ក្រសួងសុខាភិបាលចាប់ផ្តើមរកឃើញករណីស្លាប់ដោយសារជំងឺកូវីដ១៩បន្តបន្ទាប់ជាថ្មីម្តងទៀត គ្រាមានការវាយលុកខ្លាំងរបស់វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) ដែលបង្កការឆ្លងមិនក្រោម៣០០នាក់ក្នុងមួយថ្ងៃនាមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីកម្ពុជាមិនធ្លាប់ឃើញករណីស្លាប់ដោយសារជំងឺនេះជាង៤០ថ្ងៃមកហើយ។
កាលពីថ្ងៃទី១៩ខែកុម្ភៈ អាជ្ញាធរសុខាភិបាលបានបញ្ជាក់ឲ្យដឹងអំពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២ករណី ហើយគិតត្រឹមថ្ងៃចន្ទទី២១ខែកុម្ភៈនេះ អាជ្ញាធរសុខាបាលបានឲ្យដឹងថា មានមនុស្សស្លាប់៣ករណីបន្ថែមទៀត ដោយមិនមានការបញ្ជាក់ថា ករណីស្លាប់នោះមានជាប់ពាក់ព័ន្ធនឹងការឆ្លងវីរុសអូមីក្រុងឬយ៉ាងណាទេ។ ក្នុងចំណោមមនុស្ស៥នាក់ដែលបានស្លាប់នោះ គឺមាន៤នាក់មិនបានចាក់វ៉ាក់សាំងបង្ការការឆ្លងជំងឺរលាកផ្លូវដង្ហើមមួយនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
អ្នកជំនាញសុខាភិបាល បានផ្តល់សេចក្តីពន្យល់ថា ជំងឺកូវីដ១៩ ប្រភេទអូមីក្រុង គឺឆ្លងរីករាលដាលលឿន ប៉ុន្តែមិនបង្កការប៉ះពាល់សុខភាពធ្ងន់ធ្ងរទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញថា ពលរដ្ឋត្រូវបន្តគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ក្រោមហេតុផលថា ជំងឺកូវីដ១៩ ប្រភេទអូមីក្រុងអាចបង្កឲ្យមានអាការៈធ្ងន់ធ្ងរ និងស្លាប់បានដែរ ប្រសិនបើបុគ្គលណាម្នាក់មានប្រព័ន្ធភាពស៊ាំខ្សោយ និងមានជំងឺប្រចាំកាយរួមផ្សំច្រើន ឬអ្នកមិនបានចាក់វ៉ាក់សាំងជាដើម។
អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក ហុក គឹមចេង ប្រាប់វីអូអេនៅថ្ងៃចន្ទថា ករណីស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលក្រសួងរកឃើញកាលពីពេលថ្មីៗនេះគឺក្រសួងមិនបានកំណត់ថា ជាប្រភេទអូមីក្រុង ឬយ៉ាងណានោះទេ។ ប៉ុន្តែលោកពន្យល់ថា ករណីស្លាប់ ឬឈឺធ្ងន់ធ្ងរ គឺបណ្តាលមកពីបុគ្គលទាំងនោះ មានប្រព័ន្ធភាពស៊ាំខ្សោយ និងមានជំងឺប្រចាំកាយច្រើនទៀត ឬអ្នកមិនបានចាក់វ៉ាក់សាំង ពេលមានការឆ្លងរីករាលដាលលឿននៃជំងឺកូវីដ១៩ប្រភេទអូមីក្រុងនេះ។
លោកប្រាប់វីអូអេយ៉ាងដូច្នេះ៖ «អង្គការសុខភាពពិភពលោកក៏មានអនុសាសន៍រួចហើយ គឺថាក្នុងករណីដែលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង [គឺ]ស្រាលទេ ប៉ុន្តែវាឆ្លងលឿន។ អ៊ីចឹងកាលណាករណីឆ្លងលឿន ហើយច្រើនមានករណីឆ្លងច្រើន [ឬ]ឈឺ អ៊ីចឹងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ និងមានជំងឺរួមផ្សំច្រើនគឺអាចនឹងមានហានិភ័យ ដូចជាការស្លាប់ ហើយនឹងការឈឺធ្ងន់អីហ្នឹង»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោក អ៊ូច វុទ្ធី ថ្លែងថា ក្រសួងសុខាភិបាលត្រូវរឹតបន្តឹងឲ្យបានហ្មត់ចត់នៅតាមច្រកព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីបញ្ចៀសការចម្លងចូលក្នុងប្រទេសបន្តទៀត។
