអំពីវិធានការសុខាភិបាលគ្រប់គ្រងការចេញចូលតំបន់ទេសចរណ៍វ៉ាក់សាំងតំបន់ឆ្នេរនេះ។
បើតាមតួលេខផ្ដល់ឱ្យដោយនាយកដ្ឋានស្ថិតិនិងព័ត៌មាននៃក្រសួងទេសចរណ៍ ពីខែមករាដល់ខែសីហាឆ្នាំ២០២១នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរពីក្រៅប្រទេសប្រមាណ១២ម៉ឺននាក់ដែលមានការថយចុះ៩០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នាយកដ្ឋានស្ថិតិដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល៨ខែដដែលនេះដែរ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងមានសរុបជាង២លាន២សែននាក់ថយចុះ៥១ភាគរយក្នុងនោះមានភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរកម្សាន្តក្នុងស្រុកមានប្រហែល១៥ម៉ឺននាក់ថយចុះ៩១ភាគរយ៕