ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ម៉ម សុណង់ដូ ត្រូវ​បាន​ចោទ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ចលនា​អំណាច​ប្រជាពលរដ្ឋ


លោក ម៉ម សុណង់ដូ ក្នុង​សំលៀកបំពាក់​អាវសមាន​ក្រវ៉ាត់ក
លោក ម៉ម សុណង់ដូ ក្នុង​សំលៀកបំពាក់​អាវសមាន​ក្រវ៉ាត់ក
ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​៣ នៃ​សវនាការ​កាត់ក្តី​លើសំណុំរឿង​ពាក់ព័ន្ធ​នឹង​ការផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស​ប្បតិ៍​នេះ​បាន​ភ្ជាប់​ករណី​ថ្មី​មួយ​ទៀត​របស់​លោក​ម៉ម សុណង់ដូ ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោក សួន សេរី​រដ្ឋា ដែល​មាន​មូលដ្ឋា​នៅ​សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ​តុលាការ​បាន​រក្សា​បទចោទ​ប្រកាន់​លោក ម៉ម សុណង់ដូ និង​ជន​ជាប់ចោទ​ផ្សេង​ទៀត​ឲ្យ​នៅ​ដដែល។​
​ការបន្ថែម​ករណី​ថ្មី​ប្រឆាំង​ជំទាស់​នឹង​លោក​ម៉ម សុណង់ដូ នេះ​បាន​កើតមានឡើង​បន្ទាប់ពី​លោក នូ រ៉ា​បូ អនុប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​តុលាការ​ក្នុងនាម​ជា​សាក្សី​សមត្ថកិច្ច​ថា លោក​ម៉ម សុណង់ដូ មាន​ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក។​
​លោក នូ រ៉ា​បូ បាន​លើក​យក​លិខិត​អញ្ជើញ​ចំនួន​ពីរ​ច្បាប់​ដាច់​ដោយឡែកៗ​ពីគ្នា តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ជួបគ្នា​រវាង​លោក​សួន សេរី​រដ្ឋា និង​លោក ម៉ម សុណង់ដូ នៅ​ប្រទេស​ថៃ ព្រម​ទាំង​សេចក្តីថ្លែងការណ៍​ចលនា​អំណាច​ប្រជា​ពលរដ្ឋ​ខ្មែរ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្ក្រាប​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​ថា មាន​លក្ខណៈ​ញុះញង់ និង​មាន​បំណង​រួបរួមគ្នា​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​
​លោក ម៉ម សុណង់ដូ បាន​ប្រាប់​អង្គ​សវនាការ​ថា លោក​ពិតជា​បាន​ចូលរួម​ជាមួយនឹង​លោក សួន សេរី​រដ្ឋា ជាច្រើន​លើក​ក៏​ពិតមែន​នៅ​សហរដ្ឋអាមេរិក ក៏​ប៉ុន្តែ​លោក​ធ្វើ​ក្នុងនាម​ជា​អ្នក​យក​ព័ត៌មាន​តែ​ប៉ុណ្ណោះ។ លោក​បាន​បញ្ជាក់ថា ប្រសិន​ណា​បើ​រដ្ឋាភិបាល​យល់ឃើញ​ថា ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ​បង្កើត​ឡើង​ដើម្បី​ផ្តួរំលំរ​ដ្ឋា​ភិបាល​នោះ ហេតុ​អ្វី​ជា​រដ្ឋាភិបាល​កម្ពុជា​មិន​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ឲ្យ​ចាប់ខ្លួន​លោក​សួន សេរី​រដ្ឋា បញ្ជូន​មក​កម្ពុជា​ដើម្បី​ផ្តន្ទាទោស។​