សម្រាប់ការទប់ស្កាត់ក្នុងប្រទេសវិញ លោកលើកឡើងថា ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវតែដាក់បុគ្គលិក ឬអាជ្ញាធរសុខាភិបាលឲ្យតាមដាន និងត្រួតពិនិត្យលើអ្នកដែលសង្ស័យថា មានអាការៈឆ្លង ឬមានជំងឺកូវីដ១៩ ដើម្បីកុំឲ្យបុគ្គលទាំងនោះអាចចេញដើរក្រៅផ្ទះបាន ដែលជាហេតុបង្កឲ្យមានការចម្លងមេរោគទៅអ្នកដទៃ។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទថា៖ «តាមគំនិតខ្ញុំ គួរណាតែយើងមានវិធានការ៣ហ្នឹងឲ្យបានហ្មត់ចត់ ទី១[រឹតបន្តឹង]ព្រំដែន ទី២ [កូវីដ]ដែលផ្ទុះឡើងនៅកណ្តាល យើងញែកគាត់ ដើម្បីពិនិត្យព្យាបាលគាត់ឲ្យជា គ្រប់គ្នាកុំឲ្យគាត់រាលដាលទៅអ្នកដទៃទៀត ទី៣ ហើយចុងក្រោយនេះ អេះរមាស់ ដូចថា គាត់សម្រាក[ព្យាបាល]នៅផ្ទះ បណ្តែតបណ្តោយឲ្យគាត់ដើរហើយ អ៊ីចឹង យើងត្រូវដាក់ភ្នាក់ងារតាមមើលតាមពិនិត្យគាត់ដែរ»។
លោកបន្តថា ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ និងចាត់វិធានការឲ្យបានតឹងរឹងផងដែរ ទាក់ទងការជួបជុំផឹកស៊ី នៅតាមភោជនីយដ្ឋាន ឬក្លឹបកម្សាន្ត ឬកន្លែងផ្សេងៗទៀត ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងនៃជំងឺកូវីដ១៩នេះ។ លោកផ្តល់ការកត់សម្គាល់បន្ថែមថា វីរុសប្រភេទអូមីក្រុងនេះគឺឆ្លងលឿនមែន ប៉ុន្តែវាឆាប់ជាទេ ប្រសិនបើពលរដ្ឋអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើលំហាត់ប្រាណ និងស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែកពីសមាជិកគ្រួសារ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ ទី២១ ខែកុម្ភៈនេះ មានករណីស្លាប់ចំនួន៥នាក់ ដែលភាគច្រើនមិនបានចាក់វ៉ាក់សាំង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី២១ខែកុម្ភៈនេះ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងនេះ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ មានករណីឆ្លងថ្មីនៃវីរុសអូមីក្រុងចំនួន៤៧៣ករណីដែលនាំឲ្យករណីឆ្លងវីរុសអូមីក្រុងសរុបក្នុងសហគមន៍កើនដល់៥.៨០៦ករណី ខណៈករណីនាំចូលពីក្រៅប្រទេសសរុបមាន២.០៥៨៧ករណី ក្នុងនោះមាន១៥ករណី ដែលទើបរកឃើញជាវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង។
