កម្ពុជា​គាំទ្រ​ចិន ខណៈ​ដែល​បាតុកម្ម​នៅ​ហុងកុង​ចេះតែ​រីករាល​ដាល​អំពើ​ហិង្សា

បាតុកម្ម​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ (រូបថត៖ Elaine Lau នៃ VOA ភាសាចិន)

កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ប៉ុនប៉ង​របស់​ចិន​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​​នៅ​កណ្តាល​ទីក្រុង​ហុងកុង​ ដោយ​លើក​ឡើង​ពី​ការ​​កាន់​ខ្ជាប់​​គោល​នយោបាយ​ចិន​តែ​មួយ។

ក្រុម​អ្នក​តវ៉ា​ហុងកុង​ និង​កម្លាំង​ប៉ូលិស​បាន​ប៉ះ​ទង្គិច​គ្នា​ជា​ប្រចាំ​អស់​រយៈ​ពេល​ ២១​សប្តាហ៍​ដោយ​ការ​ប្រឆាំង​ដំបូង​គឺ​កើត​ចេញ​ពី​សេចក្តី​ស្នើ​ច្បាប់​ដែល​នឹង​អនុញ្ញាត​ឱ្យ​ធ្វើ​បត្យាប័ន​ជន​ល្មើស​ពី​ដែនដី​ស្វយ័ត​ហុងកុង​ទៅ​កាន់​ចិន​ដីគោក​ដើម្បី​ជម្រះ​ទោស។​

បាតុករ​ក្នុង​ទីក្រុង​ហុងកុង លើក​ទូរស័ព្ទដៃ​របស់​ពួកគេ​ឡើង​ដោយ​បើក​ភ្លើង​ពិល​ទូរស័ព្ទ គ្រាដែល​ពួកគេ​ជួបជុំ​គ្នា ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​ក្រុម​បាតុករ​ផ្សេង​ទៀត​ដែល​នៅក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ពហុបច្ចេកវិទ្យា​នៅ​ឡើយ នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ខណៈ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ដក​ដោយ​ប្រមុខ​ដឹកនាំ​ហុងកុង​គឺ​លោកស្រី ​Carrie Lam​ នោះ​ ​ការ​តវ៉ា​នានា​បាន​បង្កើន​សំឡេងគាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​កាន់​តែ​ទូលំទូលាយ​ដើម្បី​ប្រឆាំង​នឹង​ការ​កើន​ឡើង​នូវ​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ទីប្រជុំ​ជន​ផ្នែក​សេដ្ឋ​កិច្ច​នេះ។

បាតុករ​ម្នាក់​មើល​ភ្លើង​កំពុង​ឆេះ​នៅ​សាកល​វិទ្យាល័យ​ពហុបច្ចេកវិទ្យា ក្នុងពេល​អំឡុង​ពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហុងកុង នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទោះយ៉ាងណា​ ​អំពើ​ហិង្សា​ទាក់ទង​នឹង​ការ​តវ៉ា​បាន​កើន​ឡើង​ជា​លំដាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ​ ដូច​ដែល​បាន​បង្ហាញ​តាម​រយៈ​ការ​វឹកវរ​និង​ចលាចល​ដ៏​តានតឹង​រវាង​ក្រុម​បាតុករ​និស្សិត​ និង​មន្រ្តី​សន្តិសុខ​នៅ​សាកល​វិទ្យាល័យ​ហុងកុង​បាទីស្ទ​កាលពី​ចុង​សប្តាហ៍​ដែល​សាកល​វិទ្យាល័យ​នេះ​បាន​គ្រប​ដណ្តប់​ដោយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​គ្រាប់បែក​សាំង។​

ថ្លែង​ប្រាប់​ VOA ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​គឺ​លោក​ ផៃ​ ស៊ីផាន​បាន​បញ្ជាក់​ថា​ ​កម្ពុជា​បន្ត​គាំទ្រ​ប្រទេស​ចិន​ដែល​ស្រប​នឹង​គោល​នយោបាយ​ការ​បរទេស​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​គោល​នយោបាយ​ចិន​តែ​មួយ។​

រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

លោក​បាន​និយាយ​ថា​ ហុងកុង​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ ការ​តវ៉ា​គឺ​ជា​បញ្ហា​ផ្ទៃ​ក្នុង​ ហើយ​ប្រទេស​កម្ពុជា​នឹង​មិន​ជ្រៀត​ជ្រែក​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា​ ជា​បញ្ហា​របស់​ចិន​ឡើយ។​

«ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​គឺ​យើង​បាន​បញ្ចេញ​សារ​ច្រើន​ដង​ហើយ​ពីព្រោះ​ទី១​អ្វី​ដែល​ជា​សារៈ​សំខាន់​គឺ​យើង​គោរព​នូវ​នយោបាយ​ចិន​តែ​មួយ។​ ដូច្នេះ​យើង​ចាត់​ទុក​ថា​ ​ហុងកុង​ជា​របស់​(ដែនដី)​ចិន​ដែល​មិន​គួរ ​ឬក៏​ត្រូវ​បាន​ជ្រៀត​ជ្រែក​ពី​សំណាក់​ណា​ដោយ​ហេតុ​ផល​អ្វី​នោះ​ទេ។ ​នេះ​ជា​ចំណុច​មាន​សារៈ​សំខាន់។​ ទី២​យើង​ចង់​ឃើញហុងកុង​ត្រូវ​តែ​ទទួល​បាន​ភាព​ក្សេមក្សាន្ត​និង​ប្រក្រតី​ភាព​វិល​ត្រឡប់​មក​វិញ​ ទីបី​ការ​ដោះ​ស្រាយ​គួរតែ​ដោះ​ស្រាយ​ដោយ​អហិង្សា​តាម​នីតិ​រដ្ឋ​ដែល​មាន‍»។​

ការ​លើក​ឡើង​របស់​លោក​ផៃ ស៊ីផាន​គឺ​ស្រប​នឹង​គោល​នយោបាយ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែ​មួយ។​ ចំពោះ​បញ្ហា​មិន​ជ្រៀត​ជ្រែក​ប្រទេស​ផ្សេង​ ​ចិន​បាន​ធ្វើ​អត្ថាធិប្បាយ​ស្រដៀង​គ្នា​ក្នុង​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ព្រោះ​ប្រទេស​នេះ​បាន​ចាត់​វិធាន​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​ក្រុម​ប្រឆាំង​នយោបាយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អង្គភាព​សារ​ព័ត៌មាន​នានា​ដែល​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៧។​

កាលពី​ខែ​សីហា​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​នៅ​ហុងកុង។​ ស្ថានទូត​ចិនក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​ភាសា​ខ្មែរ​ដែល​ក្នុង​នោះ​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​គាំទ្របញ្ហា​ដែល​បែក​បាក់​យ៉ាង​ជ្រាល​ជ្រៅ។​

រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

សមាជិក​ព្រឹទ្ធ​សភា​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ សុខ ឥសាន​មាន​ប្រសាសន៍​ថា​ វាជា​រឿង​របស់​ប្រទេស​ចិន​ក្នុង​ការ​ដោះ​ស្រាយ​ជាមួយ​នឹង​ការ​តវ៉ា​ ហើយ​ប្រទេស​ផ្សេង​ទៀត​មិន​គួរ​ព្យាយាម​ជះ​ឥទ្ធិពល​ដល់​ក្រុម​អ្នក​តវ៉ា​ ឬ​ប្រទេស​ចិន​នោះ​ទេ។​

