កម្ពុជា​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​ព្រមាន​មិន​លើក​លែង​ឱ្យ​ជន​ខិលខូច

បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​ថ្ងៃទី​៩ខែ​​ធ្នូ ​នេះ​ បាន​បញ្ជាក់​ថា​នៅ មាន​ករណី​​នៃ​ការ​ជំរិត​ទារ​ប្រាក់​ច្រើន​លើស​ពី​តម្លៃ​សេវា​ដែល​ក្រសួង​បាន​កំណត់​ដដែល។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​ការ​ពេញ​ចិត្ត​នឹង​ចំណាត់ការ​កន្លង​មក​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ​តាម​រយៈ​ការ​កំណត់តម្លៃ​សេវា​សាធារណៈក្នុង​ខណៈ​ពេល​ដែលអង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំរដ្ឋាភិបាល​ឱ្យ​ជំរុញ​ស្ថាប័ន​រដ្ឋដែល​មិន​ទាន់​បាន​កំណត់​តម្លៃ​សេវា​សាធារណៈ​ចេញ​ផ្សាយ​បន្ថែម​ទៀត​និង​ថា​ការ​អនុវត្ត​កន្លង​មក​មិន​ទាន់​មាន​ប្រសិទ្ធភាព។ ​

លោក​ឱម​ យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុករលួយបាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ការ​ដាក់​ចេញ​នូវ​វិធានការ​ក្នុង​ការ​កំណត់​ថ្លៃ​សេវា​គឺ​មាន​ប្រសិទ្ធ​ភាព​ចាប់​តាំង​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ដាក់​ចេញ​កាលពី​ពីរឆ្នាំ​មុន។

«ពីរ​ឆ្នាំ​មុន​គ្មាន​អ្នក​ណា​និយាយ​រឿង​សេវា​ យក​សេវា​ក្រៅច្បាប់​ទេ​ចង់​យក​ម៉េច​យក​ទៅ ​ឥឡូវ​ដាក់​បទប្ប​ញត្តិ។ ឥឡូវ​នេះ​ខ្លាច​រអា»។

ប៉ុន្តែ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​ថ្ងៃទី​៩ខែធ្នូ ​នេះ​ បាន​បញ្ជាក់​ថា​នៅ មាន​ករណីនៃ​ការ​ជំរិត​ទារ​ប្រាក់​ច្រើន​លើស​ពី​តម្លៃ​សេវា​ដែល​ក្រសួង​បាន​កំណត់​ដដែល។

លោក​ សន ជ័យ ​តំណាង​ប្រចាំ​កម្ពុជានៃ​អង្គការ​នេះបាន​ជំរុញ​ឱ្យ​ក្រសួង​និង​ស្ថាប័ន​រដ្ឋទាំង​អស់​ចេញ​នូវ​កម្រង​សេវា​សាធារណៈ​ឱ្យ​បាន​ឆាប់ៗ។

«ជា​តម្លៃ​កំណត់​គឺ​ជា​អ្វី​មួយ​ដែល​មាន​នៅ​ក្នុង​ក្រដាស​នៅ​ឡើយ។ អញ្ចឹង​វា​អត់​ទាន់​បាន​ជ្រួតជ្រាប​ទៅ​ដល់​មូលដ្ឋាន​ហើយ​ពេល​នេះ​ដែរ​ប្រជាពលរដ្ឋ​ក៏​គាត់​មិន​ទាន់​បាន​ដឹង​ពី​តម្លៃ​ពិត​ប្រាកដ​នៃ​តម្លៃ​សេវា​នីមួយៗ​ទេ។ នេះ​ជា​ដំណើរ​ការ​យឺតយ៉ាវ​មួយ​ហើយ​យើង​ចង់​ឱ្យ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​គឺ​ដោះស្រាយ​ដោយ​ការ​បង្ហាញ​សេវា​ហ្នឹង»។

អង្គការ​នេះ​បាន​លើក​យក​ករណី​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ​ថា​បាន​ចំណាយ​ប្រាក់​រហូត​ដល់​៣៥០​ដុល្លារ​សម្រាប់​ការ​សុំ​ច្បាប់​សាងសង់​លើ​ដី​ទំហំ​តូច​ជាង​១០០​ម៉ែត្រ​ក្រឡា​ដែល​តាម​តម្លៃ​សេវា​កំណត់​ដោយ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​និង​សំណង់​កំណត់​យក​ត្រឹម​តែ​ដប់​បួន​ម៉ឺនរៀល​ដែល​ត្រូវ​ជា​ ៣៥ដុល្លារ​ប៉ុណ្ណោះ។​

មាន​ក្រសួង​ស្ថាប័ន​រដ្ឋ​តែ​១៨​ប៉ុណ្ណោះ​បាន​ដាក់​ចេញ​នូវ​កម្រង​សាធារណៈ​នៅ​ពេល​នេះ​ហើយ​នៅ​ក្រសួង១០​ទៀត​នៅ​មិន​ទាន់​បង្ហាញ​នូវ​ឡើយ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ឱ្យ​មន្ត្រី​ស្ថាប័ន​របស់​រដ្ឋ​បោស​សម្អាត​ក្នុង​ស្ថាប័ន​ពួកគេ​រៀងៗ​ខ្លួន​ហើយ​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​មិន​មាន​លើក​លែង​ឱ្យ​ទៀត​ទេ។

យ៉ាង​ណាក៏ដោយ​ លោក​ឱម​ យ៉ិន​ទៀង​បាន​ទទួល​សារភាព​ថា​កន្លង​មក​អង្គភាព​របស់​លោក​មាន​ការ​ប្រើ​ប្រាស់​មនោសញ្ចេតនា​ច្រើន​មុន​នឹង​សម្រេច​ចាប់​ជន​សង្ស័យ​ណា​ម្នាក់​ដោយ​បារម្ភ​ពី​អនាគត​ក្រុម​គ្រួសារ​ជន​នោះ។​

ប៉ុន្តែលោក​បាន​បន្ថែម​ថា​ឆ្នាំ​ខាង​មុខ​នេះ​គឺ​មិន​ដូច​មុន​ទៀត​ទេ។

«ប៉ុន្តែ​២០១៤​នេះ​សូម​ជម្រាប​ថា​មិន​លាត​សន្ធឹង​គិត​អ្វី​ច្រើន​ពេក​ទេ​ប្រហែល​វាយ​បោះដែក​គោល​មួយៗ​ហ្មង។ រឿង​មួយ​គឺ​ថា​អត់​មើល​អី​ទៀត​ទេ​គឺ​មើល​ថា​ទោស​គ្រប់​ហើយ​ធ្វើ​មិន​ចាំ​បាច់​គិត​អី​ច្រើន​ពេក។ វា​ពិបាក»។

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ទិស​ស្លោក​ឆ្នាំ​២០១៤ ​ថាជា​ឆ្នាំ​«រួម​គ្នា​ប្រឆាំង​នឹង​អំពើ​ពុករលួយ»៕