ក្រសួងពាណិជ្ជកម្មកម្ពុជានិងស្ថានទូតចិនប្រចាំនៅភ្នំពេញ អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា (FTA) ត្រូវបានធ្វើឡើងប្រកបដោយអត្ថប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងពាណិជ្ជកម្មកម្ពុជា។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក ចុង ស្សាន (Zhong Shan) បានដឹកនាំកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទ តាមប្រព័ន្ធវីដេអូអនឡាញ ដោយប្រកាសបង្ហើយជាផ្លូវការនៃកិច្ចព្រមព្រៀងនេះ ដែលគ្រោងនឹងចុះហត្ថលេខា ក្នុងទីក្រុងប៉េកាំង នៅខែក្រោយនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំធ្វើឡើងតាំងពីចុងឆ្នាំ២០១៩។
នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញ ចេញផ្សាយកាលពីថ្ងៃច័ន្ទ ស្ថានទូតចិនបញ្ជាក់ថា កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ។ ស្ថានទូតបញ្ជាក់ថា៖ «ប្រទេសទាំងពីរ បានបញ្ចប់កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទិសដៅប្រកបដោយអត្ថប្រយោជន៍»។
ស្ថានទូតចិនបន្ថែមថា៖ «ទាំងនេះ នឹងជាកម្លាំងជំរុញថ្មីមួយក្នុងការពន្លឿនការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជាប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ»។ ស្ថានទូតចិនបន្ថែមថា ការបង្ហើយកិច្ចព្រមព្រៀងនេះ «បង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ»។
កិច្ចព្រមព្រៀងនេះ ធ្វើឲ្យកម្ពុជាដែលជា«មិត្តដែកថែប»របស់ចិន អាចនាំផលិតផលកសិកម្មចេញទៅប្រទេសមហាអំណាចមួយនេះបន្ថែមទៀត។
ក្រសួងពាណិជ្ជកម្ម ក៏បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នេះ «ជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ»។ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា៖ «ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធិ និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរតាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ»។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របពេលដែលកម្ពុជាប្រកាសថា នឹងផ្តោតលើវិស័យកសិកម្ម ក្រោយប្រជាពលរដ្ឋបាត់បង់ការងារធ្វើ ហើយបន្ថែមពីនេះទៅទៀត កម្ពុជានឹងរងគ្រោះដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ខាងមុខ ដែលនឹងនាំឲ្យកម្ពុជាខាតបង់ទឹកប្រាក់ជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការដាក់ទណ្ឌកម្ម EBA នេះធ្វើឡើងដោយសារសហភាពអឺរ៉ុបរកឃើញការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ «ជាកម្លាំងសេដ្ឋកិច្ចមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលធ្វើការលើវិស័យកសិកម្ម»។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជឿថា អាហ្នឹងជាចំណែកមួយដែលបង្ហាញអំពីការរួមអនាគតមួយជាមួយគ្នានៅក្នុងវិស័យពាណិជ្ជកម្ម ដែលបង្កើតបានពាណិជ្ជកម្មសេរីនេះ គឺសំខាន់ណាស់សម្រាប់កម្ពុជា»។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន មានទឹកប្រាក់ប្រមាណ៧,៤ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨។ នេះ បើយោងតាមក្រសួងពាណិជ្ជកម្ម។ នៅក្នុងនោះ កម្ពុជា នាំចូលពីប្រទេសចិនមានទំហំប្រមាណ៦ពាន់លានដុល្លារទៅហើយ ដែលខុសគ្នាប្រមាណ៨០ភាគរយ។ ប្រទេសទាំងពីរ គ្រោងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់១០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៣។
នៅពេលសួរអំពីទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរខុសគ្នាឆ្ងាយ ដែលគេហៅថា ឱនភាពសេដ្ឋកិច្ចនោះ លោក ផៃ ស៊ីផានឆ្លើយតបថា៖ «នៅក្នុងសម័យកាលសេដ្ឋកិច្ចថ្មីនេះ គឺមិនមាននិយាយអំពីឱនភាពនៃជញ្ជីងពាណិជ្ជកម្មនោះទេ ពីព្រោះពាណិជ្ជកម្មមិនមែនគ្រាន់តែយើងដឹកពីស្រុកចិនមកប្រើប្រាស់នៅកម្ពុជាទេ ពីព្រោះយើងដឹកចេញពីកម្ពុជាទៅប្រទេសដទៃទៀត ដែលជាប្រទេសទីបី ដូច្នេះឱនភាពហ្នឹងមិនមែនជាសញ្ញាអាក្រក់ប៉ុន្មានសម្រាប់កម្ពុជាទេ ពីព្រោះយើងនិយាយពី Value added តម្លៃបំពេញបន្ថែមពីលើការនាំចេញទៅ»។
លោក អ៊ា សុផល សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យ Occidental ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក មានប្រសាសន៍ថា៖ «វាច្បាស់ណាស់ហើយថា ប្រទេសចិននឹងលក់មកកម្ពុជាច្រើន ខណៈកម្ពុជានឹងលក់ទៅអឺរ៉ុប។ កម្ពុជារកលុយបានពីអឺរ៉ុប ប៉ុន្តែកម្ពុជានឹងយកលុយទាំងនោះទៅឲ្យប្រទេសចិន»។
នៅព្រឹកថ្ងៃអង្គារនេះ ក្នុងពេលចុះពិនិត្យមើលស្រូវរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាល នឹងផ្តោតបន្ថែមលើវិស័យកសិកម្ម ក្នុងនោះមានការបង្កើនការនាំចេញអង្ករទៅក្រៅប្រទេស និងផលិតផលកសិកម្មផ្សេងទៀត។ លោកបន្តថា វិបត្តិជំងឺកូវីដ១៩ ជាឱកាសមួយសម្រាប់កម្ពុជាដែលជាប្រទេសកសិកម្មក្នុងការបង្កើនផលិតផលស្បៀង ដើម្បីនាំចេញទៅក្រៅប្រទេស។
លោកមានប្រសាសន៍ថា៖ «ដូច្នេះប្រទេសដែលមានការផលិតស្បៀងជាប្រទេសដែលត្រូវប៉ាន់ គឺឱកាសវាបានមកដល់។ យើងត្រូវប្រែក្លាយវិបត្តិនេះ ឲ្យទៅជាឱកាសរបស់កម្ពុជា ដើម្បីពង្រីកទីផ្សារនាំចេញនូវប្រភេទស្បៀងទាំងឡាយ មិនមែនគ្រាន់តែអង្ករទេ យើងនាំចេញទាំងម្សៅមី ដំឡូងមី នាំចេញទាំងស្វាយ នាំចេញទាំងចេក នាំចេញអ្វីៗ ដែលជាប្រភេទស្បៀង»។
លោក ហ៊ុន សែន បន្ថែមថា៖ «ប៉ុន្តែយើងត្រូវតែខិតខំដើម្បីធ្វើឲ្យដើរទន្ទឹមគ្នារវាងដំណើរការអភិវឌ្ឍនៃវិស័យកសិកម្ម និយាយជារួម និងនិយាយដោយឡែកលើវិស័យស្រូវ ស៊ីសង្វាក់ជាមួយនឹងដំណើរការគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលផ្តល់អាទិភាពទាញឧស្សាហកម្មពីក្រៅមក គឺតម្រង់ឆ្ពោះមករកការកែច្នៃវត្ថុធាតុដើមដែលមានក្នុងស្រុក»។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ថ្លែងថា កម្ពុជា ត្រូវតែដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់វិស័យកសិកម្មក្នុងប្រទេស។ លោកបន្តថា ប្រជាជនដែលបាត់បង់ការងារដោយសារវិបត្តិជំងឺកូវីដ១៩ អាចវិលត្រឡប់មកផ្តោតការងារលើវិស័យកសិកម្មវិញ។
ប្រទេសកម្ពុជា បាននាំអង្ករជាង៦០ម៉ឺនតោនក្នុងមួយឆ្នាំ ចេញទៅក្រៅប្រទេស ក្នុងនោះប្រមាណ៤០ម៉ឺនតោន ទៅប្រទេសចិន។ កម្ពុជា ប្តេជ្ញានាំអង្ករចេញទៅក្រៅប្រទេស រហូតដល់១លានតោន ក្នុងឆ្នាំ ២០២១ ឬ ២០២២។ ទោះជាមានវិបត្តិជំងឺកូវីដ១៩ ការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេសក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ មានទៅដល់ជិត៤០ម៉ឺនតោនរួចទៅហើយ។ នេះបើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ផលិតផលកសិកម្មដែលកម្ពុជានាំចេញទៅចិននាពេលបច្ចុប្បន្ននេះ រួមមានអង្ករស្វាយ និងចេកអំបូងលឿងជាដើម។ កម្ពុជា កំពុងតែជំរុញឲ្យមានការនាំចេញបន្ថែមនូវផលិតផលកសិកម្មផ្សេងទៀត ដូចជាផ្លែមៀន ធូរ៉េន ក្រូចថ្លុង និងទឹកមាត់ត្រចៀកកាំជាដើម។
ប៉ុន្តែអ្នកជំនាញចោទជាសំណួរថា តើកម្ពុជាអាចមានផលិតផលកសិកម្មគ្រប់គ្រាន់ក្នុងការនាំចេញទៅប្រទេសចិន ឬ យ៉ាងណា៕