អង្គការ​សង្គមស៊ីវិល​ថា​ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ធ្លាក់ចុះ

ពលរដ្ឋ​ប្រឈម​ជាមួយ​នឹង​ប៉ូលីស

ភ្នំពេញ៖ ក្រុម​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ឋិ​មនុស្ស​បាន​រក​ឃើញ​ថា​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ឆ្នាំ​២០១២​នេះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ​បើ​ទោះបី​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរ​ជាតិ​ក៏​ដោយ។​
ការ​ធ្លាក់​ចុះ​នៃ​សេរីភាពក្នុង​ការ​បញ្ចេញ​មតិ​នេះ​ត្រូវ​បាន​មន្ត្រី​អង្កការ​សង្គម​ស៊ី​វិល​ទាំង​នោះ​លើក​យក​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ​ដែល​រួម​មាន​ការ​បាញ់​សម្លាប់​លោក ឈុត​ វុទ្ឋី មន្ត្រី​ការ​ពារ​បរិស្ថាន​ដ៏​សកម្ម​មួយ​រូប​កាល​ពី​ខែ​មេសានៅ​ក្នុង​ខេត្ត​កោះកុង ការ​ចាប់​ខ្លួន​លោក​ម៉ម សូណង់​ដូ​ នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ដាក់​ពន្ឋនាគារ​ ការ​ចេញ​ដិការ​កោះ​ហៅ​លោក ចាន់ សាវ៉េត​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ឋិ​មនុស្ស​របស់​អង្កការ​អាដ​ហុក​ពាក់​ព័ន្ឋ​នឹង​ការ​ផ្តល់​ជំនួយ​ដល់​ចារី​ និង​លោក​រ៉ុង ឈុន​ ប្រធាន​សមាគមន៏​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​និង​ចុ​ងក្រោយ​គេ​ការ​បាញ់​សម្លាប់​លោក​ហង្ស សេរី​ឧត្តម​ អ្នក​កាសែត​វរជន​ក្នុង​ខេត្ត​រតនៈគីរី។​
លោក​អ៊ូ​ វីរះ​ ប្រធាន​មជ្ឃមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​តុមូលស្តីពី«សិទ្ឋិ​ការពារ​សិទ្ឋិ​មនុស្ស​និង​សេរី​ភាព​បញេ្ចញ​មតិ​» ដែល​ត្រូវ​បាន​រៀប​ចំឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨ ខែ កញ្ញា នេះថា វប្បធម៌​នៃភាព​ភ័យខ្លាច និង​និទណ្ឌភាព​នៅ​កម្ពុជា​កំពុង​តែ​រីក​រាល​ដាល​យ៉ាង​ខ្លាំង។​លោក​បាន​បញ្ជាក់​ថា ​គណ​បក្ស​ប្រជាជន​បាន​គ្រប់​គ្រង ​និង​គាប​សង្កត់​ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​ភាគ​ច្រើន​ថែម​ទាំង​កំហិត​ការ​ផ្តល់​អាជ្ញាបណ្ណ​ដល់​បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​រដ្ឋា​ភិបាល​តែ​ប៉ុណ្ណោះ​។​
«​រាល់​ថ្ងៃ​នេះ​យើង​ទទួល​ស្គាល់​ថា វាមាន​បញ្ហា​ច្រើន​ហើយ​បញ្ហា​នេះ​បណ្តាល​មក​ពី​របៀប​គ្រប់​គ្រង​អត់​ណែន ​និង​ដោយសារ​តុលាការ​ជា​ស្ថាប័ន​មួយ​មិន​ទាន់​មាន​ប្រសិទ្ឋភាព​ទេ​»។​
ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ឋី​ សកម្មជន​ការ​ពារ​ព្រៃ​ឈើ​កាល​ពី​ប្រាំមួយ​ខែកន្លង​មក​នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​រក​ឃើញ​ឃាតករ​ពិត​ប្រាកដ​ទៅ​ផ្តន្ទាទោស​នៅ​ឡើយ​ទេ​បន្ទាប់​ពី​តុលាការ​បាន​កោះ​ហៅ​មនុស្សប្រមាណ​ប្រាំពីរនាក់មក​សាក​សួរ ​ហើយ​តុលាការ​គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ។​