«ហើយ​ខ្ញុំ​យល់​ថា​ មហា​អំណាច​ចិន​មួយ​មិនមែន​បណ្តែត​បណ្តោយ​ឲ្យ​មនុស្ស​ណា​ ​មួយ​ចំនួន​តូច​ណា​ត្រឹម​១​លាន​នាក់​(ធ្វើ​អ្វី​ស្រេ​ចិត្ត​នោះ​ទេ)។ ​វា​អត់​មាន​បញ្ហា​ទេ ​គ្រាន់តែ​គេ​ពន្យារ​ពេល​ដើម្បី​មនោ​សញ្ចេតនា​ទេ​ កុំឲ្យ​វា​មាន​ការ​ចោទ​ដោយ​ប្រការ​ផ្សេងៗ។ ​គេ​បណ្តោញ​ឲ្យ​ផ្លែ​ឈើ​ហ្នឹង​វា​ទុំ​ជ្រុះ ​ឲ្យ​ទុំ​ជោរ​សភាព​ការណ៍​ហ្នឹង​ បើ​ថា​ ហ្នឹង​នៅតែ​មិន​ស្តាប់​គ្នា​ទៀត​ ​អាហ្នឹង​វា​ត្រូវ​តែ​ដោះ​ស្រាយ​ហើយ។​ ខ្ញុំ​យល់​អីចឹង​ណា!​ គេ​មិន​បណ្តែត​បណ្តោយ​ឲ្យ​មាន​អំពើ​អាណា​ធិបតេយ្យ​នៅ​ក្នុង​សង្គម​ទេ‍»។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​សហ​រដ្ឋ​អាមេរិក​មិន​អាច​គ្រប​ដណ្តប់​នៅ​ក្នុង​ប្រទេស​ចិន ​និង​យក​មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​ចិន​បាន​ទេ។​

«អាហ្នឹង​ជា​អធិប​តេយ្យ​របស់​ចិន​ ស្ថិត​នៅ​ក្រោម​ក្រប​ខណ្ឌ​ការ​ដឹកនាំ​គ្រប់គ្រង​របស់​ចិន ​ហើយ​ទៅ​យក​ច្បាប់​ប្រទេស​ដទៃ​មក​អនុវត្តមិន​គួរ​គប្បី​ទេ‍»។​

សភា​សហ​រដ្ឋ​អាមេរិក​នៅ​សប្តាហ៍​នេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ហុងកុង​ដែល​តម្រូវ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្ន​ាំនៃ​ស្ថាន​ភាព​ពាណិជ្ជ​កម្ម​របស់​ហុងកុង​ និង​ការ​ដាក់​ទណ្ឌកម្ម​សម្រាប់​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ សេចក្តី​ព្រាង​ច្បាប់​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ហុងកុង​មួយ​ទៀត​ហាម​ឃាត់​ការ​លក់​អាវុធ​ គ្រាប់​រំសេវ​ដែល​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ហុងកុង។​

សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ឥឡូវ​នេះ​ត្រូវ​គេ​បញ្ជូន​ទៅ​តុ​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ​ដោយ​មន្រ្តី​សេតវិមាន​បង្ហាញ​ថា​ ​លោក​ត្រាំ​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់។ ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​របស់​ចិន​ដូច​ជា​កាសែត ​Global Times ​បាន​ដាក់​ស្លាក​ថា​«គាំទ្រ​អំពើ​ហឹង្សា​នៅ​ហុងកុង‍»។​

លោក ​ផៃ ស៊ីផាន​ក៏​បាន​អះអាង​ដែរ​ថា​ ​ជំហរ​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​តវ៉ា​របស់​ហុងកុង​នឹង​មាន​ឥទ្ធិពល​តិចតួច​លើ​ទីក្រុង​ប៉េកាំង។​

«ខ្ញុំ​មើល​សណ្តាប់​ធ្នាប់​ពិភព​លោក​សព្វ​ថ្ងៃ​សហ​រដ្ឋ​អាមេរិក​មិន​មាន​ឥទ្ធិពល​អី​មក​បង្គាប់​បញ្ជា​រឿង​អធិបតេ្យ​ភាព​របស់​ចិន​ទេ​ ហើយ​ចិន​និង​អាមេរិក​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដូច​គ្នា​ហើយ​កម្លាំង​ថវិកា​មាន​ប្រហាក់​ប្រហែល​គ្នា​ ដូច្នេះ​គ្រាន់តែ​ជា​ការ​កម្ញើញ​ ឬ​ក៏​ជា​ការ​លើក​ឡើង​ដើម្បី​ជជែក​ផ្តល់​ឱវាទ​អំពី​សិទ្ធិ​មនុស្ស​ ឬ​លទ្ធិ​ប្រជា​ធិបតេយ្យ‍»។​