ដោយឡែកបើតាមបទសម្ភាសន៍ជាមួយស្ថាប័នសារព័ត៌មាន BTV ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីនបានអត្ថាធិប្បាយថា ការរីកសាយភាយលឿននៃវីរុសប្រភេទអូមីក្រុងក្នុងប្រទេសនេះ ដោយសារប្រភេទវីរុសនេះមានល្បឿនឆ្លងលឿន និងដោយសារមនុស្សមួយចំនួនមានការខ្វះចន្លោះ ក្នុងការអនុវត្តវិធានការសុខាភិបាល ក៏ដូចជាវិធានការរដ្ឋបាល ជាពិសេសក្នុងកម្មវិធីជួបជុំផឹកស៊ី កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗទៀតដែលមានមនុស្សជួបជុំគ្នាជាច្រើន ដែលបង្កការងាយស្រួលក្នុងការចម្លងមេរោគ។
អ្នកស្រីបានឲ្យដឹងទៀតថា វីរុសកូវីដ១៩ប្រភេទអូមីក្រុងនេះ បានវាយលុកខ្លាំងក្នុងប្រទេសកម្ពុជាព្រោះក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩គឺសឹងតែ១០០ភាគរយទៅហើយឆ្លងវីរុសប្រភេទអូមីក្រុង ដែលទាមទារឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានការសុខាភិបាល និងតាមវិធានការរដ្ឋបាលដែលមានជាធរមាន។
អ្នកស្រីថ្លែងថា៖ «ដូច្នេះបានជាយើងឃើញហើយថា បន្ទាប់ពីយើងរកឃើញករណីទី១ កំណើន[តួរលេខ]វាពីរ មួយខ្ទង់ ឡើងទៅ២ខ្ទង់។ ឥឡូវឡើង៣ខ្ទង់។ អ៊ីចឹងនៅក្នុងពេលនេះ ប្រសិនបើយើងទាំងអស់គ្នា នៅតែមិនបន្តអនុវត្តវិធានការទេ [គឺ]៣ខ្ទង់នេះ វានឹងឡើងទៅ៤ខ្ទង់ក្នុងពេលឆាប់ៗខាងមុខនេះ»។
គ្រាមានការកើនឡើងនៃករណីឆ្លងវីរុសបំប្លែងថ្មីប្រភេទអូមីក្រុងក្នុងប្រទេស គ្រឹះស្ថានអប់រំនានានឹងនៅបន្តដំណើរជាប្រក្រតី ប៉ុន្តែគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសត្រូវអនុលោមទៅតាមគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុវត្ថិភាពសុខភាព។ នេះបើតាមមន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងអប់រំ យុវជន និងកីឡា។
អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃចន្ទថា ជាទូទៅ សាលារៀននៅទូទាំងប្រទេសមានដំណើរការជាប្រក្រតីតាមការគ្រោងទុកដោយគ្រប់ភាគីពាក់ព័ន្ធបានចូលរួមអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលស្របតាមវិធានការសុខាភិបាល។
លោកលើកឡើងក្នុងន័យដើមថា៖ «ករណីផ្អាកថ្នាក់រៀន ឬសាលារៀនជាបណ្ដោះអាសន្នដោយផ្តល់ជូនជាការរៀនពីចម្ងាយនិងតាមអនឡាញ គឺអាស្រ័យលើកម្រិតហានិភ័យកូវីដ១៩នៅទីតាំងជាក់ស្តែង»។
លោកបន្ថែមថាគ្រឹះស្ថានសិក្សានីមួយៗមានគណៈកម្មការសុខភាពសិក្សា ដែលត្រូវសហការជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ក្នុងការតាមដាន និងវាយតម្លៃកម្រិតហានិភ័យកូវីដ១៩។ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាអាចស្វ័យសម្រេចផ្អាកថ្នាក់រៀន ឬសាលារៀនជាបណ្ដោះអាសន្នដោយអនុវត្តតាមគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា ដែលស្របតាមវិធានការសុខាភិបាល៕