លោក​អំ សំអាត​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ឋិ​មនុស្ស​របស់​អង្កការ​លី​កា​ដូ​បាន​និយាយ​ថា​ឆ្នាំ​២០១៣​ខាង​មុខ​កម្ពុជា​និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​សកល។​ដូច្នេះ​សិទ្ឋិ​សេរីភាព​និង​ការ​បញ្ចេញ​មិតិ​ផ្សេងៗ​ត្រូវ​បាន​រិត​ត្បិត​ដោយ​សារ​តែ​វា​អាច​ពាក់​ព័ន្ឋ​និង​ការ​ទាញ​យក​សម្លេង​ឆ្នោត​ផង​ដែរ។​
«​អញ្ចឹង​យើង​គួរ​តែ​បង្ហាញ​នូវ​ឆន្ទៈ​ណា​មួយ​ដែល​គិត​ថា​កម្ពុជា​ជា​ប្រទេស​ដែល​ប្រកាន់​លិទ្ឋិ​ប្រជាធិបតេយ្យ​ពិត​បា្រកដ គោរព​សិទ្ឋិ​មនុស្ស បើក​សិទ្ឋិ​សេរី​ភាព​បើ​សិទ្ឋិ​សេរីភាព​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ​។​ពី​ព្រោះ​បើ​មិន​អញ្ចឹង​ទេ​និង​មាន​ការ​រិះ​គន់​ជា​បន្តទៀត»។​
អ្នក​ស្រី​ទេព វន្នី​ដំណាង​អ្នក​ភូមិ​បឹង​កក់​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​តុមូល​ស្តី​ពី​សិទ្ឋិ​មនុស្ស​បាន​និយាយ​ថា​មាន​សម្មជន​តវ៉ា​ដី​ធ្លី​របស់​អ្នក​ភូមិ​បឹង​កក់​ចំនួន​១៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋា​ភិបាល​ចាប់​ដាក់​ពន្ឋ​នាគារ។ អ្នក​ស្រី​បាន​និយា​យ​ថា​នៅ​កម្ពុជា​បច្ចុប្បន្ន​សិទ្ឋិ​សេរី​ភាព​ក្នុង​ការ​ការពារ​ដី​ធ្លី​និង​ផ្ទះ​សម្បែង​របស់​ខ្លួន​ឯង​មិន​មាន​ទេ​ដោយ​សារ​តែ​អ្នក​ភូមិ​បឹងកក់​ប្រៀប​បី​ដូច​ជា​បន្លា​នៅ​ក្នុង​បេះ​ដូង​ថ្នាក់​ដឹកនាំ។​
«គេ​តែង​តែ​ប្រើ​ប្រាស់​ដូច​ជា​ប្រព័ន្ឋ​តុលាការ​មក​គាប​សង្កត់​បំបិទ​សិទ្ឋិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហើយ​គេ​បំភិត​បំភ័យ​ហើយ​បំបាក់​ស្មារតី​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យពួក​យើង​ហ្នឹង​ចេះ​ក្លាហាន​ហ៊ាន​តវ៉ា​រឿង​ដី​ធ្លី​និង​សិទ្ឋិ​រស់​រាន​មាន​ជី​វិត​របស់​យើង​តែ​ម្តង»។​
លោក​ផៃ​ ស៊ី​ផាន​អ្នក​នាំពាក្យ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​មាន​ចា្រន​ចោល​ចំពោះ​ការ​លើក​ឡើង​នេះ។​លោក​បាន​និយាយ​ថា​សេរី​ភាព​បញ្ចេញមិតិ​មិន​ត្រូវ​ធ្វើ​អ្វីឲ្យ​លើស​ពី​សំណាញ់​ច្បាប់​នោះ​ទេ។
«សេរីភាព​បញ្ចេញ​មតិ​វា​ត្រូវ​វា​ស្ថិត​នៅ​ក្នុង​រង្វង់​ច្បាប់​មួយ​ វា​ស្ថិត​នៅ​ក្នុង​អ្វី​ដែល​ជា​ឥរិយាបទ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​គោ​រព​នូវ​អ្វី​ដែល​ជា​វប្បធម៌​ គោរព​នូវ​គុណ​ភាព​របស់​សង្គម​ក៏​ដូច​ជា​ការ​គោរព​ច្បាប់​នេះ​ឯង​»។​
លោក​ផៃ​ ស៊ី​ផាន​បាន​បញ្ជាក់​ទៀត​ថា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដោយ​យក​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​សម្លាប់ និងចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ជាប់​ពន្ឋនាគារ​ថា​ជា​ការ​ធ្លាក់​ចុះ​នៃ​សិទ្ឋិ​បញ្ចេញ​មតិ​គឺ​មិន​ត្រឹម​ត្រូវ​ទេ៕​