រូបឯកសារ៖ លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​នាយក​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី។

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​នាយក​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ីហាក់​ដូច​ជា​មាន​ជំហរ​ស្រប​នឹង​ការ​អះអាង​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ថា​ សហ​រដ្ឋ​អាមេរិក​កំពុង​ជ្រៀត​ជ្រែក​ក្នុង​ការ​តវ៉ា​នៅ​ហុងកុង។ ​លោក​បាន​បន្ថែម​ថា​ ​បញ្ហា​សេដ្ឋកិច្ច​សង្គម​ផ្សេងៗ​ទៀត​កំពុង​ជំរុញ​អ្នក​តវ៉ា​ផង​ដែរ។​

«ការ​លូកដៃ​ចូល​ពី​សហ​រដ្ឋ​អាមេរិក​ហ្នឹង​ធ្វើ​ឲ្យ​បញ្ហា​ហ្នឹង​វា​កាន់​តែ​អូស​បន្លាយ​ ហើយ​វា​កាន់​តែ​ស្មុគ​ស្មាញ។ ​ប្រសិន​បើ​អត់​មាន​ការ​លូក​ដៃ​ចូលពី​បរទេស​ទេ​ ប្រហែល​វា​ស្ថិត​ក្នុង​ស្ថាន​ការណ៍​មួយ​អាច​គ្រប់​គ្រង​បាន‍»។​

រូបឯកសារ៖ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយខ្មែរ បានចូលមកបកស្រាយលើប្រធានរឿងនេះ ជាមួយនឹងលោក អូន ឆេងប៉រ នៃVOA ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។ (លឹម សុធី/VOA)

ទោះ​យ៉ាង​ណា​ ​លោក​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​នយោបាយ​ បាន​មាន​ប្រសាសន៍​ថា​ សហ​រដ្ឋ​អាមេរិក​បាន​កាន់​ខ្ជាប់​ជា​និច្ច​នូវ​ចលនា​ប្រជា​ធិបតេយ្យ​នៅ​ទូទាំង​ពិភព​លោក​ដែល​ទប់ទល់​នឹង​មនោគម​វិជ្ជា​នយោបាយ​កុំម្មុយ​និស្ត​ចិន។​

«រឿង​នេះ​ជា​អាវុធ​ទប់ទល់​កុំ​ឲ្យ​ប្រព័ន្ធ​ចិន​កុម្មុយនិស្ត​គ្រប់គ្រង​លាត​សន្ធឹង​ គ្រប​ដណ្តប់​ហុងកុង​ និង​ប្រទេស​ផ្សេង​ទៀត​ និង​ប្រទេស​ក្នុង​ពិភព​លោក​ដែរ‍»។​

លោក​បាន​បន្ថែម​ថា​ ដំណើរ​ការ​ប្រជា​ធិបតេយ្យ​និង​ការ​ទាមទារ​សេរីភាព​ ការ​គោរព​សិទ្ធិ​មនុស្ស​ នីតិរដ្ឋ​ ​តុលាការ​ឯករាជ្យ​ដែល​ត្រូវ​ជួយ​ជ្រោម​ជ្រែង​រៀបចំ​ពី​អង់គ្លេស​ និង​សហ​រដ្ឋ​អាមេរិក​ជាដើម​នេះ​គឺ​ជា​គម្រូមួយ​ដែល​ថា​ ​ដែនដី​ហុងកុង​មាន​ការ​រីក​ចម្រើន​ ​ថ្កុំថ្កើង​ ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ប្រព័ន្ធ​កុម្មុយនិស្ត៕​

រាយ​ការណ៍​បន្ថែម​ដោយ​ហ៊ុល រស្មី