រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះវិហារត្រូវបានអង្គការយូណេស្កូសម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានស្នើសុំតាំងពីឆ្នាំ២០២១។
អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ លោក ផេង សំអឿន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា វាជាមោទកភាពជាតិមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារ និងលើកតម្លៃមរតកវប្បធម៌ជាតិក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដែលជាអតីតរាជធានីខ្មែរមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ។
លោកថ្លែងថា៖ «ការណ៍ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចចុះបញ្ជីបេតិកភណ្ឌប្រាសាទកោះកេរនេះក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកគឺមានសារៈសំខាន់ ទីមួយ លើកតម្លៃឡើងវិញនូវមរតកវប្បធម៌បេតិកភណ្ឌយើងដែលជាអតីតរាជធានីមួយនៃសតវត្សរ៍ទី១០ហ្នឹង តាមពិតទៅបើយើងនិយាយគ្រប់គ្នាជាទូទៅថាជា មោទកភាពមួយរបស់ជាតិសាសន៍យើងដែរ ដែលបុព្វបុរសបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ក្នុងប្រទេសយើងជាច្រើន ពិសេសគឺរមណីយដ្ឋាន បុរាណដ្ឋានធំៗ»។
លោកបន្ថែមថា ការដាក់បញ្ចូលនូវរមណីយដ្ឋាននៅតំបន់ប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះក៏នឹងទាក់ទាញភ្ញៀវទេសចរមកលេងប្រទេសកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖ «ជាមួយគ្នាហ្នឹងដែរ ក៏យើងសង្ឃឹមថា ជាគោលដៅទេសចរមួយដែលជាប្រយោជន៍ក្នុងការផ្តល់នូវប្រាក់ចំណូលដល់ប្រទេសយើង ហើយក៏ដូចជាប្រជាជនក្នុងតំបន់ដែរ»។
លោកក៏សង្ឃឹមថានឹងមានការជួសជុស និងអភិរក្សបន្ថែមចំពោះតំបន់បុរាណវិទ្យាមួយនេះ ក្រោយការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា អង្គការយូណេស្កូបានចាប់ផ្ដើមគម្រោង«ដ៏មានមហិច្ឆតា»ក្នុងការគាំទ្រដល់ការអភិរក្សរមណីយដ្ឋានបុរាណវិទ្យាកោះកេរ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដែលរស់នៅជុំវិញតំបន់នោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា។
អង្គការយូណេស្កូបញ្ជាក់ថា ទិដ្ឋភាពសំខាន់មួយនៃការងាររបស់អង្គការយូណេស្កូនៅកោះកេរ គឺការផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងអ្នកជំនាញ ក្នុងការរៀបចំឯកសារតែងតាំងតំបន់កោះកេរ ដោយមានការគាំទ្រពីជំនួយអន្តរជាតិបេតិកភណ្ឌពិភពលោក។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញផ្សាយនៅថ្ងៃច័ន្ទនេះ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក Sardar Umar Alam ថ្លែងអបអរសាទរកម្ពុជាចំពោះសមិទ្ធផលនេះថា៖ «ការចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយបញ្ជាក់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងដើម្បីការពារ និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌។ ការអភិវឌ្ឍប្រកបដោយចីរភាពដូចដែលយើងអបអរសាទរ សមិទ្ធផលនេះបើកទ្វារដល់ឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ជីវភាពរស់នៅ។ អង្គការយូណេស្កូនឹងបន្តសហការគ្នាជាមួយប្រទេសកម្ពុជាសម្រាប់ការអភិរក្សទីតាំង រួមទាំងតាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ និងដើម្បីផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ខ្មែរទៅកាន់ពិភពលោកបន្ថែមទៀត»។
រមណីយដ្ឋានកោះកេរស្ថិតនៅលើផ្ទៃដីប្រមាណ៨ពាន់ហិកតា ក្នុងភូមិសាស្រ្តស្រុកគូលែន ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។ ប្រាសាទធំនេះមាន៧ថ្នាក់ និងកម្ពស់៣៥ម៉ែត្រ។
កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ដោយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ។
នៅក្នុងសារលិខិតអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ខ្ញុំសូមថ្លែងអំណរគុណជាពិសេសផងដែរ ចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការយូណេស្កូព្រមទាំងឥស្សរជនទាំងឡាយ ដែលបានទទួលស្គាល់នូវ«តម្លៃដ៏មហស្ចារ្យជាសកល»នៃរមណីយដ្ឋានប្រាសាទកោះកេរ ហើយបានគាំទ្រសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាចុះតំបន់ប្រាសាទនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដើម្បីជា«ផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម»របស់មនុស្សជាតិទាំងមូល។
លោកនាយករដ្ឋមន្រ្តីក៏អំពាវនាវដល់ប្រជាជនចូលរួមវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ក៏ដូចជាអំពាវនាវឱ្យគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានទំាងអស់ផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់មួយនេះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក។
គួរបញ្ជាក់ដែរថា រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរជាសម្បត្តិរបស់កម្ពុជាទី៤ជាមួយតំបន់បុរាណវិទ្យាចំនួនបីផ្សេងទៀត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន ប្រាសាទអង្គរវត្តក្នុងឆ្នាំ១៩៩២ ប្រាសាទព្រះវិហារក្នុងឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកក្នុងឆ្នាំ២០១៧៕