​លោក ម៉ម សុណង់ដូ បាន​បញ្ជាក់​ថា ជំនួប​រវាង​លោក និង​លោក​សួន សេរី​រដ្ឋា​នៅ​ប្រទេស​ថៃ​គឺ​ដើម្បី​ស្នើ​សុំ​ថវិកា​ក្នុង​ការទិញ​ម៉ា​ស៊ី​ប៉ូ​ម​ទឹក​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ។​
​បន្ទាប់​ពី​បញ្ចប់​សវនាការ​នៅ​ប៉ុន្មាន​ម៉ោង​មុននេះ លោក​ម៉ម សុណង់ដូ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ៖ «លោក​បាន​គាំទ្រ និង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​»​។​
​លោកស្រី ពុង ឈីវហ្គិច នាយិការ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែង​ប្រាប់​វី​អូ​អេ​សំឡេង​សហ​រដ្ឋអាមេរិក​ថា លោកស្រី​មិន​យល់​ថា ហេតុអ្វី​បាន​ជា​តុលាការ​ភ្ជាប់​ករណី​លោក​ម៉ម សុណង់ដូ ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​លោក​សួន សេរី​រដ្ឋា​ទៅវិញ។​
«មិន​យល់​ដែរណា! មិន​យល់​ថា​ហេតុអ្វី​បានជា​មាន​រឿង​ហ្នឹង​មួយ​ចេញ​មក​ថ្មី អីញ្ចឹងទៀត។ ក៏​ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា​លោក សុខ សំអឿន បាន​សួរ​មួយ​ម្តងៗ​ហើយ​។ ឃើញ​ថា​លោក​សុណង់ដូ បាន​បដិសេធ ហើយ​ម្យ៉ាងទៀត​លោក សុខ សំអឿន សួរថា លោក​មើលឃើញ​សេចក្តី​អញ្ជើញ​អញ្ចឹង​ហើយ តើ​លោក​យល់ព្រម​ទេ ហើយ​ឮ​លោក​សុណង់ដូ ថា​មិន​យល់ព្រម»​។​
​លោកស្រី ពុង ឈីវហ្គិច




ក្នុង​សវនាការ​រយៈពេល​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃទី​៣​នេះ តុលាការ​បាន​បញ្ចប់​សួរ​សាក្សី​ចំនួន​២៤​រូប និង​បាន​សម្រេច​មិន​អាន​របាយការណ៍​ចំពោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ថ្មី​មួយ​ទៀត​ចំនួន​១៣​រូប និង​សាក្សី​ចំនួន​៣៦​រូប។
​លោក សុខ សំអឿន មេធាវី​ការពារ​ក្តី​លោក​ម៉ម សុណង់ដូ បាន​និយាយថា នេះ​គឺជា​សិទ្ធិ​របស់​តុលាការ​ក្នុងការ​សម្រេចយក​សំណុំរឿង​ណាមួយ​មក​ជំនុំ​ជម្រះ។​
«និយាយ​រួម​ទៅ វា​អាច​មាន​ចំណេញ​ទាំង​ពីរ​យ៉ាង បន្ទាប់ពី​សវនាការ​ហ្នឹង​ទៅ គេ​ដឹងថា​លោក​ម៉ម សុណង់ដូ មិនមែន​ពាក់ព័ន្ធ​ជាមួយនឹង​លោក​សួន សេរី​រដ្ឋា ទេ។ អាច​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​យល់​ច្រឡំ​ថា ម៉ម សុណង់ដូ ពាក់ព័ន្ធ​ជាមួយ​សួន សេរី​រដ្ឋា ជួន​កាល​សួន សេរី​រដ្ឋា ប្រើ​ឈ្មោះ​ម៉ម សុណង់ដូ ទៅ​ឃោសនា​ប្រជាពលរដ្ឋ។ យើង​អាច​ថា ទាំង​រដ្ឋាភិបាល អាច​ល្អ​ទាំង​លោក​ម៉ម សុណង់ដូ»។
​សវនាការ​ជំនុំ​ជម្រះ​លោក​ម៉ម សុណង់ដូ នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​ព្រហស​ប្បតិ៍​ស្អែក​ទៀត ហើយ​ជន​ជាប់​ចោទ​មាន​រហូត​ដល់​១៤​នាក់ មាន​វត្តមាន​នៅក្នុង​សវនាការ​ចំនួន​១០​នាក់ ក្រៅពី​នោះ​តុលាការ​នឹង​កាត់ទោស​កំបាំង​មុខ ដែល​មាន​សាក្សី​សរុប្រ​មាណជិត​៦០​នាក់៕​
XS
SM
MD
LG